ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៦) ខែ មិថុនា 16, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.8 comments
តពីភាគទី៥
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០០៨
ថ្ងៃនោះដោយសារអស់កម្លាំងផង ពួកយើងដេកគ្មានងើបទេ តែខ្ញុំនេះលួចងើបបានប្រហែលម៉ោង៦ព្រឹកចេញមោថតរូបបានពីរបីប៉ុស្តិ៍។ អាម៉ាកខ្ញុំវាដេកទ្រមក់ណាស់ ខ្ញុំចូលបន្ទប់វិញក៏ដេកម្ដងទៀតដែរទៅ។ ម៉ោងប្រហែល៩ព្រឹកទើបក្រោកទាំងអស់គ្នា។
ព្រឹកនោះបន្ទាប់ពីមុជទឹករួចរាល់ហើយចេញមកក្រៅ ពួកម៉ាករបស់អាម៉ាកខ្ញុំក៏មកដល់ល្មម (ម្នាក់ដែលជូនពួកយើងមកសណ្ឋាគារពីល្ងាច)។ គេយកឡានមកជូនពួកយើងទៅដើរលេងថ្ងៃនេះ (ចុម អត់អាហារពេលព្រឹកបណ្ដោយ)។ ថ្ងៃនោះជាថ្ងៃមហាអស្ចារ្យហើយ ពួកយើងនាំគ្នាដើរលេងពេញមួយថ្ងៃនៅវាំងវៀង ដោយនាំគ្នាជិះឡានកាត់ព្រៃភ្នំ មើលទេសភាពដ៏មហាអស្ចារ្យនៃស្រុកលាវ។
តាមពិតគម្រោងពួកយើងថ្ងៃនោះ គឺនាំគ្នាជួលកង់ជិះទៅទេ មួយៗសុទ្ធតែអួត ដល់ពេលបានឡានជិះទៅបានដឹងថាវាយ៉ាប់ ឆ្ងាយសម្បើមណាស់ បើជិះកង់វិញមិនបាច់ថ្លែងទេ ម៉ែមេង៉ាអើយ។
អ្វីដែលយើងធ្វើមុនគេនៅថ្ងៃនោះ គឺនាំគ្នាឡើងភ្នំដើម្បីចូលទៅជ្រលងល្អាង (ល្អាងនេះអាម៉ាកខ្ញុំតំណាលថាមានផុសថ្មមាសក្នុងពេលសង្ក្រាន្តដែលមានគេមកធ្វើបុណ្យ អាម៉ាកខ្ញុំជាអ្នកស្រុកវាំងវៀងនេះ)។ ដំបូងពួកយើងនាំគ្នាជួលចង្កៀងបំភ្លឺ (អាចង្កៀងពួកឆ្លុះកង្កែប) មកពាក់ក្បាលដើម្បីបំភ្លឺពេលចូលល្អាង។ រួចហើយពួកយើងនាំគ្នាឡើងលើភ្នំ គិតទៅថ្ងៃនោះផ្សងគ្រោះ ផជុនភ័យសម្បើមដែរហ្នឹងណ៎ា។
គ្នាយើងទាំងអស់មាន៦នាក់ ប្រុស៤ស្រី២ នាំគ្នាឡើងលើភ្នំ និងហត់អស់ស្ទះដែរនឹង ព្រោះមិនទាន់បានឆីអីពីព្រឹកផង មកត្រូវនាំគ្នាឡើងភ្នំទៀត។ ភ្នំគេនោះប្រិយមិត្រអើយ មិនមែនភ្នំដូចជីសូរមានជណ្ដើរឡើងអីៗ បែបហ្នឹងទេ ព្រោះជាភ្នំបែបពួកអ្នកផ្សងព្រេង មានតែផ្លូវដើរថ្មើរជើងធម្មតា និងមានឈើដាក់តោងតែប៉ុណ្ណោះ ហើយជម្រាលទៀតសោតក៏ចោទសម្បើមណាស់។
នៅពេលមកដល់ពាក់កណ្ដាលភ្នំ ក៏មានរូងមួយដែលជាមាត់ច្រកត្រូវចូលទៅល្អាងនោះ។ ល្អាងនោះធំសម្បើមណាស់ និងមានគ្រោះថ្នាក់ណាស់ ពិបាកក្នុងការធ្វើដំណើរតាមផ្លូវដ៏រអិល ព្រោះដោយសារទឹកធ្លាក់ពីលើ ហើយងងឹតសូន្យសឹង ត្រូវបើកភ្លើងដែលជួលមកនោះបំភ្លឺផ្លូវ ចំណែកចង្រៃអីរបស់ខ្ញុំវាដាច់ខ្សែទៀត ត្រូវយកដៃម្ខាងចាប់ចុចវាមិនភ្ជាប់ជាមួយនឹងប៉ូលដើម្បីឲ្យវាភ្លឺ។
នៅក្នុងល្អាងនោះមានដាក់ព្រះពុទ្ធរូបមួយព្រះអង្គសម្រាប់អ្នកមកដល់បានបូជា។ បន្ទាប់ពីសក្ការៈព្រះពុទ្ធបដិមារួចរាល់ហើយពួកយើងបន្តដំណើរទៅមុខទៀត។ អាម៉ាកខ្ញុំមើលទៅហ៊ានដល់ហើយអានោះ វាដើរទៅនេះទៅនោះ ចំណែកឯខ្ញុំឯណេះ ក្នុងចិត្តចេះតែគិតខ្លាចមានសត្វអីចេញមក ដូចក្នុងរឿងនោះច្បាស់ជារត់មិនរួចទេ ព្រោះសូម្បីដើរ ក៏ដើរមិនទាំងបានផងនោះ។ តែមិនមានអ្វីកើតឡើងទេ ពេញម៉ាល្អាងមានតែពួកយើង៦នាក់ប៉ុណ្ណោះ។
បន្ទាប់ពីចេញពីល្អាងរួចហើយ ពួកយើងត្រូវចុះមកក្រោមវិញ ម៉ោងប្រមាណជា១២ថ្ងៃត្រង់ នៅខាងក្រោមនោះមានកន្លែងលក់ដូរមួយដែលយើងអាចញ៉ាំអាហារនៅទីនោះបាននាមាត់ស្រះទឹកហូរមួយយ៉ាងត្រជាក់សម្បើមណាស់សឹងមិនគួរឲ្យជឿ។ យើងនៅញ៉ាំអាហារនិងសម្រាកបន្តិចនៅទីនោះ មានអ្នកខ្លះងូតទឹកផង។ រួចហើយយើងបន្តដំណើរចេញទៅកន្លែងមួយទៀត។ នៅតាមដងជើងភ្នំ មានផ្ទះប្រជាជនរស់នៅ និងភ្លើងអគ្គីសនីប្រើប្រាស់ពេញទី ហើយផ្ទះគេមានទាំងទូរទឹកកកទៀតកុំជោរ (ផ្ទះខ្ញុំទើបមានទូរទឹកកកពីរឆ្នាំមុននេះទេ)។ ហើយអ្វីដែលអស់ចម្លែកនោះ គឺផ្ទះណា ខ្ទមបែបណាក៏មានថាសផ្កាយរណបដើម្បីចាប់សញ្ញាណទូរទស្សន៍សម្រាប់មើលដែរ នេះហើយប្រទេសលាវ។
ពួកយើងបាននាំគ្នាធ្វើដំណើរទៅកន្លែងមួយទៀត ដែលគេតាំងជារមណីយដ្ឋានសម្រាប់ភ្ញៀវ ដែលយើងត្រូវបង់ប្រាក់សិនមុននឹងចូល (កន្លែងមុនក៏បង់ដែរ)។ នៅទីនេះគេរៀបបានស្អាតបាទ ហើយម្នាក់ៗនាំគ្នាថតរូបអស់ស្ទះតែម្ដង (ខ្ញុំមិនសូវបានជាថតប៉ុន្មានទេ)។ ទេសភាពនៅទីនោះស្អាតម្យ៉ាងដែរ បន្ទាប់ពីអង្គុយលេងនៅខាងក្រោមរួចហើយ ពួកយើងនាំគ្នាឡើងលើភ្នំមួយទៀតដែលមានល្អាងដែរ។ ដំបូងខ្ញុំមិនចង់ឡើងទេ ព្រោះនឹកឃើញថាដដែលៗ ខ្ជិលសមម៉ាហត់អី។ បន្ទាប់ពីចុះឡើងៗក៏នាំគ្នាឡើងទាំងអស់គ្នាទៅ។ អ្នកទេសចរដទៃទៀតនាំគ្នាមកច្រើនឡើងៗ និងនាំគ្នាឡើងភ្នំនេះមួយចំនួនផងដែរ (ង៉ៃនោះ ខ្ញុំទិញសំបុត្រសម្រាប់ជនជាតិលាវតែទាំងអស់ហ្នឹង ខ្លាំងអី យ៉ាងណាយ៉ាងណីសន្សំលុយបានមួយចំនួនដែរ ហេហេ…)។
នៅលើភ្នំនេះខុសពីភ្នំមុនបន្តិច ព្រោះជាកន្លែងទេសចរដែលគេរៀបចំ ហេតុដូចនេះមានភ្លើងបំភ្លឺក្នុងល្អាង។ ចូលល្អាងទៀតហើយកនយើង។ លោកអ្នកនាងដឹងទេ ល្អាងនេះ ពេលយើងចូលដល់ភ្លាមគឺត្រជាក់ស្រឹបតែម្ដង។ ហើយថ្មនៅក្នុងល្អាងនេះ មានសភាពស្អាតៗណាស់ ព្រមទាំងបញ្ចេញពន្លឺឆ្លុះផ្លេកៗដូចពេជ្រអញ្ចឹង។ បានអាម៉ាកខ្ញុំជាអ្នកដើរដឹកនាំផ្លូវអានោះ គិតពីនាំឯងទៅកន្លែងព្រឺរោមខ្ញាកៗ (អាមួយនេះមិនដឹងស្អីវាទេ កាលពីពេលជិះឡានក្រុងមកវាំងវៀងនេះ នៅសុខៗវាមកប្រាប់ខ្ញុំថាវាជាមនុស្សចូលចិត្តឃើញខ្មោច យីសអើ មកប៉ះអាខ្ញុំណេះខ្លាចខ្មោចផង ដល់ពេលខ្ញុំសួរវាថាធ្លាប់ឃើញអត់ វាថាធ្លាប់តែឃើញស្រមោលៗនៅផ្ទះវា អស់ទាស់ហើយអានេះ)។ មានរឿងរ៉ាវព្រឺរោមច្រើនណាស់នៅក្នុងល្អាងនេះ ខ្ញុំសូមមិនរៀបរាប់ទេ។
យើងដើរឆ្លងពីច្រកមួយចូលច្រកមួយដែលមានដាក់ព្រះពុទ្ធរូបដែល ហើយថែមទាំងមានគេដាក់គុម្ពីសម្រាប់ឲ្យក្រឡុកទៀតផង។ វាសួរខ្ញុំចង់ក្រឡុកទេ? ខ្ញុំថា ទេ! ខ្ញុំមិនចូលចិត្តអារឿងអស់ហ្នឹងទេ ហើយចំពេលធ្វើដំណើរដូចនេះទៀតរឹតតែអត់ហើយ មានតែវាទេ និងពួកម៉ាកខ្មែរ ដែលទៅជាមួយខ្ញុំនេះទេ ដែលនាំគ្នាក្រឡុក។
បន្ទាប់ពីដើរលេងអស់ចិត្តហើយ ពួកយើងចុះមកវិញ ដើម្បីត្រឡប់មកវិញ (ពួកម៉ាកអាម៉ាកខ្ញុំ និងគ្នាគេ២នាក់ទៀតត្រូវត្រឡប់មកវៀងច័ន្ទន៍វិញ) ពេលនោះខ្ទង់ប្រមាណជាម៉ោង៣រសៀលទៅហើយ។
នៅពេលដែលពួកគេជូនយើងត្រឡប់មកដល់សណ្ឋាគារវិញ ពួកយើងក៏លាគ្នា ហើយពួកគេក៏ចាកចេញទៅ។ ចំណែកឯពួកយើង៣គ្រឿងនេះត្រូវបន្តនៅទីនេះមួយយប់ទៀត។ បន្ទាប់ពីលាគ្នាហើយ ពួកយើងចូលបន្ទប់ ឪអាវ៉ាអើយ ប្រោសខ្លួនដេកដូចគេងាប់។
ម៉ោងប្រហែល៦ល្ងាចទើបពួកយើងភ្ញាក់ ងូតទឹកអីរួចហើយនាំគ្នាដើរទៅក្រុង (កន្លែងម្សិល) ដើម្បីញ៉ាំអាហារ និងដូរលុយផង ព្រោះហេតទៀងឡែវ។ និយាយពីបរិយាកាសនៅទីនោះអីក៏ស្អាតអីស្អាតយ៉ាងនេះ។ ពួកយើងនាំគ្នាដើរមកកាត់ហាងមួយគេកំពុងអាំងសាច់មើលទៅទំនងអស់ទាស់ យើងក៏នាំគ្នាទិញទុកយកនៅញ៉ាំជាមួយបុកល្ហុង។ ទិញអស់ម៉ាសន្ធឹកហើយ ពួកយើងដើរកាត់ហាងមួយទៀតគេកំពុងអាំងសាច់ដែរ សាច់ប្រឡាក់គ្រឿងទៀតផង មើលទៅនាំគ្នាស្រក់ទឹកមាត់ ខ្ញុំឯណេះឃើញភ្លាមសួរពួកវាចង់ទិញទៀតអត់ ក៏នាំគ្នាថាទិញ ហើយខ្ញុំក៏ទៅសួរអ្នកអាំង សួរតម្លៃគ្នាអីរួចហើយ ក៏ខ្ញុំសួរថាសាច់អីហ្នឹង? អ្នកលក់ឆ្លើយយ៉ាងសង្ហារ “ សាច់ឆ្កែ” អើ! អស់ចង់បណ្ដោយ ពួកយើង៣នាក់គ្រាន់តែឮសាចឪឆ្កែនាំគ្នាដកខ្លួនថយយ៉ាងរហ័ស។
ពួកយើងល្ងាចនោះនាំគ្នាស៊ីអស់ទាស់ហើយ លើសពីថ្ងៃម្សិល៣ដងឯណោះ ជាពិសេសទឹកក្រឡុក ព្រោះដើរហត់ បានញ៉ាំអាហារត្រជាក់ៗបែបនេះ មានកម្លាំងសម្បើមណាស់។ យើងកម្មង់អាហារច្រើនពាសពេញ ថែមទាំងញ៉ាំមិនអស់ទៀត ខ្ជីខ្ជាមែនទែន ថ្ងៃនោះនាំគ្នាក្លែមសាច់ ជាមួយនឹងបៀរ៍លាវដ៏ឆ្ងាញ់ពិសារអស់ទាស់ហ្មង! កិកិកិ…
ម៉ោងប្រមាណ១០ ទើបយើងចេញពីហាងបាយ រួចនាំគ្នាបន្តដើរចេញពីម្ដុំបារាំងនេះ ទៅផ្លូវជាតិចូលហាងលាវវិញម្ដង (អាម៉ាកខ្ញុំវាច្បាស់ណាស់ ព្រោះធ្លាប់មកធ្វើការនៅហាងអ៊ីនធ័រណេត នៅវាំងវៀងនេះ)។ យើងនាំគ្នាទៅហាងឌីស្កូ ដំបូងចូលហាងការ៉ាអូខេ ក្បែរនោះសិន នាំគ្នាទិញបៀរ៍លាវ២ដបទៀតមកផឹក ដើម្បីច្រៀងការ៉ាអូខេ (កន្លែងច្រៀងនោះជាកន្លែងច្រៀងរួមគ្នា ម្នាក់បានប្រមាណមួយបទ ដោយទិញបៀរ៍មកផឹក)។ ថ្ងៃនោះខ្ញុំបានដាក់បង្ហើរសំនៀងអួលអាចម៍ បានម៉ាបទដែរ ចំណែកពួកម៉ាកទៅពីខ្មែរនោះ បានមួយបទនឹងគេដែរទៅ ហាហា…
បន្ទាប់ពីច្រៀងនិងផឹកបៀរ៍ក្លែមគេច្រៀងអស់ចិត្តហើយ ក៏នាំគ្នាចេញគិតមករាំម្ដង ចូលមកកន្លែងរាំស្ងាត់ឲ្យឈឹង ឯកន្លែងការ៉ាអូខេមនុស្សមកច្រើនឡើងៗ អាម៉ាកខ្ញុំថាធម្មតាកន្លែងច្រៀងមិនមានភ្ញៀវច្រើនដូចនេះទេ (ចឹងបានកន្លែងរាំអត់មាននរណាទៅ)។
ដោយសារអត់ចឹងហើយពួកយើងក៏គិតនាំគ្នាត្រឡប់មកកន្លែងដេកវិញទៅម្យ៉ាងហត់រៀងៗខ្លួនផង ពេលនោះម៉ោងប្រមាណជា១២យប់។ និយាយពីដើរហ៊ឺហារនេះគ្មាននរណាដឹងថាពួកយើងជាបរទេសទេ ចូលកន្លែងច្រៀងទៀតសោត៕
អានភាគ៧

ទេសភាពល្អយ៉ាងនេះទៅរក៍នៅទីណាបាន (រូបនេះចេញមកថតម៉ោង៦ព្រឹក)

បន្ទប់ខ្ញុំជួលដេកគឺនៅក្បែរស្ទឹងនេះឯង

មួយជ្រុងទៀតនៃទេសភាពមហាសាល

នេះហើយទេសភាពវាំងវៀង ដែនដីលានជាង (ឡានសាង)

ក្រឡេកមើលផ្លូវឡើងទៅលើភ្នំ និងពួកឆ្លុះកង្កែបម្នាក់ ហាហាហា

ព្រះពុទ្ធរូបនៅក្នុងល្អាងលើភ្នំ

ក្នុងល្អាងត្រូវធ្វើដំណើរបែបនេះ

រអិលព្រោះមានទឹកហូរមកមិនដាច់

កន្លែងកម្សាន្តជើងភ្នំទីពីរ ដែលពួកយើងមកលេង

ដាក់រូបម៉ាប៉ុស្តិសិនមុននឹងចូល (ម្នាក់នេះហើយ ចេញពីខ្មែរទៅជាមួយខ្ញុំ)

ពួកយើងត្រូវឡើងលើភ្នំនេះ ទៅដល់ចំណុច “ A” រួចដើរចូលក្នុងល្អាងមកចំណុច ” B”

ពីរខាងក្រោមជនជាតិលាវ អាម៉ាកខ្ញុំ និងមិត្រភ័ក្តិវា ស្អាតអស់ទាស់ម៉ង

នេះជាល្អាងភ្នំទីពីរ ដែលពួកយើងឡើង

កន្លែងខ្លះមានទឹកពេញ

ទេសភាពមើលពីចំណុច “ B”

ជ្រុងមួយនៃទីប្រជុំជនវាំងវៀង ពេលល្ងាច យើងដើរមកញ៉ាំអាហារនៅទីនេះ

តាមផ្លូវពោពេញដោយបារបារាំង និងភោជនីយដ្ឋាន

ដាក់រូបម៉ាប៉ុស្តិទៀត ទាន់សង្ហារ កិកិកិ…

នេះជាបឹងកាឡូដែលជាទីពួកយើងជួលស្នាក់នៅ (ពីជ្រុងម្ខាង)

នេះឯងបន្ទប់បឹងកាឡូខ្ញុំជួល (បន្ទប់ទី២) រូបនេះមិនដឹងគេថតពីអង្កាល ខ្ញុំទើបងូតទឹករួចចេញមកយកខ្យល់ និងកេះអាចម៍ច្រមុះ ក៏នាងថតដោយ ឬលួចថតក៏មិនដឹង ហាហាហា…




