jump to navigation

បរិយាយ​លេខ​នេះ​​៖ មិន​គួរ​បារម្ភ​ពី​ការ​ទម្លាក់​រាជាធិបតេយ្យ​ខ្មែរ ខែ មិថុនា 8, 2008

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

កកន៖ ខ្ញុំ​ចង់​សរសេរ​អត្ថបទ​វិភាគ​ទាក់ទង​នឹង​រាជា​ធិបតេយ្យ​ខ្មែរ​យូរ​ហើយ តែ​ដោយ​មិន​មាន​ពេល​កំណត់​ចេះ​តែ​ពន្យា​ៗ​ទៅ។ ចាំ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​សរសេរ​ដាក់​ទី​នេះ​ជា​មិន​ខាន សម្រាប់​ពេល​នេះ​ខ្ញុំ​សូម​អញ្ជើញ​លោក​អ្នក​នាង​អាន​អត្ថបទ​វិភាគ​មួយ​របស់​អ្នក​កាសែត​រស្មី​កម្ពុជា ទាក់ទង​នឹង​វិវត្តន៍​ថ្មី​ៗ​នៃ​នយោបាយ​ស្រុក​ខ្មែរ​ទាក់​ទង​ទៅ​នឹង​រាជា​និយម​ដូច​ត​ទៅ ដោយ​ខ្ញុំ​មិន​ធ្វើ​វិភាគ​បន្ថែម​ទេ។

ការ​បោះ​ឆ្នោត​បញ្ចប់​រាជា​និយម​នៅ​ប្រទេស​នេប៉ាល់ និង​ការ​យល់​ព្រម​ចាក​ចេញ​ដោយ «ថ្លៃថ្នូរ»​របស់​ស្ដេច​នៃ​ប្រទេស​នេះ​ពី​រាជវាំង​ដ៏​សុខសាន្ត​របស់​ព្រះ​អង្គ ដើម្បី​ប្រគល់​ទី​នោះ​ឲ្យ​រដ្ឋ​យក​ទៅ​ធ្វើ​ជា​សារមន្ទីរ បាន​ក្លាយ​ទៅ​ជា​មេរៀន​គំរូ​មួយ​សម្រាប់​ប្រទេស​ដែល​នៅ​មាន​ស្ដេច ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​មួយ​ផង​ដែរ។

ព្រះ​មហាវរក្សត្រ​កម្ពុជា សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​មាន​បន្ទូល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពី​ការ​ស្ម័គ្រ​ព្រះទ័យ​នាំ សម្ដេច​ព្រះ​មហាវរមាតា​ជាតិ​ខ្មែរ នរោត្ដម មុនីនាថ​សីហនុ យាង​ទៅ​គង់​ដោយ​ស្ងៀមស្ងាត់​ក្នុង​បន្ទប់​ដ៏​តូច​នៃ​សណ្ឋាគារ​ដ៏​សាមញ្ញ​ក្នុង​ប្រទេស​ណា​មួយ ប្រសិន​បើ​មាន​ការ​ទម្លាក់​រាជាធិបតេយ្យ​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត។

សម្ដេច​សីហនុ ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា ព្រះ​មហាក្សត្រ​នរោត្ដម សីហមុនី ក៏​បាន​ស្ម័គ្រ​ព្រះទ័យ​ដូច​គ្នា​នេះ​ដែរ​ថា​នឹង​យាង​ទៅ​គង់​ក្នុង​ស្ទូឌីយោ (បន្ទប់​តូច​មួយ​សម្រាប់​រស់​នៅ​ម្នាក់​ឯង)​ដ៏​សាមញ្ញ​មួយ​នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

តាម​ពិត​ទៅ​ស្ថានភាព​រាជានិយម​នៅ​នេប៉ាល់​មិន​ដូច​នៅ​កម្ពុជា​ទេ។ អតីត​ជន​កុម្មុយនីស្ត​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​នេប៉ាល់​គឺ​ជា​កម្លាំង​ស្នូល​ដែល​ដឹក​នាំ​ធ្វើ​ប្រជាមតិ​ដើម្បី​សួរ​រាស្ត្រ​នេប៉ាល់​ថា ត្រូវ​លុប ឬ​ត្រូវ​រក្សា​ទុក​រាជា​និយម។ ជា​លទ្ធផល រាស្ត្រ​នេប៉ាល់​បាន​ឆ្លើយ​ប្រាប់​ដោយ​ភាគ​ច្រើន​ថា ពួក​គេ​ចង់​បាន​របប​សាធារណរដ្ឋ។

ចំណែក​នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ អតីត​ជន​កុម្មុយនិស្ត​ដែល​បាន​ប្រយុទ្ធ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ហើយ​ដែល​បាន​បន្ត​ប្រយុទ្ធ​ក្រោយ​មក​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ស្រេក​ឈាម​នោះ គឺ​ជា​អ្នក​ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ប្រោស​ឲ្យ​រាជា​ធិបតេយ្យ​ខ្មែរ​រស់​ឡើង​វិញ​បន្ទាប់​ពី​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក។

រាជា​និយម​កម្ពុជា​ក្លាយ​ជា​រាជា​និយម​តែ​មួយ​គត់​នៅ​លើ​លោក ដែល​បាន​រស់​ឡើង​វិញ បន្ទាប់​ពី​បាន​ក្លាយ​ជា​«សារមន្ទីរ»​អស់​ពេល​ជា​យូរ​មក​ហើយ។

នៅ​ក្នុង​ដំណើរ​នៃ​ការ​រស់​ឡើង​វិញ​នេះ​មាន​ទ្រង់ ឬ​ព្រះ​អង្គ​ម្ចាស់​ជា​ច្រើន​បាន​ចូល​ប្រឡូក​ខាង​នយោបាយ។ ប៉ុន្តែ​នៅ​ក្នុង​អាជីព​នេះ ទ្រង់​ឬ​ព្រះ​អង្គ​ម្ចាស់​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ព្យុះ​នៃ​ពាក្យ​សម្ដី​ដែល​ជា​ប្រការ​ធម្មតា​របស់​អ្នក​នយោបាយ។ ខណៈ​ដែល​ទ្រង់​ឬ​ព្រះ​អង្គ​ម្ចាស់​លើក​ដៃ​ចង្អុល​មុខ​គូ​ប្រកួត​របស់​ខ្លួន គូ​ប្រកួត​នោះ​មិន​អាច​លុត​ជង្គង់​ចុះ​បាន​ទេ គេ​ប្រកដ​ជា​តប​ត​ក្នុង​ឋានៈ​ជា​អ្នក​នយោបាយ​ជាក់​ជា​មិន​ខាន។ អាកប្បកិរិយា​បែប​នេះ ពិត​ជា​ទង្គិច​នឹង​អស្មិមានះ​របស់​រាជវង្ស​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ថា «អ្នក​ផង​មិន​គោរព​ស្ដេច, ពូជ​ស្ដេច ឬ​រាជានិយម»។ សមាជិក​រាជវង្ស​ខ្លះ​រកស៊ី​ខាត ជំពាក់​លុយ​រដ្ឋ ដល់​ពេល​រដ្ឋ​ទារ​ប្រាក់​ជំពាក់​នោះ ព្រះ​អង្គ​ម្ចាស់​នោះ​ក៏​«ចោទ​គេ​ឯង​ថា​«រក​រឿង​ស្ដេច» ឬ​​«មើល​ងាយ​ពូជ​ពង្ស​ស្ដេច»។

អ្វី​ៗ​ទាំង​អស់​ខាង​លើ​នេះ​ ជា​ឧទាហរណ៍​ខ្លះ​ៗ​​ដែល​ចង្អុល​ប្រាប់​ពី​ស្ថានភាព​ពិត​នៃ​រាជវង្ស​កម្ពុជា ដែល​ជា​សមាសធាតុ​មួយ​នៃ​រាជា​និយម​កម្ពុជា។ ក៏​ប៉ុន្តែ​ខុស​ពី​អតីត​ជន​កុម្មុយនិស្ត​នេប៉ាល់ នៅ​កម្ពុជា​ឯណេះ​វិញ​គ្រប់​សមាសភាព​នយោបាយ​​បាន​ព្រម​ព្រៀង​គ្នា​បង្កើត​រាជាធិបតេយ្យ និង​បាន​បញ្ជាក់​ដោយ​ផ្លូវ​ច្បាប់​អំពី​អត្ថិភាព​ជា​និរន្តរ៍​នៃ​របប​រាជា​និយម។

មាត្រា​១៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា (មាត្រា​១៣៤​ចាស់)​បាន​ចែង​ថា «ការ​សើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មិន​អាច​ធ្វើ​បាន​ឡើយ កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​របប​រាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ»។

ហេតុ​ដូច្នេះ​ហើយ ការ​ព្រួយ​បារម្ភ​របស់​សម្ដេច​ឪ ដែល​ថា​មាន​កម្លាំង​ណា​មួយ​នោះ​ចង់​ទម្លាក់​រាជាធិបតេយ្យ​ខ្មែរ​ គឺ​ជា​ការ​បារម្ភ​ដែល​មិន​គួរ​មាន​ទាល់​តែ​សោះ, ទោះ​ជា​កន្លង​មក​ធ្លាប់​មាន​អ្នក​នយោបាយ​មួយ​ចំនួន​និយាយ​ពី​ការ​គួរ​មាន​ការ សម្រេច​ចិត្ត​របស់​រាស្ត្រ​អំពី​អនាគត​រាជា​និយម​ក្ដី។ សម្រាប់​ជនជាតិ​ខ្មែរ​សាធារណរដ្ឋ​​គឺ​ជា​ឧទាហរណ៍​ដ៏​អាក្រក់​មួយ កាល​ពី​ឆ្នាំ​១៩៧០-១៩៧៥: គ្មាន​ខ្មែរ​ណា​ស្រមៃ​ចង់​បាន​របប​ដ៏​ស្អុយ​រលួយ​នា​ពេល​នោះ​ម្ដង​ទៀត​ឡើយ។ ម្យ៉ាង​ទៀត​រដ្ឋធម្មនុញ្ញ​បាន​ធានា​រួច​ទៅ​ហើយ ដូច​បាន​ពោល​ខាង​លើ​ស្រាប់ ហើយ​ប្រការ​សំខាន់​បំផុត​នោះ គណៈបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​កម្លាំង​ស្នូល​នៃ​ប្រទេស​ជាតិ​បាន​ប្ដេជ្ញា​ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ​មិន​ឲ្យ​នរណា​រំលោភ​បំពាន​បាន​ឡើយ។ មួយ​ដង​ជា​ពីរ​ដង សម្ដេច​តេជោ​ហ៊ុន សែន បាន​និយាយ​ពី​«ហុងស៊ុយ»​ល្អ​របស់​ព្រះ​មហាក្សត្រ ដែល​តាំង​ពី​ពេល​ព្រះ​អង្គ​​គ្រង​រាជ្យ​មក​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ទទួល​បាន​លេខ​ពីរ​ខ្ទង់​ជាប់​មក​រហូត។

ជា​ទិដ្ឋភាព​ទូទៅ គ្រោះ​នៃ​«ការ​រំលំ​រលាយ​រាជា​និយម​ដូច​នៅ​នេប៉ាល់​»​មិន​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

ពួក​អ្នក​តាម​ដាន​សភាពការណ៍​និយាយ​ថា រាជា​និយម​ខ្មែរ​មិន​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​ការ​រលំរលាយ​ទេ។ ការងារ​ជា​អាទិភាព​មួយ​របស់​រាជវង្ស គឺ​ទ្រង់​ឬ​ព្រះអង្គ​ម្ចាស់​ទាំង​ឡាយ​ត្រូវ​ធ្វើ​អ្វី​ៗ​ឲ្យ​បាន​ច្រើន​ជាង​សព្វ​ថ្ងៃ​នេះ​ជុំ​វិញ​ព្រះ​មហាក្សត្រ​ដើម្បី​ភាព​រឹង​មាំ​នៃ​រាជា​និយម​ខ្មែរ៕

សីហា

រស្មី​កម្ពុជា ឆ្នាំ​ទី​១៦ លេខ​៤៦១០ ថ្ងៃ​អាទិត្យ​-​ចន្ទ ទី​០៨-០៩ ខែ​មិថុនា ឆ្នាំ​២០០៨

ប្រកាស​ទាក់ទង៖ អវសាន​រាជា​និយម​ខ្មែរ” សម្ដេច​តា៖ សីហមុនី​អាច​នឹង​ដាក់​រាជ្យ

វិចារ នានា»

1. រចនា - ខែ មិថុនា 8, 2008
2. “អវសាន​រាជា​និយម​ខ្មែរ” សម្ដេច​តា៖ សីហមុនី​អាច​នឹង​ដាក់​រាជ្យ « -:- កំណត់ហេតុ​សុភ័ក្ត្ - ខែ មិថុនា 9, 2008

[...] ប្រកាស​ទាក់ទង៖ បរិយាយ​លេខ​នេះ​​៖ មិន​គួរ​បារម្ភ​… [...]

3. អតីត​លេខា​ព្រះមហា​វីរក្សត្រ​បដិសេធ​ដំណឹង​ជុំវិញ​ការដាក់​រាជ្យ « -:- កំណត់ហេតុ​សុភ័ក្ត្រ - - ខែ មិថុនា 9, 2008

[...] បរិយាយ​លេខ​នេះ​​៖ មិន​គួរ​បារម្ភ​… “អវសាន​រាជា​និយម​ខ្មែរ” [...]

4. sith - ខែ មិថុនា 10, 2008

ព្រះបន្ទូល ព្រះមហាវរក្សត្រ នរោត្តមសីហនុ បានលើកឡើង អាចនឹងជាការពិត។ ព្រះអង្គជា អ្នកនយោបាយមានបទពិសោធ ដែលអន្តរជាតិ បានទទួលស្គាល់។ រាជានិយមខ្មែរ កើតឡើង ជាលើកទី ២ ក៏ដោយសារ ស្នាព្រះហស្តវៀងវៃ របស់ព្រះអង្គដែរ ក្នុងកិច្ចចរចារ ក្រុងចាការតា (ឥណ្ឌូណេស៊ី) និង ក្រុងប៉ារីស (ប្រទេសបារាំង)។
ជារួម សារធាតុពួកកុំមុយនិស្ត គឺគ្មានបំណង អោយមានរបបស្តេចទេ ប៉ុន្តែចៀសមិនរួច។
ប្រទេសកម្ពុជាបច្ចុប្បន្ន ជារាជានិយមមែន ប៉ុន្តែពួកអ្នកកាន់អំណាច កំពុងដឹកនាំប្រទេស តាមរបបកុំមុយនិស្តនិយម តាមយួន ម៉្លោះហើយពួកគេរង់ចាំឱកាស ដើម្បីបំបាត់របបរាជានិយម ជាពិសេស ធ្វើទុកបុកម្នេញ ព្រះមហាក្សត្រ អោយធ្វើ និង ស្តាប់តាមពួកកុំមុយនិស្ត។