ថាណៈខា, គ្រឿងសម្អាងជាប្រពៃណីនៃជនជាតិភូមា ខែ កក្កដា 10, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.2 comments
នរណាៗក៏ល្បី ក៏ឮដែរបើនិយាយអំពីគ្រឿងសម្អាងលើផ្ទៃមុខរបស់ជនជាតិភូមា នោះគឺ «ថាណៈខា»។
ថាណៈខា គឺជាប្រភេទដើមឈើម្យ៉ាងដែរគេយកមកដុស ដើម្បីឲ្យចេញជាម្សៅ ហើយគេយកមកលាបលើផ្ទៃមុខ។ នៅប្រទេសភូមា ថាណៈខា មានភាពល្បីល្បាញជាខ្លាំង ហើយដែលបានក្លាយទៅជាគ្រឿងសម្អាង សម្គាល់ជាតិនេះទៅហើយ។
ក៏ដូចជាវត្ថុដទៃទៀតដែរ ថាណៈខា មានចំណាត់ថ្នាក់របស់វាដែរ។ របស់ដែរសុទ្ធល្អបំផុតនោះមានតម្លៃថ្លៃ ហើយគឺជាដើមឈើដែលគេយកមកដុសដោយខ្លួនឯង ចំពោះ ថាណៈខា សម្រេចរូបដែលគេធ្វើជាម្សៅដាក់កំប៉ុងរួចជាស្រេចនោះ មិនសុទ្ធទេ។
កាលពីអំឡុងពេលខ្ញុំទៅលេងប្រទេសភូមា ខ្ញុំបានទៅទស្សនាកន្លែងលក់ដុំ ថាណៈខា ដ៏ល្បីឈ្មោះមួយនៅឯមន្ដលេះ និងបានមើលអំពីទំនៀម និងការធ្វើ ថាណៈខា នេះទៀតផង។
នៅភូមា ប្រជាជន ជាពិសេសនារីភេទ គ្រប់ស្រទាប់វណ្ណៈ សុទ្ធតែប្រើ ថាណៈខា នេះទាំងអស់ ចំពោះបុរសវិញ ភាគច្រើនជាកុមារ និងយុវជនតែប៉ុណ្ណោះ បុរសក៏ប្រើដែរ តែកម្រ។ តាមការសាកសួរ ផលប្រយោជន៍នៃ ថាណៈខា គឺជួយការពារសាច់មុខ ដោយសារនៅប្រទេសភូមា មានអាកាសធាតុក្ដៅសម្បើមណាស់។
គួរឲ្យសរសើរជនជាតិភូមា ដែលរកវិធីការពារខ្លួនសម្របនឹងធម្មជាតិ ហើយចេះរក្សាបានប្រពៃណីបុរាណឥតមានបោះបង់ឡើយ៕

ស្ត្រីភូមាលាប ថាណៈខា នៅលើថ្ពាល់ទាំងសង្ខាង

ដើមថាណៈខា

រណាអាថាណៈខា
__________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៦
២. ប្រពៃណីមួយដែលខ្មែរបោះបង់ចោល
Repost: ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន! ខែ កក្កដា 9, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.4 comments
កកន៖ ប៉ុន្មានថ្ងៃនេះមានរំជើបរំជួលជាថ្មីឡើងវិញស្ដីអំពីវីដេអូឃ្លីបមួយដែលធ្វើដោយជនជាតិថៃស្ដីអំពីការបាត់បង់ដីរបស់ពួកគេ។ ខ្ញុំបានទទួលអ៊ីមែលមួយចំនួន ហើយថ្ងៃនេះបានមើលព័ត៌មានពីស្រុកខ្មែរ ក៏ឃើញមានគេសរសេរពីរឿងនេះទៀត ជាពិសេសក្នុងសារព័ត៌មានរស្មីកម្ពុជាតែម្ដង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបើកបង្ហោះវេបសៃត៍ថ្មី (www.ilovethailand.org) និងដែលមានវីដេអូនោះនៅក្នុងវេបសៃត៍នោះរួចមក។
កាលពីប្រមាណពីរឆ្នាំមុន គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៧ ខ្ញុំបានដាក់ប្រកាសអត្ថបទមួយដែលមានឈ្មោះថា «ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន!»។ អត្ថបទនេះហើយ ដែលដូចគ្នានឹងវីដេអូឃ្លីបដែលគេកំពុងរំជើបរំជួលនៅស្រុកខ្មែរនាពេលនេះនោះ។ ខ្ញុំសូមអនុញ្ញាតដាក់ប្រកាសនេះឡើងវិញដោយមិនធ្វើការបរិយាយបន្ថែម។
អត្ថបទ៖ ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន!
កាលពីប៉ុន្មានខែកន្លងទៅនេះ ខ្ញុំបានទទួលអ៊ីមែលមួយពីពួកម៉ាកដែលជាជាតិសៀមរបស់ខ្ញុំ។ វាផ្ញើតៗគ្នាទៅឲ្យជនជាតិវា តែប្រហែលវាភ្លេច ក៏ដោយខ្ញុំម្នាក់នៅទីនោះដែរទៅ។ ខ្ញុំថារកប្រែសេចក្ដីដាក់ក្នុងប្លក់ដែរ តែចេះតែគ្មានពេល។ ក្រោយមកលោកវី បានផ្ញើ អ៊ីមែលដូចគ្នានេះដែរ បន្តមកខ្ញុំ។ ខ្ញុំមិនដឹងគាត់បានពីណាទេ។
អ៊ីមែលដែលគេផ្ញើតៗគ្នា សឹងពេញនគរថៃនោះ មានចំណងជើងថា “ FW: แผ่นดินไทย..คงไว้..ให้ลูกหลาน..ส่งต่อ… ” ប្រែសេចក្ដីថា ផែនដីថៃនៅគង់វង្ស ឲ្យកូនចៅជំនាន់ក្រោយ សូមផ្ញើបន្ត…។
អ្វីដែលខ្ញុំបានដាក់នៅទីនេះ គឺគ្មានបំណងឲ្យនរណាម្នាក់សឹងសម្បារជាពិសេសបងប្អូនរួមជាតិ ជាមួយប្រទេសជិតខាងទេ។ តែនេះសុទ្ធសឹងជាព័ត៌មានមានតម្លៃមហាសាលមួយ ដែលយើងជាខ្មែរ គួរយល់ដឹង ពីអ្វីដែលកើតមាននៅក្បែរៗយើង។ ពីគំនិតនិងក្ដីប្រមាណពីជាតិមួយដែលចិញ្ចឹមចិត្តថាខ្មែរបានលួចដីពីគេ។
អ្វីដែលគួរអស់សំណើច និងរកអ្វីនិយាយមិនបាននោះគឺគេបាននិយាយថានៅគ្រាទី៧ និងគ្រាទី១០ គេបានបាត់បង់ផែនដីខ្មែរ និងលាវទៅឲ្យបារាំង?!! គិតទៅពួកនេះ អត់កេរ្តិ៍ខ្មាសមែន!!!

















គិតៗទៅ ប្រទេសដែលនៅជុំវិញវាសព្វថ្ងៃនេះ សុទ្ធសឹងជាដីដែលវាថា បានបាត់បង់មក ឬប្រទេសទាំងនោះបានលួចដីវា ដែលម៉ែឪគាត់ដាំទុកមកឲ្យ៕
____________________________________________________
អានផងដែរ៖
១. វីដេអូឃ្លីបក្នុងវែប “ នាយករដ្ឋមន្ត្រីថៃ” បំភ្លៃពីការខ្មែរយកទឹកដីថៃ
២. ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន!
យ៉ាងម៉េចហើយ មហាយក្ខចិន ខែ កក្កដា 8, 2009
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, 中文.add a comment

ប៉ុន្មានថ្ងៃនេះនៅខេត្តគ្រប់គ្រងពិសេស ស៊ិនជែង (Xinjiang) របស់ចិន កើតមានចលាចលយ៉ាងខ្លាំងមិននឹកស្មានដល់ ឬដែលជាចលាចលធំដែលមិនធ្លាប់មានឡើយនៅក្នុងប្រទេសមហាអំណាចថ្មីមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ដ៏មហាព្រឺខ្លាចនៅឯទីលានធានអានមិន (天安门) កាលពីឆ្នាំ១៩៨៩មកនោះ។
ជម្លោះនៅក្នុងខេត្តស៊ីនជែងនេះ គឺគ្មានអ្វីក្រៅពីជម្លោះរវាងជនជាតិចិនហាន និងជនជាតិដើមនៅក្នុងខេត្តមួយនេះ ដែលភាគច្រើនជាជនមូស្លីមនោះ។ វាមិនគួរឲ្យនឹកស្មានសោះថាគ្រាន់តែពីរបីថ្ងៃនេះប៉ុណ្ណោះ មានរបាយការណ៍ថាមានបាតុករបានស្លាប់ជាង១៥០នាក់ប្លាយបានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស បន្ទាប់ពីប្រជាជននៅទីក្រុង Ürümqi ដែលជាទីក្រុងធំបំផុតរបស់ខេត្តនេះនាំគ្នាចុះថ្នល់ធ្វើបាតុកម្មមកនោះ។
ពេលនេះរដ្ឋាភិបាលមហាយក្ខចិនបានប្រកាសដាក់ទីក្រុងនេះ ស្ថិតក្នុងភាពប្រកាសអាសន្នហើយ ព្រមទាំងបានបន្ទោសដល់អជ្ញាធរតំបន់ថាធ្វើការគ្មានបានការទៀតផង។
ព្រឹត្តិការណ៍នេះបាន ចង់ឬមិនចង់ធ្វើឲ្យផ្អើលពិភពលោកតែម្ដង ខណៈដែលប្រទេសនេះបានរងភាពស្ងប់ស្ងាតជាង២០ឆ្នាំមកហើយ និងបាននឹងកំពុងតែល្បីពីភាពរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងកំពុងក្លាយជាមហាអំណាចថ្មីមួយរបស់ពិភពលោក។
វាពិតណាស់បញ្ហាបែបនេះ រដ្ឋាភិបាលចិនមិនចង់ឲ្យកើតមានឡើងឡើយ ដែលវាប្រាកដធ្វើឲ្យមានឈ្មោះអសោចរបស់ខ្លួន ជាពិសេសពិភពលោកកំពុងតែរង់ចាំមើលពីចំណាត់ការរបស់មហាយក្ខចិន ចំពោះព្រឹត្តិការណ៍នេះ។ យ៉ាងណាយ៉ាងណី យើងចង់មើលចំណាត់ការដ៏ទន់ភ្លន់ចំពោះរដ្ឋាភិបាលចិន និងចង់ឃើញឲ្យភាពស្ងប់ស្ងាត់វិលមិនជាប្រក្រតីវិញនៅក្នុងដែនដីដ៏មហិមារបស់ចិនមួយនេះ៕
ប្រាសាទព្រះវិហារ៖ មួយឆ្នាំនៃសម្បត្តិមនុស្សជាតិ និងមួយឆ្នាំនៃការប្រឈមមុខ ខែ កក្កដា 7, 2009
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.6 comments

គិតមកដល់ថ្ងៃនេះ ០៧ កក្កដា ២០០៩ ប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកបានមួយឆ្នាំមកហើយ ក៏ប៉ុន្តែមួយឆ្នាំកន្លងមកនេះ ប្រាសាទដ៏អភ័ព្វមួយនេះ មិនបានទទួលសេចក្ដីសប្បាយពេញចិត្តនឹងវាសនារបស់ខ្លួនដែលពិភពលោកទទួលស្គាល់នោះទេ តែផ្ទុយមកវិញ ប្រាសាទព្រះវិហារបានត្រឹមទទួលនូវការប្រឈមមុខយ៉ាងតឹងតែងជាងពេលណាណាទាំងអស់នៃប្រវត្តិប្រាសាទនេះ។
វាគួរឲ្យអនិច្ចាណាស់ដែលប្រាសាទព្រះវិហារ មកដល់សតវត្សរ៍នេះមកហើយ នៅមិនទាន់បានស្គាល់ស្រាកស្រានពីមហិច្ឆតាឈ្លានពាន ចង់បានហួសហេតុពីប្រទេសសៀម ពីគ្រាមុន និងថៃបច្ចុប្បន្ននេះនោះ។
សម្រាប់កូនខ្មែរ ព្រះវិហារគឺជាសម្បត្តិដ៏មានតម្លៃ ជាមោទនភាពរបស់ខ្លួនមួយទៀតបន្ទាប់ពីប្រាសាទនគរវត្ត ហើយប្រាកដណាស់ ព្រះវិហារ ពិតជាកម្លាំងចលករនៃជាតិនិយមដែលអាចនឹងផុសចេញគ្រប់ពេលវេលាទាំងអស់នៃស្រទាប់ជនជាតិខ្មែរ។ ហេតុដូចនេះរដ្ឋាភិបាលខ្មែរ ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រាសាទព្រះវិហារ ដោយល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ដើម្បីបញ្ជៀសហេតុការណ៍អាក្រក់ណាមួយដែលអាចកើតចេញពីបញ្ហាព្រះវិហារនេះ ជាមួយនឹងប្រទេសថៃ។
ការដោះស្រាយបញ្ហាប្រាសាទព្រះវិហារឲ្យបានឆាប់រហ័សគឺជាវត្ថុបំណងដែលកូនខ្មែរគ្រប់រូបចង់ឃើញ។ ការអូសបន្លាយបញ្ហាព្រះវិហារ អាចនឹងធ្វើឲ្យអរិភាពរវាងជនជាតិថៃ និងខ្មែរ កាន់តែធ្ងន់ធ្ងរមិនខាន និងអាចបណ្ដាលឲ្យភាពស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ រហូតមើលមុខគ្នាមិនចំ។
ប្រទេសថៃគួរតែល្មមដល់ពេល ឈប់ធ្វើឆ្អឹងទទឹងកចំពោះខ្មែរហើយ។ ដរាបណាខ្លួននៅចង់ធ្វើជាមិត្រជិតខាងដ៏ល្អជាមួយខ្មែរ ថៃគួរឈប់ស្រមើស្រមៃ និងចង់បានរបស់មិនមែនជារបស់ខ្លួន ហួសហេតុ ល្មោភលោភលន់ ឬដែលហៅម្យ៉ាងថាចោរនោះហើយ។ ប្រាសាទព្រះវិហារគឺជារបស់ខ្មែរពិតប្រាកដ ទាំងផ្នែកប្រវត្តិសាស្ត្រ និងគតិយុទ្ធ ដែលថៃខ្លួនឯងបានដឹងច្បាស់ រួមជាមួយបរាជ័យជាបន្តបន្ទាប់លើឆាកអន្តរជាតិ តាំងពីឆ្នាំ១៩៦២, ២០០៨ និងបច្ចុប្បន្នថ្មីៗនេះ ល្មមដែលគួរភ្លឺភ្នែក។
អបអរសាទរ ខួបគម្រប់មួយឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក! សូមឲ្យប្រាសាទព្រះវិហារឆាប់ទទួលបានឥស្សរភាព ពីការឈ្លានពានរបស់សត្រូវថៃកុំបីខាន!
ដប់ពីរឆ្នាំមុន ខែ កក្កដា 6, 2009
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.5 comments
-
ជំនឿផ្កាយដុះកន្ទុយ
មុននោះប្រមាណមួយទៅពីរសប្ដាហ៍ ផ្កាយរះព្រោងមេឃ ក្នុងនោះអមទៅដោយផ្កាយដុះកន្ទុយដ៏ធំមួយមើលឃើញច្បាស់នឹងភ្នែកក៏បានរះផុសឡើងមកដែរ។ ជារៀងរាល់យប់ប្រមាណម៉ោង៨ ឬ៩ទៅផ្កាយដុះកន្ទុយដ៏ធំនេះចាប់ផ្ដើមរះជារាល់ថ្ងៃ។ នោះជាលើកទីមួយនៃជីវិតខ្ញុំ ដែលខ្ញុំបានឃើញផ្កាយដុះកន្ទុយនេះ។
ជារៀងរាល់យប់នៅពេលដែលផ្កាយដុះកន្ទុយរះ ខ្ញុំរួមនឹងអ្នកផ្ទះ តែងតែមកអង្គុយមាត់ជណ្ដើរ (កាលនៅផ្ទះចាស់ខ្ញុំមានជណ្ដើរចេញក្រៅផ្ទះដែលអាចអង្គុយមើលបានយ៉ាងស្រួល) ដើម្បីមើលផ្កាយដុះកន្ទុយនេះ។ ផ្កាយនោះរះនៅទិសខាងលិចឆៀងខាងជើង ឬបើមើលពីផ្ទះខ្ញុំទៅគឺផ្ដុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬហួសពីនេះ ឬម្ដុំសំណង់១២ ឬតាំងក្រសាំងនេះឯង។
វាមិនមែនជារឿងចៃដន្យទេ ប្រផ្នូលនៃផ្កាយដុះកន្ទុយ ដែលឪពុកម្ដាយខ្ញុំបានប្រាប់នៅពេលពួកយើងអង្គុយមើលផ្កាយ រួមអ្នកអ្នកភូមិខ្ញុំផងដែរ ម្នាក់ៗនាំគ្នាជជែកពីរឿងផ្កាយដុះកន្ទុយនេះជារៀងរាល់យប់។ មិនបានប៉ុន្មានផង រឿងនេះក៏ផុសចេញប្រចក្សឡើង។
ខ្ញុំជឿលើអភូតហេតុនៃផ្កាយដុះកន្ទុយនេះ។
-
ប្រយុទ្ធគ្នាកណ្ដាលទីក្រុង
ចំពោះខ្ញុំដែលគេហៅថាក្មេងសម័យក្រោយគ្រាប់ប្លោង ពិតជាមិនមានបទពិសោធន៍គ្រប់គ្រាន់ចំពោះសង្គ្រាមទេ។ ចាស់ៗវិញគេបានដឹងប្រាកដណាស់ពីប្រផ្នូលនៃស្រុកទេស ដែលស្ដែងពីផ្កាយដុះកន្ទុយដែលរះរាល់យប់កាន់តែច្បាស់ឡើងៗនោះ។
ល្ងាចនៃ០៥ កក្កដា ១៩៩៧ តាមទូរទស្សន៍នានាកំពុងដាក់បញ្ចាំងកម្មវិធីរបស់ខ្លួនដូចសព្វមួយដង ទូរទស្សន៍ខ្លះមានទាំងផ្សាយតន្ត្រីបន្តផ្ទាល់ទៀតផង ដូចជាទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ០៩ ដែលគាំទ្រទ្រង់ រណឫទ្ធិ ជាដើម។ ម្នាក់ៗសឹងតែមិនជឿថាមានរឿងប្រុយុទ្ធគ្នា ដ៏ខ្លាំងក្លា ស្រុកទេសនឹងកើតសង្គ្រាមម្ដងទៀតហើយ។ ក្មេងកើតក្រោយគ្រាប់ប្លោងដូចជារូបខ្ញុំប្រហែលជា គ្រានេះ អាចស្គាល់គ្រាប់ប្លោង ឬយ៉ាងហោចណាស់គ្រាប់ត្រយូងចេក ឬកាលណោះគេល្បីអា… (ភ្លេចឈ្មោះ) ក៏មិនដឹង។
ព្រឹកថ្ងៃទី០៦ ខ្ញុំធ្វើដូចហី ព្រោះមើលទៅទំនងជាមិនអ្វី! ខ្ញុំជិះម៉ូតូ (ឆាលី) របស់ខ្ញុំមកអង្គុយនៅវិទ្យាល័យ (ច្បារអំពៅ) របស់ខ្ញុំ (ពេលនោះប្រហែលម្នាក់ឯងទេដឹង?) មើលបងប្អូនខ្មែរយើងនាំគ្នាភៀសខ្លួនយ៉ងសស្រាក់សស្រាំតាមផ្លូវជាតិលេខមួយសំដៅចេញពីរាជធានី។
សភាពការណ៍មើលទៅកាន់តែមិនស្រួល នេះប្រហែលជាខ្ញុំមិនមានបទពិសោធន៍ស្រុកសង្គ្រាមហើយមើល៍ទៅ។ ម៉ោងប្រមាណ១០ មនុស្សម្នាកាន់តែច្រើនឡើងៗ សំឡេងប្លោងគ្រាប់ក៏កាន់តែខ្លាំង។ ខ្ញុំក៏សម្រេចចិត្តជិះម៉ូតូមកផ្ទះវិញ នៅតាមផ្លូវ នៅពេលក្រឡេកភ្នែកមើលទៅម្ដុំទិសផ្កាយដុះកន្ទុយរះនោះ ផ្សែងខ្មួរខ្មាញ់ ជាលទ្ធផលនៃការបាញ់គ្នានោះ មើលឃើញច្បាស់ក្រឡែត ពេលនេះខ្ញុំដឹងហើយថាសង្គ្រាម។
អ្នកភូមិនាំគ្នាទិញរបស់របរ ដូចជាអង្ករជាដើម ពេលនោះវាច្បាស់ណាស់ឡើងថ្លៃដូចគេកាប់។ អ្នកផ្ទះខ្ញុំ ក៏ដូចជាអ្នកភូមិមួយចំនួនទៀតបានទិញរបស់របរខ្លះមុនពេលនោះដែរ នេះប្រហែលជាដោយសារបទពិសោធន៍របស់ពួកគាត់។
ដប់ពីរឆ្នាំមកនេះ ព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ១៩៩៧ បានត្រឹមតែជាសុបិនដ៏អាក្រក់មួយដែលមិនគួរឲ្យមានកើតឡើងក្នុងប្រទេសដ៏គួរឲ្យអានិតរបស់យើងនេះទេ។ ដ្បិតតែខ្ញុំកើតក្រោយគ្រាប់ប្លោងមែន តែខ្ញុំក៏មានមានបំណងឯណាចង់ឃើញគ្រាប់ប្លោងនៅកម្ពុជប្រទេសយើងនេះទេ។ សូមឲ្យអ្នកដឹកនាំខ្មែររួមចេះស្រឡាញ់គ្នាឡើង បំភ្លេចព្រឹត្តិការណ៍នោះចោលចុះ ចាប់ដៃគ្នាកសាងមាតុភូមិយើងឲ្យរីកចម្រើនឡើងកុំឲ្យពួកនៅក្បែរនេះវាមើលងាយ៕




