ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៥) ខែ មិថុនា 11, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.14 comments

តពីភាគទី៤
… ដោយសារភាពស្រវឹងពីល្ងាច ថ្ងៃនេះខ្ញុំដេកដល់ម៉ោង៩ ព្រឹកថ្ងៃពុធ ទី១៤ ឧសភា ២០០៨។ បន្ទាប់ពីភ្ញាក់ពីដំណេកហើយ រាងដូចស្រឡះខ្លួនបន្តិច រួចក៏មុជទឹក ស្លៀកពាក់ និងយកខោអាវ (ខោអាវបានដាក់ឲ្យបោកពេលមកដល់ ព្រោះស្អុយពេលនៅស្ទឹងត្រែង។ តម្លៃបោកមួយគីឡូក្រាម១០.០០០គីប)។ រួចហើយខ្ញុំក៏ទៅហៅពួកម៉ាកខ្ញុំដែលដេកបន្ទប់ក្បែរគ្នា។
ថ្ងៃនោះគម្រោងខ្ញុំដែលចង់នាំពួកម៉ាកកម្សាន្តវៀងច័ន្ទន៍ម៉ាព្រឹកមុននឹងទៅបន្តខេត្ត (គម្រោងគឺទៅវាំងវៀងល្ងាចនេះ) ត្រូវបានខកខាន ព្រោះគេទៅស្គាល់អ្នកលក់ឯណាទេ នៅជជែកលេង រហូតបាននាំទៅញ៉ាំអាហារបួស ជួយនាំដោយទាំងខ្ញុំទៅ និងបានស្ដាប់គាត់ទេសនាអស់ម៉ាព្រឹកធំទៅ។ បន្ទាប់ពីញ៉ាំអាហាររួចរាល់ (ថ្ងៃនោះខ្ញុំញ៉ាំនំបញ្ចុក) ម៉ោង១២ថ្ងៃត្រង់ល្មម យើងបែកគ្នាហើយខ្ញុំលាគេទាំង២ទៅហាងអ៊ីនធ័រណេតបន្តិចទៅ ដើម្បីរង់ចាំពួកម៉ាកជាតិលាវខ្ញុំ (ម្នាក់ដែលដើរលេងពីយប់ជាមួយគ្នា) ដែលគេនឹងមកយកម៉ោង១២កន្លះ។ ពួកម៉ាកខ្ញុំនោះក៏ទៅជាមួយពួកម៉ាកថ្មីគេជាតិលាវនោះទៅ។
ខ្ញុំនៅលេងអ៊ីនធ័រណេត រង់ចាំទម្រាំពួកម៉ាកខ្ញុំមកយក។ ម៉ោងប្រហែល១២កន្លះគេមកដល់ដូចណាត់ ក្នុងសំលៀកបំពាក់សិក្សានៅឡើយ (ព្រោះគេរៀនពីព្រឹក) ហើយក៏ពួកយើងចេញម៉ូតូទៅ។ អ្វីដែលត្រូវធ្វើជាបន្ទាន់នោះគឺត្រូវទៅស្ថានីយ៍រថក្រុងដើម្បីទិញសំបុត្រទៅវាំងវៀងល្ងាចនេះ ព្រោះខ្ញុំខ្លាចអត់សំបុត្រណាស់ (ពួកម៉ាកខ្ញុំម្នាក់នេះនឹងទៅជាមួយពួកយើងដែរ)។ ដំបូងខ្ញុំចង់ទៅម៉ោង១កន្លះ តែដោយសារមើលទៅដូចជាទៅមិនរួចទេ ព្រោះពួកម៉ាកខ្ញុំម្នាក់នេះត្រូវទៅបង្ហាត់រាំដល់ក្រុមរបស់គេ (ពួកម៉ាកខ្ញុំនេះជាអ្នករាំ) ទើបមើលទៅប្រហែលជាសភាពការណ៍មិនអំណោយផលទេ។ ជាចុងក្រោយពួកយើងសម្រេចថាទៅម៉ោង៣កន្លះវិញ។
បន្ទាប់ពីអូខេរឿងម៉ោងរួចរាល់ហើយ ពួកយើងក៏ចាកចេញពីស្ថានីយ៍រថក្រុងនេះ និងធ្វើដំណើរបន្តទៅផ្ទះពួកម៉ាក របស់ពួកម៉ាកខ្ញុំនេះ។ មហាសែនឆ្ងាយនោះសែនឆ្ងាយ ពួកយើងជិះកណ្ដាលថ្ងៃត្រង់ក្ដៅចែស (តែសំណាងដែរ ខ្ញុំជិះពីក្រោយ) ទម្រាំទៅដល់ផ្ទះនោះ។
ថ្វីដ្បិតតែនៅឆ្ងាយពីទីក្រុងបន្តិចតែផ្ទះនោះសូមចិត្តហើយ។ ជាប្រភេទវីឡាតឿ និងលម្អខាងក្នុងទៅដោយឈើល្អប្រណិត និងសម្ភារៈក្នុងផ្ទះ គឺជាផ្ទះអភិជនតែម្ដង។ នៅក្នុងផ្ទះមានមនុស្សស្ទៀវៗបួននាក់រង់ចាំពួកយើងជាស្រេច (ស្រី២ ម្នាក់ជាកូនម្ចាស់ផ្ទះ ប្រុស២ តែអាម្នាក់នោះដូចរាងខ្ទើយៗម៉េចទេ)។ ស្រីៗ លាវមើលទៅខ្ញង់ៗដល់ហើយ សាច់សឲ្យកំផ្លឹងៗតែម្ដង។ បន្ទាប់ពីណែនាំគ្នាឲ្យស្គាល់ខ្ញុំរួចហើយ ពួកគេចាប់ផ្ដើមហាត់រាំ។ ពួកគេជាក្រុមរាំប្រចាំថ្នាក់ដែលនឹងត្រូវទៅរាំក្នុងកម្មវិធីសាលា។ ពួកម៉ាកខ្ញុំចាប់ផ្ដើមបង្ហាត់ពួកគេ ដោយពួកម៉ាកខ្ញុំក៏ត្រូវរាំជាមួយពួកគេទាំងអស់គ្នាដែរ (ពួកគេជាមិត្ររួមថ្នាក់គ្នា)។
ខ្ញុំនៅអង្គុយមើលពួកគេហាត់រាំ និងអានទស្សនាវដ្ដីលាវ (មានអត្ថបទមួយនិយាយពីអង្គរវត្តផងដែរ)។ ប្រហែលជាម៉ោង២:៣០ ពួកម៉ាកខ្ញុំនិងខ្ញុំត្រូវលាពួកនោះចេញមកមុន ព្រោះយើងត្រូវទៅវាំងវៀង។ បន្ទាប់មកពួកម៉ាកខ្ញុំជូនខ្ញុំមកសណ្ឋាគារវិញដើម្បីយកឥវ៉ាន់ រួចវាត្រឡប់ទៅផ្ទះដើម្បីមុជទឹក និងជួបគ្នានៅស្ថានីយ៍រថក្រុង ចំណែកខ្ញុំនឹងពួកម៉ាកខ្មែរខ្ញុំ (ដែលទៅជាមួយគ្នាពីខ្មែរ) ក៏នាំគ្នាជិះចាំបូ (កង់បីនៅលាវ) ដើម្បីទៅស្ថានីយ៍រថក្រុង។ បន្ទាប់ពីមកដល់ស្ថានីយ៍ និងទិញសំបុត្ររួចរាល់ហើយ ពួកយើងរង់ចាំប្រហែល១០នាទីប៉ុណ្ណោះត្រូវគេហៅឡើងឡាន ព្រោះម៉ោងដល់ល្មម ពួកម៉ាកខ្ញុំមិនទាន់មកដល់ទៀត មួយសន្ទុះវាក៏មកដល់ល្មម ពួកយើងទាំងបីនាក់ប្រញ៉ាប់ប្រញ៉ាល់នាំគ្នាឡើងឡានក្រុង រួចឡានក៏ចាប់ចេញដំណើរ។
ថ្ងៃនោះបើទោះជាម៉ោងជិត៤ល្ងាចហើយក្ដី ក៏អាកាសធាតុនៅតែក្តៅសម្បើមណាស់។ ពួកយើងធ្វើដំណើរ តាំងពីមេឃភ្លឺរហូតដល់មេឃងងិតទៅៗ ខ្ទង់ប្រហែលម៉ោង៨កន្លះទើបយើងទៅដល់វាំងវៀងប្រកបដោយសុវត្ថិភាព។
ពេលមកដល់វាំងវៀងហើយ ពួកយើងបានដើរសំដៅចូលក្រុងដើម្បីទៅជួបពួកម៉ាកម្នាក់ទៀតរបស់ពួកម៉ាកលាវខ្ញុំ (ពួកវាបានទាក់ទងគ្នាតាមទូរស័ព្ទពេលយើងកំពុងជិះតាមផ្លូវ ព្រោះបានដឹងដំណឹងថា ពួកម៉ាកលាវខ្ញុំទៅវាំងវៀង ហើយគេនោះកំពុងនៅវាំងវៀងស្រាប់ជូនបងប្អូនគេពីអូស្ត្រាលីមកលេង)។ ពេលបានជួបហើយគេនោះមានឡានហើយក៏ជូនពួកយើងដាក់ឡានដើម្បីទៅរកផ្ទះសំណាក់ដេក។ ពួកយើងមិនចង់ដេកនៅក្នុងក្រុងទេ គឺចង់ទៅដេកនៅតាមមាត់ស្ទឹង របៀបជាបឹងកាឡូ។ នៅពេលជិះបានចម្ងាយប្រមាណកន្លះគីឡូម៉ែត្រ (ផ្លូវបត់ចុះបត់ឡើង ដើរខ្ទង់ចំណាយពេល១០នាទី) ពួកយើងបានពេញចិត្តនឹងបន្ទប់បឹងកាឡូ តម្លៃប្រមាណ១៣ដុល្លារ (យើងយក២បន្ទប់ ដោយខ្ញុំគេងជាមួយពួកម៉ាកលាវខ្ញុំ និងពួកម៉ាកដែលទៅជាមួយគ្នាពីខ្មែរនោះយកមួយបន្ទប់ម្នាក់ឯង) ស្អាតសមល្មម ប្រកបដោយទេសភាពងងិតសូនសឹង (ព្រោះយប់ណាស់ទៅហើយ)។ បន្ទាប់ពីពេញចិត្តនិងសម្រេចគេងនៅទីនេះហើយ ពួកម៉ាករបស់ពួកម៉ាកខ្ញុំនឹងក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ។
បានបន្ទប់ភ្លាមបើកម៉ាស៊ីនត្រជាក់ឡើងហុយតែម្រ៉ង ព្រោះអស់កម្លាំងសម្បើមណាស់ ម៉ោងប្រមាណ១០ទៅហើយ។ បន្ទាប់ពីបានងូតទឹករួចស្រេចបាច់ហើយ ពួកយើងក៏នាំគ្នាដើរទៅទីក្រុងដើម្បីញ៉ាំអាហារពេលល្ងាច (យប់បាត់ទៅហើយ)។
និយាយពីវាំងវៀង ទីក្រុងតូចកំប៉ិកៗ មានតែភ្នំសោះ គេទាក់ទាញទេសចរបានសម្បើមណាស់ មើលទៅក្នុងទីក្រុងសុទ្ធតែបារ និងហាងពួកបារាំងវែងតាមដងផ្លូវ និងច្រើនជាងនៅសៀមរាបយើងទៅទៀត គួរអស្ចារ្យណាស់ និងសសើរដល់អាជ្ញាធរលាវ គេរៀបចំទីក្រុងបានស្អាតសម្បើមណាស់ មិនគគ្រិច និងហុយដូចនៅសៀមរាបយើងសោះឡើយ។ និយាយទៅខ្មាស់ស្រុកលាវណាស់ខ្ញុំ។
ថ្ងៃនោះយើងបានហៅអាហារញ៉ាំច្រើនសម្បើមណាស់ និងមិនភ្លេចល្ហុងបុកសោះឡើយ។ ពួកយើងបីនាក់ញ៉ាំឡើងសល់អាហារ ព្រោះម្នាក់ៗញ៉ាំដល់ក ហេហេ… បែរមើលទៅតុពួកបារាំងអត់ឃើញញ៉ាំអីប៉ុន្មានសោះ។ កុំជោរជាមួយពួកអាស៊ី តែស៊ីគឺស៊ីហើយ។ ពួកអាបារាំងខ្លះមិនមានចាយស៊ីដូចយើងឡើយ គ្មានអីអស្ចារ្យប៉ុន្មានទេ ពួកច្រមុះស្រួចអស់ហ្នឹងនោះ កិកិកិ…។
បន្ទាប់ពីបរិភោគអាហារហើយ យប់នោះម៉ោងប្រមាណ១១កន្លះល្មម ហត់នឿយគ្រប់គ្នា ក៏ឯកភាពនាំគ្នាដើរត្រឡប់មកកន្លែងសម្រាកវិញ ហើយនិន្ទ្រាទៅ គ្មានកម្មវិធីពិសេសស្អីទេយប់នោះនោះ។
អានភាគទី៦
រូបភាពមួយចំនួន

សណ្ឋាគារសាមសែនថៃ នៅវៀងច័ន្ទន៍ដែលខ្ញុំសម្រាក (ថ្លៃអស់ទាស់ បន្ទប់មិនបាច់និយាយ)

កន្លែងលក់ត្រីនៅពាក់កណ្ដាលផ្លូវពីវៀងច័ន្ទន៍ទៅវាំងវៀង

ហាងបារាំងនៅវាំងវៀង

ផ្លូវដែលសម្បូរដោយហាងជាច្រើននៅវាំងវៀង (យប់ប្រហែលម៉ោង១២)

ភោជនីយដ្ឋានមួយនៅវាំងវៀង

អាហារដែលពួកយើងទទួលទាននៅរាត្រីនោះ នៅវាំងវៀង

ថតរូបម៉ាប៉ុស្តសិន កិកិកិ….




