អត្ថបទប្រែ៖ ព្រះនាមក្ស័ត្រយិ៍កម្ពុជាថ្មី គួរប្រើយ៉ាងណាក្នុងភាសាថៃ ខែ មករា 4, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.3 comments
ឃើញថាលោកអ្នក ជាពិសេសអ្នកមិនចេះភាសាថៃចង់អានអត្ថបទនេះណាស់ខ្ញុំក៏ចំណាយពេលមួយយប់បកប្រែតាមការសន្យា។ នេះគ្រាន់ជាជំនួយខ្លះៗប៉ុណ្ណោះ ខ្ញុំមិនមានជំនាញភាសាថៃទេ។ សង្ឃឹមថាអត្ថបទនេះនឹងជួយផ្ដល់ជាចំណេះដឹងថ្មីៗទៀតដល់ខេមរជនគ្រប់ៗគ្នា។ បញ្ជាក់៖ ត្រង់កន្លែងដែលមានសរសេរ កកន គឺសំដៅលើការិយាល័យអ្នកនិពន្ធ។ ពោលគឺឃ្លាបញ្ជាក់បន្ថែមពីខ្ញុំបាទ ដើម្បីឲ្យលោកអ្នកអានងាយយល់។ សូមអញ្ជើញអានអត្ថបទដោយរីករាយ៖
អត្ថបទប្រែពីគេហទំព័រសិល្បៈវប្បធម៌ (Art & Culture)
ថ្ងៃទី០១ ខែធ្នូ ព.ស. ២៥៤៧ (គ.ស.២០០៤) ឆ្នាំទី២៦ ច្បាប់ទី០២
ភាសា-អក្សរសាស្ត្រ
សានតិ ភ័ក្ដីខាំ ផ្នែកវិជ្ជាភាសាថៃ និងភាសាបូព៌ា មហាវិទ្យាល័យមនុស្សសាស្ត្រ សាកលវិទ្យាល័យស្រីណគរិន្ទ្រវិរោចន៍ (សសវ) ប្រសានមិត្រ
ព្រះនាមក្ស័ត្រយិ៍កម្ពុជាថ្មី គួរប្រើយ៉ាងណាក្នុងភាសាថៃ
ថ្ងៃទី៧ តុលា ឆ្នាំ២០០៤ សម្ដេចព្រះនរោត្ដម សីហនុវរ្ម័ន បានដាក់រាជ្យសម្បត្តិ និងទ្រង់បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា រើសព្រះមហាក្ស័ត្រយិ៍កម្ពុជាថ្មីឡើងគ្រងរាជ្យសម្បត្តិជំនួសព្រះអង្គ។ នៅទីបំផុតរដ្ឋបាលកម្ពុជាជ្រើសតាំងព្រះអង្គម្ចាស់នរោត្ដម សីហមុនី ព្រះរាជបុត្រារបស់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមហេសី (ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ) ឡើងគ្រងរាជ្យ ទ្រង់ព្រះនាមថា “ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី” និងចាត់ព្រះរាជពិធីរាជាភិសេក នាថ្ងៃទី២៩ តុលា ឆ្នាំ២០០៤ នេះ។
យ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនៅនាំគ្នាហៅព្រះនាមព្រះអង្គខុសៗគ្នា គឺអ្នកខ្លះហៅ ព្រះអង្គម្ចាស់នរោត្ដម សីហមុនី, នរោត្ដម សីហមូនី ឬ សីហមណី ដែលភាគច្រើនសរសេរតាមភាសារ៉ូម៉ាំងដែលសរសេរថា “ Sihamoni” ។
ដើម្បីឲ្យយល់ច្បាស់ដូចគ្នា អ្នកនិពន្ធសូមអធិប្បាយតាមបែបសរសេរក្នុងភាសាខ្មែរ និងអភិប្រាយថាតើ យើងគួរជ្រើសការហៅព្រះនាមព្រះអង្គតាមបែបណាទើបដូច ឬត្រឹមត្រូវជាមួយភាសាខ្មែរបំផុត។
ព្រះនាមរបស់ “ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី” សរសេរតាមរូបក្នុងភាសាខ្មែរថា “ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី” ត្រូវនឹងតួអក្សរថៃថា “ พฺระบาทสมฺเฎจพฺระบรมนาถนโรตฺตมสีหมุนี ឬพระบาทสมเด็จพระบรมนาถ นโรดม สีหมุนี” បញ្ចេញសំឡេងជាភាសាខ្មែរថា “ ព្រះបាតសំដាច់ព្រះបរមនាតនរោដំសីហៈមុនី” សរសេរជាភាសារ៉ូម៉ាំងជា “ Norodom Sihamoni” ។
ដើម្បីឲ្យឃើញច្បាស់ពីព្រះនាមក្ស័ត្រយិ៍កម្ពុជាថ្មី ទាំងក្នុងការកម្លាយពីអក្សរខ្មែរ (Transliteration) និងការចម្លងសំឡេងពីភាសាខ្មែរ (Transcription) ទើបខ្ញុំសូមអធិប្បាយមួយពាក្យម្ដងៗដូចតទៅនេះ៖
ពាក្យថា៖ ព្រះបាទសម្ដេច (พฺระบาทสมฺเฎจ បញ្ចេញសំឡេងក្នុងភាសាខ្មែរថា ព្រះបាតសំដាច់) ដូចគ្នានឹងការប្រើក្នុងភាសាថៃថា “ พระบาทสมเด็จ” ជាពាក្យសំដៅព្រះឥស្សរិយយសរបស់ព្រះមហាក្ស័ត្រយិ៍កម្ពុជា។
ពាក្យថា៖ ព្រះបរមនាថ (พฺระบรมนาถ បញ្ចេញសំឡេងក្នុងភាសាខ្មែរថា ព្រះបរមនាត) ដូចគ្នានឹងការប្រើក្នុងភាសាថៃថា “ พระบรมนาถ” ។
ពាក្យថា៖ នរោត្ដម (นโรตฺตม បញ្ចេញសំឡេងក្នុងភាសាខ្មែរថា នរោដំ) ដូចគ្នានឹងការប្រើក្នុងភាសាថៃថា “ นโรดม” ដើមឡើយជាព្រះនាមរបស់ “ សម្ដេចព្រះនរោត្ដមបរមរាមាទេវាវតារ (ព្រះអង្គរាជាវតី) (កកន៖ ភាសាថៃ៖ “ สมเด็จพระนโรดมบรมรามาเทวาวดาร (พระองค์ราชาวดี)” )” តមកព្រះនាម “ នរោត្ដម” បានក្លាយជាព្រះរាជនាមត្រកូលព្រះរាជវង្សកម្ពុជា ដែលតមកពីសម្ដេចព្រះនរោត្ដមបរមរាមាទេវាវតារ ដូចគ្នានឹងព្រះនាម “ សម្ដេចព្រះស៊ីសុវត្ថិ” (កកន៖ ភាសាថៃ៖ “ สมเด็จพระศรีสวัสดิ์” ។ តាមបដិរូបភាសាថៃសរសេរ “ ស្រីសុវត្ថិ” អានថា “ ស៊ីសុវត្ថិ” ព្រោះក្នុងភាសាថៃ “ សរ” អានសំឡេង “ ស” ។ ថៃនៅប្រើ “ សគ” គឺ “ ឝ” សរសេរជា “ ឝរីសវ័សតិ៍” ) ដែលតមកជារាជត្រកូល “ ស៊ីសុវត្ថិ” ។ [ក្នុងភាសាខ្មែរសរសេរជា "ស៊ីសុវត្ថិ" (สีสุวัตถิ์) តែថៃនិយមប្រើ "ស្រីសុវត្ថិ" (ศรีสวัสดิ์)]។
ពាក្យថា៖ សីហ (สีห បញ្ចេញសំឡេងក្នុងភាសាខ្មែរថា សីហៈ ពេលខ្លះបញ្ចេញសំឡេងជា ស៊ីហៈ ដូចជាពិសេស ស៊ីហនុ) មានអត្ថន័យថា “ រាជសីហ” ជាពាក្យកម្ចីភាសាបាលី ត្រូវគ្នានឹងពាក្យ “ សីហ” (สีห) ក្នុងភាសាថៃ ដូចដែលយើងប្រើក្នុងព្រះនាមរបស់ស្ដេចនរោត្ដម សីហនុ ជាដើម។
ចំណែកពាក្យថា៖ មុនី (มุนี បញ្ចេញសំឡេងក្នុងភាសាខ្មែរថា មុនី សំឡេងស្រៈអុ ក្នុងភាសាខ្មែរបញ្ចេញសំឡេងដូចនឹងស្រៈអូ ហេតុដូចនេះ ភាសាអង់គ្លេសទើបសរសេរថា moni) មានអត្ថន័យក្នុងភាសាខ្មែរថា “ អ្នកប្រាជ្ញ” ជាពាក្យកម្ចីភាសាបាលី ត្រូវគ្នានឹងពាក្យថា “ មុនី” (มุนี) ក្នុងភាសាថៃ។
ដូចនេះនៅពេលសមាសពាក្យ ថា សីហ (สีห) ជាមួយពាក្យថា មុនី (มุนี) ទើបក្លាយជាពាក្យថា សីហមុនី (สีหมุนี) ដែលជាព្រះនាមរបស់ព្រះមហាក្ស័ត្រយិ៍កម្ពុជាអង្គថ្មី។
(អត្ថន័យ និងពាក្យពិគ្រោះទាំងនេះយោងតាមវចនានុក្រមខ្មែរ-ខ្មែរ ច្បាប់របស់ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ និងវចនានុក្រមខ្មែរច្បាប់ទុនពញាអនុមានរាជធន ភាគ១-៥)
ព្រះមហាក្ស័ត្រយិ៍ខ្មែរមួយព្រះអង្គទៀតមុនព្រះនរោត្ដម សីហនុ ឯកសារថៃនិយមហៅថា “ ព្រះចៅមណីវង្ស” (พระเจ้ามณีวงศ์) តែសម្រាប់ការសរសេរក្នុងភាសាខ្មែរប្រើថា៖ “ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស” ដែលសរសេរតាមរូបបែបភាសាថៃគួរសរសេរថា “ พระบาทสมเด็จพระสีสุวัตถิ์มุนีวงศ์” ។
ហេតុដែលឯកសារថៃហៅព្រះចៅស៊ីសុវត្ថិមណីវង្សនោះ គឺក្រោយពីសម្ដេចចៅហ្វា ក្រមពញានរិសរានុវ័ត្តិវង្ស ទ្រង់ប្រែសៀវភៅ ព្រះរាជពិធីបុណ្យ រាជាភិសេក របស់ព្រះចៅមណីវង្សនោះ ហើយទ្រង់បានទៅប្រទានព្រះពិនិច័ណ្ណការ សូមឲ្យជួយរកអ្នកជំនាញភាសាខ្មែរនៅបណ្ណាល័យត្រួតពិនិត្យការងារនេះ ព្រះពិនិច័ណ្ណការទូលត្រឡប់មានសេចក្ដីថា៖
“ …ការកែខៃគ្រានេះពួកបារៀនជំនាញខ្មែរពីព្រះនាម មុនីវង្ស ថាខាងក្រោមនោះមិនមែនស្រៈអុ គ្រាន់តែជាការបង្គាប់មិនឲ្យអានជា មូ ប៉ុណ្ណោះ។ ទូលព្រះបង្គំទើបឲ្យកាត់ខ្លីជាមនី គិតទូលថ្វាយទ្រង់ ថាដូចនេះគួរសរសេរជា មណី តែម្ដងទៅទើបជាការគួរ…” [កំណត់ហេតុរឿងរ៉ាវផ្សេងៗ ភាគ២ ទំព័រ (៣១)]។
ហេតុដូចនេះហើយ នៅពេលមានការកែប្រែការសរសេរដូចនេះទើបបណ្ដាលឲ្យអត្ថន័យព្រះនាមក្នុងភាសាខ្មែរផ្លាស់ប្ដូរទៅតាមនោះដែរ ព្រោះពាក្យថា “ មុនី” សំដៅ “ អ្នកប្រាជ្ញ” ក្លាយជា “ មណី” សំដៅថា “ កែវ” ។
តែដល់ពេលតែនាំគ្នាប្រើយូរៗទៅ “ ព្រះចៅមណីវង្ស” ព្រះនាមនេះក៏មិនគួរកែប្រែទៀតទេនាំឲ្យតែកើតភាពច្របូកច្របល់។
សម្រាប់ករណីរបស់ក្ស័ត្រយិ៍កម្ពុជាអង្គថ្មី យើងគួរតែប្រើឲ្យត្រឹមត្រូវជាមួយព្រះនាមរបស់ព្រះអង្គគឺ “ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី” ដែលគួរត្រូវសរសេរតាមរូបភាសាខ្មែរថា “ พระบาทสมเด็จพระบรมนาถ นโรดม สีหมุนี” បញ្ចេញសំឡេងក្នុងភាសាខ្មែរថា “ ព្រះបាតសំដាច់ព្រះបរមនាត នរោដំ សីហៈមុនី” ។
អ្នកណាជ្រើសរើសប្រើយ៉ាងណាក៏ទៅតាមការយល់ឃើញភាពងាយស្រួលរបស់លោក តែសម្រាប់អ្នកនិពន្ធ ហើយស្រឡាញ់និងការសរសេរថា “ พระบาทสมเด็จพระบรมนาถ นโรดม สีหมุนี” ច្រើនជាង ព្រោះរក្សាបានទាំងរូបស័ព្ទ និងអត្ថន័យក្នុងភាសាខ្មែរបានយ៉ាងគ្រប់គ្រាន់ ដែលមិនចាំបាច់ប្រែអត្ថន័យទៀត។
ដើម្បីឲ្យគ្រប់ជ្រុងជ្រោយ អ្នកនិពន្ធសូមលើកយកព្រះបរមនាមរបស់ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ពីភាសាខ្មែរមកជាភាសាថៃ និងសេចក្ដីប្រែ (តាមពាក្យដែលបានប្រែជាភាសាខ្មែរទុកក្នុងគេហទំព័រ (norodomsihanouk.info/N.sihamoni/biographie/biographie.htm) មានបង្ហាញនៅទីនេះ។
ព្រះបរមនាម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះមហាក្ស័ត្រយិ៍នៃព្រះរាជាណាចក្រកម្ពុជា
ភាសាខ្មែរ ពាក្យកម្លាយ ពាក្យសរសេរចម្លង
ព្រះករុណា พฺระกรุณา พระกรุณา
ព្រះបាទសម្ដេច พฺระบาทสมฺเฎจ พระบาทสมเด็จ
ព្រះបរមនាថ พฺระบรมนาถ พระบรมนาถ
នរោត្ដម นโรตฺตม นโรดม
សីហមុនី สีหมุนี สีหมุนี
សមានភូមិជាតិសាសនា สมานภูมิชาติสาสนา สมานภูมิชาติศาสนา
រក្ខតខត្តិយា รกฺขตขตฺติยา รักขตขัตติยา
ខេមរារដ្ឋរាស្ត្រ เขมรารฏฺฐราสฺตฺร เขมรารัฐราษฎร์
ពុទ្ធិន្ទ្រាធរាមហាក្សត្រ พุทฺธินฺทฺราธรามหากฺสตฺร พุทธินทราธรามหากษัตริย์
ខេមរាជនា เขมราชนา เขมราชนา
សមូហោភាស สมูโหภาส สมูโหภาส
កម្ពុជឯករាជរដ្ឋបូរណសន្តិ กมฺพุชเอกราชรฏฺฐบูรณสนฺติ กัมพุชเอกราชรัฐบูรณสันติ
(កកន៖ មានមួយវគ្គទៀតគឺ៖ សុភមង្គលា ប្រហែលគេហទំព័រនោះភ្លេច)
សិរីវិបុលា สิรีวิบุลา สิรีวิบุลา
ខេមរាស្រីពិរាស្ត្រ เขมราสฺรีพิราสฺตฺร เขมราศรีพิราษฎร์
ព្រះចៅក្រុងកម្ពុជាធិបតី พฺระเจากฺรุงกมฺพุชาธิบตี พระเจ้ากรุงกัมพูชาธิบดี
សេចក្ដីប្រែ
អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។
ឯកសារយោង
នរិសរានុវ័ត្តិវង្សុ, សម្ដេចចៅហ្វាក្រមពញា។ កំណត់ហេតុរឿងរ៉ាវផ្សេងៗ ភាគទី២. ក្រុងទេពមហានគរៈ ថៃវឌ្ឍនាពាណិជ្ជ, ២៥២១។
បញ្ជប ព័ន្ធុមេធា។ វចនានុក្រមខ្មែរ-ថៃ ច្បាប់ទុនពញាអនុមានរាជធន។ ក្រុងទេពមហានគរៈ ចូរចម្រើនការបោះពុម្ព, ២៥១៧។
វេបសៃត៍ http:/www.norodomsihanouk.info/N.sihamoni/biographie/biographie.htm






