jump to navigation

ជួប​គ្នា​ទៀត​ហើយ​អគ្គ​ទាំង​បួន ខែ វិច្ឆិកា 12, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
8 comments

បញ្ហា​ស្រុក​ទេស​តម្រូវ​ឲ្យ​អគ្គ​ទាំង​បួន​ជួប​គ្នា​ទៀត​ហើយ បង​ប្អូន។ ង៉ៃ​នោះ​នាយ​ខ្នយ​ខ្ញុំ​តាម​ដាន​យ៉ាង​ស្អិត​រមួត ពី​សកម្មភាព​ទាំង​ឡាយ​របស់​អគ្គ​ទាំង​បួន​នេះ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ថ្នាក់​លើ ព្រោះ​អគ្គ​ទាំង​បួន​នេះ​អត់​សូវ​ស្រួល​ទេ ញាតិ​មិត្រ។

ដើម្បី​បង្វែរ​ដាន​នាយ​ខ្នយ​ខ្ញុំ អគ្គ​ទាំង​បួន​ម្សិលមិញ​នេះ (១១ វិច្ឆិកា ២០០៧) ពួក​គេ​បាន​រើ​ទី​តាំង​ណាត់​ជួប​ពី​កន្លែង​លក់​ស៊ុប​មក​កន្លែង​លក់​ប័រគ័រ នៅ​ផារ៍ក​វេយ៍​ស្កវែ​វិញ​ម៉ាដង (យីស ឡើង​កាលីប)។ តែ​ធ្វើ​ម៉េច​អាច​គេច​ផុត​ពី​នាយ​ខ្នយ​ខ្ញុំ​បាន? ហាហា! បណ្ដាញ​ខ្ញុំ​លឿន​ជាង​អេហ្វប៊ីអាយ អាគាំង និង​កាហ្សេបេ សូវៀត​ទៀត​នោះ។

ម្សិលមិញ​នេះ​អគ្គ​ទាំង​បួន​រូប​និយាយ​ដើម​គេ​ដល់​ហើយ​តាំង​ពី​ម៉ោង​៩​កន្លះ​ព្រឹក ដល់​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់។ ម្នាក់​ៗ សុទ្ធ​តែ​ដល់​ក​ហើយ។ ដើម្បី​លើក​កម្ពស់​ក្រុម ពួក​គេ​តែង​តែ​មិន​ភ្លេច​អួត​គ្នា​ទៅ​វិញ​ទៅ​មក ដូច​រាល់​ដង។ អ្នក​ខ្លះ​ចេះ​ល្បិច​សូក​គេ ដោយ​យក​មក​តាម​ខ្លួន នូវ​កាដូ​ជា​ច្រើន មាន​ទាំង​ពី​សេដេ សៀវភៅ​។ល។

នាយ​ខ្នយ​ខ្ញុំ​រង់ចាំ​សង្កេត និង​ដាក់​វេបខេម​តាម​កាបូប​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចាប់​អារម្មណ៍ ហើយ​បាន​ស៊ើប​ដឹង​ថា ពួក​គេ​មាន​គម្រោង​អញ្ជើញ​សមាជិក​ថ្មី​ឲ្យ​ជួប​ប្រជុំ​ដែរ តែ​ត្រូវ​បរាជ័យ​ទៅ​វិញ​ដោយ​មាន​បញ្ហា​បច្ចេកទេស​ពី​ស្ដេច​ត្រាញ់ ទើប​មិន​បាន មិន​ប៉ុណ្ណោះ​ទៀត​សោត ត្រូវ​បាន​ស្ដេច​ត្រាញ់​ស៊ុត​១០០ៗ ទាំង​ព្រលឹម​អុល​ទៀត​ផង។

ព័ត៌មាន​ពី​នាយ​ខ្នយ​ខ្ញុំ​នៅ​ពេល​នេះ​ចប់​អស់​ត្រឹម​នេះ ពេល​មាន​វិវដ្ត​ណា​មួយ​កើត​ឡើង​ថ្មី នាយ​ខ្ញុំ​នឹង​រាយការណ៍​ជូន​ជ្រាប​បន្ថែម​ទៀត។ សូម​អរព្រះគុណ!


ញាតិ​មិត្រ​មើល​ចុះ ពួក​អគ្គ​ទាំង​បួន​នេះ នាំ​គ្នា​បរិភោគ​អាហារ​លឿន​តាម​បែប​អាគាំង​ទៀត ហើយ​អស់​ស្ទះ​អគ្គ​មួយ​នោះ​ស៊ី​ច្រើន​ជាង​ជ្រូក​ទៀត (ថា​កុំ​ឲ្យ​គាត់​ឮ)។ រូប​នេះ​ត្រូវ​បាន​បណ្ដាញ​សម្ងាត់​នាយ​ខ្នយ​ខ្ញុំ​ថត​បាន​ពី​ផ្កាយ​រណប៕

ការ​ចាប់​ខ្លួន​លោក អៀង សារី និង​ភរិយា ខែ វិច្ឆិកា 12, 2007

Posted by សុភ័ក្ត្រ in នយោបាយ, អំពីស្រុកខ្មែរ.
10 comments

សាលា​ក្តី​កាត់​ទោស​ខ្មែរ​ក្រហម​និយាយ​ថា លោក អៀង សារី និង​ភរិយា​របស់​លោក​គឺ លោកស្រី អៀង ធីរិទ្ធ បាន​ទទួល​ការ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ​ម្នាក់​និយាយ​ថា លោក អៀង សារី និង ភរិយា​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ការិយាល័យ​របស់​សហចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្តី​កាត់ទោស​ខ្មែរ​ក្រហម ហើយ​គេ​រំពឹង​ថា លោក អៀង សារី និង​ភរិយា នឹង​ទទួល​ការ​ចោទ​ប្រកាន់​នៅ​ពេល​ក្រោយ​មក។

លោក អៀង សារី ជា​រដ្ឋមន្រ្តី​ការបរទេស​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

គេ​បាន​ប៉ាន់ស្មាន​ថា មាន​ប្រជាជន​ប្រហែល​ជា​១​លាន​៧​សែន​នាក់ ត្រូវ​បាន​គេ​សម្លាប់ ឬ​បាត់បង់​ជីវិត​ដោយ​សារ​ការ​ធ្វើ​ទារុណកម្ម ជំងឺ​ផ្សេងៗ និង​ការ​បង្អត់​អាហារ​រហូត​ដល់​ស្លាប់ នៅ​ក្នុង​របប​នេះ។

សាលា​ក្តី​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​នេះ​បាន​ចាប់​ខ្លួន និង ចោទ​ប្រកាន់​សមាជិក​ជាន់ខ្ពស់​របស់​ប៉ុលពត​ដែល​នៅ​រស់​ចំនួន​២​នាក់ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ។ ក្នុង​នោះ​រួម​មាន ឌុច ដែល​ជា​ប្រធាន​គុក​ទួលស្លែង និង​លោក នួន ជា៕

(ប្រែ​សម្រួល​ដោយ ស៊ូ ភនី)

វិទ្យុ​អូស្ត្រាលី