មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១ ថ្ងៃ សុក្រ 13 ខែមេសា 2007
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.trackback
មហាសង្ក្រាន្តឆ្នាំកុរ នព្វស័ក ពុទ្ធសករាជ២៥៥១
មហាសករាជ១៩២៩ ចុល្លសករាជ១៣៦៩ គ្រឹស្ទសករាជ២០០៧
សុភមស្តុ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្តន្តាកន្លងទៅហើយ បាន២៥៥០ព្រះវស្សា ត្រឹមថ្ងៃពេញបូណ៌មី ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ចូលពុទ្ធសករាជ២៥៥១ ព្រះវស្សាតទៅ។
នឹងគណនាឆ្នាំកុរ ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃសៅរ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៧ វេលាម៉ោង១២:៤៨នាទីថ្ងៃត្រង់ នោះព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី ដើរផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មហោទរទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌និល សៀតផ្កាកណិកា ពាក់និលរតន៍ ភក្សាហារសាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់ចក្រ ព្រះហស្តឆ្វេង ទ្រង់ត្រីសូល៍ ពាហនៈគង់លើមយូរា (ក្ងោក) នាំអស់ពពួកទេពនិករបវរកញ្ញា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ឈ្មោះធម្មាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់នៅលើពានមាសនាំចេញមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្រវាឡតាមផ្លូវព្រះអាទិត្យ ចរជាគម្រប់៦០នាទី ហើយដង្ហែរចូលទៅ តម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោត្តមហាស្រះ មានបំពង់៧ហូរចេញពីថ្មកែវ ជាមាត់គោឧសភរាជ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្តនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរ ដល់មនុស្សសត្តនិករតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
- ថ្ងៃសៅរ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា ២០០៧ ជាថ្ងៃចូលឆ្នាំ
- ថ្ងៃអាទិត្យ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៥ មេសា ២០០៧ ជាថ្ងៃវនប័ត
- ថ្ងៃច័ន្ទ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៦ មេសា ២០០៧ វេលាម៉ោង៤:៤០នាទី ៤៨វិនាទី ជាថ្ងៃឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេច បរិបូណ៌ ចូលជាសកល ឆ្នាំកុរ នព្វស័កតរៀងទៅ។
ក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីផងទាំងហ្លាយ រៀបចំគ្រឿងសក្ការៈបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី មានផ្លែឈើជាដើម ជូនមាតាបិតា ព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ឲ្យជ្រះស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីល៥ឲ្យបានជាប់ជានិច្ច នោះទេព្ដានឹងឲ្យពរសព្ទសាធុការ លោកអ្នកមានសេរីសួស្ដី សុភមង្គលវិបុលសុខគ្រប់ប្រការ រកស៊ីមានបាន ត្រជាក់ត្រជុំ អាយុយឺនយូរតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
ទំនាយប្រចាំឆ្នាំ
- កែនព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ព្រះសៅរ៍អធិបតី នាគ៥បង្អុរភ្លៀង៤០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ១៦០មេ ហិមពាន្ត១២០មេ មហាសមុទ្ទ៨០មេ ជម្ពូទ្វីបមនុស្សលោក៤០មេ។ ភ្លៀងដើមឆ្នាំច្រើន កណ្ដាលតិច ចុងឆ្នាំច្រើន។
- កែនធារាទិគុណ និងធញ្ញាហារៈ ឆ្នាំនេះបឋវីធាតុចុះ អាកាសធាតុធម្មតា ទឹកទន្លេ ព្រែក បឹងបួរ ជន់ជោរច្រើន វិបត្តិសន្ធូង ស្រែចម្ការមានសត្វល្អិតបំផ្លាញ បានផល១ភាគ ខូចបង់៥ភាគ ស្រូវស្រែដី ទំនាបបានផលល្អ ស្រូវស្រែដីទួលបានផលបង្គួរ។ ផ្លែឈើទាំងហ្លាយកើតច្រើនសន្ធឹកសន្ធាប់។ ស្រុកទេសមានជួបប្រទះនូវវិបត្តិគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានជាយថាហេតុ ដោយសារគ្រោះធម្មជាតិជាដើម។
ចូលព្រះវស្សានៅថ្ងៃច័ន្ទ ១រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ ជាវារៈចូឡាធិកបានឬក្ស២១តិថី១៥ ជាកាលវស្សានរដូវ ត្រូវតាមប្រពៃណីពីបូរាណព្រេងនាយហោង។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ថ្ងៃសៅរ៍ ជាថ្ងៃសង្ក្រាន្ត ដូច្នេះចូលក្នុងឆ្នាំថ្មីនេះ ពេលណាមួយនឹងមានកើតអន្តរាយកណ្ដាលទីប្រជុំជន មានភ្លើងឆេះ ចោរលួច មនុស្សពាលអាក្រក់ និងជំងឺច្រើនជាទីបំផុត។
ទំនាយថ្ងៃវនប័ត
ស្រូវងាប់ ក្រៀមស្វិត បានឮសំឡេងភាសាផ្សេងៗ ស្ដេច ឬឧកញ៉ាក្ដៅចិត្ត។
ទំនាយថ្ងៃឡើងស័ក
ព្រះរាជទេវី នាងស្នំ កំណាន់ជាបរិពារ នឹងបានសេចក្ដីសុខ។
______________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៤. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦







[...] ———————————— * សម្គាល់៖ តាមសៀវភៅមហាសង្ក្រាន្តរបស់លោកអ៊ឹម បុរិន្ទ បានហៅឈ្មោះតាមសំនៀងថៃដោយគាត់សម្អាងតម្រាមហាសង្ក្រាន្តថៃនិងលាវ គាត់សរសេរជា “ធុង្សៈទេវី”។ ថៃលាវ សរសេរ “ทุงสะเทวี” ដែលអានជា ”ធុងសៈទេវី”។ តាមសំនៀងនិងបែបសំណេរខ្មែរគួរហៅ “ទុង្សៈទេវី” ឬ “ទុង្សាទេវី” ដូចដែលលោកអ៊ឹម បុរិន្ទ បានយោងពីសៀវភៅព្រះរាជពិធីទ្វាទសមាសរបស់ពុទ្ធសាសនបណ្ឌិត្យ បោះឆ្នាំ១៩៦៩។ ដោយឡែកឆ្នាំ១៩៩៧ និងឆ្នាំ២០០២ ក៏ប្រើឈ្មោះទុង្សានេះដែរ។ – មហាសង្ក្រាន្តនេះខ្ញុំយកលំនាំតាមមហាសង្ក្រាន្តដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០០៧ និងកែប្រែតាមមហាសង្ក្រាន្តរបស់លោកអ៊ឹម បុរិន្ទ ដោយហេតុឆ្នាំនេះខ្ញុំមិនអាចរកមហាសង្ក្រាន្តដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបាន។ – អាន៖ មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២… [...]
[...] [...]
[...] [...]
[...] [...]
[...] អានផងដែរ៖ ១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១ ២. មហាសង្ក្រាន្ត ឆ្នាំជូត [...]