jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៣) ថ្ងៃ អង្គារ 3 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ພາສາລາວ.
16 comments

ត​មក​ពី​ភាគ​ទី​ពីរ

… បន្ទាប់​ពី​ដើរ​លេង​អស់​ម៉ា​ហត់​ហើយ ពួក​យើង​នាំ​គ្នា​ត្រឡប់​មក​ស្ថានីយ៍​រថក្រុង​វិញ​ដើម្បី​រង់​ចាំ​ចេញ​ដំណើរ​មក​វៀងច័ន្ទន៍។ ស្ថានីយ៍​រថក្រុង​ឯកជន​នេះ​ស្អាត​ណាស់ ព្រម​ទាំង​មាន​រាន​អ៊ីនធ័រណេត​នៅ​ក្នុង​នោះ​ផង។ ខ្ញុំ​ក៏​បាន​ចូល​លេង​ប្រហែល​មួយ​ម៉ោង រួច​ក៏​បាន​ចូល​ងូត​ទឹក សម្អាត​កាយ​ត្រជាក់​ដល់​ក។ បន្ទាប់​មក​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ម៉ាក់​របស់​ខ្ញុំ និង​នាំ​គ្នា​ញ៉ាំ​បាយ​ល្ងាច នៅ​ក្នុង​ហាង​បរិវេណ​ស្ថានីយ៍​រថក្រុង។

ម៉ោង​ប្រហែល​៨:៣០​នាទី​យប់​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​យ៉ាង​ខ្លាំង ហើយ​ក៏​ដល់​ម៉ោង​ដែល​ឡាន​ក្រុង​ត្រួវ​ចេញ​ដំណើរ​ល្មម។ ពួក​យើង​នាំ​គ្នា​រត់​ចូល​ឡាន បន្ទាប់​ពី​ដាក់​សាក់កាដូ​រ​ផ្ញើ​រួច​រាល់​ហើយ។ ចូល​ដល់​ក្នុង​ឡាន​មាន​អារម្មណ៍​សប្បាយ​មែន​ទែន មើល​ទៅ​អ្នក​បើក​បរ អ្នក​បម្រើ​ស្អាត​បាត សុភាព​រៀបសារ និង​ឡាន​ក្រុង​មាន​ផាសុកភាព​មែន​ទែន។ ជា​ឡាន​ប្រភេទ​មាន​គ្រែ​ដេក​ស្រាប់​ពីរ​ជាន់ មើល​ទៅ​នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​ជិះ​រថក្រុង​ប្រភេទ​នេះ។ ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេលា​យប់​បែប​នេះ​ច្រើន​ដង​ហើយ នៅ​ប្រទេស​ថៃ​ និង​វៀតណាម តែ​មិន​មែន​ជា​រថ​ប្រភេទ​នេះ​ទេ គ្រាន់​ជា​រថ​ធម្មតា​បែប​មាន​កៅអី​ប៉ុណ្ណោះ។

គិត​ទៅ​ការ​ធ្វើ​ដំណើរ​នៅ​ស្រុក​លាវ​ប្រាកដ​ជា​មាន​សុវត្ថិភាព និង​ផាសុកភាព​ណាស់ មក​ដល់​ពេល​នេះ​ស្រុក​ខ្មែរ​យើង​មិន​ទាន់​មាន​បរិការ​បែប​នេះ​នៅ​ឡើយ​ទេ។ ផ្លូវ​ថ្នល់​ស្រុក​លាវ​មាន​ការ​អភិវឌ្ឍ និង​អគ្គីសនី​ប្រើ​យ៉ាង​សម្បូរ។ គិត​ទៅ​ជីវភាព​ជនជាតិ​លាវ​ជា​បង​ប្អូន ពិត​ជា​រស់​នៅ​យ៉ាង​សមរម្យ និង​ថ្លៃថ្នូរ​ជា​មនុស្ស​ណាស់។

ម៉ោង​៦​ព្រឹក​គត់​ (ថ្ងៃ​អង្គារ ១៣ ឧសភា ២០០៨) យើង​បាន​មក​ដល់​នគរ​ហ្លួង​វៀងច័ន្ទន៍​ដោយ​សុវត្ថិភាព។ ខ្មែរ​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​ពួក​យើង​នោះ​បាន​នាំ​ពួក​យើង​ទៅ​សាលា​សាកលវិទ្យាល័យ​រដ្ឋ​របស់​លាវ​ឈ្មោះ​ដុងដុក យើង​សម្រាក​នៅ​ទី​នោះ​បាត់​ហត់​មួយ​សន្ទុះ​ធំ​ បន្ទាប់​មក​ខ្ញុំ​និង​មិត្រ​ខ្ញុំ​លា​ពួក​ខ្មែរ​យើង​នៅ​ទី​នោះ និង​ជិះ​អាកង់​បី​មក​ចូល​ទីប្រជុំ​ជន​ក្រុង​ដើម្បី​ទៅ​រក​សណ្ឋាគារ​ដើម្បី​សម្រាក​នៅ​វៀងច័ន្ទន៍​យប់​នេះ។

ខ្ញុំ​បាន​ទូរស័ព្ទ​ហៅ​ពួក​ម៉ាក​ខ្ញុំ​ដើម្បី​ជួយ​រក​សណ្ឋាគារ​ឲ្យ​នៅ​ពេល​កង់បី​ជូន​យើង​មក​ដល់​ម្ដុំ​ទ្វារ​ជ័យ (ប៉ាទូសៃ)។ អស្ចារ្យ​ណាស់​សណ្ឋាគារ​នៅ​វៀងច័ន្ទន៍​បច្ចុប្បន្ន​នេះ​ថ្លៃ​សម្បើម​ណាស់ គឺ​ថ្លៃ​ជាង​ភ្នំពេញ​សឹង​មួយ​ជា​ពីរ។ ទម្រាំ​តែ​រក​បាន​សណ្ឋាគារ​ដេក​ពួក​យើង​ជិះ​ម៉ូតូ​ជ្រែ​អស់​ហើយ ម្ដុំ​កន្លែង​បារាំង​ប្រប​ដង​ទន្លេ​មេគង្គ រហូត​ដល់​តម្រួត​លាវ​ផាក​អាពួក​ម៉ាក​ខ្ញុំ​អស់​២០.០០០​គីប​ទៀត​ផង (ពួក​យើង​ជិះ​ចូល​ផ្លូវ​ឯក​ទិស) ហាហាហា…។

ទី​បំផុត​ទម្រាំ​បាន​សណ្ឋាគារ​ដេក​ពួក​យើង​ចំណាយ​ពេល​ជិត​២​ម៉ោង ទើប​រក​បាន​សណ្ឋាគារ​មួយ​ឈ្មោះ​​សាមសែន​ថៃ (ສາມແສນໄທ)។ ពួក​យើង​បាន​ឆែកអ៊ីន​នៅ​ទី​នោះ​ហើយ ម៉ោង​១២​តែ​ម្ដង ម្នាក់​ៗ ហេវ​ដូច​គ្នា​ ព្រោះ​មិន​បាន​ពិសារ​អាហារ​ពេល​ព្រឹក​ផង។ ខ្ញុំ​ក៏​ឲ្យ​ពួក​ម៉ាក​ខ្ញុំ​នាំ​ពួក​យើង​ទៅ​ផ្សារ​ធំ​ទំនើប​ថ្មី​របស់​លាវ​ដែល​ទើប​សាង​សង់​ថ្មី​ឈ្មោះ​​តាឡាត​សៅ​ម៉ល (កាល​ពី​ខ្ញុំ​មក​វៀងច័ន្ទន៍​លើក​មុន​ផ្សារ​នេះ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ)។

ពួក​យើង​បាន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ ហើយ​ដើរ​លេង​ផ្សារ​រក​ទិញ​របស់​របរ​បាន​មួយ​ចំនួន។ បន្ទាប់​មក​ពួក​យើង​ក៏​បាន​នាំ​គ្នា​ជិះ​ដើរ​លេង​កន្លែង​កម្សាន្ត​មួយ​ចំនួន​នៅ​ក្រុង​វៀងច័ន្ទន៍ មាន​ទ្វារ​ជ័យ​ជា​ដើម។ បន្ទាប់​ពី​ខ្ញុំ​បាន​ជិះ​ទៅ​រក​ពួក​ម៉ាក​លាវ​ដែល​ស្គាល់​គ្នា​នៅ​ស្រុក​ចិន តែ​គាត់​ជាប់​រវល់​ប្រជុំ​មិន​បាន​ជួប​គាត់​ទេ យើង​លេខ​ទូរស័ព្ទ​ក៏​មិន​មាន បំណង​របស់​ខ្ញុំ​ត្រូវ​ជួប​គាត់​នៅ​ពេល​ទៅ​លេង​លាវ​លើក​នេះ​ត្រូវ​ខក​ទៀត​ហើយ។

ខ្ញុំ​មាន​ពួក​ម៉ាក​ច្រើន​គួរ​សម​នៅ​ស្រុក​លាវ​នេះ មាន​ទាំង​ពី​អ្នក​ចម្រៀង និង​អ្នក​រាំ​ជា​ដើម។ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ទូរស័ព្ទ​ទាក់ទង​ពួក​វា ដល់​ពេល​ពួក​វា​ឮ​ថា​ខ្ញុំ​មក​ ម្នាក់​ៗ រីករាយ​និង​ណាត់​ដើម្បី​ជួប​គ្នា​ញ៉ាំ​អាហារ​ល្ងាច​នេះ ព្រោះ​ម្នាក់​ៗ​រវល់​ការងារ​ដូច​តែ​ខ្ញុំ​ដែរ។

ម្នាក់​ៗ​នឿយ​និង​អស់​កម្លាំង​ខ្លាំង​គួរ​សម ម៉ោង​ប្រហែល​៣​ល្ងាច​ខ្ញុំ​ក៏​ឲ្យ​ពួក​ម៉ាក​ជូន​មក​សណ្ឋាគារ​វិញ​ និង​ដេក​ដល់​ម៉ោង​ប្រហែល​៥​ល្ងាច​ទើប​ក្រោក៕

អាន​ភាគ​ទី​៤

ទស្សនា​រូប​ភាព​មួយ​ចំនួន


រថ​ក្រុង​នេះ​ហើយ មើល​ទៅ​ទំនើប​ណាស់ មាន​ពីរ​ជាន់​សុទ្ធ​តែ​មាន​គ្រែ​ត្រឹមត្រូវ និង​មាន​ផាសុក

តួ​ពិត​នៃ​រថយន្ត ព្រម​ទាំង​អ្នក​បើក​បរ និង​អ្នក​បរិការ មើល​ទៅ​ស្រស់​ស្អាត និង​រាក់ទាក់​ណាស់

ទី​នេះ​ជា​កន្លែង​ដែល​រថយន្ត​ឈប់​សម្រាក​បន្តិ​ចពាក់​កណ្ដាល​ផ្លូវ ប្រហែល​ជា​ម៉ោង​១​ភ្លឺ

មក​ដល់​ចំណត​រថក្រុង​នគរ​ហ្លួង​វៀងច័ន្ទន៍​​ម៉ោង​៦​ព្រឹក​គត់

នៅ​ទី​នេះ​មាន​ឡាន​ក្រុង​ជា​ច្រើន​ចេញ​ទៅ​ប្រទេស​វៀតណាម ថ្ងៃ​ក្រោយ​ចេញ​ពី​លាវ​ទៅ​វៀតណាម​ស្រួល​ណាស់

ចូល​ដល់​ក្រុង​វៀងច័ន្ទន៍​ពេញ​ទំហឹង​ម្ដង នេះ​រូប​ទ្វារជ័យ (ប៉ៈទូសៃ) កណ្ដាល​ក្រុង​វៀងច័ន្ទន៍

អាហារ​ដំបូង​នៅ​វៀងច័ន្ទន៍​គឺ​នេះ​ឯង​របស់​ខ្ញុំ​ សាមញ្ញ​ៗ​យ៉ាង​នេះ (ផ្សារ​ទំនើប​តៈលាតសៅ)

បរិយាកាស​ក្នុង​កន្លែង​លក់​អាហារ​ក្នុង​ផ្សារ​ទំនើប

ផ្សារ​ទំនើប​ថ្មី​នៅ​វៀងច័ន្ទន៍ មាន​៣​ជាន់​ទើប​សាងសង់​ថ្មី

បរិយាកាស​ផ្លូវ​ធំ​​ក្នុង​ក្រុង​វៀងច័ន្ទន៍ មើល​ពី​លើ​ទ្វារជ័យ (រាង​ស្ងាត់​ព្រោះ​ថត​ពេល​ថ្ងៃ​ត្រង់​ចែស)

សួន​ច្បារ​ទ្វារ​ជ័យ ដែល​ទើប​កែ​លម្អ​ថ្មី

ផ្លូវ​ថ្នល់​ក្នុង​ក្រុង​វៀងច័ន្ទន៍ ប្រកប​ដោយ​ភាព​ស្អាតបាត និង​មាន​សណ្ដាប់​ធ្នាប់ ស័ក្តិសម​ជា​ធានី​ប្រទេស

អាគារ​ខ្ពស់​ជាង​គេ​បច្ចុប្បន្ន​នៅ​វៀងច័ន្ទន៍ គឺ​សណ្ឋាគារ​ដនច័ន្ទ​ផាលេស (ថត​ពី​លើ​ទ្វារ​ជ័យ)

ដាក់​ម៉ា​ប៉ុស្តិ​សិន កុំ​ឲ្យ​ស៊យ កិកិកិ

អាគារ​ថ្មី​នៃ​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​លាវ កំពុង​សាងសង់ (ថត​ពី​លើ​ទ្វារ​ជ័យ)

អញ្ជើញ​មើល​វិមាន​ទ្វារ​ជ័យ ក្នុង​ក្រុង​វៀងច័ន្ទន៍ ពេញ​ព្រះនេត្រ

ចម្លាក់​ផ្សេង​ៗ នៅ​ក្នុង​វិមាន​ទ្វារ​ជ័យ

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: