jump to navigation

លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស ខែ មិថុនា 12, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
22 comments

តាំង​ពី​ថ្ងៃ​សម្ភាស​មក​ដល់​ថ្ងៃ​នេះ​ស្ងាត់​ឲ្យ​ឈឹង​អត់​ឃើញ​ខាង​ក្រសួង​តេរេសាប់​មក​សោះ (កាល​ពី​ជាប់​លើក​ទី​១ ខាង​ក្រសួង​ទូរស័ព្ទ​មក​ឲ្យ​ទៅ​មើល​ឈ្មោះ​លទ្ធផល​ប្រឡង​លើក​ទី​១) ឯង​សង្ស័យ​តែ​ធ្លាក់​គ្ឌុក​បាត់​ទៅ​ហើយ បើ​ជាប់​ម្ល៉េះ​សម​ខាង​ក្រសួង​ទូរស័ព្ទ​មក​ប្រាប់​ដូច​លើក​មុន​ហើយ។ ឯ​ម្យ៉ាង​ឯង​គ្មាន​លុយ​សូក​អី​នឹង​គេ​ហង ឮ​ថា​៣,​ ៤​ពាន់​ដូឡាអ៊ុយអេស​ឯ​ណោះ។

ល្ងាច​នេះ​ចេញ​ពី​ធ្វើ​ការ​ក៏​នឹក​ឃើញ​ជិះ​កាត់​ក៏​ឆៀង​ទៅ​ក្រសួង​សួរ​គេ​មើល​ក្រែង​លោហ៍​គេ​ចេញ​ឈ្មោះ​ហើយ​ដឹង ធ្លាក់​ក៏​ដោយ​ក៏​គួរ​ដឹង​ដែរ ឲ្យ​វា​អស់​ចិត្ត។

មក​ដល់​ក្រសួង​បុគ្គលិក​គេ​ចាប់​ផ្ដើម​ចេញ​ពី​ធ្វើ​ការ​អស់​ទៅ​ហើយ មេឃ​វា​ភ្លៀង​រលឹម និង​ម៉ោង​៥​កន្លះ​ទៅ​ហើយ។ ក៏​សួរ​អ្នក​យាម:
     – “ ​បង​ៗ​លទ្ធផល​ប្រឡង​លើក​ទី​២​ចេញ​ហើយ​ឬ​នៅ​?​”
     – “ ​អូ!​ ចេញ​យូរ​ហើយ​តើហ៍​ ងាប់​ហើយ នួក​ទៅ​មើល​នៅ​ក្ដា​ខៀន​នោះ​មើល៍” (លទ្ធផល​គេ​ចេញ​តាំង​ពី​ថ្ងៃ​សុក្រ ទី​០៦ មិថុនា សប្ដាហ៍​មុន​ឯ​ណោះ)។ ថា​ហើយ​គាត់​ក៏​នាំ​ខ្ញុំ​ទៅ​មើល​នៅ​ក្ដារ​ខៀន​ដែល​នៅ​ក្រលៀត​បន្ទប់​មួយ (ព្រោះ​គេ​យក​ចូល​ពេល​យប់​ម៉ោង​ធ្វើ​ការ)។ ដើរ​បណ្ដើរ​ខ្ញុំ​គិត​បណ្ដើរ យីស!​សង្ស័យ​អា​នេះ​ជា​លទ្ធផល​កាល​ពី​លើក​មុន​ទេ​ដឹង? អ្នក​យាម​នេះ​ច្រឡំ​ទេ​ដឹង?

ដើរ​មក​ដល់​ខំ​មើល​ក្រដាស​គេ​ឲ្យ​ច្បាស់​ជា​លទ្ធផល​លើក​ក្រោយ​នេះ ឬ​ពី​លើក​មុន។ តាម​ពិត​គឺ​លទ្ធផល​ចុង​ក្រោយ​មែន។ លោក​អ្នក​ដឹង​ទេ? លទ្ធផល​គឺ៖ “ ​ខ្ញុំ​ជាប់​ហើយ​” ព្រម​ទាំង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ទៀត​ផង​ក្នុង​ចំណោម​២០​នាក់។ ខ្ញុំ​សឹង​តែ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​សោះ។ ខ្ញុំ​ខំ​មើល​ហើយ​មើល​ទៀត​ឲ្យ​វា​ប្រាកដ និង​មើល​ប្រកាស​មួយ​ទៀត​ដែល​គេ​បិទ​ក្បែរ​នោះ​ឲ្យ​អ្នក​ជាប់​ទាំង​អស់​មក​បង្ហាញ​ខ្លួន​មុន​ថ្ងៃ​ទី​២០ មិថុនា​នេះ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ខ្លួន​ជាប់​ទេ ព្រោះ​ម្នាក់​ៗ ទាំង​មិត្រ​ខាង​ក្រៅ​ ទាំង​មិត្រ​នៅ​តាម​ប្លក់​នេះ ម្នាក់​ៗ​នាំ​គ្នា​និយាយ​ពី​រឿង​សូក​លុយ​សូក​ប្រាក់ ទើប​បាន​ជាប់ ឯ​ខ្ញុំ​នេះ​បើ​មិន​បាន​ស៊ីស៊ួស​អី​គេ​ផង​រឿង​អី​មាន​មុខ​ទៅ​មើល​ឈ្មោះ​ទៅ? តាម​ពិត​នោះ​ខ្ញុំ​ចេះ​តែ​ទៅ​ប្រឡង​ឲ្យ​ដឹង​វិញ្ញាសារ​ប៉ុណ្ណោះ​ឯង តែ​នៅ​ពេល​ដែល​ឃើញ​ឈ្មោះ​ខ្លួន​ឯង​ជាប់​យ៉ាង​នេះ​ក៏​រក​នឹក​និយាយ​អី​មិន​ត្រូវ។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​បាន​ប្រឡង​ជាប់​មន្ត្រី​រាជការ។ កាល​ពី​លើក​ទី​១​នោះ​ជាប់​ជា​គ្រូ​ភាសា​អង់គ្លេស និង​បង្រៀន​នៅ​វិទ្យាល័យ​ព្រែក​ឯង ឯ​លើក​ទី​២​ជាប់​ជា​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ធ្វើ​ការ​នៅ​ទទក បន្ទាប់​មក​ខ្ញុំ​បាន​បោះបង់​ចោល​ទាំង​ពីរ។ ឯ​លើក​នេះ​ទៀត​សោត​ខ្ញុំ​មិន​ដឹង​ជា​គិត​យ៉ាង​មិច​ដែរ​ទេ ព្រោះ​មិន​ដឹង​ជា​ខ្ញុំ​ត្រូវ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​ប្រាក់​ខែ​រដ្ឋ​យ៉ាង​ណា បើ​ធ្លាប់​តែ​ហ៊ឺហារ​គួរ​សម​ជាមួយ​ប្រាក់​ខែ​អង្គការ​ដែល​ខ្ញុំ​ទទួល​បាន​រាល់​ខែ​នេះ។ យ៉ាង​ណា​ៗ ថ្ងៃ​ស្អែក​ក៏​ត្រូវ​ទៅ​បង្ហាញ​ឈ្មោះ និង​យក​រូប​ថត​ឲ្យ​ក្រសួង​សិន​ដែរ ចាំ​គិត​ក្រោយ​ទៀត។

ថ្ងៃ​នេះ​អាច​ចាត់​ទុក​ថា​ហេង​ក៏​បាន​ដែរ ដោយ​ព្រឹក​នេះ​ក៏​បាន​ឈ្នះ​ទឹក​ប្រាក់​បូនើស ពី​ក្រុមហ៊ុន​ហេឡឡូ​០១៦ ចំនួន​៥០​ដុល្លារ​ទៀត​ផង។ :)

ជយោ!

———————————————————
អាន​ប្រកាស​ទាក់​ទង
១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ
២. ប្រឡង​ក្រសួង​ការបរទេស
៣. សម្ភាស​ក្រសួង​ការបរទេស
៤. អវសាន​ក្រសួង​ការបរទេស

គេហទំព័រ​ក្រសួង​ការបរទេសwww.mfaic.gov.kh