ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៧) ខែ មិថុនា 21, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.13 comments

អានភាគទី៦
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០០៨
…ព្រឹកថ្ងៃនេះគឺយើងត្រូវត្រឡប់មកវៀងច័ន្ទន៍វិញ។ ដោយដឹងថាត្រូវត្រឡប់យ៉ាងដូចនេះហើយ មួយៗក៏គិតតែពីនាំគ្នាដេកទ្រមួក ខ្ញុំនេះក៏អញ្ចឹងដែរ។ ម៉ោងប្រហែលជា៩ព្រឹកបាននាំគ្នាក្រោក។ បន្ទាប់ពីបង់ប្រាក់ថ្លៃបន្ទប់រួចហើយ ពួកយើងនាំគ្នាទៅញ៉ាំអាហារពេលព្រឹកនៅក្នុងភោជនីយដ្ឋាននៃមណ្ឌលសណ្ឋាគារគេនេះ។
ប្រហែលជាម៉ោង១១ពួកយើងនាំគ្នាដើរ និងជិះកង់បីទៅស្ថានីយ៍រថក្រុងទៅវៀងច័ន្ទន៍ តែដោយសារម៉ោងឡានក្រុងមិនទាន់មានចេញ ពួកយើងក៏បានសម្រេចចិត្តនាំគ្នាជិះតាក់ស៊ីក្រុងឈ្នួល។ តម្លៃគួរសម តែរាងយឺតបន្តិច តែមិនថ្វីពួកយើងចាំបាច់ត្រូវចេញ ដើម្បីឲ្យមកដល់វៀងច័ន្ទន៍ភ្លឺបន្តិច។
ម៉ោងប្រមាណជា៤ល្ងាច ពួកយើងបានមកដល់វៀងច័ន្ទន៍ប្រកបដោយសុវត្ថិភាព។ អ្វីដែលខ្ញុំត្រូវធ្វើជាបន្ទាន់នោះ គឺត្រូវទិញសំបុត្រឡានក្រុងជាបន្ទាន់ដើម្បីទៅបាងកក (ថ្ងៃនោះជាថ្ងៃចុងក្រោយសម្រាប់ខ្ញុំនៅប្រទេសលាវ ជាថ្ងៃដែលអនុស្សាវរីយ៍នានាបានបន្សល់ទុកសម្រាប់រូបខ្ញុំនឹងប្រទេសនេះ)។
យើងបានសម្រេចចិត្តមិនចេញឡានម៉ោង៤កន្លះទេ ជំនួសមកវិញយើងយកម៉ោង៦ល្ងាច ព្រោះខ្ញុំហាក់មិនដាច់ចិត្តចំពោះស្រុកនេះសោះ និងពិតជាមិនចង់ទៅថៃទេ ដោយនឹកចង់នៅបន្តទីនេះវិញទើបត្រឡប់ទៅស្រុកខ្មែរតែម្ដង តែដោយសារពួកម៉ាកខ្មែរដែលមកជាមួយ និងតាមគម្រោងចាស់ផង ខ្ញុំត្រូវនាំនាងទៅ ម្យ៉ាងខ្ញុំក៏ចង់ទិញរបស់របរមួយចំនួននៅក្រុងទេពផងដែរ។
អ្វីៗទាំងអស់ខ្ញុំជាអ្នករៀបចំផែនការ។ ពួកយើងត្រូវចូលមកស្សបពីងនៅក្នុងផ្សារទំនើប (ផ្សារដដែល ដែរចូលពីលើកមុន) តៈឡាតសោសិន។ ពួកយើងដើរផ្សារយ៉ាងប្រញ៉ាប់ប្រញាល់ និងប្ដូរប្រាក់ដុល្លារពួកយើងបន្ថែមទៀតជាប្រាក់បាតថៃ ព្រោះដើម្បីទិញសំបុត្ររថក្រុងនៅស្រុកថៃ (សំបុត្រទៅណងខាយ តម្លៃ១៦០បាត)។ បន្ទាប់មកយើងត្រូវទៅថតរូបនៅកន្លែងសំខាន់មួយចំនួនព្រោះខ្ញុំមកលើកនេះមិនបានចូល យ៉ាងហោចណាស់ក៏បានទៅថតរូបដែរ ដើម្បីប្រៀបធៀបនឹងកាលពីមកលើកមុន។
ពួកយើងនាំគ្នាម៉ៅកង់បីដើម្បីទៅកន្លែងពីរគឺធាតុហ្លួង (ພະທາດຫຼວງ) និងទ្វារជ័យ។ និយាយពីធាតុហ្លួងវិញ គិតទៅផ្លាស់ប្ដូរច្រើនសម្បើមណាស់។ ដោយគេរៀបចំបានស្អាតជាងមុន។ ឯតាមផ្លូវទៀតសោតក៏មានអនាម័យរបៀបរៀយរយ និងមនុស្សច្រើនជាងកាលខ្ញុំមកលើកមុនឆ្ងាយណាស់។ គិតៗទៅអត់ទ្រាំសរសើរស្រុកលាវមិនបានទេខ្ញុំ។
បន្ទាប់ពីថតរូបប្រញ៉ាប់ប្រញាល់ទាំងពីរកន្លែងរួចហើយ ពួកយើងត្រឡប់មកដល់ស្ថានីយ៍រថក្រុងវិញល្មមម៉ោង៦ល្ងាច ដើម្បីឡើងរថក្រុងឆ្លងដែនទៅប្រទេសថៃ។ ម៉ោង៦ល្ងាចត្រឹមឡានក្រុងចេញដំណើរពីក្រុងវៀងច័ន្ទន៍ដើម្បីឆ្លងទន្លេមេគង្គចូលស្រុកថៃ តាមស្ពានមិត្រភាពថៃលាវ។ អ្វីៗលឿនសម្បើមណាស់ គួរស្រណោះស្រុកលាវមិនចង់ឃ្លាតសោះ។ ប្រទេសលាវអើយ មិនយូរមិនឆាប់ខ្ញុំនឹងមកលេងអ្នកវិញម្ដងទៀតហើយ។
នៅពេលដែលឆ្លងចូលដែនថៃនោះត្រូវរង់ចាំយ៉ាងយូរដោយសារមានអ្នកដំណើរយ៉ាងច្រើនចូលស្រុកថៃ។ ទាំងជនជាតិលាវ និងជនជាតិថៃជាពិសេសអ្នកបើកបររថយន្តមានភាពរួសរាយរាក់ទាក់យ៉ាងខ្លាំងចំពោះពួកយើង និងជួយធុរៈសម្បើមណាស់ ទោះដឹងថាខ្ញុំជាជនជាតិខ្មែរក៏ដោយ។ ចំណែកឯតម្រួតពិនិត្យលិខិតឆ្លងដែនវិញ ថែមទាំងនិយាយលេងជាភាសាខ្មែរមកកាន់ខ្ញុំទៀតផង នៅពេលពិនិត្យលិខិតឆ្លងដែនដឹងថាខ្ញុំជាជនជាតិខ្មែរ។
ឡានធ្វើដំណើរមកដល់ស្ថានីយ៍ណងខាយ ពួកយើងត្រូវទិញសំបុត្រឡានបន្តផ្សេងទៀតដើម្បីទៅបាងកក។ ពួកយើងទិញសំបុត្របានយ៉ាងស្រួលនិងមានការជួយសម្រួលពីអ្នកលក់ផងដែរដើម្បីឲ្យពួកយើងបានអង្គុយក្បែរគ្នា ដោយសារសំបុត្រអស់រលីង។ គិតៗគួរឲ្យសរសើរជនជាតិថៃណាស់។ អ្នកបម្រើសេវាថៃពិតជាមានវិជ្ជាជីវៈ និងថ្លៃថ្នូរ ហើយនិយាយស្ដីពិរោះពិសារចំពោះអ្នកទេសចរណ៍ណាស់។ សំបុត្រដែលយើងទិញពីណងខាយមកបាងកកមានតម្លៃ៤៣២បាតដោយមានបន្ថែមអាហារពេលមកដល់ពាក់កណ្ដាលផ្លូវ ដែលយើងត្រូវឈប់នៅម៉ោង១២យប់។
នេះជាលើកទី២ហើយក្នុងដំណើរទស្សនាចររបស់ពួកយើងដែលត្រូវធ្វើដំណើរពេលយប់ដូចនេះ។ ការធ្វើទេសចរទៅស្រុកគេខ្ញុំចូលចិត្តធ្វើដំណើរពេលយប់ណាស់ ព្រោះវាចំណេញពេលនិងថវិកា តែវាអស់កម្លាំងបន្តិចក៏ដោយ។
អានភាគទី៨

ព្រះធាតុហ្លួងក្រុងវៀងច័ន្ទន៍ តំណាងស្រុកលាវ

ទ្វារជ័យនៅក្រុងវៀងច័ន្ទន៍ តំណាងក្រុងវៀងច័ន្ទន៍

ប្រទល់ដែនថៃលាវ




