jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៦) ខែ មិថុនា 16, 2008

Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ត​ពី​ភាគ​ទី​៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០០៨

ថ្ងៃ​នោះ​ដោយ​សារ​អស់​កម្លាំង​ផង ពួក​យើង​ដេក​គ្មាន​ងើប​ទេ តែ​ខ្ញុំ​នេះ​លួច​ងើប​បាន​ប្រហែល​ម៉ោង​៦​ព្រឹក​ចេញ​មោ​ថត​រូប​បាន​ពីរ​បី​ប៉ុស្តិ៍។ អា​ម៉ាក​ខ្ញុំ​វា​ដេក​ទ្រមក់​ណាស់ ខ្ញុំ​ចូល​បន្ទប់​វិញ​ក៏​ដេក​ម្ដង​ទៀត​ដែរ​ទៅ។ ម៉ោង​ប្រហែល​៩​ព្រឹក​ទើប​ក្រោក​ទាំង​អស់​គ្នា។

ព្រឹក​នោះ​បន្ទាប់​ពី​មុជ​ទឹក​រួច​រាល់​ហើយ​ចេញ​មក​ក្រៅ ពួក​ម៉ាក​របស់​អា​ម៉ាក​ខ្ញុំ​ក៏​មក​ដល់​ល្មម (ម្នាក់​ដែល​ជូន​ពួក​យើង​មក​សណ្ឋាគារ​ពី​ល្ងាច)។ គេ​យក​ឡាន​មក​ជូន​ពួក​យើង​ទៅ​ដើរ​លេង​ថ្ងៃ​នេះ (ចុម អត់​អាហារ​ពេល​ព្រឹក​បណ្ដោយ)។ ថ្ងៃ​នោះ​ជា​ថ្ងៃ​មហា​អស្ចារ្យ​ហើយ ពួក​យើង​នាំ​គ្នា​ដើរ​លេង​ពេញ​មួយ​ថ្ងៃ​នៅ​វាំងវៀង ដោយ​នាំ​គ្នា​ជិះ​ឡាន​កាត់​ព្រៃ​ភ្នំ​ មើល​ទេសភាព​ដ៏​មហា​អស្ចារ្យ​នៃ​ស្រុក​លាវ។

តាម​ពិត​គម្រោង​ពួក​យើង​ថ្ងៃ​នោះ គឺ​នាំ​គ្នា​ជួល​កង់​ជិះ​ទៅ​ទេ មួយ​ៗ​សុទ្ធ​តែ​អួត ដល់​ពេល​បាន​ឡាន​ជិះ​ទៅ​បាន​ដឹង​ថា​វា​យ៉ាប់ ឆ្ងាយ​សម្បើម​ណាស់ បើ​ជិះ​កង់​វិញ​មិន​បាច់​ថ្លែង​ទេ ម៉ែ​មេ​ង៉ា​អើយ។

អ្វី​ដែល​យើង​ធ្វើ​មុន​គេ​នៅ​ថ្ងៃ​នោះ គឺ​នាំ​គ្នា​ឡើង​ភ្នំ​ដើម្បី​ចូល​ទៅ​ជ្រលង​ល្អាង (ល្អាង​នេះ​អា​ម៉ាក​ខ្ញុំ​តំណាល​ថា​មាន​ផុស​ថ្ម​មាស​ក្នុង​ពេល​សង្ក្រាន្ត​ដែល​មាន​គេ​មក​ធ្វើ​បុណ្យ អា​ម៉ាក​ខ្ញុំ​ជា​អ្នក​ស្រុក​វាំងវៀង​នេះ)។ ដំបូង​ពួក​យើង​នាំ​គ្នា​ជួល​ចង្កៀង​បំភ្លឺ (អា​ចង្កៀង​ពួក​ឆ្លុះ​កង្កែប) មក​ពាក់​ក្បាល​ដើម្បី​បំភ្លឺ​ពេល​ចូល​ល្អាង។ រួច​ហើយ​ពួក​យើង​នាំ​គ្នា​ឡើង​លើ​ភ្នំ គិត​ទៅ​ថ្ងៃ​នោះ​ផ្សង​គ្រោះ​ ផជុនភ័យ​សម្បើម​ដែរ​ហ្នឹង​ណ៎ា។

គ្នា​យើង​ទាំង​អស់​មាន​៦​នាក់ ប្រុស​៤​ស្រី​២ នាំ​គ្នា​ឡើង​លើ​ភ្នំ និង​ហត់​អស់​ស្ទះ​ដែរ​នឹង ព្រោះ​មិន​ទាន់​បាន​ឆី​អី​ពី​ព្រឹក​ផង មក​ត្រូវ​នាំ​គ្នា​ឡើង​ភ្នំ​ទៀត។ ភ្នំ​គេ​នោះ​ប្រិយមិត្រ​អើយ មិន​មែន​ភ្នំ​ដូច​ជីសូរ​មាន​ជណ្ដើរ​ឡើង​អី​ៗ បែប​ហ្នឹង​ទេ ព្រោះ​ជា​ភ្នំ​បែប​ពួក​អ្នក​ផ្សង​ព្រេង មាន​តែ​ផ្លូវ​ដើរ​ថ្មើរ​ជើង​ធម្មតា និង​មាន​ឈើ​ដាក់​តោង​តែ​ប៉ុណ្ណោះ ហើយ​ជម្រាល​ទៀត​សោត​ក៏​ចោទ​សម្បើម​ណាស់។

នៅ​ពេល​មក​ដល់​ពាក់​កណ្ដាល​ភ្នំ ក៏​មាន​រូង​មួយ​ដែល​ជា​មាត់​ច្រក​ត្រូវ​ចូល​ទៅ​ល្អាង​នោះ។ ល្អាង​នោះ​ធំ​សម្បើម​ណាស់ និង​មាន​គ្រោះថ្នាក់​ណាស់​ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​រអិល ព្រោះ​ដោយ​សារ​ទឹក​ធ្លាក់​ពី​លើ ហើយ​ងងឹត​សូន្យ​សឹង ត្រូវ​បើក​ភ្លើង​ដែល​ជួល​មក​នោះ​បំភ្លឺ​ផ្លូវ ចំណែក​ចង្រៃ​អី​របស់​ខ្ញុំ​វា​ដាច់​ខ្សែ​ទៀត ត្រូវ​យក​ដៃ​ម្ខាង​ចាប់​ចុច​វា​មិន​ភ្ជាប់​ជាមួយ​នឹង​ប៉ូល​ដើម្បី​ឲ្យ​វា​ភ្លឺ។

នៅ​ក្នុង​ល្អាង​នោះ​មាន​ដាក់​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ​សម្រាប់​អ្នក​មក​ដល់​បាន​បូជា។ បន្ទាប់​ពី​សក្ការៈ​ព្រះ​ពុទ្ធ​បដិមា​រួច​រាល់​ហើយ​ពួក​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ អា​ម៉ាក​ខ្ញុំ​មើល​ទៅ​ហ៊ាន​ដល់​ហើយ​អា​នោះ វា​ដើរ​ទៅ​នេះ​ទៅ​នោះ ចំណែក​ឯ​ខ្ញុំ​ឯណេះ ក្នុង​ចិត្ត​ចេះ​តែ​គិត​ខ្លាច​មាន​សត្វ​អី​ចេញ​មក ដូច​ក្នុង​រឿង​នោះ​ច្បាស់​ជា​រត់​មិន​រួច​ទេ ព្រោះ​សូម្បី​ដើរ ក៏​ដើរ​មិន​ទាំង​បាន​ផង​នោះ។ តែ​មិន​មាន​អ្វី​កើត​ឡើង​ទេ ពេញ​ម៉ា​ល្អាង​មាន​តែ​ពួក​យើង​៦​នាក់​ប៉ុណ្ណោះ។

បន្ទាប់​ពី​ចេញ​ពី​ល្អាង​រួច​ហើយ ពួក​យើង​ត្រូវ​ចុះ​មក​ក្រោម​វិញ ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃ​ត្រង់ នៅ​ខាង​ក្រោម​នោះ​មាន​កន្លែង​លក់​ដូរ​មួយ​ដែល​យើង​អាច​ញ៉ាំ​អាហារ​នៅ​ទី​នោះ​បាន​នា​មាត់​ស្រះ​ទឹក​ហូរ​មួយ​យ៉ាង​ត្រជាក់​សម្បើម​ណាស់​សឹង​មិន​គួរ​ឲ្យ​ជឿ។ យើង​នៅ​ញ៉ាំ​អាហារ​និង​សម្រាក​បន្តិច​នៅ​ទី​នោះ មាន​អ្នក​ខ្លះ​ងូត​ទឹក​ផង។ រួច​ហើយ​យើង​បន្ត​ដំណើរ​ចេញ​ទៅ​កន្លែង​មួយ​ទៀត។ នៅ​តាម​ដង​ជើង​ភ្នំ មាន​ផ្ទះ​ប្រជាជន​រស់​នៅ និង​ភ្លើង​អគ្គីសនី​ប្រើប្រាស់​ពេញ​ទី ហើយ​ផ្ទះ​គេ​មាន​ទាំង​ទូរទឹកកក​ទៀត​កុំ​ជោរ (ផ្ទះ​ខ្ញុំ​ទើប​មាន​ទូរ​ទឹកកក​ពីរ​ឆ្នាំ​មុន​នេះ​ទេ)។ ហើយ​អ្វី​ដែល​អស់​ចម្លែក​នោះ គឺ​ផ្ទះ​ណា​ ខ្ទម​បែប​ណា​ក៏​មាន​ថាស​ផ្កាយ​រណប​ដើម្បី​ចាប់​សញ្ញាណ​ទូរទស្សន៍​សម្រាប់​មើល​ដែរ នេះ​ហើយ​ប្រទេស​លាវ។

ពួក​យើង​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ​ទៀត ដែល​គេ​តាំង​ជា​រមណីយដ្ឋាន​សម្រាប់​ភ្ញៀវ ដែល​យើង​ត្រូវ​បង់​ប្រាក់​សិន​មុន​នឹង​ចូល (កន្លែង​មុន​ក៏​បង់​ដែរ)។ នៅ​ទី​នេះ​គេ​រៀប​បាន​ស្អាត​បាទ ហើយ​ម្នាក់​ៗ​នាំ​គ្នា​ថត​រូប​អស់​ស្ទះ​តែ​ម្ដង (ខ្ញុំ​មិន​សូវ​បាន​ជា​ថត​ប៉ុន្មាន​ទេ)។ ទេសភាព​នៅ​ទី​នោះ​ស្អាត​ម្យ៉ាង​ដែរ បន្ទាប់​ពី​អង្គុយ​លេង​នៅ​ខាង​ក្រោម​រួច​ហើយ ពួក​យើង​នាំ​គ្នា​ឡើង​លើ​ភ្នំ​មួយ​ទៀត​ដែល​មាន​ល្អាង​ដែរ។ ដំបូង​ខ្ញុំ​មិន​ចង់​ឡើង​ទេ ព្រោះ​នឹក​ឃើញ​ថា​ដដែល​ៗ ខ្ជិល​សម​ម៉ា​ហត់​អី។ បន្ទាប់​ពី​ចុះ​ឡើង​ៗ​ក៏​នាំ​គ្នា​ឡើង​ទាំង​អស់​គ្នា​ទៅ។ អ្នក​ទេសចរ​ដទៃ​ទៀត​នាំ​គ្នា​មក​ច្រើន​ឡើង​ៗ និង​នាំ​គ្នា​ឡើង​ភ្នំ​នេះ​មួយ​ចំនួន​ផង​ដែរ (ង៉ៃ​នោះ ខ្ញុំ​ទិញ​សំបុត្រ​សម្រាប់​ជនជាតិ​លាវ​តែ​ទាំង​អស់​ហ្នឹង ខ្លាំង​អី យ៉ាង​ណា​យ៉ាង​ណី​សន្សំ​លុយ​បាន​មួយ​ចំនួន​ដែរ ហេហេ…)។

នៅ​លើ​ភ្នំ​នេះ​ខុស​ពី​ភ្នំ​មុន​បន្តិច ព្រោះ​ជា​កន្លែង​ទេសចរ​ដែល​គេ​រៀប​ចំ ហេតុ​ដូច​នេះ​មាន​ភ្លើង​បំភ្លឺ​ក្នុង​ល្អាង។ ចូល​ល្អាង​ទៀត​ហើយ​កន​យើង។ លោក​អ្នក​នាង​ដឹង​ទេ ល្អាង​នេះ ពេល​យើង​ចូល​ដល់​ភ្លាម​គឺ​ត្រជាក់​ស្រឹប​តែ​ម្ដង។ ហើយ​ថ្ម​នៅ​ក្នុង​ល្អាង​នេះ មាន​សភាព​ស្អាត​ៗ​ណាស់​ ព្រម​ទាំង​បញ្ចេញ​ពន្លឺ​ឆ្លុះ​ផ្លេក​ៗ​ដូច​ពេជ្រ​អញ្ចឹង។ បាន​អា​ម៉ាក​ខ្ញុំ​ជា​អ្នក​ដើរ​ដឹកនាំ​ផ្លូវ​អា​នោះ គិត​ពី​នាំ​ឯង​ទៅ​កន្លែង​ព្រឺ​រោម​ខ្ញាក​ៗ (​អា​មួយ​នេះ​មិន​ដឹង​ស្អី​វា​ទេ កាល​ពី​ពេល​ជិះ​ឡាន​ក្រុង​មក​វាំងវៀង​នេះ នៅ​សុខ​ៗ​វា​មក​ប្រាប់​ខ្ញុំ​ថា​វា​ជា​មនុស្ស​ចូលចិត្ត​ឃើញ​ខ្មោច យីស​អើ មក​ប៉ះ​អា​ខ្ញុំ​ណេះ​ខ្លាច​ខ្មោច​ផង ដល់​ពេល​ខ្ញុំ​សួរ​វា​ថា​ធ្លាប់​ឃើញ​អត់ វា​ថា​ធ្លាប់​តែ​ឃើញ​ស្រមោល​ៗ​នៅ​ផ្ទះ​វា អស់​ទាស់​ហើយ​អា​នេះ)។ មាន​រឿង​រ៉ាវ​ព្រឺ​រោម​ច្រើន​ណាស់​នៅ​ក្នុង​ល្អាង​នេះ ខ្ញុំ​សូម​មិន​រៀប​រាប់​ទេ។

យើង​ដើរ​ឆ្លង​ពី​ច្រក​មួយ​ចូល​ច្រក​មួយ​ដែល​មាន​ដាក់​ព្រះ​ពុទ្ធ​រូប​ដែល ហើយ​ថែម​ទាំង​មាន​គេ​ដាក់​គុម្ពី​សម្រាប់​ឲ្យ​ក្រឡុក​ទៀត​ផង។ វា​សួរ​ខ្ញុំ​ចង់​ក្រឡុក​ទេ? ខ្ញុំ​ថា​ ទេ! ខ្ញុំ​មិន​ចូល​ចិត្ត​អា​រឿង​អស់​ហ្នឹង​ទេ ហើយ​ចំ​ពេល​ធ្វើ​ដំណើរ​ដូច​នេះ​ទៀត​រឹត​តែ​អត់​ហើយ មាន​តែ​វា​ទេ និង​ពួក​ម៉ាក​ខ្មែរ ដែល​ទៅ​ជាមួយ​ខ្ញុំ​នេះ​ទេ ដែល​នាំ​គ្នា​ក្រឡុក។

បន្ទាប់​ពី​ដើរ​លេង​អស់​ចិត្ត​ហើយ ពួក​យើង​ចុះ​មក​វិញ ដើម្បី​ត្រឡប់​មក​វិញ (ពួក​ម៉ាក​អា​ម៉ាក​ខ្ញុំ​ និង​គ្នា​គេ​២​នាក់​ទៀត​ត្រូវ​ត្រឡប់​មក​វៀងច័ន្ទន៍​វិញ) ពេល​នោះ​ខ្ទង់​ប្រមាណ​ជា​ម៉ោង​៣​រសៀល​ទៅ​ហើយ។

នៅ​ពេល​ដែល​ពួក​គេ​ជូន​យើង​ត្រឡប់​មក​ដល់​សណ្ឋាគារ​វិញ ពួក​យើង​ក៏​លា​គ្នា​ ហើយ​ពួក​គេ​ក៏​ចាក​ចេញ​ទៅ។ ចំណែក​ឯ​ពួក​យើង​៣​គ្រឿង​នេះ​ត្រូវ​បន្ត​នៅ​ទី​នេះ​មួយ​យប់​ទៀត។ បន្ទាប់​ពី​លា​គ្នា​ហើយ ពួក​យើង​ចូល​បន្ទប់ ឪ​អា​វ៉ា​អើយ ប្រោស​ខ្លួន​ដេក​ដូច​គេ​ងាប់។

ម៉ោង​ប្រហែល​៦​ល្ងាច​ទើប​ពួក​យើង​ភ្ញាក់ ងូត​ទឹក​អី​រួច​ហើយ​នាំ​គ្នា​ដើរ​ទៅ​ក្រុង (កន្លែង​ម្សិល) ដើម្បី​ញ៉ាំ​អាហារ និង​ដូរ​លុយ​ផង ព្រោះ​ហេត​ទៀង​ឡែវ។ និយាយ​ពី​បរិយាកាស​នៅ​ទី​នោះ​អី​ក៏​ស្អាត​អី​ស្អាត​យ៉ាង​នេះ។ ពួក​យើង​នាំ​គ្នា​ដើរ​មក​កាត់​ហាង​មួយ​គេ​កំពុង​អាំង​សាច់​មើល​​ទៅ​ទំនង​អស់​ទាស់ យើង​ក៏​នាំ​គ្នា​ទិញ​ទុក​យក​នៅ​ញ៉ាំ​ជាមួយ​បុក​ល្ហុង។ ទិញ​អស់​ម៉ា​សន្ធឹក​ហើយ ពួក​យើង​ដើរ​កាត់​ហាង​មួយ​ទៀត​គេ​កំពុង​អាំង​សាច់​ដែរ សាច់​ប្រឡាក់​គ្រឿង​ទៀត​ផង មើល​ទៅ​នាំ​គ្នា​ស្រក់​ទឹក​មាត់​ ខ្ញុំ​ឯណេះ​ឃើញ​ភ្លាម​សួរ​ពួក​វា​ចង់​ទិញ​ទៀត​អត់ ក៏​នាំ​គ្នា​ថា​ទិញ ហើយ​ខ្ញុំ​ក៏​ទៅ​សួរ​អ្នក​អាំង សួរ​តម្លៃ​គ្នា​អី​រួច​​ហើយ ក៏​ខ្ញុំ​សួរ​ថា​សាច់​អី​ហ្នឹង? អ្នក​លក់​ឆ្លើយ​យ៉ាង​សង្ហារ “ ​សាច់​ឆ្កែ” អើ! អស់​ចង់​បណ្ដោយ ពួក​យើង​៣​នាក់​គ្រាន់​តែ​ឮ​សាចឪ​ឆ្កែ​នាំ​គ្នា​ដក​ខ្លួន​ថយ​យ៉ាង​រហ័ស។

ពួក​យើង​ល្ងាច​នោះ​នាំ​គ្នា​ស៊ី​អស់​ទាស់​ហើយ លើស​ពី​ថ្ងៃ​ម្សិល​៣​ដង​ឯ​ណោះ​ ជា​ពិសេស​ទឹក​ក្រឡុក ព្រោះ​ដើរ​ហត់ បាន​ញ៉ាំ​អាហារ​ត្រជាក់​ៗ​បែប​នេះ មាន​កម្លាំង​សម្បើម​ណាស់។ យើង​កម្មង់​អាហារ​ច្រើន​ពាស​ពេញ ថែម​ទាំង​ញ៉ាំ​មិន​អស់​ទៀត ខ្ជីខ្ជា​មែន​ទែន ថ្ងៃ​នោះ​នាំ​គ្នា​ក្លែម​សាច់ ជាមួយ​នឹង​បៀរ៍​លាវ​ដ៏​ឆ្ងាញ់​ពិសារ​អស់​ទាស់​ហ្មង! កិកិកិ…

ម៉ោង​ប្រមាណ​១០ ទើប​យើង​ចេញ​ពី​ហាង​បាយ រួច​នាំ​គ្នា​បន្ត​ដើរ​ចេញ​ពី​ម្ដុំ​បារាំង​នេះ ទៅ​ផ្លូវ​ជាតិ​ចូល​ហាង​លាវ​វិញ​ម្ដង (អា​ម៉ាក​ខ្ញុំ​វា​ច្បាស់​ណាស់ ព្រោះ​ធ្លាប់​មក​ធ្វើ​ការ​នៅ​ហាង​អ៊ីនធ័រណេត នៅ​វាំងវៀង​នេះ)។ យើង​នាំ​គ្នា​ទៅ​ហាង​ឌីស្កូ ដំបូង​ចូល​ហាង​ការ៉ាអូខេ ក្បែរ​នោះ​សិន នាំ​គ្នា​ទិញ​បៀរ៍​លាវ​២​ដប​ទៀត​មក​ផឹក ដើម្បី​ច្រៀង​ការ៉ាអូខេ (កន្លែង​ច្រៀង​នោះ​ជា​កន្លែង​ច្រៀង​រួម​គ្នា ម្នាក់​បាន​ប្រមាណ​មួយ​បទ ដោយ​ទិញ​បៀរ៍​មក​ផឹក)។ ថ្ងៃ​នោះ​ខ្ញុំ​បាន​ដាក់​បង្ហើរ​សំនៀង​អួល​អាចម៍ បាន​ម៉ា​បទ​ដែរ ចំណែក​ពួក​ម៉ាក​ទៅ​ពី​ខ្មែរ​នោះ បាន​មួយ​បទ​នឹង​គេ​ដែរ​ទៅ ហាហា…

បន្ទាប់​ពី​ច្រៀង​​និង​ផឹក​បៀរ៍​ក្លែម​គេ​ច្រៀង​អស់​ចិត្ត​ហើយ ក៏​នាំ​គ្នា​ចេញ​គិត​មក​រាំ​ម្ដង ចូល​មក​កន្លែង​រាំ​ស្ងាត់​ឲ្យ​ឈឹង ឯ​កន្លែង​ការ៉ាអូខេ​មនុស្ស​មក​ច្រើន​ឡើង​ៗ អា​ម៉ាក​ខ្ញុំ​ថា​ធម្មតា​កន្លែង​ច្រៀង​មិន​មាន​ភ្ញៀវ​ច្រើន​ដូច​នេះ​ទេ (ចឹង​បាន​កន្លែង​រាំ​អត់​មាន​នរណា​ទៅ)។

ដោយ​សារ​អត់​ចឹង​ហើយ​ពួក​យើង​ក៏​គិត​នាំ​គ្នា​ត្រឡប់​មក​កន្លែង​ដេក​វិញ​ទៅ​ម្យ៉ាង​ហត់​រៀង​ៗ​ខ្លួន​ផង ពេល​នោះ​ម៉ោង​ប្រមាណ​ជា​១២​យប់។ និយាយ​ពី​ដើរ​ហ៊ឺហារ​នេះ​គ្មាន​នរណា​ដឹង​ថា​ពួក​យើង​ជា​បរទេស​ទេ ចូល​កន្លែង​ច្រៀង​ទៀត​សោត៕

អាន​ភាគ​៧


ទេសភាព​ល្អ​យ៉ាង​នេះ​ទៅ​រក៍​នៅ​ទី​ណា​បាន (រូប​នេះ​ចេញ​មក​ថត​ម៉ោង​៦​ព្រឹក)

បន្ទប់​ខ្ញុំ​ជួល​ដេក​គឺ​នៅ​ក្បែរ​ស្ទឹង​នេះ​ឯង

មួយ​ជ្រុង​ទៀត​នៃ​ទេសភាព​មហា​សាល

នេះ​ហើយ​ទេសភាព​វាំងវៀង ដែន​ដី​លានជាង (ឡាន​សាង)

ក្រឡេក​មើល​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ និង​ពួក​ឆ្លុះ​កង្កែប​ម្នាក់ ហាហាហា

ព្រះ​ពុទ្ធ​រូប​នៅ​ក្នុង​ល្អាង​លើ​ភ្នំ

ក្នុង​ល្អាង​ត្រូវ​ធ្វើ​ដំណើរ​បែប​នេះ

រអិល​ព្រោះ​មាន​ទឹក​ហូរ​មក​មិន​ដាច់

កន្លែង​កម្សាន្ត​ជើង​ភ្នំ​ទី​ពីរ ដែល​ពួក​យើង​មក​លេង

ដាក់​រូប​ម៉ា​ប៉ុស្តិ​សិន​មុន​នឹង​ចូល (ម្នាក់​នេះ​ហើយ ចេញ​ពី​ខ្មែរ​ទៅ​ជាមួយ​ខ្ញុំ)

ពួក​យើង​ត្រូវ​ឡើង​លើ​ភ្នំ​នេះ ទៅ​ដល់​ចំណុច “ A” រួច​ដើរ​ចូល​ក្នុង​ល្អាង​មក​ចំណុច ” B”

ពីរ​ខាង​ក្រោម​ជនជាតិ​លាវ អា​ម៉ាក​ខ្ញុំ និង​មិត្រ​ភ័ក្តិ​វា ស្អាត​អស់​ទាស់​ម៉ង

នេះ​ជា​ល្អាង​ភ្នំ​ទី​ពីរ ដែល​ពួក​យើង​ឡើង

កន្លែង​ខ្លះ​មាន​ទឹក​ពេញ

ទេសភាព​មើល​ពី​ចំណុច “ B”

ជ្រុង​មួយ​នៃ​ទី​ប្រជុំជន​វាំងវៀង ពេល​ល្ងាច យើង​ដើរ​មក​ញ៉ាំ​អាហារ​នៅ​ទី​នេះ

តាម​ផ្លូវ​ពោពេញ​ដោយ​បារ​បារាំង និង​ភោជនីយដ្ឋាន

ដាក់​រូប​ម៉ា​ប៉ុស្តិ​ទៀត ទាន់​សង្ហារ កិកិកិ…

នេះ​ជា​បឹង​កាឡូ​ដែល​ជា​ទី​ពួក​យើង​ជួល​ស្នាក់​នៅ (ពី​ជ្រុង​ម្ខាង)

នេះ​ឯង​បន្ទប់​បឹង​កាឡូ​ខ្ញុំ​ជួល (បន្ទប់​ទី​២) រូប​នេះ​មិន​ដឹង​គេ​ថត​ពី​អង្កាល ខ្ញុំ​ទើប​ងូត​ទឹក​រួច​ចេញ​មក​យក​ខ្យល់ និង​កេះ​អាចម៍​ច្រមុះ ក៏​នាង​ថត​ដោយ ឬ​លួច​ថត​ក៏​មិន​ដឹង ហាហាហា…

វិចារ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៥) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 16, 2008

[...] អាន​ភាគ​ទី​៦ [...]

2. vandakimseok - ខែ មិថុនា 16, 2008

អស្ចារ្យណាស់ភឿនយើង!
តែហេតុអីមិនអាប់លូតរូបថាអោយកនយីងមើលផង?

3. រជ្ជនី​ - ខែ មិថុនា 17, 2008

មើល​ទៅ​សប្បាយ​ដល់​ហើយ​! :D

4. រចនា - ខែ មិថុនា 17, 2008

[...បន្ទាប់​ពី​ចេញ​ពី​ល្អាង​រួច​ហើយ...នេះ​ហើយ​ប្រទេស​លាវ...] មានភ្លើង​ប្រើ​គ្រប់​ផ្ទះ!? នៅ​ជើង​ភ្នំ​ហ្នឹង? ម៉េច​ក៏​អស្ចារ្យ​ម្ល៉េះ?

5. និមល - ខែ មិថុនា 17, 2008

ទេស​ភាព​គួរ​ចង់​ទស្សនា​មែន!

6. រជ្ជនី​ - ខែ មិថុនា 18, 2008

ទេសភាព​ស្អាត​ដល់​ហើយ​! ;)

7. ស្រីភា​ - ខែ មិថុនា 19, 2008

ត្រេកអរ​ដែល​បាន​មក​ទស្សនា​នូវ​ដំនើរ​កំសាន្តរបស់​បង។
ប៉ុន្តែដូច​ជាយ៉ាងម៉េចមិនដឹង​ទេចំពោះរួបខាងក្រោមគេបង្អស់ហើយនឹង
រួបទី១៥​។ដោះអាវ​កេះអាចម៍​ច្រមុះ​អត់ចេះ
ខ្មាសគេ។
កោតបងចេះដាក់មកកើត?
ផ្ទះជួល​គេ​ពិតជា​មា​នផាសុកភាពមែនតាមដែរឃើញនោះ។

8. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៧) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 21, 2008

[...] អាន​ភាគ​ទី​៦ [...]