jump to navigation

បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ ខែ វិច្ឆិកា 9, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
1 comment so far

ជា​រៀង​រាល់​ឆ្នាំ ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ខ្ញុំ​មិន​ដែល​ភ្លេច​ទេ ទៅ​ចាំ​ថត​រូប​មុខ​វិមាន​ឯករាជ្យ​ផ្នែក​ខាង​លិច ដើម្បី​ផ្ដិត​យក​រូបភាព​វិមាន​ឯករាជ្យ ជាមួយ​នឹង​កាំជ្រួច​ដែល​បាញ់​នៅ​ម៉ោង​ប្រមាណ​៧​យប់។

ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​ទៅ​យ៉ាង​ស្រឡះ និង​គួរ​ឲ្យ​ស្ដាយ​ជា​ពន់​ពេក​ដែល​ខ្ញុំ​មិន​បាន​នៅ​ស្រុក​ខ្មែរ​ដើម្បី​ចូល​រួម​ជាមួយ​ជន​រួម​ជាតិ​ក្នុង​ទិវា​ដ៏​អស្ចារ្យ​នៃ​ខេមរជន។ តាម​ពិត​ខ្ញុំ​មាន​បំណង​ទៅ​ស្រុក​ខ្មែរ​ក្នុង​ឱកាស​នេះ​ដែរ តែ​ខាង​សាលា​គេ​មិន​អនុញ្ញាត​ដោយ​ហេតុ​មិន​ទាន់​មាន​ទិដ្ឋាការ​ចេញ​ចូល រហូត​ដល់​រយៈ​ពេល​បី​ខែ។ គួរ​ឲ្យ​ស្ដាយ​ណាស់។

ព្រឹក​នេះ​ខ្ញុំ​ដាច់​ខាត​ត្រូវ​ទស្សនា​យ៉ាង​ហោច​ណាស់​បំណាច់​មិន​នៅ​ស្រុក ត្រូវ​ទស្សនា​ទូរទស្សន៍​ដែរ។ ដោយ​ហេតុ​បន្ទប់​ខ្ញុំ​មិន​អាច​ទស្សនា​ទូរទស្សន៍​ពី​ស្រុក​ខ្មែរ​បាន​ទេ ខ្ញុំ​ត្រូវ​រូតរះ​ពី​ព្រលឹម​ដើម្បី​​ធ្វើ​ដំណើរ​​ទៅ​កន្លែង​ស្នាក់​នៅ​របស់​មិត្រ​រួម​ថ្នាក់​ខ្ញុំ​ដែល​ជា​ជនជាតិ​លាវ (ប្រហែល​២០​ទៅ​៣០​នាទី​តាម​រថយន្ត​ក្រុង) ដោយ​សារ​នៅ​អាផាតរ៍មេនត៍​គេ អាច​ទស្សនា​ទូរទស្សន៍​ខ្មែរ​បាន គឺ​ប៉ុស្តិ៍​ស៊ីធីអេន។

ខ្ញុំ​ពិត​​ជា​រំភើប​មែន​បាន​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍​ទូរទស្សន៍​ស៊ីធីអេន ទស្សនា​ពិធី​ព្យុះហយាត្រា​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​លើក​ទី​៥៥​នៃ​ខេមរជន​យើង ដ្បិត​តែ​ឆ្នាំ​នេះ​ខ្ញុំ​មិន​បាន​នៅ​ថត​រូប​ដោយ​ផ្ទាល់ ខ្ញុំ​ជឿជាក់​ថា​បង​ប្អូន​ជន​រួម​ជាតិ​យើង​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​នៅ​ថ្ងៃ​នេះ។

រីករាយ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្មែរ​ពី​ក្រៅ​ប្រទេស! ជយោ កម្ពុជ​ឯករាជ្យ​!!!

__________________________________________________________
ប្រកាស​ទាក់ទង
១. បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ
២. វិមាន​ឯករាជ្យ​នា​ពេល​ថ្ងៃ
៣. វិមាន​ឯករាជ្យ​ខ្មែរ​នា​យប់​ថ្ងៃ​៩ វិច្ឆិកា ២០០៧
៤. ជ័យោក័ម្ពុជាឯករាជ្យ!
៥. កម្ពុជា​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៥៥
៦. រូបភាព​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៥
៧. អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ ទិវា​បុណ្យ​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កម្ពុជា​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៥៥ ខែ វិច្ឆិកា 9, 2008

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ បាន​រៀបចំ​ពិធី​រំឭក​ខួប​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៥៥ ពី​អាណានិគម​និយម​បារាំង។

 
AFP Photo
ព្រះ​មហាក្សត្រ ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី (កណ្ដាល) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ទី​២​ពី​ស្ដាំ) ព្រមទាំង​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​ដទៃ​ទៀត ស្ដាប់​ភ្លេង​ជាតិ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៥៥ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៩ វិច្ឆិកា ២០០៨។

នៅ​ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការយាង​ចូលរួម​ពី​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី រួម​ទាំង​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ក៏ប៉ុន្តែ ព្រះបាទ សម្ដេច​ព្រះ​នរោត្តម សីហនុ អតីត​ព្រះ​មហាក្សត្រ​ដែល​បាន​ទាមទារ​ឯករាជ្យ​ពី​បារាំង​នោះ​មិន​មាន​វត្តមាន​នៅ​ក្នុង​ពិធី​នោះ​ឡើយ​ដោយ​ព្រះអង្គ​កំពុងតែ​គង់​ប្រថាប់​នៅ​ឯ​ក្រៅ​ប្រទេស។

នៅ​ក្នុង​ឱកាស​នោះ​ព្រះ​មហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ថា ការធ្វើ​ពិធី​ជួប​ជុំ​គ្នា​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​កម្ពុជា ៖ «មិទ្ទិញ​ដ៏​មហោឡារិក​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​បំផុត​និង​ត្រូវតែ​ចងចាំ​អំពី​ការទទួល​បាន​នូវ​ឯករាជ្យ​ដ៏​ពេញលេញ​និង​សិទ្ធិ​សេរីភាព​ដ៏​ពិសិដ្ឋ​ដែល​ប្រជាជាតិ​កម្ពុជា​បាន​ទាមទារ​ពី​អាណានិគម​និយម ក្រោម​ព្រះរាជ​បូជនកិច្ច​ដ៏​ឧត្តុង្គឧត្ដម​របស់​ព្រះ​មហា​វីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ​ជាតិ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត»

ព្រះ​មហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​រំឭក​ពី​ការតស៊ូ​ទាមទារ​ឯករាជ្យ​ពេញ​ទី​ដែល​មាន​ការចូលរួម​ចលនា​ពី​ប្រជាពលរដ្ឋ រួម​ជាមួយ​នឹង​ចលនា​ជីវពល នារី​ក្លាហាន នៅ​ក្នុង​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​ពី​អង្គ​សម្តេច​ឪ ដោយ​តស៊ូ​បាន​ឯករាជ្យ​ពេញ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។

ព្រះ​មហាក្សត្រ​បាន​មាន​បន្ទូល​ថា ដើម្បី​រំឭក​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​និង​មន្ត្រី​រាជការ​បាន​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ ៖ «នេះ​គឺ​ជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​ដែល​ឆ្លើយ​តប​យ៉ាង​ស័ក្តិសម​ទៅ​នឹង​បេសកកម្ម​និង​ពលិកម្ម​ប្រកប​ដោយ​មនសិការ​ជាតិ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជបិតា​ឯករាជ្យ​ជាតិ ដែល​ជានិច្ចកាល​ព្រះអង្គ​តែងតែ​សព្វ​ព្រះរាជហឫទ័យ​ស្ងើច​សរសើរ​ចំពោះ​ភ័ព្វ​វាសនា​របស់​មាតុភូមិ​និង​ប្រជារាស្ត្រ​កម្ពុជា​យើង​ដែល​បាន​រួច​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម​និង​ទទួល​បាន​ការរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ​ក្នុង​ការកសាង​ការពារ​និង​អភិវឌ្ឍ​តាម​យន្តការ​នៃ​ការគ្រប់គ្រង​ប្រកប​ដោយ​វិចារណញ្ញាណ​ដ៏​អស្ចារ្យ»

នៅ​ក្នុង​ក្បួន​ព្យុះ​ហយាត្រា​នោះ​ក្រសួង​មន្ទីរ​នីមួយៗ​បាន​ដង្ហែ​ក្បួន​ដោយ​រៀបចំ​មាន​ផែន​មន្ត្រី​រាជការ  ដោយ​មាន​ការបង្ហាញ​អំពី​សកម្មភាព​ការងារ​និង​សក្តានុពល​នៃ​លើ​គ្រប់​វិស័យ និង​មាន​ក្បួន​សិស្ស និស្សិត ក្បួន​កម្មករ កសិករ ហើយ​ក៏​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ៕

ប្រភពអាស៊ី​សេរី
__________________________________________________________
ប្រកាស​ទាក់ទង
១. រូបភាព​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៥
២. អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ ទិវា​បុណ្យ​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
៣. បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ

រូបភាព​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៥ ខែ វិច្ឆិកា 9, 2008

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
2 comments