ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគួរលុបចោល? ខែ ឧសភា 24, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.61 comments

ស្រុកខ្មែរបន្ទាប់ពីបង្កើតឲ្យមានរាជានិយមឡើងវិញនៅឆ្នាំ២០០៣រួចមក គេឃើញមានព្រះរាជពិធីជាច្រើនបានត្រូវកើតមានឡើងវិញ។ រាជាក្ស័ត្រយ៍និយមគឺសម្បូរទៅដោយសិល្បៈវប្បធម៌ទំនៀមច្រើនជាងសម័យណាៗទាំងអស់ តួយ៉ាងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក៏បានរស់ឡើងជាថ្មីឡើងវិញផងដែរ។
សម្រាប់ឆ្នាំ២០០៨នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក៏បានប្រារព្ធធ្វើដូចរាល់ឆ្នាំ ដែលឆ្នាំនេះត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែឧសភា។ មិនខុសពីឆ្នាំកន្លងទៅទេ ឆ្នាំនេះខ្ញុំក៏បានទៅចូលរួម និងថតរូបព្រះរាជពិធីនេះដូចរាល់ឆ្នាំ (អានអត្ថបទឆ្នាំ២០០៦៖ ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព្រះនង្គ័ល)។
ឆ្នាំនេះគោឧសភរាជបរិភោគតែពោត សណ្ដែក ស្រូវ ឃើញថាជាពិធីវប្បមង្គលដែលលើកទឹកចិត្តប្រជាកសិករខ្មែរ ដែលភាគច្រើនជនជាតិនេះប្រកបរបរកសិកម្ម និងជាពិធីតំណាងប្រាប់ដល់ពលរដ្ឋទាំងនោះថារដូវធ្វើស្រែចាប់ផ្ដើមហើយ។
ពិធីនេះជាពិធីឥតប្រយោជន៍បំផ្លាញថវិកាជាតិ?
បើនិយាយឲ្យពិតទៅសម័យនេះហើយគ្មាននរណាគេជឿលើសត្វគោពីរក្បាលនោះទេ! នរណាៗគេក៏ដឹងថាវាមិនអាចយកជាការបានទេចំពោះការផ្សងគោទៅនឹងសភាពមែនទែននៃស្រុកទេស។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មួយរយៈកាលចុងក្រោយនេះ លោកមិនបានចូលរួមក្នុងព្រះរាជពិធីនេះទេ ឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំរាល់ដងដែរ។
អវត្តមាននាយករដ្ឋមន្ត្រីជារឿងធម្មតា?
សម្រាប់ខ្ញុំ ពិតជាមិនធម្មតាទេ។ ព្រះរាជពិធីមួយដែលមានព្រះមហាក្សត្រជាអធិបតីរាល់ឆ្នាំ តែនាយករដ្ឋមន្ត្រីមិនបានចូលរួម។ ក្នុងឱកាសជួបជាមួយប្រជាជនជាសាធារណៈមួយរបស់លោកនាយករដ្ឋមន្ត្រី (ប៉ុន្មានឆ្នាំកន្លងទៅ) លោកបានមានប្រសាសន៍ពីអជំនឿរបស់លោកចំពោះព្រះរាជពិធីនេះ និងលោកបានពោលថា លោកនឹងឈប់ចូលរួមពិធីនេះហើយ។
ជាការពិតជនគ្រប់រូបមានសិទ្ធិសេរីភាពរបស់គេ ក្នុងការមានជំនឿ និងចូលរួម សម្រាប់លោកនាយករដ្ឋមន្ត្រីខ្មែរក៏ដូចគ្នា។ តែអ្វីដែលលោកនាយករដ្ឋមន្ត្រីបានសម្ដែងវាហាក់បីដូចជាងាករេពីបវេណីបុរាណរបស់ជាតិដែលមានស្ដេចផែនដីចូលរួម។ ហេតុអ្វីបានជាលោកមិនចាត់ទុកនេះជាពិធីជាតិតំណាង? ទោះបីជាវាពិតឬមិនពិតមានការផ្សងរបស់គោទៅចុះ?
វាហាក់បីដូចជាពិធីមួយដែលមិនធម្មតាចំពោះអ្នកដឹកនាំដែលទល់នឹងវប្បមង្គលរបស់ជាតិ។ ប្រសិនបើសារៈសំខាន់នៃព្រះរាជពិធីបុណ្យនេះពិតជាចំណាយពេលឥតប្រយោជន៍ និងរំខានថវិកាជាតិ (ព្រមទាំងខាតលុយចំណូល ព្រោះជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំផង) ខ្ញុំយល់ថា គួរតែលុបបុណ្យនេះចោលទៅ ជាជាងទុកឲ្យមានរំខានដល់គេដល់ឯងពេញមួយនគរបែបនេះ៕
អានប្រវត្តិនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លពីគេហទំព័រវិទ្យុអាស៊ីសេរី



