jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៤) ខែ មិថុនា 6, 2008

Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ត​ពី​ភាគ​ទី​៣

… គិត​ទៅ​អ្វី​ៗ​នៅ​ស្រុក​លាវ​ហាក់​ទាក់​ចិត្ត​ខ្ញុំ​សម្បើម​ណាស់។ ម៉ោង​ជាង​៥​ល្ងាច​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក ក៏​សែន​ស្រួល​ និង​ងូត​ទឹក​ដ៏​សែន​ត្រជាក់​រួច ហាក់​ដូច​ជា​មាន​កម្លាំង​ព្រឹស​តែ​ម្ដង​ខ្ញុំ។

នៅ​ទី​ណា​ក៏​មិន​ភ្លេច​ដែរ​អ៊ីនធ័រណេត បន្ទាប់​ពី​ដើរ​សួរ​គេ​ទម្រាំ​រក​ឃើញ​កន្លែង​ហាង​អ៊ីនធ័រណេត ខ្ញុំ​ចូល​លេង​ប្រហែល​កន្លះ​ម៉ោង ខ្ញុំ​ត្រូវ​ត្រឡប់​មក​សណ្ឋាគារ​វិញ​ដើម្បី​ជូន​ពួក​ម៉ាក​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ពេល​បង់​លុយ​ឲ្យ​ម្ចាស់​ហាង​អ៊ីនធ័រណេត ដឹង​អី​ម្ចាស់​នោះ​ក៏​ដឹង​ថា​ខ្ញុំ​ខ្មែរ ព្រោះ​ឮ​ខ្ញុំ​និយាយ​ទូរស័ព្ទ​ជាមួយ​ពួក​ម៉ាក​ដែល​តេ​មក។ ម្ចាស់​ហាង​នោះ​ទើប​ត្រឡប់​មក​ពី​ខ្មែរ​យើង​បន្ទាប់​ពី​ទៅ​បណ្ដុះបណ្ដាល​ជិត​៣​ខែ​មក ដែល​គាត់​ធ្វើ​ការ​ឲ្យ​ធនាគារ​អេស៊ីលីដា​ខ្មែរ​យើង នៅ​ស្រុក​លាវ ដែល​នឹង​បើក​ឆាប់​ៗ​នេះ។

ល្ងាច​នោះ​យើង​បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​មាត់​ដង​ទន្លេ​មេគង្គ មើល​ទៅ​គួរ​សង់ទីម៉ែត​ខ្លាំង​ណាស់ ភ្លើង​ភ្លឺ​អឹម​ៗ និង​អង្គុយ​ស្រស់ស្រូប​អាហារ​ពី​ម្ខាង​ទន្លេ​ប្រទេស​លាវ និង​សំឡឹង​ទៅ​ម្ខាង​ទៀត​ដែល​ជា​ស្រុក​ថៃ ខេត្ត​ណងខាយ មើល​ទៅ​ទំនង​ហាក់​អស្ចារ្យ​សម្បើម​ណាស់។

និយាយ​ពី​រឿង​នៅ​ស្រុក​លាវ​នេះ ពួក​យើង​ញ៉ាំ​ល្ហុង​បុក​មិន​លុះ​ថ្ងៃ​ឡើយ។ ង៉ៃ​ណា​ក៏​ល្ហុង​បុក​ដែរ ពួក​ម៉ាក​ដែល​ទៅ​ជាមួយ​ខ្ញុំ​នោះ​ចូល​ចិត្ត​អី​សម្បើម​ម្ល៉េះ​ទេ។

បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ហើយ ពួក​យើង​ក៏​បាន​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ទន្លេ។ មាត់​ទន្លេ​នៅ​វៀងច័ន្ទន៍​ក៏​មិន​ខុស​ពី​ភ្នំពេញ​ដែរ គឺ​មាន​សុទ្ធ​តែ​បារ​ពួក​បារាំង និង​ហាង​លក់​ដូរ​ច្រើន​គួរ​សម។ ម៉ោង​ប្រហែល​៨​យប់ ខ្ញុំ​ក៏​បាន​មក​សណ្ឋាគារ​វិញ ដើម្បី​មក​ជួប​ពួក​ម៉ាក​លាវ (បាន​ណាត់​គ្នា) ហើយ​វា​ក៏​បាន​ជូន​ខ្ញុំ​ជិះ​ម៉ូតូ​ដើរ​ទស្សនា​វៀងច័ន្ទន៍​ពេល​រាត្រី​បាន​មួយ​សន្ទុះ​ធំ​ដែរ។

វា​ក៏​បាន​បបួល​ខ្ញុំ​ទៅ​ញ៉ាំ​បៀរ៍ និង​សួរ​ខ្ញុំ​ទៅ​បាន​អត់? ចុះ​វា​មាន​ទៅ​ស្អី មាន​មក​ដល់​ស្រុក​នេះ​ហើយ ទៅ​ណា​ក៏​ទៅ​ដែរ។ មិត្រ​ខ្ញុំ​នេះ​ក៏​បាន​បន្ត​ដឹក​ខ្ញុំ​ទៅ​ហាង​អ៊ីនធ័រណេត​មួយ​ដែល​ពួក​ម៉ាក​គេ​ធ្វើ​ការ​នៅ​ទី​នោះ និង​មាន​ពួក​ម៉ាក​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ទៅ​ហាង​អាហារ​ញ៉ាំ​បៀរ៍​ជាមួយ​ពួក​យើង​ដែរ។

ពេល​មក​ជួប​ជុំ​គ្នា​ហើយ មិន​ដឹង​ជា​ពួក​គេ​ណាត់​គ្នា​យ៉ាង​មិច​យ៉ាង​ម៉ា​ទេ រួច​ក៏​នាំ​គ្នា​ចេញ​ទៅ នឹង​ឲ្យ​ខ្ញុំ​រង់​ចាំ​នៅ​ហាង​អ៊ីនធ័រណេត។ ប្រហែល​១០​នាទី​ក្រោយ សំឡាញ់​ខ្ញុំ​បាន​មក​វិញ​ហើយ​បន្ត​ដឹក​ខ្ញុំ​ទៅ​ភោជនីយដ្ឋាន​នោះ ដោយ​អ្នក​ដទៃ​ទៅ​មុន​អស់​ហើយ នឹង​មាន​គេ​ណាត់​ដឹក​គ្នា។ និយាយ​ពី​រឿង​ហាង​អាហារ​គេ​នោះ​នៅ​មហា​ឆ្ងាយ​សែន​ឆ្ងាយ គឺ​នៅ​ឯ​ជាយ​វៀងច័ន្ទន៍​ឯ​ណោះ គឺ​ត្រូវ​ជិះ​យូរ​គួរ​សម​ ទម្រាំ​ទៅ​ដល់។ ទី​បំផុត យើង​បាន​ទៅ​ដល់​ហាង (យប់​មែន​ទែន)។ ងាប់​ហើយ ហាង​នោះ​មនុស្ស​ច្រើន​សម្បើម​ណាស់ គឺ​ច្រើន​ទាល់​តែ​មែន​ទែន។ ជា​ប្រភេទ​ភោជនីយដ្ឋាន ស្រដៀង​នឹង​នៅ​ព្រែក​លៀប​យើង​ដែរ តែ​មាន​ភ្ញៀវ​ច្រើន​មែន​ទែន។ ហាង​នោះ​ឈ្មោះ​ថា​សាយថៃ (ສາຍໃຈ)។

ពេល​មក​ដល់​ពួក​ម៉ាក​គេ​រង់​ចាំ​នៅ​ជា​ស្រេច​។ បន្ទាប់​ពី​ផ្ញើ​ម៉ូតូ​រួច​ស្រេច​ហើយ ពួក​យើង​ក៏​ឡើង​ទៅ​លើ។ ថ្ងៃ​នោះ​មាន​ខ្ញុំ នឹង​សំឡាញ់​របស់​គេ ប្រុស​ម្នាក់ និង​ស្រី​២​នាក់​ទៀត មើល​ទៅ​ស្រស់​ៗ​ដល់​ហើយ​ស្រី​ក្រមុំ​លាវ។ សាច់​ស​ឲ្យ​ភ្លឹង​ៗ​តែ​ម្ដង។ មើល​ទៅ​ខ្ញុំ​ត្រូវ​យក​ប្រពន្ធ​លាវ​ហើយ​បាន​បាន។

បន្ទាប់​ពី​ជួប​ជុំ​គ្នា​រួច​ស្រេច​បាច់​ហើយ ពួក​យើង​ចាប់​ផ្ដើម​ហៅ​អាហារ និង​ស្រា​បៀរ៍​មក​ញ៉ាំ។ ចំឡែក​ណាស់​ស្រុក​នេះ នៅ​ទី​ណា​ក៏​ពួក​គេ​ញ៉ាំ​បៀរ៍​លាវ​ដែរ (Beer Laos) មើល​ទៅ​ហាក់​ដូច​ជា​មាន​ប្រជាប្រិយ​សម្បើម​ណាស់។ ហើយ​អ្វី​ដែល​មិន​ចំឡែក​នោះ នៅ​ស្រុក​នេះ​ទី​ណា​ក៏​ចាក់​ចម្រៀង​ថៃ​ដែរ មិន​ថា​នៅ​តាម​ផ្ទះ ឬ​តាម​ទី​សាធារណៈ​ទេ។ ភោជនីយដ្ឋាន​សាយចៃ​ក៏​មិន​ខុស​គ្នា​ដែរ។

ថ្ងៃ​នោះ​ ពួក​យើង​បាន​ហៅ​អាហារ​៣​មុខ​ធំ​ៗ មាន​ត្រី​ចំហុយ ត្រកួន​ឆា បាយ​ឆា​គ្រឿង​សមុទ្ទ​មួយ​ចាន​ធំ។ ស្រា​បៀរ៍​លាវ ៥​ដប​ធំ និង​បៀរ៍​លាវ​ថូ ប្រហែល​៤​លីត្រ​ទៀត (ថូ​នៅ​ស្រុក​នេះ​ធំ និង​ខ្ពស់​ណាស់ ហើយ​អ្នក​ទិញ​អាច​ទិញ​តាម​តម្រូវ​ការ ដោយ​ឯកតា​ជា​លីត្រ)។ ពួក​យើង​ញ៉ាំ​ និង​ជជែក​គ្នា​ពីនេះពីនោះ សប្បាយ​ណាស់​បើ​ទោះ​បី​ជា​ខ្ញុំ​ទើប​នឹង​ស្គាល់​ពួក​គេ​ក៏​ដោយ។ លោក​អ្នក​ដឹង​ទេ បន្ទាប់​ពី​ញ៉ាំ​អាហារ និង​ផឹក​បៀរ៍​បរិបូណ៌​បែប​នោះ​ហើយ នៅ​ពេល​យើង​ឆែក​បៀល​គឺ​អស់​ប្រមាណ​តែ​១១ ទៅ​១៣​ដុល្លារ​តែ​ប៉ុណ្ណោះ។ ថោក​ខ្លាំង​ណាស់ ថ្ងៃ​នោះ​ខ្ញុំ​ក៏​ចេញ​លុយ​ប៉ាវ​ពួក​គេ​ទៅ យប់​នោះ។

ទម្រាំ​ចប់​ម៉ោង​ប្រហែល​១១ ពួក​យើង​ក៏​នាំ​គ្នា​លា​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ចំណែក​ឯ​ភ្ញៀវ​ដទៃ​ទៀត​ក៏​ចាប់​ផ្ដើម​ទៅ​ផ្ទះ​ផង​ដែរ។ ស្រី​ៗ​នាំ​គ្នា​ទៅ​ផ្ទះ​អស់ សល់​ពួក​ប្រុស​ៗ រឿង​អី​ត្រូវ​ទៅ​ផ្ទះ​ដែរ? ហេហេ… “ ពួក​យើង​ទៅ​ណា​ត​ទៀត?” សំឡាញ់​របស់​សំឡាញ់​ខ្ញុំ​សួរ។ ចុង​បញ្ចប់​ពួក​យើង​សម្រេច​គ្នា​បន្ត​ទៅ​កន្លែង​មួយ​ទៀត។ ម៉ូតូ​ពីរ (ខ្ញុំ និង​ពួក​ម៉ាក​ខ្ញុំ ចំណែក​ឯ​ពួក​ម៉ាក​របស់​ពួក​ម៉ាក​ខ្ញុំ​ជិះ​ម្នាក់​ឯង។ នៅ​ស្រុក​លាវ​គេ​តម្រូវ​ឲ្យ​ជិះ​បាន​តែ​ពីរ​នាក់​ទេ) ពួក​យើង​ក៏​ទៅ​យក​ម្នាក់​ទៀត។ សុទ្ធ​តែ​ពួក​ម៉ាក​របស់​ពួ​ក​ម៉ាក​ខ្ញុំ។ ពួក​យើង​ទៅ​បារ​ឌីស្កូ​ក្លឹប​មួយ​ដែល​នៅ​ឆ្ងាយ​ទៅ​វៀងច័ន្ទន៍​គួរ​សម​ដែរ យប់​នោះ​ពួក​យើង​ជិះ​សែន​ជិះ​ហើយ។

ជា​ប្រភេទ​ក្លឹប​តូច​ល្មម និង​មាន​ភ្ញៀវ​ច្រើន​គួរ​សម ព្រម​ទាំង​មាន​ឌីជេ និង​ចាក់​ភ្លេង​ពិរោះ​គួរ​សម។ ពួក​យើង​នាំ​គ្នា​ហៅ​បៀរ៍​លាវ ចំនួន​ពីរ​ដប​ទៀត​ម៉ោ​ផឹក​កំដរ​បរិយាកាស និង​ស្ដាប់​ភ្លេង​រាំ​កម្សាន្ត​ផង​ដែរ។ តែ​ខ្ញុំ​ផឹក​បៀរ៍​មិន​បាន​ច្រើន​ទេ ព្រោះ​ស្រវឹង​ស្រឿង​ៗ ពី​សាយចៃ​មក​ហើយ។ :)

ម៉ោង​ប្រហែល​ជា​១២:៣០ ក្លឹប​ត្រូវ​បិទ​ល្មម (ស្រុក​លាវ​បើក​ក្លឹប​មិន​បាន​ដល់​ម៉ោង​២ ម៉ោង​៣ ដូច​ខ្មែរ​ទេ)។ ពួក​យើង​ត្រូវ​ចាក​ចេញ​ពី​ក្លឹប​នឹង​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ជូន​ពួក​ម៉ាក​គេ​ទៅ​ដល់​ផ្ទះ​ហើយ ពួក​ម៉ាក​ខ្ញុំ​នឹង​ពួក​ម៉ាក​គេ​ត្រូវ​ជូន​ខ្ញុំ​មក​សណ្ឋាគារ​វិញ។ យប់​ស្ងាត់​មែន​ទែន តាម​ផ្លូវ​មាន​តែ​ម៉ូតូ​យើង​២​គ្រឿង និង​បើក​ពេញ​ផ្លូវ​ដោយ​គ្មាន​ភ័យ​ខ្លាច​ចោរ​ដូច​ស្រុក​យើង​ទេ។ គិត​ទៅ​សន្តិសុខ​ស្រុក​លាវ​មាន​សុវត្ថិភាព​សម្បើម​ណាស់ ពួក​យើង​នាំ គ្នា​ជិះ​ម៉ូតូ​ពេញ​ទាំង​ក្រុង​ទាំង​កណ្ដាល​រាត្រី ដោយ​គ្មាន​ព្រឺ​ឆ្អឹង​ខ្នង​ដូច​នៅ​ភ្នំពេញ​យើង​ទេ។ ខ្ញុំ​ក៏​បាន​សាកសួរ​អំពី​បញ្ហា​សន្តិសុខ​នោះ​ដល់​ពួក​ម៉ាក​ខ្ញុំ​ដែរ។

ប្រហែល​ម៉ោង​១​ជាង​យើង​បាន​មក​ដល់​សណ្ឋាគារ​វិញ ហើយ​ពួក​ម៉ាក​ខ្ញុំ​ទាំង​២​នោះ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​រៀង​ៗ​ខ្លួន​អស់​ទៅ។

ខ្ញុំ​មក​ដល់​បន្ទប់​វិញ​ ទម្លាក់​ខ្លួន​ដេក​ដូច​ស្លាប់ ព្រោះ​ស្រវឹង​សម្បើម​ណាស់​ដែរ​ហ្នឹង​យប់​នោះ៕

អាន​ភាគ​ទី​៥


បរិវេណ​សាកល​វិទ្យាល័យ​ជាតិ​ដុងដុក

ប៉ាយ​ផ្លូវ​ឈ្មោះ​មន្ថាតុរាជ

ធនាគារ​អេអេនហ្សិត លាវ

ធនាគារ​អេស៊ីលីដា សាខា​ប្រទេស​លាវ ក្រុង​វៀងច័ន្ទន៍

——————————————————-
អាន​ប្រកាស​ពាក់ព័ន្ធប្លក់​ខ្ញុំ​មាន​អា​ឆ្កួត​មក​តាម​លង!

វិចារ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៣) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 6, 2008

[...] អាន​ភាគ​ទី​៤ [...]

2. Yuy - ខែ មិថុនា 7, 2008

Hello Sopheak,

Very beautiful pictures from Laos.My mother also likes Laos.

I want to visit there someday.

Anyway,I don’t know why I can’t view your website in the computer in my own

room in the school but here the same school in the main office ,I can

view.

3. vandakimseok - ខែ មិថុនា 7, 2008

ដំណើរកំសាន្តរបស់អ្នកពិតជាអស្ចារ្យមែនទែនតែម្តង!
គូរអោយច្រនែនខ្លាំងណាស់
សង្ឃឹមថាពេលភ្ជំបិណ្ឌខាងមុខនេះ នឹងអាចបានទៅនឹងគេ

4. Sophat - ខែ មិថុនា 8, 2008

ធនាគារ​អេស៊ីលីដា​បើក​នៅ​លាវ​ឭ​ថា​ជា​ក្រុម​ហ៊ុន​ខ្មែរ​ដំបូង​ដែល​បាន​បើក​នៅ​បរទេស គួរ​ជា​មោទនភាព​ជាតិ​ក្រៃ​លែង។ ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​មួយ​បាន​ទៅ​លេង​ស្រុក​លាវ​ដែរ។

5. vandakimseok - ខែ មិថុនា 9, 2008

បើទៅកុំភ្លេចហៅគ្នាទៅផង!
គ្នាចង់ទៅដែល!

6. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៥) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 11, 2008

[...] ត​ពី​ភាគ​ទី​៤ [...]

7. ប្លក់​ខ្ញុំ​មាន​អា​ឆ្កួត​មក​តាម​លង! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 27, 2008

[...] —————————————————- អាន​ប្រកាស​ពាក់ព័ន្ធ៖ ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទ… [...]

8. ភ័ស្តុតាង​ផ្ទួន​ៗ​វាយ​បំបាក់​អា​ជាតិ​លាវ​ក្លែងក្លាយ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 28, 2008

[...] s: ចាំ​ម៉ា​ភ្លេត​ខ្ញុំ​ឲ្យ​មើល s: http://sopheak.wordpress.com/2008/06/06/%e1%9e%8a%e1%9f%86%e1%9e%8e%e1%9e%be%e1%9e%9a%e2%80%8b%e1%9e... s: អ្នក​មាន​ឃើញ​រូប​ទី​មួយ​នោះ​ទេ? P: [...]