ប្រជាធិបតេយ្យមួយលើផ្លូវដ៏រខេករខាក ខែ កញ្ញា 5, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.trackback

ស្ថានភាពកាន់តែយ៉ាប់យឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃនៅប្រទេសដែលធ្លាប់ល្បីតែសុខសាន្ត បច្ចុប្បន្ននេះបានត្រូវប្រជាជនខ្លួនបាត់បង់ជំនឿ ជាពិសេសសហគមន៍បរទេស និងប្រជាជនលោក។
ប្រទេសថៃបានធ្លាក់ក្នុងស្ថានការណ៍នយោបាយដ៏ជ្រួលច្របល់ និងផុងខ្លួនកាន់តែជ្រៅទៅៗ។ អ្នកទេសចរណ៍បានផ្អាកទៅលេងស្រុកនេះបានបាត់បង់ចំណូលជាតិ ដែលជាប្រភពចម្បងរបស់ប្រទេសនេះ និងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមិននឹងន៎ និងធ្វើឲ្យអ្នកបោះទុនអន្តរជាតិស្ថិតក្នុងភាពពិចារណា។
ភាពឈ្លក់វង្វេងរបស់ពួកអ្នកដឹកនាំប្រឆាំងរដ្ឋាភិបាល និងគំនិតស្នេហាជាតិបែបជ្រុលនិយមពីសំណាក់ជនជាតិថៃដែលនាំគ្នាទៅធ្វើបាតុកម្មទាំងនោះ បានកើតចេញឡើងភាគច្រើនចេញពីគំនិតស្អប់ដាក់មុខ ជាជាងគំនិតតស៊ូបែបប្រជាធិបតេយ្យ។ ពួកនោះបានចោទលោកនាយករដ្ឋមន្ត្រីស្ម័គ្រ សុន្ទរវេជ ថាជាអាយ៉ងដ៏សម្អប់របស់នាយកទក្សិណ ដែលត្រូវពួកយោធាធ្វើរដ្ឋប្រហារទម្លាក់នោះ។
សង្គមថៃបច្ចុប្បន្នបានបែងចែកជាបីសណ្ឋាន គឺ១. ពួកដែលប្រឆាំងនិងលោកស្ម័គ្រ និងគណៈរដ្ឋមន្ត្រីរបស់លោក ២. ពួកគាំទ្ររដ្ឋាភិបាល និងទី៣. ពួកណឺត គឺពួកនៅចាំឃ្លាំមើលសកម្មភាពរបស់ពួកទាំងពីរនេះ។
ភាពផ្ទុយគ្នារាប់ពាន់អង្សារវាងពួកក្រុមទី១ និងក្រុមទី២ បានធ្វើឲ្យបរិយាកាសក្រុងបាងកក កាន់តែអាប់អួរទៅៗ រហូតដល់នាយករដ្ឋមន្ត្រីស្ម័គ្រ ប្រកាសភាពអាសន្ននៅក្រុងនេះទាំងមូល។
ភាពគឃ្លើនរបស់ពួកប្រឆាំងស្ម័គ្រ និងគណៈ បានរាលដាលរហូតដល់ពួកនេះហ៊ានសម្រុកចូលកាន់កាប់ស្ថានីយ៍វិទ្យរដ្ឋ, អាកាសយាន្តដ្ឋាន និងបះបោលឲ្យមានការផ្ដាច់ទឹកភ្លើងរដ្ឋទៀតផង ជាហេតុនាំឲ្យខូចប្រុយោជន៍សាធារណៈជាទូទៅគំរាមដល់សន្តិសុខប្រទេស ខុសពីស្ថានភាពវិជ្ជាជីវៈបែបអហិង្សាយ៉ាងកំរោល។
ពួកនេះជារឿយៗតែងតែចោទក្រុមលោកស្ម័គ្រថា បានលក់អធិបតេយ្យឲ្យកម្ពុជា ករណីប្រាសាទព្រះវិហារ និងថែមទាំងគឃ្លើនយករូបប្រាសាទព្រះវិហារមកដាក់ជាផ្ទាំងឃោសនាធំៗ ពីក្រោយឆាកទៀតផង។
បើទោះបីជារដ្ឋបានដាក់ទីក្រុងក្នុងភាពអាសន្នហើយ និងហាមប្រាមមិនឲ្យមានការប្រជុំគ្នាចាប់ពី៥នាក់ឡើងទៅក៏ដោយចុះ ក៏ពួកនេះនៅគឃ្លើនមិនព្រមអនុវត្តតាម ខុសពីពួកក្រុមទី២ ដែលសុខចិត្តគោរពតាម និងរំសាយការជួបប្រមូលផ្ដុំទ្រង់ទ្រាយធំនៅបាងកក ដោយផ្លាស់ទៅធ្វើនៅឯខេត្តជាប់បាងកក គឺខេត្តសមុទ្ទប្រការវិញ។
ឆ្លើយនឹងសំណួរដែលថាតើធាតុពិតពួកនេះចង់បានអ្វីឲ្យពិតប្រាកដ បើពួកនេះមិនព្រមសម្របសម្រួលជាមួយរដ្ឋាភិបាលសោះ បើទោះបីរដ្ឋាភិបាលមានសិទ្ធិពេញទីក្នុងការបង្ក្រាប និងរំសាយពួកបាតុកម្មខុសច្បាប់ទាំងអស់នោះ។ ក្រៅពីការប្រឆាំងងុប ពួកនេះបានបដិសេធសំណើសុំឲ្យមានប្រជាមតិ, សុំឲ្យរំលាយសភា ហើយជាពិសេសទៅទៀតនោះ ពួកនេះថែមទាំងបញ្ជាក់ក្ដែងៗថា ទោះបីជាស្ម័គ្រចាកចេញពីតំណែងក្ដីក៏មិនអាចបញ្ចប់បញ្ហាបានដែរ អ្វីដែលពួកគេត្រូវការគឺនយោបាយថ្មី។ sic
អ្វីជានយោបាយថ្មី ពិតប្រាកដដែលពួកនេះត្រូវការ?
ពួកនេះយល់ថាទោះបីស្ម័គ្រចេញពីតំណែង មនុស្សថ្មីដែលឡើងកាន់តំណែងបន្តពីស្ម័គ្រពិតណាស់និងដើរតាមគន្លងស្ម័គ្រ ដែលពួកនោះបានចោទថា ស្មោះស្ម័គ្រស៊ីអាចម៍លោកទក្សិណ និងគ្រាន់ជាស្រមោលទក្សិណប៉ុណ្ណោះ?! ឱ! ពួកនេះហេតុម្ដេចបានជាស្អប់លោកទក្សិណ អីដល់ម្លឹងហ្ន៎? ចុះលោកទក្សិណ ដែលចាប់ឆ្នោតដោយដៃរាស្ត្រសុទ្ធសាធរហូតដល់ពីរអណត្តិជាប់ៗគ្នា និងបានជួយសាងសេដ្ឋកិច្ចថៃឲ្យរស់រានមានជីវិតស្រស់ថ្លាយ៉ាងនេះ ហេតុអ្វីបានជាមានកម្មមានពៀរអស្ចារ្យជាមួយពួកនេះម្ល៉េះ? ឬមួយមានល្ខោនវាំងននពីខាងក្រោយពួកនេះទេដឹង?
ងាកមកមើលរឿងលោកស្ម័គ្រវិញម្ដង។ លោកក៏មិនខុសពីនាយកទក្សិណ ដែរ។ នាយករដ្ឋមន្ត្រីស្របច្បាប់ដែលប្រជាជនបានសម្ដែងមតិបោះឆ្នោតធ្វើជានាយកប្រចាំប្រទេស ទីបំផុតត្រូវបានគេលេងសើច ទាញអុកគូថដូចកូនអុក។
ការប្រកាសមួយលើកជាពីរលើករបស់នាយកស្ម័គ្រថាមិនចុះចេញពីតំណែងជាដាច់ខាត តាមការទាមទារដ៏ខុសច្បាប់របស់ពួកនេះ សម្អាងថាលោកទទួលឋានៈជានាយកពេញដោយច្បាប់ពីប្រជាជនមានតែប្រជាជន និងតំណាងរាស្ត្រក្នុងសភាតែប៉ុណ្ណោះដែលអាចបណ្ដេញគាត់ចេញដោយស្របច្បាប់តាមលក្ខណៈប្រជាធិបតេយ្យ។ តើការពោលបែបនេះរបស់លោកស្ម័គ្រត្រឹមត្រូវដែរឬទេ? បើតាមមតិលោកប្រធានប្រឆាំងវ័យក្មេងអភិសិទ្ធិ វេជ្ជាជីវៈ បាននិយាយក្នុងបទសម្ភាសទូរទស្សន៍លេខ៣ថៃម្សិលមិញថា បើទោះបីរាស្ត្របោះឆ្នោតឲ្យក៏ពិតមែន តែឧទាហរណ៍ប្រសិនបើលោកបានទទួលការបោះឆ្នោតពីរាស្ត្រ លោកក៏មិនមែនយកអំណាចនេះទៅធ្វើអ្វីតាមអំពើចិត្តដែរ។ ពុទ្ធោហ្អើយ! លោកស្ម័គ្របានធ្វើអ្វីខ្លះ ក្រៅពីពួកលោកនាំគ្នាប្រមាថលោកថាមុខដូចជ្រូកនោះ ហាហា៎។ លោកដេកយល់សប្តិ៍ទៅ គ្មានថ្ងៃណាលោកឈ្នះឆ្នោតបានអង្គុយកៅអីនាយករដ្ឋមន្ត្រីទេ លើកលែងតែលោកទៅសម្លាប់ពួកអ្នកស្រុកពួកអ្នកស្រែថៃទាំងអស់ឲ្យអស់ពីផែនដីលោក។
គិតទៅចុះបើមានការរុះរើគណៈរដ្ឋមន្ត្រីនេះ និងមានការបោះឆ្នោតជាថ្មីវិញ ហើយពួកគណបក្សស្ម័គ្រនៅតែឈ្នះដដែល តើពួកនោះគិតយ៉ាងម៉េចដែរ? នេះជាសំណួរមួយដែលធ្វើឲ្យពួកនោះពិបាកឆ្លើយ ហើយជាក់ស្ដែងពួកនោះថែមទាំងបានបដិសេធការបោះឆ្នោតជាថ្មីផងទៀត ដោយពួកនេះមើលឃើញច្បាស់ណាស់ថាប្រាកដជាមិនឈ្នះ។ អ្វីដែលពួកនេះចង់លេង គឺចង់លេងបែបផ្លូវកាត់តែម្ដង រើសមនុស្សព្រះឥន្ទ្រជប់មកដាក់ជំនួសពួកតួល្ខោនដែលកាន់អំណាចសព្វថ្ងៃ។ នមោ!
យើងរង់ចាំមើលបន្តទៀតមើល៍ ល្ខោនជាតិថៃលេងដល់វគ្គណាទៀត បើគូសត្រូវទាំងសង្ខាងមិនព្រមចុះចាញ់គ្នាសោះ! យ៉ាងណាយ៉ាងណី លោកស្ម័គ្រ ទ្រាំឲ្យបានរលកស៊ុណាមិលើកនេះ និងសង្ឃឹមថាលោកមិនមានវាសនាដូចអតីតនាយកទក្សិណទៅចុះ៕
____________________________________________________
អានប្រកាសទាក់ទង៖
១. ចង់ធ្វើនាយករដ្ឋមន្ត្រីយ៉ាងក្ដៅក្ដិត







[...] អានព័ត៌មានភាសាអង់គ្លេស៖ Thaksin Ally Chooses Thai Prime Minister Thai parliament elects pugnacious Samak as PM អានប្រវត្តិលោកស្ម័គ្រនៅវីគាភីឌាភាសាខ្មែរ ១. ប្រជាធិបតេយ្យមួយលើផ្លូវដ៏រខេ… [...]
[...] ១. ឈ្មោះរដ្ឋមន្ត្រីថៃ ២. ប្រជាធិបតេយ្យមួយលើផ្លូវដ៏រខេ… [...]
[...] ៤. ប្រជាធិបតេយ្យមួយលើផ្លូវដ៏រខេ… ៥. [...]
[...] អានប្រកាសទាក់ទង៖ ១. ប្រជាធិបតេយ្យមួយលើផ្លូវដ៏រខេ… ២. នរណាជាអភិសិទ្ធិ វេជ្ជាជីវៈ? ៣. [...]
[...] [...]