Repost: ដំណើរកម្សាន្តមួយទៀតដែលខ្ញុំពេញចិត្ត (ត) ខែ ឧសភា 4, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.3 comments

មកដល់ហ្លួងព្រះបាងម៉ោងប្រហែលជា៥ល្ងាច។ ហ៊ី! មិនដឹងជាទៅទីណាទេខ្ញុំ។ ចំណតរថក្រុងស្ថិតនៅឆ្ងាយពីទីក្រុងគួរសម។ ដើរសួរគេសួរឯង ឯណាទៅក្រុង តើត្រូវធ្វើដំណើរយ៉ាងដូចម្តេច។ រួចក៏ឆ្លៀតទៅទិញប័ណ្ណទូរស័ព្ទ ដាក់បញ្ចូលលុយ ក្រែងល៍មានការអី អាចទូរស័ព្ទ ប្រាប់ពួកម៉ាកបាន។
រួចហើយខ្ញុំក៏តថ្លៃទុកទុក ជិះទៅទីក្រុងហ្លួងព្រះបាង។ ជាទីក្រុងតូច ស្ងប់ស្ងាត់។ ចម្លែកតែរបស់របរ ផ្ទះសំណាក់ និងចំណីអាហារវិញ គឺថោកណាស់ ថោកជាងទីក្រុងសៀមរាប របស់កម្ពុជា ខ្លាំងណាស់។ ខ្ញុំបានទៅដើររកផ្ទះសំណាក់ ដើម្បីសម្រាកហើយ និងបន្ទាប់ពីបានងូតទឹកស្អាតបាតហើយ ខ្ញុំក៏បានដើរមើលតាម ផ្សាររាត្រី ដែលគេដាក់លក់នៅខាងមុខព្រះបរមរាជវាំងចាស់របស់ ខែត្រហ្លួងព្រះបាងនេះ។ ភាគច្រើនរបស់របរដែលដាក់លក់ គឺសម្រាប់ភ្ញៀវទេសចរ និងមានលក់ដូចជាសំពត់ សូត្រ ផ្ទាំងគំនូរ និងរបស់របរអនុស្សាវរីយ៍ ច្រើនឯទៀត។
ហ្លួងព្រះបាងជាទីក្រុងមួយសម្បូរទៅដោយអារាម។ មួយស្អែកព្រឹក បន្ទាប់ពីទស្សនាសារមន្ទីរព្រះបរមរាជវាំង របស់ស្ដេចលាវ រួមមក ខ្ញុំសំណាយពេលសឹងតែពេញ មួយថ្ងៃជិះកង់ ទស្សនាវត្តនានា នៅក្នុងទីក្រុង ដែលសុទ្ទសឹងជាអារាមចាស់ៗ មានរំលេចទៅដោយក្បូរក្បាច់រចនា យ៉ាងរស់រវើក និងស្រស់ស្អាតគួរជាទីចាប់ចិត្ត និងត្រូវចិត្តណាស់សម្រាប់ពួកជាងថតរូប។
ហ្លួងព្រះបាងពិតជាទីក្រុងដ៏ទាក់ទាញអារម្មណ៍អ្នកទេសចរ ពិតមែន។ រយៈពេល២ថ្ងៃ២យប់ របស់ខ្ញុំនៅហ្លួងព្រះបាង ពិតជាមិនអាចបំភ្លេចបានទេ។ ខ្ញុំពិតជាទៅជួបអ្នកជាថ្មីទៀត មិនខានក្នុងពេលឆាប់ៗ។ ឱ! ហ្លួងព្រះបាង!

កកន៖ អត្ថបទនេះបានដាក់ម្ដងរួចមកហើយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៦






