ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ២) ខែ ឧសភា 28, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.20 comments

ព្រឹកឡើងថ្ងៃច័ន្ទ ទី១២ ឧសភា ២០០៨, ខ្ញុំងើបខ្ទង់ម៉ោង៦ ព្រឹក ដេកមិនសូវជាលក់សោះបន្ទាប់ពីក្រោកដឹងខ្លួនម្ដងខ្ទង់ម៉ោង៤កន្លះភ្លឺមក។ ខំស្រួតរួតរះចេញមកក្រៅដើម្បីបានស្រស់ស្រូបអាហារពេលព្រឹក និងអាលបានថតរូបពីរបីបុស្តិ៍មុននឹងធ្វើដំណើរទៅឆ្លងដែនចូលស្រុកលាវ។
រៀបចំសាក់កាដួអីអស់ហើយ ក៏ចុះមកក្រោមបង់លុយ និងផ្ញើសាក់កាដូនៅជាមួយម្ចាស់ផ្ទះសំណាក់។ ហើយក៏បានចេញទៅថតរូបភ្ជាប់ជាមួយទន្លេសេកុង និងស្ពានសេកុងថ្មី ដែលខ្ញុំបានទៅពីយប់បានម៉ាប៉ុស្ត ពីប៉ុស្ដដែរ។ ថតមិនទាំងទាន់បានអីស្រួលបួលផង ស្រាប់តែព្រះភិរុណលោកបង្អុរទឹកភ្លៀងមកដូចគេចាក់ទឹកពីលើផ្ទះ។ ខ្ញុំឯនេះរត់ឡើងត្រង់ភ្លឹង ខ្លាចទទឹកខោអាវថ្មី និងស្បែកជើងថ្មីផង ហាហា…។
ភ្លៀងធ្លាក់ដូចគេចាក់រកទៅញ៉ាំអីក៏មិនបានដែរ ម្យ៉ាងមិនស្គាល់ស្ទឹងត្រែងក្រុងច្បាស់ផង។ ត្រូវបង្ខំចិត្តដើរតាមរបៀងផ្ទះល្វែងរកកន្លែងញ៉ាំអី។
មកដល់ផ្ទះមួយលក់ចាប់រុយ ក៏បានសាកសួរអ្នកលក់មានមីកំប៉ុងទេ? អ្នកលក់គេឆ្លើយថា “ មាន” ។
ខ្ញុំសួរបន្ត “ បងមានទឹកក្ដៅទេ?” ។
“ ខ្ញុំមិនមែនស៊ីឈ្នួលទឹកក្ដៅទេ” គាត់ឆ្លើយបែបសមសួនជាខ្មែរអ្នកមានអម្បួរដល់ក។
លោកអ្នកមានដឹងទេ ខ្ញុំមិនដឹងថាគាត់ជាមនុស្សអីឲ្យប្រាកដទេ។ ខ្ញុំខំនិយាយយ៉ាងសុភាពៗ ដល់គាត់តាំងពីដំបូង តែមិនដឹងជាយ៉ាងមិចគាត់ប្រើពាក្យសុទ្ធតែស៊ីឈ្នួល? ខ្ញុំមានបានថាគាត់ស៊ីឈ្នួលខ្ញុំឯណា? គ្រាន់តែចង់ដឹងម្ល៉េះគាត់មានទឹកក្ដៅនៅផ្ទះស្រាប់គ្រាន់សុំជួយឆុងមីដែលខ្ញុំនឹងទិញពីគាត់តែប៉ុណ្ណោះឯង ដោយសារមេឃវាភ្លៀងរកទៅញ៉ាំអីមិនបាន។ ក្នុងឋានៈជាមនុស្សម្ល៉េះអីកំណាញ់នឹងទឹកក្ដៅមួយកូនកំប៉ុងមីនេះ ឬបើគាត់ចង់លក់ទឹកក្ដៅក៏និយាយមកក៏បាន ព្រោះគាត់ជាអ្នករកស៊ី។ គាត់មានឬមិនមាន ម្ដេចមិននិយាយឲ្យស្រួលបួលទៅ? ម្ដេចចាំប្រើពាក្យយ៉ាងនេះ! ខ្ញុំខំនិយាយទៅកាន់គាត់បែបនេះយ៉ាងរៀបរយ តែចរិកបែបមនុស្សអវិជ្ជារបស់គាត់បានស្រែកមកដាក់ខ្ញុំវិញ “ មិចម៉ោចង់ឈ្លោះតាំងព្រឹកអី?” ។ ខ្ញុំចប់មែនទែនហើយ ខ្មែរយើង។
ខ្ញុំបានដើរបន្តទៅការិយាល័យក្រុមហ៊ុនលក់សំបុត្ររថយន្តក្រុងដើម្បីប្រាប់គេពីការចេញដំណើររបស់យើង ព្រោះសំបុត្រយើងទិញពីភ្នំពេញទៅដល់ព្រំដែនលាវ ដែលគេនឹងជូនយើងបន្តនៅព្រឹកនេះ។ តែលោកអ្នកអើយ ក្រុមហ៊ុននេះមើលទៅគ្មានការទទួលខុសត្រូវអ្វីទាំងអស់។ សូមបញ្ជាក់ថាខ្ញុំត្រូវធ្វើដំណើរដីជាង៦០គីឡូម៉ែត្រទៀតទៅព្រំដែនលាវ មិនដោយតាមរយៈក្រុមហ៊ុននេះទេ ស៊ីលុយ និងបោកអតិថិជនតែម្ដងហើយ។ ខ្ញុំមិនណែនាំឲ្យលោកអ្នកធ្វើដំណើរតាមរថយន្តក្រុងឈ្មោះសូរិយានេះទៀតទេ។ លោកអ្នកចង់ធ្វើដំណើរចូលលាវ ទិញសំបុត្រមកត្រឹមស្ទឹងត្រែងបានហើយ មានរថឈ្នួលនៅស្ទឹងត្រែងនេះច្រើនណាស់ដែលនឹងអាចជួនយើងទៅព្រំដែនបាន។
ដូចខ្ញុំបាននិយាយអញ្ចឹង! ភ្លៀងធ្លាក់ខ្លាំងណាស់ដូចគេចាក់ទឹក។ ខ្ញុំដើរបន្តមកក្បែរនោះទៀតមានផ្ទះលក់ចាប់រុយមួយទៀតក៏ខ្ញុំសួរដូចលើកមុនដែរ ផ្ទះនេះក៏គេមានលក់មីកំប៉ុងដែរ ដល់ខ្ញុំសួររឿងទឹកក្ដៅ គេក៏និយាយស្រួលបួលមកយើង នឹងសុំគិតថ្លៃទឹកក្ដៅ៥០០រៀល ព្រោះគាត់ត្រូវដោតភ្លើងដាំទឹកក្ដៅ។ បាទ បាន! មានខ្ញុំក៏ដឹងពីបញ្ហានេះដែរ និយាយសមសួនបែបនេះទើបសមជាអ្នកលក់ដូរប្រកបដោយសីលធម៌។ ថាហើយ គាត់ក៏មករៀបចំតុកៅអីឲ្យខ្ញុំនិងពួកម៉ាកខ្ញុំអង្គុយយ៉ាងស្រួលបួលទៀតផង។ នេះឯងបានជាគេថាអ្នកលក់វ៉ៃឆ្លាត នៅពេលដែលពួកយើងញ៉ាំហើយ មានតែមួយពីរកំប៉ុងនេះឯណា មិត្រខ្ញុំញ៉ាំរហូតដល់២កំប៉ុង និងពួកយើងនាំគ្នាញ៉ាំទឹកផ្លែឈើ និងទិញរបស់របរប្រើប្រាស់ផ្សេងៗទៀត គិតទៅអស់ជិត២០.០០០រៀលដែរ ព្រឹកនោះ។
ដោយសារការបោកប្រាស់របស់ក្រុមហ៊ុនសូរិយានេះ ព្រឹកនោះ យើងក៏បានទាក់ទងមិត្រភ័ក្ដិពួកម៉ាកខ្ញុំដែលគាត់មកធ្វើការនៅខេត្តស្ទឹងត្រែងនេះ (យើងបានជួបគាត់ដោយចៃដន្យពីល្ងាច) គាត់ក៏បានយកឡានមកដឹកពួកយើងទៅព្រំដែនទាំងព្រះភិរុណនៅបន្តភ្លៀងឥតដាច់។ ថ្លៃសំបុត្ររថយន្តដែលទិញបន្តនោះត្រូវបោះចោលទទេតែម្ដង!
ពីស្ទឹងត្រែងក្រុងទៅដល់ព្រំដែនមានចម្ងាយផ្លូវជាង៦០គីឡូម៉ែត្រ នឹងត្រូវឆ្លងកាត់ស្ពានសេកុង ដែលទើបសង់ថ្មីដោយក្រុមហ៊ុនចិន។ ទាំងស្ពានទាំងផ្លូវល្អស្អាតធេងរហូតដល់ព្រំដែនតែម្ដង។ មកដល់ព្រំដែនមេឃក៏ស្រឡះល្អ ព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញសែងពេលខ្លះក្ដៅស្ទើរប្រេះសស្បែក។ សភាពព្រំដែនមើលទៅកម្សត់ណាស់ តែបងៗតម្រួតយោធាព្រំដែននៅទីនោះម្នាក់ៗមានសម្ដីកាយវិការសាកសមសុភាពរៀបសារជាខេមរជនណាស់។ លិខិតឆ្លងដែលខ្ញុំនឹងពួកម៉ាក (ខ្ញុំធ្វើដំណើរតែ២នាក់ទេ) ត្រូវបានគាត់ប្រថាប់ត្រា និងសុំក្នុងមួយលិខិតឆ្លងដែន១០.០០០រៀល។ ពួកយើងព្រមឲ្យគាត់ ដោយពេញចិត្ត និងនិយាយអរគុណគាត់រួចឡើងឡានបន្តចូលទៅខាងលាវទៀត (រថយន្តយើងត្រូវបានអនុញ្ញាតឲ្យចូលដល់ទឹកដីលាវតែម្ដង គឺដល់វឿនខាំ។ សេវាទូរស័ព្ទរបស់កម្ពុជាយើងនៅទីនោះគឺប្រើបាន 011, 012, 016)។
ចេញពីតូបព្រំដែនខ្មែរប្រហែលជា៥០ម៉ែត្រ យើងនឹងបានប្រទះបង្គលឡាក់ព្រំដែនខណ្ឌចែកសីមាខ្មែរនិងលាវ ដ៏ធំមួយនៅខាងស្ដាំដៃ ពួកយើងក៏បានចុះថតរូប ហើយធ្វើដំណើរបន្តទៀតប្រហែល៥០ម៉ែត្រ ក៏នឹងទៅដល់តូបយាមប្រថាប់ត្រាសម្រាប់ចូលស្រុកលាវ នៅខាងស្ដាំដៃយើងដែរ។ ពួកនាយទាហានលាវកំពុងតែនាំគ្នាដេក អាកាសធាតុយេនសប្បាយ (ត្រជាក់) ភ្លៀងបន្តរលឹមៗ ម្នាក់ៗច្បាស់ជាបាយឆ្ងាញ់ និងងងុយគេងសម្បើមណាស់មើលទៅ។
យើងយកលិខិតឆ្លងដែនប្រថាប់ត្រាហើយ ទាហានលាវទារលុយម្នាក់១ដុល្លារ យើងក៏ឲ្យ១០.០០០រៀលខ្មែរទៅសម្រាប់ពីរនាក់ (ថោកជាខាងខ្មែរ ពាក់កណ្ដាល)។ រួចរថយន្តយើងក៏បន្តចូលដីលាវបន្តដំណើរទៅមុខទៀត។
ពួកយើងបានមកដល់វឿនខាំប្រហែលជាម៉ោង១០.៣០នាទីព្រឹក ក៏នាំគ្នាដើរលេងមើលផ្សារតូចមួយក្បែរដៃទន្លេមេគង្គ។ តំបន់នេះមានខ្មែរចូលមកពេញ ភាគច្រើនអ្នករកស៊ីផ្នែកទេសចរណ៍ដឹកនាំភ្ញៀវចូលកម្ពុជាយើង។ តាមពិតទៅគម្រោងរបស់យើងគឺចេញពីទីនេះបន្តទៅប៉ាកសេ រួចឡើងទៅវៀងច័ន្ទន៍។ តែអ្វីដែលពួកយើងចង់នោះគឺទៅមើលទឹកធ្លាក់ដែលល្បីថាស្អាតក្នុងស្រុកលាវនេះ។
រថយន្តក្រុងដែលចេញពីវឿនខាំទៅប៉ាកសេកំណត់ម៉ោង១២ តែតាមពិតម៉ោងជិតមួយឯណោះបានឡានមកដល់នឹងចេញទៅប៉ាកសេ។ (ខ្ញុំសូមណែនាំលោកអ្នក តាមពិតទឹកជ្រោះខនផាកផេងនៅមិនឆ្ងាយពីវឿនខាំទេ។ ជិះម៉ូតូក៏ដល់ដែរ គឺខ្ទង់ប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះ ចំណាយពេលទៅលេងទៅមកប្រហែល៣០ទៅ៤៥នាទីក៏គ្រប់គ្រាន់ហើយ) តែពួកយើងមិនបានដឹងទេ។ ពួកយើងខំនាំគ្នាបញ្ចុះបញ្ចូលអ្នកបើកឡានក្រុងឲ្យឈប់តាមផ្លូវដើម្បីខ្ញុំបានចូលទៅមើល និងថតរូបទឹកធ្លាក់នេះ (ទឹកធ្លាក់គឺនៅតាមផ្លូវទៅប៉ាកសេនេះឯង)។ សំណាងល្អអ្នកបើកឡានក្រុងនោះចិត្តក៏ល្អ សម្ដីក៏ពិរោះ សមជាជាតិលាវណាស់។ ស្នាមញញឹមនៃជាតិលាវទាំងប៉ុន្មានបានទាក់ទាញខ្ញុំពន់ពេកណាស់។ ពួកយើងសាកសួរព័ត៌មានចប់សព្វគ្រប់ទាំងអស់ ធ្វើដំណើរលើកណាសសម្រាប់ខ្ញុំ ក៏គឺមានតែភាពសប្បាយរំភើបណាស់ គឺដំណើរបែបពនេចរនេះឯង។ ពួកយើងក៏សម្រេចទិញសំបុត្របន្តរហូតដល់វៀងច័ន្ទន៍តែម្ដង គឺប្រហែល២៦ដុល្លារអាមេរិក។ គិតទៅមិនថ្លៃទេ។
ខ្ទង់ជាម៉ោងប្រហែល១ រថយន្តក្រុងដ៏ធំនិងទំនើបរបស់លាវបានចេញពីតំបន់ក្បែរព្រំដែនវឿនខាំចេញទៅទីក្រុងប៉ាកសេ។ នៅតាមផ្លូវរថយន្តក្រុងនេះបានឈប់ឲ្យខ្ញុំនិងពួកម៉ាកបានចូលទៅថតរូបនៅរមណីយដ្ឋានទឹកជ្រោះខនផាផេងរយៈពេលប្រមាណ១៥នាទី។ ថ្លៃសំបុត្រចូលមើលទឹកជ្រោះនេះតម្លៃ១០.០០០គីប (៨.០០០គីបប្រហែល១ដុល្លារអាមេរិក) ហើយពួកយើងជួលម៉ូតូឌុបជិះអស់២៥.០០០គីបទៀត។
មកដល់ទឹកធ្លាក់ពិតជាអស្ចារ្យមែន បើខ្ញុំមិនបានចូលមកទស្សនាដោយផ្ទាល់ទេ ពិតជាគួរឲ្យស្ដាយណាស់។ ទឹកធ្លាក់នេះនឹងហូរចូលទៅស្រុកខ្មែរយើងម្ដុំល្បាក់ខោន។ ស្ដាយណាស់ខ្ញុំមានពេលតែ១៥នាទីប៉ុណ្ណោះសម្រាប់ថតរូប នាំគ្នារត់ថតរូបឡើងប្រញេបប្រញាប់ ដើម្បីត្រឡប់មកឡានវិញ។ អស្ចារ្យ! អស្ចារ្យ!
បន្ទាប់មកយើងក៏ធ្វើដំណើរបន្តមកទៀត ដើម្បីទៅគោលដៅរបស់យើងគឺក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក។ មកដល់ប៉ាកសេប្រមាណជាម៉ោង៤រសៀល។ ពួកខ្ញុំ ៤នាក់ (បានជួបខ្មែរយើងម្នាក់ដែលរៀននៅវៀងច័ន្ទន៍ និងសង្សាររបស់គេដែលទើបមកពីលេងស្រុកខ្មែរ) បាននាំ គ្នាជិះកង់បីដើម្បីទៅផ្សារទំនើបធំមួយរបស់ក្រុងប៉ាកសេ ដើម្បីញ៉ាំប្រហិត និងរួចនាំគ្នាដើរលេងក្រុងគេម៉ាសន្ទុះដើម្បីរង់ចាំឡានក្រុងដែលនឹងត្រូវចេញទៅវៀងច័ន្ទន៍នៅម៉ោង៨យប់បន្តទៀត។
រូបភាពមួយចំនួន

ស្ពានសេកុងថ្មីដែលសាងសង់ដោយក្រុមហ៊ុនចិន

ទីនេះទំនងជាទីតាំងចាស់សម្រាប់ឆ្លងទន្លេសេកុង
បានភ្ជាប់រូបជាមួយទន្លេ និងស្ពានថ្មីនេះបានមួយប៉ុស្តហើយ ស្រាប់តែមេឃភ្លៀងធ្លាក់ដូចចាក់ទឹក

ភ្លៀងដូចគេចាក់នៅស្ទឹងត្រែងក្រុង

មីកំប៉ុងនេះឯងញ៉ាំបណ្ដើរមើលទឹកភ្លៀងធ្លាក់បណ្ដើរ

ស្ពានសេកុង ដែលយើងត្រូវឆ្លងកាត់ស្ទឹងត្រែងក្រុង ដែលសាងសង់ដោយក្រុមហ៊ុនចិន

ទៅត្រុង់ដល់ប្រទល់ដែនលាវ (រូបនេះខ្ញុំឆ្លៀតរត់មោថតពេលឡានឈប់ ដើរទៅវិញទៅមោជិតកន្លះគីឡូដី សឹងដកចង្ការមាន់)

បង្គោលសីមាខណ្ឌចែកដែនកម្ពុជប្រទេសនិងលាវប្រទេស (ខ្មែរយើងនៅទីនោះនាំគ្នានិយាយថា បង្គោលនោះត្រូវលាវលួចដករំកិលខិតមកដីខ្មែរទេ។ តាមពិតដីខ្មែរហួសទៅមុខប្រហែលជិតមួយគីឡូម៉ែត្រទៀត ដែលចាប់ពីចន្លោះតូបតម្រួតខ្មែរ និងលាវនោះត្រូវបានលាវហាមឃាត់មិនឲ្យក្រុមហ៊ុនចិនធ្វើផ្លូវថ្មីដែលខ្មែរយើងធ្វើនោះទេ ព្រោះសំអាងថាដីលាវ។ តែក្រោយមកតាមរយៈការចរចា អាជ្ញាធរលាវក៏បានអនុញ្ញាតឲ្យសាងសង់ផ្លូវនេះវិញ ហើយឮថាលាវនឹងដកប៉ុស្តិយាមចូលដីលាវមួយកម្រិតទៀតនាពេលខាងមុខ មិនដឹងជាយ៉ាងមិចហើយទៀត ខ្ញុំមិនដឹង)

ប៉ុស្តិយាមរបស់លាវដែលត្រូវត្រួតពិនិត្យលិខិតឆ្លងដែន

ទោះបីនេះជាចំណុចលាវដាក់ប៉ុស្តិក៏ដោយក៏ក្រុមហ៊ុនចិនបានសាងសង់ផ្លូវនេះចូលក្នុងទឹកដី (មានជម្លោះ មិនដឹងខ្មែរ ឬលាវ) ជ្រៅបន្ថែមទៀតភ្ជាប់នឹងផ្លូវចាស់របស់លាវតែម្ដង។ ផ្លូវនេះឯងសាងដោយក្រុមហ៊ុនចិន ចំណែកឯប៉ុស្តិយាមនេះគេនិយាយថាលាវ និងដកខិតចូលទៅវិញ។

ទឹកធ្លាក់ខនផាផេង ដ៏ស្អាតគ្មានអ្វីប្រៀប

ថតរូបមួយទុកអនុសាវម៉ាវ កិកិកិ…

ដាក់ម៉ាប៉ុស្តិទៀតនៅជ្រុងម៉ាខាងទៀត ទាន់ខ្លួនសង្ហារ ហាហាហា…

អាហារដំបូងញ៉ាំនៅប៉ាកសេ សុទ្ធតែពួកថៃលក់ ព្រោះគេមានតាំងពិព័រណ៍ថៃនៅទីនោះ

អគារសណ្ឋាគារថ្មីដ៏ធំនៅប្របនឹងមាត់ទន្លេមេគង្គក្បែរស្ពានកាត់ទន្លេ ក្នុងក្រុងប៉ាកសេ

ផ្លូវមួយក្នុងក្រុងប៉ាកសេ ប្រកបដោយរបៀបរៀបរយ និងស្អាត គ្មានធុលីហុយ
អានប្រកាសទាក់ទង៖ ក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក
ពេញកំឡោះហើយខ្ញុំ ខែ ឧសភា 28, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.6 comments
ហ៊ឺ! គេថាខ្ញុំម៉ាយូរម៉ាយារហើយទើបពេញកំឡោះ ហាហា ព្រោះទើបតែដុះធ្មេញថ្គាម។ ល្ងាចមិញនេះឌុបនាងពួកម៉ាកខ្ញុំដើរលេងញ៉ាំអីម៉ាសន្ទុះហើយ មិនដឹងជាយ៉ាងមិចទេ ក្នុងក្រអូមមាត់ខ្ញុំឈឺៗ ពើតៗ ខ្ញុំសង្ស័យតែពងមាត់តែម្ដង ព្រោះពងមាត់លើកណាៗ ក៏ឈឺបែបនេះរហូត។ សួរពួកម៉ាកខ្ញុំទៅវាថាសង្ស័យមោពីក្ដៅក្នុង ឬមួយម៉ោពីស្ត្រេសហើយ ព្រោះពេទ្យធ្លាប់ប្រាប់វាចឹង។
ស្ត្រេសស្អីប៉ុន្មានសប្ដាហ៍នេះ ដើរលេងសប្បាយសឹងស្លាប់បានអីស្ត្រេស បើក្ដៅក្នុងជឿខ្លះ។ និយាយគ្នាចប់គិតថាវាក្ដៅក្នុងទៅចុះ។
ដេកយប់មិញចេះតែឈឺទៅៗ ជាពិសេសពេលរៀបភ្លឺនេះឯង។ ងើបពីដេកអត់ទ្រាំមិនបានទៅឆ្លុះកញ្ចក់វែករកអាកន្លែងពងនឹងឲ្យវាដឹងដៃម្ដងមើល ម្រ៉ែអើយ មានពងមាត់ឯណា កាលពិតវាដុះធ្មេញចេញលេចអញ្វាញ និងប៉ះបបេទេតើហ៍ចឹងបានជាវាឈឺណាស់។
ទូរស័ព្ទទៅរកពួកម៉ាកខ្ញុំម្នាក់ទៀតដែលអានោះជាពេទ្យធ្មេញវាថាឈឺចឹងហើយ ពេលខ្លះអាចដទៅជាគ្រុន និងក្ដៅខ្លួនទៀតផង។ ហ៊ឺ! យ៉ាប់ហើយខ្ញុំ វាក៏ប្រាប់ឲ្យទៅទិញថ្នាំសះលេបបំបាត់ឈឺសិនទៅ ខ្ញុំក៏ចេញមកទិញថ្នាំលេបតាមវាទៅ មកទល់ពេលនេះនៅតែឈឺនឹងបងប្អូនអើយ។ បងប្អូនឯងដុះហើយឬនៅ។
មកកន្លែងធ្វើការនិយាយប្រាប់មេខ្ញុំ គាត់ថាឲ្យដកចេញទៅ គាត់ក៏ដកចេញដែរ តែអ្នកខ្លះគេថាកុំដកអីមានគ្រោះថ្នាក់ណាស់។ ខ្ញុំក៏គិតថាមានមានគ្រោះថ្នាក់ដែរម៉ាអារឿងធ្មេញនឹង ធ្លាប់ឈឺម្ដងហើយកាលពីនៅស្រុកចិន ម៉ែឪអាស្បថ។ ចាំមើលទៅទ្រាំម៉ារយៈសិនទៀតមើល៍។ ម៉ាអាកំពុងឈឺនេះហើយមានអ្នកខ្លះមកផាឯងថា ប៉ុនណាណីហើយទើបពេញកំឡោះ ព្រោះទើបដុះធ្មេញហ្នឹង! ហាហា…
សូមជួយណែនាំផង អ្នកបានធ្វើអ្វីខ្លះនៅពេលដែលអ្នកដុះធ្មេញថ្គាមហ្នឹង!
Daulat Tuanku, Welcome the State Visit of ខែ ឧសភា 28, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.add a comment

His Majesty Al Wathiqu Billah Tuanku Mizan Zainal Abidin
Ibni Al Marhaum Sultan Mahmud Al Muktafi Billah Shah
The Yang Di-Pertuan Agong XIII of Malaysia
And
Her Majesty Tuanku Nur Zahirah
The Raja Permaisuri Agong
To The Kingdom of Cambodia
28 – 31 May 2008






