jump to navigation

អស់​បង​អស់​ប្អូន ខែ មករា 11, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
5 comments

សាហាវ​ណាស់! ទាមទារ​ចង់​តែ​បាន ចិត្ត​មារ​ទាល់​តែ​ឈ្នះ។ ហេតុ​តែ​មិន​ចង់​ឈ្លោះ​នាំ​រឿង​វែង​ឆ្ងាយ ព្រោះ​សាច់​ឯង​នេះ​ហើយ ទើប​អ្នក​ផ្ទះ​ខ្ញុំ​មិន​ចង់​បន្ត​រហូត​បាត់​ដី​ខ្លួន​ឯង​ទៅ។ អនិច្ចា។​ អ្នក​ទូល​រែក​ចុះ។ ព្រលឹង​យាយ​នឹង​ច្បាស់​ជា​ដាក់​បណ្ដាសារ​ប្រាកដ​ណាស់ រលាយ​ហិន​ហោច​ឃើញ​ច្បាស់​ណាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ​ហើយ។ ផល​កម្ម​លក់​កេរ​ម្ដាយ និង​ចង់​បាន​របស់​គេ​ឥត​កេរ្តិ៍​ខ្មាស់។

អ្វី​ដែល​សាហាវ​ទៅ​ទៀត​នោះ ថែម​ទាំង​ពោល​ពាក្យ “ កាត់​កាល អស់​បង​អស់​ប្អូន” ជាមួយ​គ្រួសារ​ខ្ញុំ​ទៀត។ បាន! មាន​ទៅ​ស្អី​លោក​ធំ។ មិន​ប៉ុណ្ណោះ​ដើរ​ស្រែក​ប្រាប់​គេ​ឯង​ថា​ឳពុក​ខ្ញុំ​លួច​ដី​គាត់​ទៅ​វិញ។ Sic ដី​នេះ​បើ​កុំ​តែ​បាន​ប៉ា​គាត់​ខំ​ត្រួស​ត្រាយ (សុទ្ធ​តែ​ព្រៃ​ក្រោយ​សម័យ​ក្រុម​សាមគ្គី​រលត់​ទៅ ប្រជាជន​នាំ​គ្នា​កាន់កាប់​ដី​តែ​រៀង​ៗ​ខ្លួន) ដាំ​បង្គោល​​កាន់កាប់ ម្ល៉េះ​សម​គ្មាន​អន្ទិត​យើង​បាន​ទេ។ កាល​នោះ​អន្ទិត​នៅ​ជា​ក្មេង​ប៉ោ​នៅ​ឡើយ​ទេ។

“ លក់​ឲ្យ​អស់​ៗ ដី​នេះ គ្មាន​ក្បាល​អាណា​មក​ចិញ្ចឹម​អញ​ទេ” អញ្ជើញ​លក់​ចុះ ដី​លោក គ្មាន​ខ្មោច​អាណា​ទៅ​ចង់​បាន និង​ហាម​ឃាត់​ស្អី​ទេ។ ប៉ុន្តែ​កុំ​ភ្លេច​ខ្មោច​ម្ដាយ​លោក មើល​ឃើញ​ទង្វើ​លោក​ណាស់។ លោក​ដឹង​ច្បាស់​ពី​សន្ដាន​ថោក តិរិច្ឆាន​កូន​លោក​ខ្លាំង​ណាស់។ កូន​ដែល​ធ្វើ​បាប​ម្ដាយ​យំ​សឹង​រាល់​ថ្ងៃ។ ម្ល៉េះ​លោក​ប្រឹង​ស្លាប់​កុំ​ឲ្យ​កូន​បែប​នេះ​មក​ទាន់​ដង្ហើម​គាត់ ទៅ​ទៀត។

ម្ដាយ​ឈឺ​ជិត​កន្លះ​ឆ្នាំ​កូន​ប្រុស​មិន​បាន​មើល​ថែ​សូម្បី​បន្តិច។ ថ្ងៃ​ដែល​ម្ដាយ​ឈឺ​ខ្លាំង​នឹង​ស្លាប់ ទាំង​អាចារ្យ ទាំង​អ្នក​ចាស់​ទុំ​ ញាតិ​​មិត្រ​នៅ​ផ្ទះ​ពេញ​ត្រៀបត្រា កូន​ល្អ​បែរ​ជា​ទៅ​ផឹក​ស៊ី​ជាមួយ​បន​ភឿន​ទៅ​វិញ។ ទឹក​ចិត្ត​ម្ដាយ​នៅ​តែ​ចង់​ឃើញ ចង់​និយាយ​ជាមួយ​កូន​មុន​ដាច់​ខ្យល់ ទី​បំផុត​រឹត​តែ​ធ្វើ​ម្ដាយ​ចង់​ដាច់​ខ្យល់​ស្លាប់​មុន​គេ​ទៅ​តាម​ហៅ​កូន​ប្រុស​មក​ផ្ទះ។ លោក​ថា​ចង់​ស្លាប់​មុន​វា​មក​ដល់ លោក​មិន​ចង់​ឲ្យ​កូន​ប្រុស​នោះ​មក​ទាន់​ដង្ហើម​លោក​ទេ។ មែន​ទី​បំផុត​លោក​ក៏​បាន​ផុត​ដង្ហើម​ទៅ។ ផុត​ដង្ហើម​នៅ​លើ​ដៃ​របស់​ម្ដាយ​ខ្ញុំ និង​កូន​ប្រសារ​ស្រី (ប្រពន្ធ​ប្អូន​ប្រុស​ទី​២ របស់​ម្ដាយ​ខ្ញុំ ដែល​គាត់​បាន​ស្លាប់​មុន​យាយ​ខ្ញុំ តែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ឯង)។ ម្ដាយ​ខ្ញុំ​និយាយ​ទាំង​អួល​ដើម​ក។

ដី​ទាំង​នោះ​បើ​កុំ​តែ​ម្ដាយ​ឪពុក​ខ្ញុំ​ខំ​អានិត​ប្អូន​ៗ ត្រួសត្រាយ​ចែក​ឲ្យ​គ្នា​ទាំង​ពីរ​នាក់ (យាយ​គាត់​គ្មាន​នរណា​ទេ ស្រឡាញ់​ប៉ា​ និង​ម៉ាក់ ព្រម​ទាំង​ឲ្យ​គាត់​ចាត់​ចែង​កេរ​ដី​ទាំង​នោះ​ និង​ផ្ដាំ​ផ្ញើ​ឲ្យ​មើល​ប្អូន​ៗ​ផង)។ ផ្ទុយ​ទៅ​វិញ​មិន​បាន​ទាំង​ចែក​យក​ចំណែក​ខ្លួន​ឯង​ហើយ ចុង​ក្រោយ​ត្រូវ​ប្អូន​ក្រពើ​ចំអក​ឲ្យ​ថា​ គេ​មិន​ដែល​ហាម​ឃាត់​ឲ្យ​អ្នក​ឯង​យក​កេរ​ទៅ​វិញ។ ចុក​ឈាម​ទាំង​ដុំ កក​ដូច​ដុំ​ថ្ម។

ដី​ដែល​បាន​សន្យា​ចែក​គ្នា​តាម​បណ្ដាំ​ម្ដាយ​ហើយ ឥឡូវ​នេះ​មក​សង់​ផ្ទះ​រំលោភ​យក​ដី​បង​ថ្លៃ​ស្រី​ទៀត (ដី​​ចែក​គ្នា​ពី​ម្ខាង​ប្រឡាយ​ម្នាក់ ហេតុ​នេះ​ព្រំ​ត្រូវ​នៅ​កណ្ដាល​ប្រឡាយ​ម្នាក់ តែ​លោក​នោះ​បាន​មក​ឲ្យ​គេ​សាង​ផ្ទះ​រំលោភ​យក​ប្រឡាយ​ទាំង​អស់​ទៅ។ ឯ​ដី​គេ​បែរ​ជា​ស្រែក​ថា​ក្បាល​១៦​ម៉ែត្រ​ឯណា​ឆ្កុយ​ដែល​ដី​តាំង​ពី​ក្បាល​រហូត​ដល់​កណ្ដាល​មាន​តែ​១៤​ម៉ែត្រ​សោះ។ ទី​បំផុត​ដី​ខ្ញុំ​នៅ​សល់​តែ​១០​ម៉ែត្រ និង​មាន​រាង​កាច់​ចង្កេះ​កណ្ដាល​ដី។

ផល​អ្នក​យក​ចុះ​។ លក់​កេរ​ម្ដាយ​ស៊ី។ ស៊ី​ទាល់​តែ​រលត់ ស៊ី​ទាល់​តែ​រលាយ។ អស់​បង​អស់​ប្អូន អស់​ពូ​អស់​ក្មួយ។ បង​ថ្លៃ​ក៏​ឈ្លោះ បង​បង្កើត​ក៏​ឈ្លោះ អ្នក​នៅ​សល់​អ្វី។ គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាស គ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច​ម៉ា​ត្រឹម សរសេរ​ដាក់​ក្នុង​ប្លក់​ពី​មនុស្ស​ម្នាក់​ក្នុង​សង្គម ពី​ប្រវត្តិ​គ្រួសារ​មួយ​ទេ សម្រាប់​ខ្ញុំ។ ចែក​ជា​ធម្មទាន៕

សម្គាល់៖
១. ពណ៌​ផ្កា​ឈូក​ខ្ចី និង​ពណ៌​ខៀវ​ខ្ចី ជា​ដី​កេរ​ម្ដាយ​ដែល​ចែក​ជា​ពីរ​ចំណែក​កូន​ប្រុស​ពៅ និង​កូន​ប្រសារ​ស្រី

២. ពណ៌​ស ជា​ដី​ដែល​គ្រួសារ​ខ្ញុំ​បាន​ទិញ​ពី​គេ​តាំង​ពី​ដើម​មក ដើម្បី​នៅ​ជាប់​ជាមួយ​នឹង​ដី​ម្ដាយ។

៣. ពណ៌​ផ្កា​ឈូក​ចាស់​ជា​ផ្ទះ​សង់​រំលោភ​យក​ប្រឡាយ​ទាំង​មូល

៤. លេខ​១, ២, ៥ ជា​ព្រំ​ចាស់​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ទើប​ត្រឹម​ត្រូវ​ជា​ព្រំ​កំណត់​ដី​របស់​ខាង​ខ្ញុំ

៥. ដី​ពី​ខាង​ក្រោម​រហូត​ដល់​ប្រឡាយ​ស្មើ​ចុង​ដើម​ម្ខាង​១៤ ម្ខាង​១២​ម៉ែត្រ តែ​ចាប់​ពី​ប្រឡាយ​ទៅ​គាត់​បែរ​ជា​ថា​ដី​គាត់​១៦​ម៉ែត្រ​ទៅ​វិញ។ ហើយ​គាត់​ថា​ដី​ខ្ញុំ​បាត់​ទៅ​ឲ្យ​ភាគី​ដី​ជិត​ខាង “ ខ” ឯណោះ​ទេ។ ព្រោះ​ដី​គាត់​ទាមទារ​វាស់​ស្មើ​ក្បាល ស្មើ​កន្ទុយ។ ដោយ​សារ​ដី​ខាង​លើ​ពុះ​លក់​អស់​ហើយ ទុក​ផ្លូវ​ចូល​ដី​កណ្ដាល​២​ម៉ែត្រ។ sic

៦. ដី “ ង” ដំបូង​សុំ​សង់​ផ្ទះ​នៅ នៅ​យូរ​ៗ ទៅ​ក៏​ចែក​ជា​ដី​កេរ​តែ​ម្ដង​ទៅ ពេល​ម្ដាយ​ស្លាប់។

៧. ពី​លេខ​១ ដល់​លេខ​៤ ជា​ខ្សែ​ព្រំ​ថ្មី​ដែល​គេ​ទាមទា​ឲ្យ​គូស​ត្រង់​មក។ នេះ​ហើយ​ជា​ដី​ដែល​ត្រូវ​បាត់។ បើ​តាម​ពិត​ទៅ​គឺ​ព្រំ​ដី​ស្ថិត​ពី ១ មក​៥ ទើប​ត្រឹមត្រូវ។ មិន​តែ​ប៉ុណ្ណោះ​គេ​ទាមទារ​ឲ្យ​វាស់​ត្រង់​ពី​លេខ​១ មក​លេខ​២២​ទៀត​ផង។

៨. តាម​ពិត​យើង​សម្រួល​ទាញ​ពី​លេខ​១ លេខ​២ និង​លេខ​៥ ព្រោះ​សុទ្ធ​ជា​ព្រំ​ចាស់ តែ​មិន គេ​មិន​ព្រម​ទៀត គេ​ថា​គ្មាន​នរណា​ធ្វើ​ព្រំ​វៀច​យ៉ាង​ដូច​នេះ​ទេ។ តាម​ពិត​ព្រំ​ដី​ទាំង​អស់​នៅ​ម្ដុំ​នោះ​សុទ្ធ​តែ​កាច់​ក្បាល​ដូច​គ្នា​ទាំង​អស់ ព្រោះ​ហេតុ​នោះ​ហើយ​ដី​ម្នាក់​ៗ​នៅ​ទី​នោះ​សុទ្ធ​តែ​រីក​ក្បាល​លើ។