jump to navigation

លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស ខែ មិថុនា 12, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

តាំង​ពី​ថ្ងៃ​សម្ភាស​មក​ដល់​ថ្ងៃ​នេះ​ស្ងាត់​ឲ្យ​ឈឹង​អត់​ឃើញ​ខាង​ក្រសួង​តេរេសាប់​មក​សោះ (កាល​ពី​ជាប់​លើក​ទី​១ ខាង​ក្រសួង​ទូរស័ព្ទ​មក​ឲ្យ​ទៅ​មើល​ឈ្មោះ​លទ្ធផល​ប្រឡង​លើក​ទី​១) ឯង​សង្ស័យ​តែ​ធ្លាក់​គ្ឌុក​បាត់​ទៅ​ហើយ បើ​ជាប់​ម្ល៉េះ​សម​ខាង​ក្រសួង​ទូរស័ព្ទ​មក​ប្រាប់​ដូច​លើក​មុន​ហើយ។ ឯ​ម្យ៉ាង​ឯង​គ្មាន​លុយ​សូក​អី​នឹង​គេ​ហង ឮ​ថា​៣,​ ៤​ពាន់​ដូឡាអ៊ុយអេស​ឯ​ណោះ។

ល្ងាច​នេះ​ចេញ​ពី​ធ្វើ​ការ​ក៏​នឹក​ឃើញ​ជិះ​កាត់​ក៏​ឆៀង​ទៅ​ក្រសួង​សួរ​គេ​មើល​ក្រែង​លោហ៍​គេ​ចេញ​ឈ្មោះ​ហើយ​ដឹង ធ្លាក់​ក៏​ដោយ​ក៏​គួរ​ដឹង​ដែរ ឲ្យ​វា​អស់​ចិត្ត។

មក​ដល់​ក្រសួង​បុគ្គលិក​គេ​ចាប់​ផ្ដើម​ចេញ​ពី​ធ្វើ​ការ​អស់​ទៅ​ហើយ មេឃ​វា​ភ្លៀង​រលឹម និង​ម៉ោង​៥​កន្លះ​ទៅ​ហើយ។ ក៏​សួរ​អ្នក​យាម:
     – “ ​បង​ៗ​លទ្ធផល​ប្រឡង​លើក​ទី​២​ចេញ​ហើយ​ឬ​នៅ​?​”
     – “ ​អូ!​ ចេញ​យូរ​ហើយ​តើហ៍​ ងាប់​ហើយ នួក​ទៅ​មើល​នៅ​ក្ដា​ខៀន​នោះ​មើល៍” (លទ្ធផល​គេ​ចេញ​តាំង​ពី​ថ្ងៃ​សុក្រ ទី​០៦ មិថុនា សប្ដាហ៍​មុន​ឯ​ណោះ)។ ថា​ហើយ​គាត់​ក៏​នាំ​ខ្ញុំ​ទៅ​មើល​នៅ​ក្ដារ​ខៀន​ដែល​នៅ​ក្រលៀត​បន្ទប់​មួយ (ព្រោះ​គេ​យក​ចូល​ពេល​យប់​ម៉ោង​ធ្វើ​ការ)។ ដើរ​បណ្ដើរ​ខ្ញុំ​គិត​បណ្ដើរ យីស!​សង្ស័យ​អា​នេះ​ជា​លទ្ធផល​កាល​ពី​លើក​មុន​ទេ​ដឹង? អ្នក​យាម​នេះ​ច្រឡំ​ទេ​ដឹង?

ដើរ​មក​ដល់​ខំ​មើល​ក្រដាស​គេ​ឲ្យ​ច្បាស់​ជា​លទ្ធផល​លើក​ក្រោយ​នេះ ឬ​ពី​លើក​មុន។ តាម​ពិត​គឺ​លទ្ធផល​ចុង​ក្រោយ​មែន។ លោក​អ្នក​ដឹង​ទេ? លទ្ធផល​គឺ៖ “ ​ខ្ញុំ​ជាប់​ហើយ​” ព្រម​ទាំង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ទៀត​ផង​ក្នុង​ចំណោម​២០​នាក់។ ខ្ញុំ​សឹង​តែ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​សោះ។ ខ្ញុំ​ខំ​មើល​ហើយ​មើល​ទៀត​ឲ្យ​វា​ប្រាកដ និង​មើល​ប្រកាស​មួយ​ទៀត​ដែល​គេ​បិទ​ក្បែរ​នោះ​ឲ្យ​អ្នក​ជាប់​ទាំង​អស់​មក​បង្ហាញ​ខ្លួន​មុន​ថ្ងៃ​ទី​២០ មិថុនា​នេះ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ខ្លួន​ជាប់​ទេ ព្រោះ​ម្នាក់​ៗ ទាំង​មិត្រ​ខាង​ក្រៅ​ ទាំង​មិត្រ​នៅ​តាម​ប្លក់​នេះ ម្នាក់​ៗ​នាំ​គ្នា​និយាយ​ពី​រឿង​សូក​លុយ​សូក​ប្រាក់ ទើប​បាន​ជាប់ ឯ​ខ្ញុំ​នេះ​បើ​មិន​បាន​ស៊ីស៊ួស​អី​គេ​ផង​រឿង​អី​មាន​មុខ​ទៅ​មើល​ឈ្មោះ​ទៅ? តាម​ពិត​នោះ​ខ្ញុំ​ចេះ​តែ​ទៅ​ប្រឡង​ឲ្យ​ដឹង​វិញ្ញាសារ​ប៉ុណ្ណោះ​ឯង តែ​នៅ​ពេល​ដែល​ឃើញ​ឈ្មោះ​ខ្លួន​ឯង​ជាប់​យ៉ាង​នេះ​ក៏​រក​នឹក​និយាយ​អី​មិន​ត្រូវ។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​បាន​ប្រឡង​ជាប់​មន្ត្រី​រាជការ។ កាល​ពី​លើក​ទី​១​នោះ​ជាប់​ជា​គ្រូ​ភាសា​អង់គ្លេស និង​បង្រៀន​នៅ​វិទ្យាល័យ​ព្រែក​ឯង ឯ​លើក​ទី​២​ជាប់​ជា​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ធ្វើ​ការ​នៅ​ទទក បន្ទាប់​មក​ខ្ញុំ​បាន​បោះបង់​ចោល​ទាំង​ពីរ។ ឯ​លើក​នេះ​ទៀត​សោត​ខ្ញុំ​មិន​ដឹង​ជា​គិត​យ៉ាង​មិច​ដែរ​ទេ ព្រោះ​មិន​ដឹង​ជា​ខ្ញុំ​ត្រូវ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​ប្រាក់​ខែ​រដ្ឋ​យ៉ាង​ណា បើ​ធ្លាប់​តែ​ហ៊ឺហារ​គួរ​សម​ជាមួយ​ប្រាក់​ខែ​អង្គការ​ដែល​ខ្ញុំ​ទទួល​បាន​រាល់​ខែ​នេះ។ យ៉ាង​ណា​ៗ ថ្ងៃ​ស្អែក​ក៏​ត្រូវ​ទៅ​បង្ហាញ​ឈ្មោះ និង​យក​រូប​ថត​ឲ្យ​ក្រសួង​សិន​ដែរ ចាំ​គិត​ក្រោយ​ទៀត។

ថ្ងៃ​នេះ​អាច​ចាត់​ទុក​ថា​ហេង​ក៏​បាន​ដែរ ដោយ​ព្រឹក​នេះ​ក៏​បាន​ឈ្នះ​ទឹក​ប្រាក់​បូនើស ពី​ក្រុមហ៊ុន​ហេឡឡូ​០១៦ ចំនួន​៥០​ដុល្លារ​ទៀត​ផង។ :)

ជយោ!

———————————————————
អាន​ប្រកាស​ទាក់​ទង
១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ
២. ប្រឡង​ក្រសួង​ការបរទេស
៣. សម្ភាស​ក្រសួង​ការបរទេស
៤. អវសាន​ក្រសួង​ការបរទេស

គេហទំព័រ​ក្រសួង​ការបរទេសwww.mfaic.gov.kh

វិចារ»

1. សម្ភាស​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 12, 2008

[...] អាន​ព័ត៌មាន​ទាក់ទង៖ ប្រឡង​ក្រសួង​ការបរទេស , លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស [...]

2. ប្រឡង​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 12, 2008

[...] អាន​ព័ត៌មាន​ទាក់ទង៖ សម្ភាស​ក្រសួង​ការបរទេស , លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស [...]

3. រចនា - ខែ មិថុនា 12, 2008

អប​អរ​ផង! :D ពូកែ​ណាស់​ណ៎​លោក​គ្រូ! :D

4. សុភ័ក្ត្រ - ខែ មិថុនា 12, 2008

គ្រូ​គ្រោង​ស្អី យីស​យ៉ាប់​មែន​កូន​ក្មេង​នេះ!

5. រចនា - ខែ មិថុនា 12, 2008

ការ​ពិត​ទៅ ពី​មុន, ពេល​ដែល​ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី ៧, ៨, នៅ​សាលា​រដ្ឋ, ពិន្ទុ​ប្រឡង​អង់គ្លេស​របស់​ខ្ញុំ​គឺ​តែង​តែ​នៅ​លើ​គេ​ជា​និច្ច, ខ្ញុំ​គិត​ថា​វា​ជា​សមត្ថភាព ព្រោះ​គ្មាន​គួរ​អង់គ្លេស ទើប​ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូ​ភាសា​អង់គ្លេស​ម្នាក់… ក្រោយ​មក, ពេល​ដែល​ខ្ញុំ​ប្ដូរ​មក​រៀន​សាលា​ឯកជន, ថ្វី​ត្បិត​តែ​វា​លែង​លោត​ដល់​ថ្នាក់​លើស​គេ, តែ​ក៏​នៅ​តែ​កៀក​គេ​ដែរ, ចំណែក​នៅ​សាលា​រៀន​ក្រៅ​ម៉ោង​វិញ, បើ​រៀន​មិន​បាន A+ ទេ, កុំ​ហៅ​ឈ្មោះ​ខ្ញុំ, បើ​មិន​បាន A+ ទេ, ខ្ញុំ​មិន​មែន​ឈ្មោះ​រចនា​ទេ… តែ​អ្វី​ៗ​វា​មិន​ទៀង, ពេល​នេះ​ខ្ញុំ​ទទួល​អាហារូបករណ៍​ដែល​មិន​ស្ថិត​ក្នុង​មុខ​វិជ្ជា​អង់គ្លេស, មិន​បាន​រៀន​នៅ IFL ដូច​ដែល​ប៉ង… អ្វី​ៗ​ប្រែប្រួល, ក្ដី​ស្រមៃ​ខ្ញុំ​ក៏​ដូច​គ្នា! :cry:

6. រចនា - ខែ មិថុនា 12, 2008

ពេល​នេះ ខ្ញុំ​ផ្អាក​អង់គ្លេស​ព្រោះ​ត្រូវ​ប្រឡង​បាក់, នឹក​គ្រូ, នឹក​ថ្នាក់! ខ្ញុំ​ពិត​ជា​ចង់​ចូល​រៀន​វិញ​ណាស់! ខាន​និយាយ​អង់គ្លេស​យូរ​ហើយ, ស្ទើរ​តែ​ភ្លេច​អស់​ទៅ​ហើយ!

7. Sophat - ខែ មិថុនា 13, 2008

គ្រូមែន​? យ៉ាង​ណា​សូម​ចូល​រួម​អបអរ​សុភ័ក្ត្រ​និង​បេក្ខជន​/នារី ទាំង​អស់​ដែល​បាន​ជាប់។ តាម​ពិត​ខ្ញុំ​ធ្លាប់​ខមិនថ៍​ថា​មិត្ត​ភក្ត្រ​ខ្ញុំ​ច្រើន​នាក់​ដែរ​ដែល​ធ្លាប់​បាន​ប្រឡង​ជាប់ដោយ​មិន​សូក​លុយ​អ្វី​ទេ។ កុំ​ភ្លេច​ជប់​លៀង​ក្នុង​ប្លក់​ផង!

8. ViCheth - ខែ មិថុនា 13, 2008

this is a good message. Corruption is not exist for ever body and not all places. Hope it happens in every government institution in Cambodia
Good job,Sopheak.
Congrat.

9. និមល - ខែ មិថុនា 13, 2008

គ្រាន់​បើ​មែន​ល្បង​ភក្ត្រ! សូម​អបអរ​សាទរ!

10. vandakimseok - ខែ មិថុនា 13, 2008

ពិតជាអស្ចារ្យមែនល្បងភាក់, សូមអបអរសាទរ! តែកុំភ្លេចបង់កេណា?
ចាំខ្ញុំចេញអាបេឆេ ម៉ាកេសចុះ,​ អូខេ? បើដឹងថាខ្លួនរវល់មិនអាចធ្វើការបានហើយហេតុអីទៅ ប្រលងធ្វើបាបអ្នកដែលគេចង់ធ្វើការ ធើអី? បើល្បងភាក់ឯងរវល់ការងារអង្គការ
ហើយចង់បានការងាររដ្ឋនោះ ទៅចុះឈ្មោះប្រលងចូលទាហានវិញល្អជាង
ប៉ូលីសក៏បាន…..

11. សុភ័ក្ត្រ - ខែ មិថុនា 13, 2008

និយាយ​ដូច​អត់​និយាយ!

12. vandakimseok - ខែ មិថុនា 13, 2008

អត់យល់,​ ស្អីគេទៅ និយាយដូចអត់និយាយ!

13. naraths - ខែ មិថុនា 13, 2008
14. M|O|N|G|K|O|L - ខែ មិថុនា 13, 2008

Congratulations, Ta Pheak. So proud of you!

15. Boeun - ខែ មិថុនា 13, 2008

ពូកែ​មែនទែន​តាភាក់។ បាន​ដល់​ទៅ​លេខ​២​ទៀត!

ថ្ងៃណា​ទំនេរ គិត​ទៅ​ស៊ី​ស៊ុប​ចេញ​ម្ដង ដើម្បី​អបអរ​លោកភាក់​ឯង ហេង​ពីរ​បី​ជាន់​ម៉ាថ្ងៃ។

16. សុភ័ក្ត្រ - ខែ មិថុនា 13, 2008

ហាហា ចុះ​មាន​ទៅ​ឆ្អី! លោក​ក្បឿន​ឯង​ចេញ​លុយ​ទៅ !ឡ!
អ្នក​នៅ​ខាង​លើ​លោក​បឿន​ឯង​ចេញ​ក៏​បាន​ដែរ តែ​តឹង​តិច​ម្នាក់​ហ្នឹង! (ថា​កុំ​ឲ្យ​គាត់​ឮ​ក្រែង​គាត់​មោ​វិញ) :P

17. Vanndeth - ខែ មិថុនា 13, 2008

congratulation too!

18. អាចម៍ផ្កាយ - ខែ មិថុនា 13, 2008

ជួយ​អបអរសាទរ​ផង​!!!
ទ្រាំ​ធ្វើ​ទៅ​បង​ ក្រែង​បាន​ជួយ​កែ​ប្រែ​អ្វី​ ដែល​បង​ធ្លាប់​មិន​ពេញ​ចិត្ត។

19. កូនខ្មែរ - ខែ មិថុនា 13, 2008

ពិតមែនហើយបង!

20. vandakimseok - ខែ មិថុនា 14, 2008

មុខលោកភក្ត្រ័នេះ ការ៉ង់ទីអោយ៣ខែនឹង មិនដឹងជាយ៉ាងម៉េចផង!
កុំថាឡើយទៅតស៊ូកែប្រែស្អីនោះ!

21. Lydeth Chea - ខែ មិថុនា 19, 2008

M not discouraging you but i believe it’s not so different from your previous job, be ready to have no salary for about one year. that’s our government policy.
be ready to look for part time job if u serious to work there.

22. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មករា 12, 2009

[...] ប្រឡង​ជាប់​នៅ​ក្រសួង​ការបរទេស និង​… [...]