ថ្ងៃនេះទី០២ ខែកក្កដា ឆ្នាំ២០០៨ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.11 comments


បញ្ហាប្រាសាទព្រះវិហារដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខ្នះខ្នែងដើម្បីដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ត្រូវបានរំជើបរំជួលដល់នគរថៃ ក៏ដោយសារភាពជាតិនិយមហួសហេតុ មិនសមហេតុផល បណ្ដាលមកពីគូសត្រូវស៊ីសាច់ហុតឈាមនៅក្នុងប្រទេសនេះកំពុងប្រកាប់ប្រចាក់គ្នា និងយកបញ្ហាព្រះវិហារមកធ្វើជាត្រីមុខ។
ការនាំយកគណៈរដ្ឋមន្ត្រីទាំងមូលទៅអភិប្រាយនៅសភា និងបោះឆ្នោតសម្ដែងការមិនទុកចិត្តត្រូវបានបរាជ័យយ៉ាងអាម៉ាសចំពោះពួកគណបក្សប្រឆាំងដែលមានលោកអភិសិទ្ធិ វេជ្ជាជីវៈ និងគូកនខ្លួនជាមេក្លោង។
បើទោះបីតុលាការរដ្ឋបាលថៃបានចេញបង្គាប់ឲ្យរដ្ឋាភិបាលពន្យាពេលបណ្ដោះអាសន្នចំពោះប្រកាសរួមដែលកម្ពុជានិងថៃ បានចុះហត្ថលេខា ហើយគណៈរដ្ឋមន្ត្រីថៃបានប្រកាសអនុវត្តតាមក៏ដោយ ក៏កិច្ចប្រឹងប្រែងដាក់បញ្ចូលប្រាសាទព្រះវិហារពីសំណាក់រាជរដ្ឋាភិបាលខ្មែរនៅមិនរាថយ។ នេះបង្ហាញពីជំហរអធិបតេយ្យពេញបរិបូណ៌លើប្រាសាទ ដោយអនុលោមតាមសាលក្រមអន្តរជាតិឆ្នាំ១៩៦២ ពេញលេញតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃនេះទី០២ ខែកក្កដា ជាថ្ងៃចាប់ផ្ដើមប្រជុំដំបូងហើយរបៀបវារៈប្រាសាទព្រះវិហារដែលស្ថិតនៅលំដាប់ទី៤នោះ ត្រូវបានទទួលដំណឹងមិនផ្លូវការថា នឹងយកមកដាក់នៅក្នុងលំដាប់លើគេទៀតផងដើម្បីយកមកអនុម័ត (ព័ត៌មានចុងក្រោយព្រឹកថ្ងៃទី០៣ កក្កដានេះពីស្ថានីយ៍ទូរទស្សន៍ថៃលេខ៣ របៀបវារៈព្រះវិហារត្រូវបានលើកមកនៅលំដាប់លេខ៨)។
បាតុកម្មបែបជាតិនិយមឆ្កួតលីលារបស់ជនជាតិថៃមួយចំនួនតូចដែលធ្វើឡើងនៅពិតជាមិនទទួលបានផល ប៉ុន្តែបានត្រឹមធ្វើឲ្យមតិសាធារណជន ជាពិសេសបរទេសមើលឃើញពីមហិច្ឆតាលោភលន់ ឥតកេរ្តិ៍ខ្មាស់ទៅវិញទេ ចំពោះជាតិថៃ។ នេះជាផលអវិជ្ជមាន និងលេងល្បែងខុសមួយក្ដារទៅវិញពីសំណាក់អ្នកនយោបាយថៃ។
យើងក្រឡេកមកមើលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាក្នុងប្រទេសនេះវិញ ពិតជាមួយក្ដារនេះលេងនយោបាយមួយដ៏ត្រឹមត្រូវគួរឲ្យសរសើរក្នុងការប្រកាន់ជំហរនឹងន៎រ និងមិនធ្វើការតបតជាមួយប្រទេសថៃទាក់ទងនឹងប្រាសាទព្រះវិហារដែលជារបស់ខ្មែរពិតៗ មិនចាំបាច់មកស្រែកក្ដែងៗថាជារបស់ខ្មែរ។
ប្រាសាទព្រះវិហារជារបស់ខ្មែរ
ការប្រើប្រាស់ពាក្យសម្ដីក្នុងការគ្រប់គ្រង និងជាពិសេសក្នុងនយោបាយពិតជារឿងមួយដែលត្រូវពិនិត្យឲ្យបានល្អិតល្អន់ណាស់។ អ្នកនយោបាយដែលវ័យឆ្លាត មិនមែនជាអ្នកដែលចេះតែមាត់ប៉ផ្លាច់ប៉ភ្លាចជាមួយអ្នកកាសែតទេ។ យ៉ាងណាមិញការប្រើប្រាស់ពាក្យក៏បានបង្ហាញពីអត្ថន័យ និងឆ្លុះបញ្ចាំងភាពសមស្របឬមិនសមប្រកបជាពិសេសក្នុងទេសៈកាលៈបែបនេះ។
ថៃដែលគិតថាឆ្លាតពេលនេះមិនមែនសុទ្ធតែប្រើប្រាស់ល្បែងនេះបានជោគជ័យទេ តែបរាជ័យយ៉ាងធ្ងន់ធ្ងរពីព្រឹត្តិកម្មរបស់ខ្មែរ។
“ … កាលដែលអ្នកនយោបាយថៃដែលលើកឡើងពីបញ្ហាប្រាសាទព្រះវិហារនេះ គឺជាអ្នកវ័យឆ្លាតព្រោះមិនមែនជារបស់គេ ប៉ុន្តែគេនិយាយពីរបស់អ្នកដទៃដើម្បីឲ្យខ្មែរចូលរួមនិយាយពីបញ្ហាប្រាសាទព្រះវិហារនេះឡើងវិញ។ ប៉ុន្តែបើនិយាយពីអ្នកនយោបាយខ្មែរដែលជាខ្មែរជាម្ចាស់ប្រាសាទព្រះវិហារទៅហើយនោះ ហើយបែរជាយើងនិយាយបញ្ហាប្រាសាទព្រះវិហារនេះដូចគេដែរ គឺយើងជាអ្នកនយោបាយដ៏ល្ងង់ខ្លៅហើយ ពីព្រោះគេចង់ឲ្យយើងនិយាយឡើងវិញពីប្រាសាទព្រះវិហារដែលជាទ្រព្យរបស់យើងរួចទៅហើយនោះ។” ប្រសាសន៍លោក ឈឹម ផលវរុណ អ្នកឯកទេសនីតិរដ្ឋធម្មនុញ្ញ និងជានាយកវិទ្យាស្ថានពលរដ្ឋវិជ្ជា ចុះក្នុងកាសែត ឌឹ មេគង្គ ថែមស៍ ចុះថ្ងៃទី៣០ មិថុនា ២០០៨ (ឆ្នាំទី០១ លេខ១០០ អត្ថបទ៖ បញ្ជាក់ថា ចលនាប្រឆាំងថៃទាក់ទងនឹងប្រាសាទព្រះវិហារពុំមានទេនៅកម្ពុជា)។
ដូច្នេះកាលដែលយើងជាខ្មែរនាំគ្នាមកស្រែកក្ដែងៗ កោកៗសឹងដាច់ខ្យល់ស្លាប់ ថាប្រាសាទព្រះវិហារជារបស់ខ្មែរនោះពិតជាចំស្នៀតរបស់ថៃដែលចង់ឃើញយើងនិយាយបែបនេះរួចមកហើយ និងជាចុងក្រោយធ្លាក់ក្នុងឧបាយរបស់ថៃទៅវិញ ខណៈដែលប្រាសាទព្រះវិហារជាទ្រព្យរបស់ខ្មែរយ៉ាងពិតប្រាកដទៅហើយទាំងប្រវត្តិសាស្ត្រ ទាំងផ្លូវច្បាប់។
អ្វីដែលខ្មែរអាចនាំគ្នានិយាយនោះគឺប្រាសាទព្រះវិហារជាមត៌កដូនតាដែលគួរកូនខ្មែរគ្រប់រូបនាំគ្នាជួយថែរក្សា និងការពារសម្បត្តិដូនតានេះឲ្យបានគង់វង្សយូរអង្វែងតទៅ។
យើងរង់ចាំមើលលទ្ធផលជាវិជ្ជមាន ចំពោះជោគជ័យនៃការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការ៕
________________________________________________________________
អានអត្ថបទទាក់ទង៖
១. ទេវតាបរាមុខប្រទេសថៃ
២. នាយកហ៊ុន សែន ឡើងក្រេឌីតពីប្រាសាទព្រះវិហារ




