ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ២) ខែ ឧសភា 28, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback

ព្រឹកឡើងថ្ងៃច័ន្ទ ទី១២ ឧសភា ២០០៨, ខ្ញុំងើបខ្ទង់ម៉ោង៦ ព្រឹក ដេកមិនសូវជាលក់សោះបន្ទាប់ពីក្រោកដឹងខ្លួនម្ដងខ្ទង់ម៉ោង៤កន្លះភ្លឺមក។ ខំស្រួតរួតរះចេញមកក្រៅដើម្បីបានស្រស់ស្រូបអាហារពេលព្រឹក និងអាលបានថតរូបពីរបីបុស្តិ៍មុននឹងធ្វើដំណើរទៅឆ្លងដែនចូលស្រុកលាវ។
រៀបចំសាក់កាដួអីអស់ហើយ ក៏ចុះមកក្រោមបង់លុយ និងផ្ញើសាក់កាដូនៅជាមួយម្ចាស់ផ្ទះសំណាក់។ ហើយក៏បានចេញទៅថតរូបភ្ជាប់ជាមួយទន្លេសេកុង និងស្ពានសេកុងថ្មី ដែលខ្ញុំបានទៅពីយប់បានម៉ាប៉ុស្ត ពីប៉ុស្ដដែរ។ ថតមិនទាំងទាន់បានអីស្រួលបួលផង ស្រាប់តែព្រះភិរុណលោកបង្អុរទឹកភ្លៀងមកដូចគេចាក់ទឹកពីលើផ្ទះ។ ខ្ញុំឯនេះរត់ឡើងត្រង់ភ្លឹង ខ្លាចទទឹកខោអាវថ្មី និងស្បែកជើងថ្មីផង ហាហា…។
ភ្លៀងធ្លាក់ដូចគេចាក់រកទៅញ៉ាំអីក៏មិនបានដែរ ម្យ៉ាងមិនស្គាល់ស្ទឹងត្រែងក្រុងច្បាស់ផង។ ត្រូវបង្ខំចិត្តដើរតាមរបៀងផ្ទះល្វែងរកកន្លែងញ៉ាំអី។
មកដល់ផ្ទះមួយលក់ចាប់រុយ ក៏បានសាកសួរអ្នកលក់មានមីកំប៉ុងទេ? អ្នកលក់គេឆ្លើយថា “ មាន” ។
ខ្ញុំសួរបន្ត “ បងមានទឹកក្ដៅទេ?” ។
“ ខ្ញុំមិនមែនស៊ីឈ្នួលទឹកក្ដៅទេ” គាត់ឆ្លើយបែបសមសួនជាខ្មែរអ្នកមានអម្បួរដល់ក។
លោកអ្នកមានដឹងទេ ខ្ញុំមិនដឹងថាគាត់ជាមនុស្សអីឲ្យប្រាកដទេ។ ខ្ញុំខំនិយាយយ៉ាងសុភាពៗ ដល់គាត់តាំងពីដំបូង តែមិនដឹងជាយ៉ាងមិចគាត់ប្រើពាក្យសុទ្ធតែស៊ីឈ្នួល? ខ្ញុំមានបានថាគាត់ស៊ីឈ្នួលខ្ញុំឯណា? គ្រាន់តែចង់ដឹងម្ល៉េះគាត់មានទឹកក្ដៅនៅផ្ទះស្រាប់គ្រាន់សុំជួយឆុងមីដែលខ្ញុំនឹងទិញពីគាត់តែប៉ុណ្ណោះឯង ដោយសារមេឃវាភ្លៀងរកទៅញ៉ាំអីមិនបាន។ ក្នុងឋានៈជាមនុស្សម្ល៉េះអីកំណាញ់នឹងទឹកក្ដៅមួយកូនកំប៉ុងមីនេះ ឬបើគាត់ចង់លក់ទឹកក្ដៅក៏និយាយមកក៏បាន ព្រោះគាត់ជាអ្នករកស៊ី។ គាត់មានឬមិនមាន ម្ដេចមិននិយាយឲ្យស្រួលបួលទៅ? ម្ដេចចាំប្រើពាក្យយ៉ាងនេះ! ខ្ញុំខំនិយាយទៅកាន់គាត់បែបនេះយ៉ាងរៀបរយ តែចរិកបែបមនុស្សអវិជ្ជារបស់គាត់បានស្រែកមកដាក់ខ្ញុំវិញ “ មិចម៉ោចង់ឈ្លោះតាំងព្រឹកអី?” ។ ខ្ញុំចប់មែនទែនហើយ ខ្មែរយើង។
ខ្ញុំបានដើរបន្តទៅការិយាល័យក្រុមហ៊ុនលក់សំបុត្ររថយន្តក្រុងដើម្បីប្រាប់គេពីការចេញដំណើររបស់យើង ព្រោះសំបុត្រយើងទិញពីភ្នំពេញទៅដល់ព្រំដែនលាវ ដែលគេនឹងជូនយើងបន្តនៅព្រឹកនេះ។ តែលោកអ្នកអើយ ក្រុមហ៊ុននេះមើលទៅគ្មានការទទួលខុសត្រូវអ្វីទាំងអស់។ សូមបញ្ជាក់ថាខ្ញុំត្រូវធ្វើដំណើរដីជាង៦០គីឡូម៉ែត្រទៀតទៅព្រំដែនលាវ មិនដោយតាមរយៈក្រុមហ៊ុននេះទេ ស៊ីលុយ និងបោកអតិថិជនតែម្ដងហើយ។ ខ្ញុំមិនណែនាំឲ្យលោកអ្នកធ្វើដំណើរតាមរថយន្តក្រុងឈ្មោះសូរិយានេះទៀតទេ។ លោកអ្នកចង់ធ្វើដំណើរចូលលាវ ទិញសំបុត្រមកត្រឹមស្ទឹងត្រែងបានហើយ មានរថឈ្នួលនៅស្ទឹងត្រែងនេះច្រើនណាស់ដែលនឹងអាចជួនយើងទៅព្រំដែនបាន។
ដូចខ្ញុំបាននិយាយអញ្ចឹង! ភ្លៀងធ្លាក់ខ្លាំងណាស់ដូចគេចាក់ទឹក។ ខ្ញុំដើរបន្តមកក្បែរនោះទៀតមានផ្ទះលក់ចាប់រុយមួយទៀតក៏ខ្ញុំសួរដូចលើកមុនដែរ ផ្ទះនេះក៏គេមានលក់មីកំប៉ុងដែរ ដល់ខ្ញុំសួររឿងទឹកក្ដៅ គេក៏និយាយស្រួលបួលមកយើង នឹងសុំគិតថ្លៃទឹកក្ដៅ៥០០រៀល ព្រោះគាត់ត្រូវដោតភ្លើងដាំទឹកក្ដៅ។ បាទ បាន! មានខ្ញុំក៏ដឹងពីបញ្ហានេះដែរ និយាយសមសួនបែបនេះទើបសមជាអ្នកលក់ដូរប្រកបដោយសីលធម៌។ ថាហើយ គាត់ក៏មករៀបចំតុកៅអីឲ្យខ្ញុំនិងពួកម៉ាកខ្ញុំអង្គុយយ៉ាងស្រួលបួលទៀតផង។ នេះឯងបានជាគេថាអ្នកលក់វ៉ៃឆ្លាត នៅពេលដែលពួកយើងញ៉ាំហើយ មានតែមួយពីរកំប៉ុងនេះឯណា មិត្រខ្ញុំញ៉ាំរហូតដល់២កំប៉ុង និងពួកយើងនាំគ្នាញ៉ាំទឹកផ្លែឈើ និងទិញរបស់របរប្រើប្រាស់ផ្សេងៗទៀត គិតទៅអស់ជិត២០.០០០រៀលដែរ ព្រឹកនោះ។
ដោយសារការបោកប្រាស់របស់ក្រុមហ៊ុនសូរិយានេះ ព្រឹកនោះ យើងក៏បានទាក់ទងមិត្រភ័ក្ដិពួកម៉ាកខ្ញុំដែលគាត់មកធ្វើការនៅខេត្តស្ទឹងត្រែងនេះ (យើងបានជួបគាត់ដោយចៃដន្យពីល្ងាច) គាត់ក៏បានយកឡានមកដឹកពួកយើងទៅព្រំដែនទាំងព្រះភិរុណនៅបន្តភ្លៀងឥតដាច់។ ថ្លៃសំបុត្ររថយន្តដែលទិញបន្តនោះត្រូវបោះចោលទទេតែម្ដង!
ពីស្ទឹងត្រែងក្រុងទៅដល់ព្រំដែនមានចម្ងាយផ្លូវជាង៦០គីឡូម៉ែត្រ នឹងត្រូវឆ្លងកាត់ស្ពានសេកុង ដែលទើបសង់ថ្មីដោយក្រុមហ៊ុនចិន។ ទាំងស្ពានទាំងផ្លូវល្អស្អាតធេងរហូតដល់ព្រំដែនតែម្ដង។ មកដល់ព្រំដែនមេឃក៏ស្រឡះល្អ ព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញសែងពេលខ្លះក្ដៅស្ទើរប្រេះសស្បែក។ សភាពព្រំដែនមើលទៅកម្សត់ណាស់ តែបងៗតម្រួតយោធាព្រំដែននៅទីនោះម្នាក់ៗមានសម្ដីកាយវិការសាកសមសុភាពរៀបសារជាខេមរជនណាស់។ លិខិតឆ្លងដែលខ្ញុំនឹងពួកម៉ាក (ខ្ញុំធ្វើដំណើរតែ២នាក់ទេ) ត្រូវបានគាត់ប្រថាប់ត្រា និងសុំក្នុងមួយលិខិតឆ្លងដែន១០.០០០រៀល។ ពួកយើងព្រមឲ្យគាត់ ដោយពេញចិត្ត និងនិយាយអរគុណគាត់រួចឡើងឡានបន្តចូលទៅខាងលាវទៀត (រថយន្តយើងត្រូវបានអនុញ្ញាតឲ្យចូលដល់ទឹកដីលាវតែម្ដង គឺដល់វឿនខាំ។ សេវាទូរស័ព្ទរបស់កម្ពុជាយើងនៅទីនោះគឺប្រើបាន 011, 012, 016)។
ចេញពីតូបព្រំដែនខ្មែរប្រហែលជា៥០ម៉ែត្រ យើងនឹងបានប្រទះបង្គលឡាក់ព្រំដែនខណ្ឌចែកសីមាខ្មែរនិងលាវ ដ៏ធំមួយនៅខាងស្ដាំដៃ ពួកយើងក៏បានចុះថតរូប ហើយធ្វើដំណើរបន្តទៀតប្រហែល៥០ម៉ែត្រ ក៏នឹងទៅដល់តូបយាមប្រថាប់ត្រាសម្រាប់ចូលស្រុកលាវ នៅខាងស្ដាំដៃយើងដែរ។ ពួកនាយទាហានលាវកំពុងតែនាំគ្នាដេក អាកាសធាតុយេនសប្បាយ (ត្រជាក់) ភ្លៀងបន្តរលឹមៗ ម្នាក់ៗច្បាស់ជាបាយឆ្ងាញ់ និងងងុយគេងសម្បើមណាស់មើលទៅ។
យើងយកលិខិតឆ្លងដែនប្រថាប់ត្រាហើយ ទាហានលាវទារលុយម្នាក់១ដុល្លារ យើងក៏ឲ្យ១០.០០០រៀលខ្មែរទៅសម្រាប់ពីរនាក់ (ថោកជាខាងខ្មែរ ពាក់កណ្ដាល)។ រួចរថយន្តយើងក៏បន្តចូលដីលាវបន្តដំណើរទៅមុខទៀត។
ពួកយើងបានមកដល់វឿនខាំប្រហែលជាម៉ោង១០.៣០នាទីព្រឹក ក៏នាំគ្នាដើរលេងមើលផ្សារតូចមួយក្បែរដៃទន្លេមេគង្គ។ តំបន់នេះមានខ្មែរចូលមកពេញ ភាគច្រើនអ្នករកស៊ីផ្នែកទេសចរណ៍ដឹកនាំភ្ញៀវចូលកម្ពុជាយើង។ តាមពិតទៅគម្រោងរបស់យើងគឺចេញពីទីនេះបន្តទៅប៉ាកសេ រួចឡើងទៅវៀងច័ន្ទន៍។ តែអ្វីដែលពួកយើងចង់នោះគឺទៅមើលទឹកធ្លាក់ដែលល្បីថាស្អាតក្នុងស្រុកលាវនេះ។
រថយន្តក្រុងដែលចេញពីវឿនខាំទៅប៉ាកសេកំណត់ម៉ោង១២ តែតាមពិតម៉ោងជិតមួយឯណោះបានឡានមកដល់នឹងចេញទៅប៉ាកសេ។ (ខ្ញុំសូមណែនាំលោកអ្នក តាមពិតទឹកជ្រោះខនផាកផេងនៅមិនឆ្ងាយពីវឿនខាំទេ។ ជិះម៉ូតូក៏ដល់ដែរ គឺខ្ទង់ប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះ ចំណាយពេលទៅលេងទៅមកប្រហែល៣០ទៅ៤៥នាទីក៏គ្រប់គ្រាន់ហើយ) តែពួកយើងមិនបានដឹងទេ។ ពួកយើងខំនាំគ្នាបញ្ចុះបញ្ចូលអ្នកបើកឡានក្រុងឲ្យឈប់តាមផ្លូវដើម្បីខ្ញុំបានចូលទៅមើល និងថតរូបទឹកធ្លាក់នេះ (ទឹកធ្លាក់គឺនៅតាមផ្លូវទៅប៉ាកសេនេះឯង)។ សំណាងល្អអ្នកបើកឡានក្រុងនោះចិត្តក៏ល្អ សម្ដីក៏ពិរោះ សមជាជាតិលាវណាស់។ ស្នាមញញឹមនៃជាតិលាវទាំងប៉ុន្មានបានទាក់ទាញខ្ញុំពន់ពេកណាស់។ ពួកយើងសាកសួរព័ត៌មានចប់សព្វគ្រប់ទាំងអស់ ធ្វើដំណើរលើកណាសសម្រាប់ខ្ញុំ ក៏គឺមានតែភាពសប្បាយរំភើបណាស់ គឺដំណើរបែបពនេចរនេះឯង។ ពួកយើងក៏សម្រេចទិញសំបុត្របន្តរហូតដល់វៀងច័ន្ទន៍តែម្ដង គឺប្រហែល២៦ដុល្លារអាមេរិក។ គិតទៅមិនថ្លៃទេ។
ខ្ទង់ជាម៉ោងប្រហែល១ រថយន្តក្រុងដ៏ធំនិងទំនើបរបស់លាវបានចេញពីតំបន់ក្បែរព្រំដែនវឿនខាំចេញទៅទីក្រុងប៉ាកសេ។ នៅតាមផ្លូវរថយន្តក្រុងនេះបានឈប់ឲ្យខ្ញុំនិងពួកម៉ាកបានចូលទៅថតរូបនៅរមណីយដ្ឋានទឹកជ្រោះខនផាផេងរយៈពេលប្រមាណ១៥នាទី។ ថ្លៃសំបុត្រចូលមើលទឹកជ្រោះនេះតម្លៃ១០.០០០គីប (៨.០០០គីបប្រហែល១ដុល្លារអាមេរិក) ហើយពួកយើងជួលម៉ូតូឌុបជិះអស់២៥.០០០គីបទៀត។
មកដល់ទឹកធ្លាក់ពិតជាអស្ចារ្យមែន បើខ្ញុំមិនបានចូលមកទស្សនាដោយផ្ទាល់ទេ ពិតជាគួរឲ្យស្ដាយណាស់។ ទឹកធ្លាក់នេះនឹងហូរចូលទៅស្រុកខ្មែរយើងម្ដុំល្បាក់ខោន។ ស្ដាយណាស់ខ្ញុំមានពេលតែ១៥នាទីប៉ុណ្ណោះសម្រាប់ថតរូប នាំគ្នារត់ថតរូបឡើងប្រញេបប្រញាប់ ដើម្បីត្រឡប់មកឡានវិញ។ អស្ចារ្យ! អស្ចារ្យ!
បន្ទាប់មកយើងក៏ធ្វើដំណើរបន្តមកទៀត ដើម្បីទៅគោលដៅរបស់យើងគឺក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក។ មកដល់ប៉ាកសេប្រមាណជាម៉ោង៤រសៀល។ ពួកខ្ញុំ ៤នាក់ (បានជួបខ្មែរយើងម្នាក់ដែលរៀននៅវៀងច័ន្ទន៍ និងសង្សាររបស់គេដែលទើបមកពីលេងស្រុកខ្មែរ) បាននាំ គ្នាជិះកង់បីដើម្បីទៅផ្សារទំនើបធំមួយរបស់ក្រុងប៉ាកសេ ដើម្បីញ៉ាំប្រហិត និងរួចនាំគ្នាដើរលេងក្រុងគេម៉ាសន្ទុះដើម្បីរង់ចាំឡានក្រុងដែលនឹងត្រូវចេញទៅវៀងច័ន្ទន៍នៅម៉ោង៨យប់បន្តទៀត។
រូបភាពមួយចំនួន

ស្ពានសេកុងថ្មីដែលសាងសង់ដោយក្រុមហ៊ុនចិន

ទីនេះទំនងជាទីតាំងចាស់សម្រាប់ឆ្លងទន្លេសេកុង
បានភ្ជាប់រូបជាមួយទន្លេ និងស្ពានថ្មីនេះបានមួយប៉ុស្តហើយ ស្រាប់តែមេឃភ្លៀងធ្លាក់ដូចចាក់ទឹក

ភ្លៀងដូចគេចាក់នៅស្ទឹងត្រែងក្រុង

មីកំប៉ុងនេះឯងញ៉ាំបណ្ដើរមើលទឹកភ្លៀងធ្លាក់បណ្ដើរ

ស្ពានសេកុង ដែលយើងត្រូវឆ្លងកាត់ស្ទឹងត្រែងក្រុង ដែលសាងសង់ដោយក្រុមហ៊ុនចិន

ទៅត្រុង់ដល់ប្រទល់ដែនលាវ (រូបនេះខ្ញុំឆ្លៀតរត់មោថតពេលឡានឈប់ ដើរទៅវិញទៅមោជិតកន្លះគីឡូដី សឹងដកចង្ការមាន់)

បង្គោលសីមាខណ្ឌចែកដែនកម្ពុជប្រទេសនិងលាវប្រទេស (ខ្មែរយើងនៅទីនោះនាំគ្នានិយាយថា បង្គោលនោះត្រូវលាវលួចដករំកិលខិតមកដីខ្មែរទេ។ តាមពិតដីខ្មែរហួសទៅមុខប្រហែលជិតមួយគីឡូម៉ែត្រទៀត ដែលចាប់ពីចន្លោះតូបតម្រួតខ្មែរ និងលាវនោះត្រូវបានលាវហាមឃាត់មិនឲ្យក្រុមហ៊ុនចិនធ្វើផ្លូវថ្មីដែលខ្មែរយើងធ្វើនោះទេ ព្រោះសំអាងថាដីលាវ។ តែក្រោយមកតាមរយៈការចរចា អាជ្ញាធរលាវក៏បានអនុញ្ញាតឲ្យសាងសង់ផ្លូវនេះវិញ ហើយឮថាលាវនឹងដកប៉ុស្តិយាមចូលដីលាវមួយកម្រិតទៀតនាពេលខាងមុខ មិនដឹងជាយ៉ាងមិចហើយទៀត ខ្ញុំមិនដឹង)

ប៉ុស្តិយាមរបស់លាវដែលត្រូវត្រួតពិនិត្យលិខិតឆ្លងដែន

ទោះបីនេះជាចំណុចលាវដាក់ប៉ុស្តិក៏ដោយក៏ក្រុមហ៊ុនចិនបានសាងសង់ផ្លូវនេះចូលក្នុងទឹកដី (មានជម្លោះ មិនដឹងខ្មែរ ឬលាវ) ជ្រៅបន្ថែមទៀតភ្ជាប់នឹងផ្លូវចាស់របស់លាវតែម្ដង។ ផ្លូវនេះឯងសាងដោយក្រុមហ៊ុនចិន ចំណែកឯប៉ុស្តិយាមនេះគេនិយាយថាលាវ និងដកខិតចូលទៅវិញ។

ទឹកធ្លាក់ខនផាផេង ដ៏ស្អាតគ្មានអ្វីប្រៀប

ថតរូបមួយទុកអនុសាវម៉ាវ កិកិកិ…

ដាក់ម៉ាប៉ុស្តិទៀតនៅជ្រុងម៉ាខាងទៀត ទាន់ខ្លួនសង្ហារ ហាហាហា…

អាហារដំបូងញ៉ាំនៅប៉ាកសេ សុទ្ធតែពួកថៃលក់ ព្រោះគេមានតាំងពិព័រណ៍ថៃនៅទីនោះ

អគារសណ្ឋាគារថ្មីដ៏ធំនៅប្របនឹងមាត់ទន្លេមេគង្គក្បែរស្ពានកាត់ទន្លេ ក្នុងក្រុងប៉ាកសេ

ផ្លូវមួយក្នុងក្រុងប៉ាកសេ ប្រកបដោយរបៀបរៀបរយ និងស្អាត គ្មានធុលីហុយ
អានប្រកាសទាក់ទង៖ ក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក







ចឹងក៍ផុសម៉ោដែរ? មានជាតិហ្អ??
ទៅអត់មានហៅឯងអីម៉ាម៉ាត់ ដល់ពេលបានសប្បាយចេះម៉ោអួតដាក់ឯងកើត….
ស្តាប់ទៅចង់បាក់តាម៉ង
ហេតុអីមិនអាប់ឡូតលឿនៗម៉ោ ឯងចង់តាមដានដល់ហើយ
ព្រោះគ្នាចង់ទៅលេងលាវនឹងគេដែលនឹងណា៎
មានបានទាក់ទងស្រីលាវណាមួយគ្រាន់នឹងធ្វើសង្សាទេ?
ហាហាហា កិកិកិ
[...] អានភាគទី២ [...]
[...] អានប្រកាសទាក់ទង៖ ដំណើរកម្សាន្តទៅប្រទេសលាវ លើកទ… [...]
រួចចុះដែលស្គាល់គ្នាពីអង្កាល់?!!?
រូបពីរក្រោមគេ៖ មេឃនៅប៉ាកសេ ស្អាតដល់ហើយ!
មានបានធ្វើដំនើរកាត់ផ្លូវពីប៉ុស្តិ័យាមខ្មែរទៅឡាវទេ? កាលខ្ញុំទៅឆ្នាំមុន ផ្លូវហ្នឹងមហាតូច សឹងតែឡានចូលមិនចុះ ហើយទំរាំឆ្លងដល់ដីឡាវ អស់លុយមិនចេះតិច! គ្រាន់តែឆ្លងដល់ដីឡាវភ្លាម ផ្លូវគេរលងស្រិល។
លោក Rath ចេះនិយាយទៅរួច បើមិនធ្វើដំណើរកាត់ផ្លូវពីប៉ុស្តិយាមខ្មែរ ទៅប៉ុស្តិយាមលាវ ធ្វើម្ដេចឆ្លងចូលស្រុកលាវកើត?!
មើលរូបទី១០ទៅ នោះហើយគឺផ្លូវដែលខ្មែរយើងសាង កាលនោះគឺដោយសារតែលាវគេជំទាស់មិនឲ្យយើងសាងទើបវាយ៉ាប់។ ដូចខ្ញុំបានសរសេររៀបរាប់ហើយ។ ផ្លូវខ្មែរយើងគឺរលោងស្រិលចាប់តាំងពីភ្នំពេញរហូតដល់ស្រុកលាវឯណោះ!
គ្នាដូចជាចង់ទៅនឹងគេដែលនៀកបុណ្យភ្ជុំបិណ្ឌខាងមុខ
មានបងប្អូនកម្មាភិបាលណាចង់ទៅជាមួយសមមិត្តខ្ញុំទេ?
បើមានខ្ញុំនឹងរាយការណ៍ទៅគណកម្មាធិការបក្សកុម្មុយនីសយើង…..
That’s cool that a group of communist cadres from Cambodia will visit a communist country in Pchum Ben.
សូមអរគុណសំរាប់រូបថតយ៉ាងស្រស់សោភាទាំងអស់នេះ។
ស្អាតៗមែនម្ចាស់ប្លក់អើយ។
ស្ពានសេកុងពិតជាមានសោភណ្ឌភាពមែន។
ថ្ងៃណានឹងទៅដើរលេងហើយថតរូបបង្ហាញម្តងដើម្បីកុំអោយចាញ់ម្ចាស់ប្លក់នេះ។
ទីក្រុងប៉ាកសេពិតជាស្រស់ស្អានមែនហ្ន៎!
អញ្ជើញថតឲ្យច្រើនៗមកចែកគ្នាមើល
របស់លោកឯងម៉េចមិនអាប់ដេតអោយលឿនៗនូវរូបថតដែលលោកឯងថតនៅ
លាវនោះគ្នាចង់មើលដល់ហើយ
ចាសយល់ព្រមតែមិនដឹងជាពេលណាទេ!
ប្រហែលជាយូរហើយមើលទៅព្រោះមិនមានពេលទំនេរផងហ្នឹង។
និយាយចឹងម្ចាស់ប្លក់បានដើរកំសាន្តគ្រប់ខេត្តក្នុងប្រទេសយើងអស់
ហើយរឺនៅ?
នៅទេ ហើយក៏គ្មានបំណងអ្វីទៅដើរឲ្យគ្រប់ខេត្តក្នុងប្រទេសយើងនេះក៏ទេដែរ!
ហេតុអីបានជាមិនចង់ទៅចឹងលោកសុភក្រ្ត័?
ប្រយត្ន័បានប្រពន្ធហើយប្រពន្ធចង់អោយជូនដើរលេងតាមខេត្តតិច
ថាអត់ស្គាល់។
ខ្ញុំបើមានពេលខ្ញុំនឹងទៅកំសាន្តគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេស
យើងអស់សិនទើបចូលជើងចូលដីគេម្តង។
ស្កាល់ស្រុកខ្លួនអោយអស់សិនទើបល្អ!
តោះបបួលគ្នាដើរលេងអោយគ្រប់ខេត្តក្រុងក្នុងស្រុកខ្មែរហ្អេះ?
កុំភ្លេចហៅអួផងបើមានគំរោង
[...] តមកពីភាគទីពីរ [...]
ធ្លាប់បានទៅលេង Pakse ម្តងដែរ កាលពីជាង២ឆ្នាំមុន ។
ចូលចិត your story. will go to Laos someday soon too