jump to navigation

ទេវតា​បរាមុខ​ប្រទេស​ថៃ ខែ កក្កដា 8, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
23 comments

ប្រាសាទ​ព្រះវិហារ​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក

ព្រឹត្តិការណ៍​៨ កក្កដា ២០០៨ គឺ​ជា​ព្រះរាជទាន​ពរ​ជ័យ​មួយ​ថ្មី​ទៀត​ដល់​ប្រជាជាតិ​ខ្មែរ​ពី​សំណាក់​ប្រាសាទ​ព្រះវិហារ ដែល​ជា​កេរ​មត៌ក​ដូនតា​សម្រាប់​កុលបុត្រ​ខ្មែរ។

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​អង្គការ​ពិភពលោក​យូនេស្កូ ប្រកាស​ទទួល​ស្គាល់​និង​ចាត់​បញ្ចូល​ជា​បេតិកភណ្ឌ​មត៌ក​ពិភពលោក ដែល​ជាតិ​ខ្មែរ និង​ប្រជាជាតិ​លោក​ត្រូវ​រួបរួម​គ្នា​ថែរក្សា និង​ការពារ​សម្បត្តិ​ដ៏​មហាសាល​ជា​អច្ឆរិយ​នៃ​ស្នាដៃ​របស់​មនុស្ស​លោក។

ពិត​ណាស់​កាយវិការ​ប្រកប​ដោយ​សុច្ឆន្ទៈ​នៃ​អង្គការ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​មួយ​ដែល​នៅ​ជិត​ខាង​យើង​នេះ​រង​នូវ​ក្ដី​អាម៉ាស ប្រៀប​ដូច​ជា​ទេវតា​ទះ​កំភ្លៀង​មួយ​ពេញ​ទំហឹង​ព្រះហត្ថ យ៉ាង​ដំណំ​ខ្លាំង​ជាង​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ នោះ​ទៀត ដែល​ពេល​នោះ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​កាត់​ក្ដី​ផ្ដល់​យុត្តិធម៌​ដល់​ក្រុង​កម្ពុជា​រួច​មក។

ភ័ស្តុតាង​ឥត​ប្រែ​ក្រឡាស និង​ទោះ​បី​ប្រទេស​និង​ជនជាតិ​ថៃ​នាំ​គ្នា​ទាំង​ហ្វូង​ទាំង​ហ្វាយ​បំភ័ន្ត​ភ្នែក​បរទេស ថា​ជា​សម្បត្តិ​របស់​ខ្លួន តែ​ទី​បំផុត​បាន​ត្រឹម​បរាជ័យ និង​រង​អាម៉ាស​មុខ​មួយ​លើក​ជា​ពីរ​លើក។

ប្រទេស​ថៃ បើ​ទោះ​បី​ជា​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​ថៃ​បច្ចុប្បន្ន​ក៏​ដោយ​ចុះ ក៏​នេះ​ពី​ព្រោះ​សម័យ​ដើម​ទឹក​ដី​ទាំង​នោះ​ជា​ផែន​ដី​ក្រុង​កម្ពុជា សុទ្ធសាធ គ្មាន​ជនជាតិ​ខ្មែរ​ណា​មាន​ស្លាប​ហោះ​ទៅ​ធ្វើ​ប្រាសាទ​ដាក់​ផ្លូវ​ចូល​ស្រុក​ថៃ ដូច​ដែល​ពួក​ថៃ​ ល្ងី​ធ្វើ​ពុត​មួយ​ចំនួន​នោះ​បាន​និយាយ​ដែរ។ ទាំង​ពួក​រាស្ត្រ ឥត​ដឹង​ខ្យល់ ទាំង​ពួក​ប្រាជ្ញ​ឆ្កួត​ជាតិ​និយម​លីលា ម្នាក់​ៗ​តាំង​នាំ​គ្នា​បំភ្លៃ​បរិយាកាស និង​ប្រត្តិសាស្ត្រ​ នាំ​គ្នា​អុចអាល​ថា​ខ្មែរ​មិន​មែន​ជា​ជាតិ​សាង​ប្រាសាទ តាម​ពិត​ជា​ជាតិ​ខម​ទេ។ ឱ! អស់​អញ​អើយ ហេតុ​ម្ដេច​ជាតិ​ថៃ​ឆ្កួត​ដល់​ថ្នាក់​នេះ ក្នុង​ខណៈ​ដែល​ពិភព​លោក​ថា គ្មាន​ទេ​ជាតិ​ខម​ក្នុង​ដែន​ដី​នេះ។

ភាព​ប្រកាន់​ជំហរឹងមាំ និង​ភាព​ចាស់​ទុំ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​ខ្មែរ​យើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្នុង​ខណៈ​ដែល​ប្រជាជាតិ​ថៃ​នាំ​គ្នា​ឆ្កួត​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាសាទ​ព្រះវិហារ បាន​ជំរុញ​ផល​ជា​វិជ្ជមាន និង​ផ្លែ​ផ្កា​ដ៏​មហិមា ដល់​ក្រុង​កម្ពុជា និង​ដូន​តា​ខ្មែរ និង​ភាព​ដ៏​មហស្ចារ្យ​នៃ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ផ្ដល់​ជា​មហា​កិត្តិយស​ថ្មី​មួយ​ទៀត​ដល់​ខ្មែរ ដែល​ជា​ម្ចាស់​ពិត​ៗ និង​បំបាក់​មុខ​ជន​ជាតិ​មួយ​ដែល​ល្មោភ ឥត​កេរ្តិ៍​ខ្មាស់​ទាំង​រាស្ត្រ​ ទាំង​មន្ត្រី។

ប្រសិន​បើ​រដ្ឋាភិបាល និង​ប្រជាជាតិ​​ថៃ​គាំទ្រ​រដ្ឋាភិបាល​ខ្មែរ​ពី​ដំបូង​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ ម្ល៉េះ​សម​ពេល​នេះ​ត្រូវ​បាន​សាទរ​ពី​ជាតិ​ខ្មែរ និង​ជនជាតិ​លោក ពី​ការ​រួម​ចំណែក​ក្នុង​ការ​ចម្រុង​ចម្រើន​មត៌ក​លោក ដែល​ជា​សម្បត្តិ​រួម​នៃ​មនុស្ស​ជាតិ​បាត់​ទៅ​ហើយ តែ​ផ្ទុយ​មក​វិញ​ ភាព​លោភលន់​ចង់​បាន​របស់​គេ​ហួស​ហេតុ​ដែន​កំណត់​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​រង​ភាព​អាម៉ាស និង​ជាប់​ឈ្មោះ​ថា​ជា​មារ​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រសែ​ភ្នែក​ជនជាតិ​ខ្មែរ ក៏​ដូច​ជាតិ​ជនជាតិ​ពិភពលោក។

នេះ​ហើយ​ជា​មហា​បាប​កម្ម​ដែល​ទេវតា​បាន​ប្រទាន​ចំពោះ​ជនជាតិ​ថៃ។ វា​ល្មម​ដល់​ពេល​ដែល​ជនជាតិ​ថៃ​ដឹង​ខ្លួន និង​ឈប់​ទាមទារ​នូវ​អ្វី​ដែល​ជា​មិន​មែន​របស់​ខ្លួន​ហើយ និង​ល្មម​ដល់​ពេល​ដែល​ជនជាតិ​ថៃ​ឈប់​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​បង្រៀន​កូន​ចៅ​ខ្លួន​ពី​ពាក្យ​កុហក​បោក​ប្រាស​ហើយ ដោយ​ជំនួស​មក​វិញ នូវ​ការ​តថភាព​ជាក់​ស្ដែង​ទាំង​ប្រវត្តិសាស្ត្រ និង​បច្ចុប្បន្ន ដើម្បី​ក្លាយ​ខ្លួន​ជា​ជាតិ​មួយ​ដ៏​ល្អ​សម្រាប់​បង​ប្អូន​ជិត​ខាង​មិន​ថា​ខ្មែរ លាវ​ ភូមា ឬ​ជាតិ​ជិត​ខ្លួន​ដទៃ​ទៀត។

ប្រាសាទ​ព្រះវិហារ ពិត​ជា​ទី​សក្ការៈ​ចម្រុង​ចម្រើន​នៃ​ជាតិ​ខ្មែរ​មែន។ ជ័យ​ជម្នះ​ផ្ទួន​ៗ នៃ​ប្រាសាទ​ផ្ដល់​មក​ដល់​ខេមរ​ជាតិ ពិត​ជា​អ្វី​ដែល​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​គិត​ពិចារណា និង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ រួម​ការពារ​ប្រាសាទ​ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង​ត​ទៅ​សម្រាប់​កូន​ខ្មែរ​ និង​សម្រាប់​ប្រជាជាតិ​លោក រួម​មោទន​នូវ​អ្វី​ដែល​ជា​ស្នាដៃ​មនុស្ស​ជាតិ។

ជយោ​! ប្រាសាទ​ព្រះវិហារ! អច្ឆរិយ​នៃ​ខេមរជន និង​ជា​បេតិកភណ្ឌ​ពិភពលោក!

___________________________________________________________
អាន​អត្ថបទ​ទាក់ទង
១. នាយក​ហ៊ុន សែន ឡើង​ក្រេឌីត​ពី​ប្រាសាទ​ព្រះវិហារ
២. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨
៣. បរាជ័យ​ថៃឡេនដ៍!
៤. ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​លើ​ប្រាសាទ​ព្រះវិហារ
៥. ប្រសាសន៍​សម្ដេច​ ហ៊ុន សែន ព្រមាន​ប្រទេស​ថៃ
៦. បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍