សុវណ្ណហុង ខែ កក្កដា 4, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.9 comments

ល្ងាចនេះ (០៤ កក្កដា ២០០៨) កន្លែងខ្ញុំគេណាត់គ្នាទៅមើលល្ខោនបូរាណខ្មែរ រួមទាំងខ្ញុំដែរ ព្រោះពួកយើងបានលិខិតជាច្រើនមក។ ថ្ងៃនោះម៉ោង៥មិនទាន់ទេ នាំគ្នាបិទកុំព្យទ័រអស់ហើយ (ថ្ងៃធម្មតាម្នាក់ៗធ្វើការដល់ម៉ោង៦ ឬ៧ ឯណោះ) និងឆ្លេឆ្លានាំគ្នាទៅ។ ហេតុតែចង់ជិះឡានទៅជាមួយគេខ្ញុំនេះត្រូវបង្ខំចិត្តបិទកុំព្យូទ័រទៅនឹងគេដែរ។ ថ្ងៃនេះចរាចរណ៍ដូចដឹងស្រាប់ហើយនៅអំពេញយើង។ ទាំងស្ទះចរាចរណ៍ធ្វើឲ្យឡានអ្នកធ្វើការជាមួយខ្ញុំត្រូវខូច និងចេញផ្សែងយ៉ាងខ្លាំងប្រហែលជាផ្ទុះខូចហ្វ្រាំងស្អីក៏មិនដឹងទេ (ខ្ញុំអត់ចេះសោះរឿងឡាន)។ ម្នាក់ៗចុះពីលើឡានឡើងស្លេករៀងៗខ្លួន។
នាំគ្នារុញឡាននៅហៅជាងយកឡានទៅធ្វើ ទីបំផុតម៉ោង៦កន្លះជាងទៅហើយទើបពួកយើងសាលសន្និសីទចតុម្មុខ ដែលជាទីសម្ដែងសិល្បៈរឿង “ សុវណ្ណហុង” ។
ខាងក្រោមនេះជាអត្ថបទខ្ញុំស្រង់ចេញពីសៀវភៅដែលគេផ្ដល់ជូនក្នុងពេលសម្ដែង។
អំពីស្នាដៃនេះ
ស្នាដៃពីដើមនៃរឿង សុវណ្ណហុង នេះជាព្រះរាជតម្រិះផ្ដួចផ្ដើមរបស់ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ដែលព្រះអង្គសព្វព្រះទ័យ ជាយូរមកហើយ ហើយក៏បានហាត់សមបង្កើតក្បាច់រាំជាគោលៗ តាមតួអង្គមួយចំនួន ដោយប្រទានឲ្យ សម្ដេចព្រះរាម នរោត្ដម បុប្ផាទេវី ហាត់ផ្ទាល់ព្រះកាយជាតួអង្គ កេតសូរិយង្គ។ ដោយពុំទាន់ដែលបានតម្លើងជាការសម្ដែងពេញលេញនៅឡើយនោះ ហើយក៏មានជំនួយឧបត្ថម្ភអំពីមូលនិធិរ៉ុកហ្វែលឡឺ សម្ដេចព្រះរាមក៏បានលើកយកស្នាដៃនេះមកតម្លើងក្នុងគោលបំណងរក្សាកេរតំណែលបុព្វបុរស និងចង់បង្ហាញនូវស្នាដៃល្ខោនក្បាច់បុរាណដែលធ្លាប់មានតាំងពីជំនាន់ដើម ហើយពុំទាន់ត្រូវបានស្រាវជ្រាវយកមកតម្លើងជាថ្មីឡើងវិញ។ នេះមិនមែនជាស្នាដៃតែមួយនោះទេ ទម្រង់ក្បាច់បូរាណនេះនៅមានស្នាដៃរបាំរឿងបូរាណផ្សេងៗទៀត ដូចជារឿងឥណាវ ជាដើម។ នៅពេលដែលមានសប្បុរសជនជួយឧបត្ថម្ភថវិកា ការថែរក្សារបាំក្បាច់បូរាណនេះនឹងមានភាពគង់វង្សជារៀងរហូត។
សង្ខេបរឿង
នៅឯនគរគ្រាមាបូរី ស្ដេចយក្ស ព្រះបាទចិត្រា មានព្រះរាជបុត្រីមួយព្រះអង្គ ដែលមានរូបឆោមលោមពណ៌ល្អស្អាតគួរជាទីចាប់ចិត្ត ថែមទាំងចេះវិជ្ជាសិល្ប៍សាស្ត្រផងដែរ។ ព្រះបិតាបានត្រាសថានិងរៀបចំអភិសេកព្រះនាងឲ្យមានព្រះស្វាមី នាំឲ្យព្រះនាងព្រួយព្រះទ័យយ៉ាងខ្លាំង។ ព្រះនាងក៏បានទូលសុំព្រះបិតាទៅក្រសាលសួន។ ស្នំឯកក៏បានលួងលោមក្សត្រីយ៍ កុំឲ្យព្រួយបារម្ភ ហើយក៏បាននាំស្នំដទៃទៀតបេះផ្កាមកថ្វាយ ធ្វើជាភួងមាលាផ្សងអក្ខរាតាមភួងមាលានោះដើម្បីរកគូពីអតីតជាតិ។
ថ្លែងពីសុវណ្ណហុងនាំពលសេនាមកក្រសាលតាមដងគង្គា ហើយក៏រើសបានកម្រងភួងមាលានោះទើបព្រះអង្គបានយាងទៅតាមរកម្ចាស់ភួងមាលាព្រះនាងកេតសូរិយង្គុ។ ព្រះអង្គនិងព្រះនាងក៏បានចាប់ចិត្តប្រតិព័ទ្ធលើគ្នា ហើយព្រះអង្គសន្យាថានឹងមកជួបព្រះនាងរៀងរាល់រាត្រី។ ពួកស្នំឃើញដូច្នោះ ក៏កើតការព្រួយបារម្ភខ្លាចស្ដេចយក្សទ្រង់ជ្រាបនិងដាក់ទោសាមិនខាន។ ពួកស្នំក៏បានលួចដាក់អន្ទាក់សម្លាប់ ដែលធ្វើឲ្យសុវណ្ណហុងរងរបួសយ៉ាងដំណំ។ សុវណ្ណហុងក៏បានឡើងជិះហង្សយន្ត ដែលជាយានជំនិះរបស់ខ្លួនវិលទៅព្រះនគរវិញ។
ក្រោយពីបាត់សុវណ្ណហុងមិនឃើញមកជួបតាមសន្យា ព្រះនាងកេតសូរិយង្គ ក៏បានតាមរក ហើយក៏បានឃើញលោហិតនៅលើប្រថពី ទើបសោយសោកយ៉ាងខ្លាំង។ ទេវតាមួយក៏បាននិម្មតិខ្លួនឡើង យាងមកប្រទានឱសថទិព្វនិងព្រះទម្រង់ ហើយមានបន្ទូលឲ្យព្រះនាងទៅតាមប្រោសសុវណ្ណហុង។ ព្រះនាងកេតសូរិយង្គ ពាក់ចិញ្ចៀនហើយក៏ប្រែក្រឡាទៅជា ព្រាហ្មកេត ចេញដំណើរទៅតាមរកសុវណ្ណហុង។ តាមផ្លូវព្រាហ្មកេត (ព្រះនាងក្លែងក្លាយ) ក៏បានជួបយក្ខគម្ព័ន្ធ ដែលប៉ងយាយី។ ព្រះនាងបានច្បាំងជាមួយយក្ខនោះ ហើយយក្ខក៏ចុះចាញ់សុំតាមដង្ហែរ ដោយប្រែក្រឡាទៅជាព្រាហ្មតូដែរ។
នៅឯព្រះនគររបស់សុវណ្ណហុងវិញ ព្រះមហាក្សត្រ ព្រួយព្រះរាជហឫទ័យជាខ្លាំងចំពោះការសោយទីវង្គតរបស់សុវណ្ណហុង។ ព្រាហ្មក្លែងខ្លួនទាំង២ក៏បានទៅដល់ ហើយសុំព្រះរាជានុញ្ញាតិប្រោសព្រះក្សត្រាឲ្យរស់រានមានជីវិតឡើងវិញ។ ព្រាហ្មក្លែងក្លាយ (ព្រះនាងកេតសូរិយង្គ) ក៏បានប្រោសសុវណ្ណហុងឲ្យមានជីវិតឡើងវិញ ហើយក៏ថ្វាយបង្គំលាមកកាន់ព្រះនគរវិញភ្លាម ព្រោះខ្លាចសុវណ្ណហុងនៅខ្ញាល់អំពីពួកស្នំលួចធ្វើគត់ព្រះអង្គ។ បន្ទាប់ពីដឹងព្រះកាយឡើងវិញ ព្រះមាតាបិតាក៏មានព្រះបន្ទូលប្រាប់ពីហេតុការណ៍។ សុវណ្ណហុងដឹងថាប្រាកដជាព្រះនាងកេតសូរិយង្គ ក៏ថ្វាយបង្គំលាទៅតាមរកព្រះនាងនៅគ្រានោះទៅ។
ចប់សម្ដែងត្រឹមនេះកាលណា ទស្សនិកជននាំគ្នាក្រោកឈរឡើង និងទះដៃយ៉ាងលាន់រំពងពេញទាំងសាលសន្និសីទ ដោយទឹកចិត្តរីករាយនិងកោតសសើរសិល្បករយើងទាំងអស់នូវថ្វៃដៃដ៏ល្អអស្ចារ្យ គួរជាទីមោទននៃជាតិខ្មែរ។ ប្រជាជនខ្មែរនាំគ្នាងាកមកគាំទ្រវប្បធម៌របស់ខ្លួនដោយមានអ្នកមកទស្សនាច្រើនសម្បើមណាស់ រកកន្លែងអង្គយគ្មាន។
ខ្ញុំមិនបានយកម៉ាស៊ីនថតទៅ ចាំមើលទៅលួចយករូបលោកមង្គលខ្លះមកដាក់នៅទីនេះពេលក្រោយ៕
មើលរូបថតនៅគេហទំព័រលោកមង្គល




