jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៨) ខែ មិថុនា 29, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
5 comments

អាន​ភាគ​ទី​៧

ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៨

មក​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)

ព្រឹក​ម៉ោង​៥​គត់​ឡាន​ក្រុង​ពួក​យើង​បាន​មក​ដល់​ស្ថានីយ៍​រថ​ក្រុង​ក្រុង​បាងកក។ គិត​ទៅ​មក​មុន​ម៉ោង​កំណត់​ដល់​ទៅ​មួយ​ម៉ោង ដែល​តាម​ពិត​ទៅ​ត្រូវ​មក​ដល់​ម៉ោង​៦​។

អ្វី​ដែល​ត្រូវ​ធ្វើ​មុន​គេ​នោះ​គឺ​ចូល​បន្ទប់​ទឹក ក្រោយ​មក​ក៏​បាន​នាំ​គ្នា​ទិញ​ស៊ីមកាត​ម្នាក់​១ នៅ​ស្ថានីយ៍​រថភ្លើង​ស៊ីមកាត​មួយ​តម្លៃ​តែ​៦០​បាត​ឯង។ មិន​នៅ​រង់​ចាំ​យូរ​ពួក​យើង​ត្រូវ​ចាក​ចេញ​ពី​ស្ថានីយ៍​មក​ខាង​ក្រៅ ដើម្បី​ហៅ​តាក់ស៊ី​ជិះ​ទៅ​សណ្ឋាគារ។ ដោយ​សារ​ខ្ញុំ​ធ្លាប់​ទៅ​បាងកក​ញយ​ដង​ដែរ​ ហេតុ​នេះ​វា​មិន​លំបាក​ទេ​ចំពោះ​ខ្ញុំ គ្រាន់​តែ​ហៅ​តាក់​ស៊ី រួច​ប្រាបើ​គោល​ដៅ​ដែល​ត្រូវ​ទៅ​ជា​ការ​ស្រេច។ ថ្ងៃ​នោះ​ពួក​យើង​ទៅ​ដេក​សណ្ឋាគារ​ម្ដុំ​ផ្លូវ​ខាវសាន (កន្លែង​ខ្ញុំ​ធ្លាប់​ទៅ​ដេក​រាល់​ដង)។

មក​ដល់​សណ្ឋាគារ​ពី​ព្រលឹម​អុរ តែ​មាន​បន្ទប់​ដែរ ពួក​យើង​ក៏​បាន​ជួល​បន្ទប់​ហើយ នាំ​គ្នា​ដេក​តែ​ម្ដង (អស់​កម្លាំង​ពេក)។

តាម​ពិត​ទៅ​អ្វី​ដែល​ពួក​យើង​មាន​បាងកក​នេះ ក្រៅ​ពី​មក​ដើរ​ហាង​មើល​អីវ៉ាន់​ និង​ទិញ​សំលៀកបំពាក់​បន្តិច​បន្តួច​គឺ​គ្មាន​មក​លេង​អ្វី​ផ្សេង​ទៀត​ទេ។ និយាយ​ឲ្យ​ត្រង់​ទៅ​បាងកក​គ្មាន​អ្វី​សម្រាប់​ខ្ញុំ​មក​លេង មក​មើល​ទៀត​ទេ។

ម៉ោង​ប្រហែល​១០​ពួក​យើង​នាំ​គ្នា​ជិះ​ទុក​ៗ ទៅ​ផ្សារ​ចតុចក្រ (ផ្សារ​ចុង​សប្ដាហ៍ គេ​បើក​តែ​ថ្ងៃ​សៅរ៍​អាទិត្យ​ទេ ជា​ផ្សារ​ធំ​មួយ​មាន​លក់​របស់​របរ​ជា​ច្រើន និង​តម្លៃ​សមរម្យ ភាគ​ច្រើន​សំលៀកបំពាក់​យក​ពី​ស្រុក​ខ្មែរ​យើង​នឹង​ឯង​ម្ដុំ​ផ្សរ​រុងក្លឿ​អី​អស់​ហ្នឹង)។ ថ្ងៃ​នោះ​ភ្លៀង​ធ្លាក់​តាម​ផ្លូវ​យ៉ាង​ខ្លាំង តែ​ហេង​ដែរ មក​ដល់​ផ្សារ​ក៏​រាំង​ល្មម។ ថ្ងៃ​នោះ​យើង​ដើរ​ផ្សារ​តាំង​ពី​ម៉ោង​១១ រហូត​ដល់​ម៉ោង​ប្រហែល​៣​កន្លះ ទើប​យើង​ត្រឡប់​ទៅ​វិញ។

ពេល​មក​ដល់​សណ្ឋាគារ​ហើយ ពួក​យើង​នាំ​គ្នា​ងូត​ទឹក​ហើយ​ត្រូវ​ចេញ​ទៅ​ស្សបពីង​បន្ត​ទៀត។ ល្ងាច​នេះ​យើង​ដើរ​ហាង​ទំនើប​បន្តិច ហេហេ… គឺ​ពួក​យើង​នាំ​គ្នា​ទៅ​ប៊ីខេ និង​ផារ៉ាហ្កន​ដើម្បី​ទៅ​ញ៉ាំ​អាហារ​នៅ​ទី​នោះ និង​បាន​មើល​ខន​សឺត​ផង​ដែរ។ ល្ងាច​នោះ​ភ្លៀង​ធ្លាក់​មក​ខ្លាំង​មែន​ទែន រហូត​ដល់​រំខាន​ខនសឺត និង​ពួក​យើង​ពិបាក​រក​តាក់ស៊ី​ត្រឡប់​មក​សណ្ឋាគារ​វិញ​ណាស់ គ្មាន​តាក់ស៊ី ឬ​ទុកៗ​ណា​ចង់​ដឹក​ទេ។

ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៨

ព្រឹក​ឡើង​ពួក​យើង​ត្រូវ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ដំណើរ​កម្សាន្ត​របស់​យើង​ត្រូវ​បញ្ចប់​ហើយ។ ពួក​យើង​ត្រូវ​ស្រូត​ដើម្បី​មក​ចំណត​ឡាន​ក្រុង ដោយ​ចេញ​តាក់ស៊ី​មក​ម៉ោង​ប្រហែល​៦ មក​ដល់​ចំណត​ឡាន​ក្រុង​ទាន់​ពេល​ល្មម​ឡាន​ចេញ។ យើង​ត្រូវ​ចេញ​ពី​បាងកក​មក​អារញ្ញ​ប្រទេស ដោយ​តម្លៃ​សំបុត្រ​គឺ​២១៥​បាត។

ម៉ោង​ប្រមាណ​១១​យើង​បាន​មក​ដល់​ព្រំដែន​ថៃ​ខ្មែរ​ល្មម។ ថ្ងៃ​នោះ​បន្ទាប់​ពី​ស្សប​ស្រុក​ថៃ​អស់​ចិត្ត​នាំ​គ្នា​ស្សប​ផ្សារ​រុងក្លឿ​ថែម​ទៀត និង​ទិញ​បាន​ខោ​មួយ​ទៀត​ខ្ញុំ ហាហា។ នៅ​មិន​នៅ​ឃើញ​ផ្លែ​ឈើ​ថោក ក៏​នាំ​គ្នា​ទិញ​មង្ឃុត​ម្នាក់​១០​គីឡូ​មក​ផ្ទះ​វិញ​ទៀត។

ថ្ងៃ​នោះ​អាឡែ​តែ​ត្រេត​ត្រត​នៅ​រុងក្លឿ​ទើប​ធ្វើ​ឲ្យ​ពួក​យើង​យឺត​ឆ្លង​ដែន ព្រោះ​មាន​ជន​ជាតិ​ថៃ​ច្រើន​សម្បើម​ណាស់​នៅ​ថ្ងៃ​នោះ ដែល​រង់​ចាំ​ឆ្លង​ដែន។ បន្ទាប់​ពី​ឆ្លង​ដែន​រួច​ម៉ោង​១​ទៅ​ហើយ និង​ទម្រាំ​ចាំ​មនុស្ស​ពេញ​ចេញ​ឡាន​តាក់ស៊ី​មក​ភ្នំពេញ​ក៏​ធ្វើ​ឲ្យ​ខក​ដំណើរ​ទៀត។ ថ្ងៃ​នោះ​ខ្ញុំ​គិត​បម្រុង​នឹង​ដេក​ប៉ោយប៉ែត​មួយ​យប់​ទៅ​ហើយ។ ទី​បំផុត​ម៉ោង​ប្រហែល​២​កន្លះ ខ្ញុំ​ក៏​បាន​ចេញ​ឡាន​ពី​ប៉ោយប៉ែត និង​ម៉ោ​ប្រហែល​៨​កន្លះ​មក​ដល់​ភ្នំពេញ និង​ផ្ទះ​ដោយ​សុវត្ថិភាព៕

សូម​រង់​ចាំ​តាម​ដាន​វីដេអូ ភាគ​ផ្ដាច់​ព្រ័ត្រ។


ផ្លូវ​ខាវ​សាន នា​ម៉ោង​ប្រមាណ​១១​ព្រឹក

ប៉ោយប៉ែត ប្រទល់​ដែន​ថៃ​ខ្មែរ

ផ្លូវ​ថ្នល់​ថ្មី​របស់​កម្ពុជា​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ