មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២ ថ្ងៃ សៅរ៍ 12 ខែមេសា 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា, អំពីស្រុកខ្មែរ.trackback
មហាសង្ក្រាន្តឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
មហាសករាជ១៩៣០ ចុល្លសករាជ១៣៧០ គ្រឹស្ទសករាជ២០០៨
សុភមស្តុ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្តន្តាកន្លងទៅហើយ បាន២៥៥១ព្រះវស្សា ត្រឹមថ្ងៃពេញបូណ៌មី ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ចូលពុទ្ធសករាជ២៥៥២ ព្រះវស្សាតទៅ។
នឹងគណនាឆ្នាំជូត ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៨ វេលាម៉ោង១៨:២៤នាទី នោះព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី ដើរផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម ទុង្សៈទេវី* ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈទ្រង់ពាក់កែវបទុមរាគ ភក្សាហារទ្រង់សោយផ្លែឧទុម្ពរ ព្រះហស្តស្ដាំទ្រង់ចក្រ ព្រះហស្តឆ្វេង ទ្រង់ត្រីស័ង្ខ ទ្រង់គង់ពាក់ឈៀងបើកព្រះនេត្រលើខ្នងសត្វគ្រុឌបក្សី ជាពាហនៈ នាំអស់ពពួកទេពនិករបវរកញ្ញា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ឈ្មោះធម្មាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់នៅលើពានមាសនាំចេញមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្រវាឡតាមផ្លូវព្រះអាទិត្យ ចរជាគម្រប់៦០នាទី ហើយដង្ហែរចូលទៅ តម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោត្តមហាស្រះ មានបំពង់៧ហូរចេញពីថ្មកែវ ជាមាត់គោឧសភរាជ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្តនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរ ដល់មនុស្សសត្តនិករតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
- ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា ២០០៨ ជាថ្ងៃចូលឆ្នាំ
- ថ្ងៃច័ន្ទ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៤ មេសា ២០០៨ ជាថ្ងៃវនប័ត
- ថ្ងៃអង្គារ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៥ មេសា ២០០៨ វេលាម៉ោង២២, ២៣នាទី, ៥៤វិនាទី ជាថ្ងៃឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេច បរិបូណ៌ ចូលជាសកល ជូត សំរឹទ្ធិស័ក ចុល្លសករាជ១៣៧០ តរៀងទៅ។
ក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីផងទាំងហ្លាយ រៀបចំគ្រឿងសក្ការៈបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី មានផ្លែឈើជាដើម ជូនមាតាបិតា ព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ឲ្យជ្រះស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីល៥ឲ្យបានជាប់ជានិច្ច នោះទេព្ដានឹងឲ្យពរសព្ទសាធុការ លោកអ្នកមានសេរីសួស្ដី សុភមង្គលវិបុលសុខគ្រប់ប្រការ រកស៊ីមានបាន ត្រជាក់ត្រជុំ អាយុយឺនយូរតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
ទំនាយប្រចាំឆ្នាំ
- កែនព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ភពព្រះអាទិត្យជាអធិបតី នាគ២បង្អុរភ្លៀង៤០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ១៦០មេ ហិមពាន្ត១២០មេ មហាសមុទ្ទ៨០មេ ជម្ពូទ្វីបមនុស្សលោក៤០មេ។ ភ្លៀងដើមឆ្នាំល្អ កណ្ដាលតិច ចុងឆ្នាំច្រើន។
- កែនធារាទិគុណរៈ ឆ្នាំនេះបឋវីធាតុចុះ អាកាសធាតុមិនក្ដៅមិនត្រជាក់។ ឆ្នាំនេះទឹកជំនន់ដោយភ្លៀង នឹងទឹកទន្លេមានច្រើន គឺមានកម្រិត១៦/១៦ គឺមានសំណល់ (០) ច្រើនជាងឆ្នាំទាំងពួង។
- កែនធញ្ញាហារៈ ឈ្មោះមជ្ឈឹមទំនាយថា ស្រូវ សំណាប ស្រែចម្ការ ផលដំណាំ បានតែពាក់កណ្ដាល ភោជនាហារបានជាមធ្យម ប្រជានុរាស្ត្របានសេចក្ដីសុខខ្លះ ទុក្ខខ្លះស្មើគ្នា ធញ្ញាហារ មង្សាហារ ផល្លាហារនឹងមានជាមធ្យម។
ឆ្នាំនេះជាឆ្នាំអធិកសុទិន ខែកុម្ភៈ មាន២៩ថ្ងៃ ថ្ងៃខាងសុរិយគតិមាន៣៦៦ថ្ងៃ។
ចូលព្រះវស្សានៅថ្ងៃសុក្រ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨ ជាវារៈចូឡាធិកបានឬក្ស២១តិថី១៥ ជាកាលវស្សានរដូវ ត្រូវតាមប្រពៃណីពីបូរាណ មានព្រះអាទិត្យ ព្រះចន្ទ្រចរតាមចក្ររាសី ជាប្រធានឲ្យបានដឹងកំណត់ទ្វាទសមាសទើបធ្វើការសារពើទាំងពួងបានចម្រើននូវសិរីសួស្ដីមហាជ័យមង្គលបរិបូណ៌ហោង។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ថ្ងៃអាទិត្យ ជាថ្ងៃសង្ក្រាន្ត ដូច្នេះចូលក្នុងឆ្នាំថ្មីនេះ ទំនាយទាយថា ឆ្នាំនេះធ្វើស្រែមិនសូវបានផលល្អឡើយ។ របស់ក្នុងដែនដីស្រូវអង្ករនឹងថ្លៃ ដំណាំផល្លាបានផលតែពាក់កណ្ដាលខូចអស់ពាក់កណ្ដាល មានមនុស្សកាប់សម្លាប់គ្នាច្រើន នឹងចាញ់ ឯអ្នកប្រាជ្ញ និងអ្នកសម្បុរស មនុស្សផងទាំងពួងនឹងទទួលនូវក្ដីលំបាកច្រើន។
ទំនាយថ្ងៃវនប័ត
ត្រូវនឹងថ្ងៃ ច័ន្ទ ទំនាយថា ឆ្នាំនេះអំបិលឡើងថ្លៃ ជំទាវខុនណាង ទាំងហ្លាយនឹងក្ដៅក្រហាយចិត្ត ក្នុងស្រុករមែងមានជំងឺតម្កាត់ច្រើន។
ទំនាយថ្ងៃឡើងស័ក
ត្រូវនឹងថ្ងៃ អង្គារ ទំនាយថា ឆ្នាំនេះអាមាត្យ នាហ្មឺនសព្វមុខមន្ត្រីនឹងរស់នៅត្រជាក់ត្រជុំជាសុខស្រួលទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវបច្ចាមិត្រក្នុងគ្រប់ទិសទី ក៏នឹងមានជ័យជម្នះគ្រប់វេលា ភ្លៀងឲ្យដោយអន្លើ នឹងមានកើតគលិយុគនៅក្នុងព្រះនគរ៕
————————————
* សម្គាល់៖ តាមសៀវភៅមហាសង្ក្រាន្តរបស់លោកអ៊ឹម បុរិន្ទ បានហៅឈ្មោះតាមសំនៀងថៃដោយគាត់សម្អាងតម្រាមហាសង្ក្រាន្តថៃនិងលាវ គាត់សរសេរជា “ធុង្សៈទេវី”។ ថៃលាវ សរសេរ “ทุงสะเทวี” ដែលអានជា ”ធុងសៈទេវី”។ តាមសំនៀងនិងបែបសំណេរខ្មែរគួរហៅ “ទុង្សៈទេវី” ឬ “ទុង្សាទេវី” ដូចដែលលោកអ៊ឹម បុរិន្ទ បានយោងពីសៀវភៅព្រះរាជពិធីទ្វាទសមាសរបស់ពុទ្ធសាសនបណ្ឌិត្យ បោះឆ្នាំ១៩៦៩។ ដោយឡែកឆ្នាំ១៩៩៧ និងឆ្នាំ២០០២ ក៏ប្រើឈ្មោះទុង្សានេះដែរ។
- មហាសង្ក្រាន្តនេះខ្ញុំយកលំនាំតាមមហាសង្ក្រាន្តដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០០៧ និងកែប្រែតាមមហាសង្ក្រាន្តរបស់លោកអ៊ឹម បុរិន្ទ ដោយហេតុឆ្នាំនេះខ្ញុំមិនអាចរកមហាសង្ក្រាន្តដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបាន។
- អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៣. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៤. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦







ថាភាសាថែទៅមើលមិនដាច់ សូមបីតែខ្មែរនេះក៏អានមិនចង់ដាច់ដែរ!! សុទតែពាក្សពិបាកៗ
សួស្ដីឆ្នាំថ្មី!
ខំរៀនខ្មែរឡើងវិញទៅចឹង!
[...] [...]
[...] [...]
[...] [...]
[...] [...]
[...] [...]