ទិដ្ឋភាពថ្ងៃទី១នៃបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ខែ វិច្ឆិកា 11, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.4 comments
ដោយ សោភ័ណ
2008-11-11
ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមមាត់ទន្លេ ទោះជាការប្រណាំងទូកចាប់ផ្តើមនៅម៉ោង១១ព្រឹកក៏ដោយ ប៉ុន្តែគេសង្កេតឃើញពុំសូវមានមនុស្សកកកុញប៉ុន្មានទេ តែគេឃើញមនុស្សច្រើនកុះករនៅតាមដងផ្លូវនានា។
RFA/Sophorn
ទូកងដែលចូលរួមប្រណាំងនៅក្នុងថ្ងៃដំបូង នៃបុណ្យអុំទូក នាថ្ងៃទី១១ វិច្ឆិកា ២០០៨។
នៅក្នុងពិធីនោះ ទាំងកីឡាករនិងទាំងអ្នកទៅទស្សនា សុទ្ធតែបានសម្ដែងភាពរីករាយអបអរសារទយ៉ាងខ្លាំងក្លា។
កីឡាករអុំទូកម្នាក់មកពីខេត្តក្រចេះដែលជាអ្នកចាញ់ក្នុងការប្រណាំងទូកលើកទី១នៅថ្ងៃដំបូង អះអាងថា ថ្វីត្បិតតែទូករបស់លោកចាញ់ ប៉ុន្តែលោកនៅតែសប្បាយចិត្ត ហើយសង្ឃឹមថា នឹងបានទទួលជោគជ័យនៅថ្ងៃផ្តាច់ព្រ័ត្រ ៖ «អត់មានអារម្មណ៍ភ័យព្រួយទេ ដឹងតែពីសប្បាយ ជើងក្រោយដឹងតែឈ្នះវិញហើយ សង្ឃឹមអ៊ីចឹងតែម្ដង»។
កីឡាករមកពីខេត្តកណ្តាលដែលមានទូកឈ្មោះ សរពេជ្រសែនជ័យ ហើយជាអ្នកឈ្នះនោះ បានសម្ដែងទឹកចិត្តរីករាយ ហើយបានអះអាងថា លោកនឹងយកជ័យជំនះរហូតដល់ទីបំផុត។
លោកបន្តថា ទូករបស់លោកធ្លាប់បានមកប្រកួតប្រណាំងកាលពីឆ្នាំមុនម្តងរួចមកហើយ តែកាលពីឆ្នាំមុននោះទទួលបានលេខ២ ៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយសប្បាយចិត្ត»។
ចំណែកឯប្រជាពលរដ្ឋដែលកំពុងឈរមើលការប្រណាំងទូក អ្នកស្រី ធី មកពីខេត្តក្រចេះ បានរៀបរាប់ថា អ្នកស្រី ព្រមទាំងកូនៗ៣នាក់ទៀត ទើបតែមកចូលរួមមើលពិធីបុណ្យអុំទូកនៅឆ្នាំនេះ ព្រោះចង់ឃើញទិដ្ឋភាពផ្ទាល់ភ្នែកតែម្តង គឺមានភាពសប្បាយជាងមើលតាមទូរទស្សន៍ ៖ «ទើបតែមកឆ្នាំហ្នឹង។ មានអារម្មណ៍ដូចថា សប្បាយ»។
អ្នកទស្សនាមកពីខេត្តផ្សេងៗទៀត បានសម្ដែងទឹកចិត្តរីករាយប្រហាក់ប្រហែលគ្នា ហើយថាទោះត្រូវចំណាយថ្លៃឈ្នួលតាក់ស៊ីច្រើនបន្តិច ក៏គ្មានបញ្ហាដែរ ៖ «អារម្មណ៍ខ្ញុំសប្បាយ ចង់មកមើលគេអុំទូក»។
ស្រ្តីដែលកំពុងដើរលក់មួកធ្វើអំពីស្លឹកត្នោតមកពីស្រុកពញាឮ ខេត្តកណ្តាល បានរៀបរាប់ថា អ្នកនាងដើរលក់មួកតាមមាត់ទន្លេនៅពេលបុណ្យអុំទូករៀងរាល់ឆ្នាំ ប៉ុន្តែនៅថ្ងៃដំបូងនៃបុណ្យអុំទូកក្នុងឆ្នាំនេះ ហាក់ដូចជាពុំសូវមានមនុស្ស ហើយមួករបស់នាងក៏លក់មិនសូវដាច់ដែរ ៖ «ជួនកាលដាច់ ជួនកាលអត់សូវដាច់។ ថ្ងៃហ្នឹងលក់អត់សូវដាច់ ស្អែកដាច់វិញអ៊ីចឹងទៅ។ អត់សូវមានអ្នកទិញព្រោះអីមនុស្សតិចពេក»។
អ្នកលក់ទឹកបរិសុទ្ធនៅតាមមាត់ទន្លេដែរនោះ បានឲ្យដឹងថា គាត់លក់ទឹកសុទ្ធនៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូកនៅឆ្នាំនេះមិនសូវដាច់ទេ ប៉ុន្តែទោះជាយ៉ាងណា ក៏គាត់សប្បាយចិត្តដែរ ព្រោះមកលក់បានលុយហើយ បានមើលការប្រណាំងទូកទៀត។
ប្រសិនបើគេធ្វើដំណើរតាមមាត់ទន្លេហួសទៅដល់សួនច្បារ ហ៊ុន សែន គេឃើញមានស្តង់លក់ទំនិញគ្រប់ប្រភេទជាច្រើនតម្រៀបគ្នាជាជួរ ហើយនៅក្នុងស្តង់លក់ទំនិញនីមួយៗ មានការតុបតែងភ្លើងយ៉ាងប្រណីត ហើយក៏មានការចាក់បទចម្រៀងនិងការប្រកាសអំពីគុណសម្បត្តិផលិតផលនីមួយៗរបស់ពួកគេ ធ្វើឲ្យបរិយាកាសនៅទីនោះមានសភាពអ៊ូអរ។
ប្រធានផ្នែកលក់ប្រេងខ្យល់ ប្រេងរឹត ដែលនាំមកពីក្រៅប្រទេសបានឲ្យដឹងថា ពិធីបុណ្យអុំទូកជាឱកាសល្អសម្រាប់ក្រុមហ៊ុនរបស់លោកក្នុងការផ្សព្វផ្សាយអំពីផលិតផលដើម្បីឲ្យមនុស្សគ្រប់គ្នាបានស្គាល់ ៖ «រៀងរាល់ឆ្នាំ នៅពេលបុណ្យអុំទូក គឺជាឱកាសល្អក្នុងការផ្សព្វផ្សាយព្រោះយើងអាចផ្សព្វផ្សាយដល់មជ្ឈដ្ឋានពីលើដល់ក្រោម»។
ចំណែកឯនៅខាងត្បូងសួនច្បារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅមុខសភាជាតិ ក៏មានការតាំងពិព័រណ៍សមិទ្ធផលរបស់ក្រសួងនានាយ៉ាងល្អប្រណីតផងដែរ។
បើតាមស្នងការនគរបាលក្រុងភ្នំពេញ លោក ទូច ណារ៉ុថ បានមានប្រសាសន៍ថា ដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកនេះឲ្យបានល្អប្រសើរ លោកបានដាក់កម្លាំងការពារចំនួនជិត១ម៉ឺននាក់។
លោកបន្តថា រហូតមកដល់ម៉ោងនេះ មិនមានបញ្ហាអ្វីនៅឡើយទេ ដោយសារតែការសហការធ្វើ់ចរាចរណ៍បានល្អ។
នៅម៉ោងប្រមាណ ៤រសៀល លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅដល់មុខព្រះបរមរាជវាំង ហើយម៉ោងប្រមាណ ៤និង៣០នាទីរសៀល ព្រះមហាក្សត្រព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានយាងចូលរួមជាព្រះរាជាធិបតីនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅថ្ងៃដំបូងនេះ ហើយក៏មានភ្ញៀវបរទេសជាច្រើនបានចូលរួមជាកិត្តិយសនិងទស្សនាផងដែរ។
សូមជម្រាបថា នៅឆ្នាំនេះមានទូកប្រណាំងចំនួន ៤២៣ទូក ក្នុងនោះទូកខ្នាតអន្តរជាតិចំនួន៩៨ទូក និងមានកីឡាករសរុបចំនួន ២៦.០៩៥នាក់ ហើយនៅក្រោយការប្រណាំងទូក នឹងមានការបាញ់កាំជ្រួច បណ្ដែតប្រទីប និងការប្រគំតន្ត្រីនៅតាមទីសាធារណៈជាច្រើនកន្លែងផងដែរ៕
ប្រភព៖ អាស៊ីសេរី
__________________________________________________
ប្រកាសទាក់ទង៖
១. ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
២. Biggest Water Festival to date expected this week
៣. បុណ្យអុំទូកថ្ងៃទី២មានមនុស្សចូលរួមទស្សនាច្រើនកុះករជាងថ្ងៃទី១
ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប ខែ វិច្ឆិកា 11, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.2 comments
ដោយ កេសរណ្ណីយ្យា
2008-11-11
ជាទូទៅពិធីបុណ្យបណ្តែតប្រទីប ដែលប្រារព្ធធ្វើរួមគ្នាជាមួយពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុក តែងប្រព្រឹត្តទៅរយៈពេល ៣យប់ ៣ថ្ងៃ តាមប្រតិទិនច័ន្ទគតិ គឺចាប់ផ្តើមពីថ្ងៃ១៤កើត រហូតដល់ថ្ងៃ១រោច ខែកត្តិក។
AFP File
ការបណ្ដែតប្រទីបនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក នាថ្ងៃទី៦ វិច្ឆិកា ២០០៦។
សៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៦៩ ដែលនិពន្ធចងក្រងដោយលោកឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិតទី១ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានកត់ត្រាឲ្យដឹងថា តាមកំណត់ព្រះរាជពិធីក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខែកត្តិកនេះ គឺជាព្រះរាជពិធីមួយ ដែលព្រះរាជាខ្មែរ តែងប្រារព្ធធ្វើនៅក្នុងទន្លេចតុមុខនិងកំពង់ព្រះដំណាក់ផែខាងមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះ មានការបណ្តែតប្រទីបជា្វលា នៅគ្រប់ទាំងបីថ្ងៃនៃពិធីបុណ្យ។
ប៉ុន្តែលោកឧកញ៉ា ទេពពិទូរ ក្រសេម ក៏បានសរសេរបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា ចំពោះខាងប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅតាមវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាវិញ ជាប្រពៃណីនៅរៀងរាល់ឆ្នាំ តែងធ្វើពិធីបណ្តែតប្រទីបនៅវេលាយប់១៥ កើតពេញបូណ៌មី ខែអស្សុជ ដែលជាថ្ងៃព្រះសង្ឃបវារណាចេញវស្សា ឬហៅថាពិធីបុណ្យចេញព្រះវស្សា ពោលគឺធ្វើមុន១ខែ។
ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់នៅវត្ត «លង្កាព្រះកុសុមារាម» ក្នុងរាជធានីភ្នំពេញ បានមានថេរដីកាអំពីដំណើរនៃការប្រារព្ធពិធីបុណ្យបណ្តែតប្រទីបនេះ ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុកនិងតាមទីអារាមពុទ្ធសាសនាដែលចាប់ធ្វើ ១ខែ មុនពិធីបុណ្យបណ្ដែតប្រទីបផ្លូវការក្នុងខែកត្តិកនេះ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «ប្រវត្តិនៃប្រទីបហ្នឹង ធ្វើហ្នឹង គឺធ្វើចាប់តាំងពីថ្ងៃដែលព្រះសង្ឃចេញវស្សាមកម្ល៉េះ។ ព្រះសង្ឃចេញវស្សាគឺថ្ងៃ១៥កើត ខែអស្សុជហ្នឹង ពេលព្រឹកគេមានទេសនាជាតក អ៊ីចឹងទៅ នៅពេលយប់ឡើង គឺយប់ថ្ងៃទី១៥កើតហ្នឹង គេហែប្រទីបទៅតាមវត្តនីមួយៗទូទាំងប្រទេសកម្ពុជាយើង បើនៅតាមមាត់ទន្លេ គេធ្វើជាដង្ឃឹក ដាក់សម្ភារៈ ដាក់អាហារភោជនសព្វបែបយ៉ាង គេបណ្ដែតទៅតាមទន្លេទៅ ហើយអុជជាប្រទីបជ្វាលា ដង្ហែទៅតាមដង្ឃឹធំហ្នឹង។ ហើយដាក់នៅក្នុងដង្ឃឹកហ្នឹង មួយចំនួន ល្អៗ គេយកសម្រាប់ប្រគេនព្រះសង្ឃពេលព្រឹកឡើងអ៊ីចឹង ហើយដល់ពេលមួយចំនួនទៀត យកសម្រាប់ចែកក្មេងៗដែលហែហ្នឹង ឲ្យបរិភោគ ជូនចាស់ៗ សល់ប៉ុន្មានទៀត គឺដាក់បណ្ដែតទៅតាមទឹក។ ដង្ឃឹកហ្នឹង គេធ្វើជាលក្ខណៈទ្រង់ទ្រាយប្រៀបបានដូចជាប្រាសាទតូចមួយអ៊ីចឹង ហើយនៅតំបន់មួយចំនួន ដូចខាងនៅខេត្តកំពង់ចាម អាត្មាធ្លាប់គង់នៅ ក៏នៅតែមានធ្វើអ៊ីចឹងដែរ តាមមាត់ទន្លេគឺបណ្ដែតប្រទីប ពេញព្រោងព្រាតទាំងអស់ ហើយនៅតាមតំបន់មួយចំនួន ដែលដាច់ស្រយាលពីមាត់ទន្លេ ក៏គេធ្វើជាដង្ឃឹកអ៊ីចឹង អុជចន្លុះសម្រាប់តំណាងជាប្រទីបបណ្ដែតហ្នឹង ឲ្យក្មេងៗកាន់ជាជួរៗ មើលពីចម្ងាយស្អាតដូចក្នុងទន្លេអ៊ីចឹង»។
ទាក់ទងនឹងគោលគំនិតផ្នែកជំនឿប្រពៃណីទំនៀមទម្លាប់នៃការរៀបចំដាក់ផ្លែឈើ នំនែក អាហារភោជន និងគ្រឿងរណ្តាប់តាក់តែងផ្សេងៗ នៅក្នុងពិធីបុណ្យបណ្តែតប្រទីបនេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ បានមានដីកាបញ្ជាក់ថា ជាការបង្ហាញនូវភោគផលកសិកម្ម-សិប្បកម្មរបស់អ្នកស្រុក អ្នកភូមិ ក្នុងតំបន់នីមួយៗ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «បុណ្យនេះ គឺធ្វើក្រោយពីថ្ងៃដែលយើងប្រមូលផលកសិកម្ម ហើយយើងធៀបមកក្នុងសម័យបច្ចុប្បន្ន គឺយើងបានបង្ហាញនូវផលិតផល ភូមិមួយផលិតផលមួយ ដើម្បីឲ្យដឹង ប្រមូលតាមស្រុកមកថា តើនៅតាមខេត្តនីមួយៗមានផលិតផលអ្វីខ្លះដែលបានពីផលកសិកម្ម ឬក៏ផលិតផលសិប្បកម្មផ្សេងៗ ហើយតើឆ្នាំហ្នឹង មានកំណើនជាងឆ្នាំមុន ឬក៏មានអត្រាថយចុះជាងឆ្នាំមុន? ម្យ៉ាងទៀតដើម្បីយកមកបែងចែកគ្នាបរិភោគនូវអាហារទាំងហ្នឹង បង្ហាញអំពីភាពសាមគ្គីមួយក្នុងភូមិហ្នឹង ក្រោយពីបានមក លោកអត់ដែលចិត្តកំណាញ់អីទេ តែងតែយកមកចែកគ្នាពិសាអ៊ីចឹងទៅ»។
ចំណែកលោក សួន ឱសថ លេខាធិការនៃគណៈកម្មការទ្រទ្រង់ព្រះត្រៃបិតកប្រចាំវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានអធិប្បាយថា ពិធីបុណ្យបណ្តែតប្រទីបដែលប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ តែងនាំគ្នាធ្វើជាច្រើនតំណតជំនាន់មកនេះ គឺជាពិធីជូនដំណើរវិញ្ញាណក្ខន្ធនៃលោកអ្នកដ៏មានគុណ មានមាតាបិតាជាដើម ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលនោះជាផ្នែកមួយនៃការដឹងគុណផង និងបានជាបុណ្យកុសលមកដល់បុគ្គលដែលជាអ្នកធ្វើផងដែរ។
លោក សួន ឱសថ មានប្រសាសន៍ថា ៖ «រឿងបណ្ដែតប្រទីបនេះ ការបូជាប្រទីបនេះ ជាមង្គលដ៏ឧត្ដមដែរ ពីព្រោះបើយើងធ្វើបុណ្យនៅរដូវភ្ជុំហ្នឹង គឺថា យើងធ្វើដើម្បីឧទ្ទិសកុសលហ្នឹងដល់ញាតិមិត្ត ដល់ជីដូនជីតាយើង ដែលលោកបានចែកឋានទៅ ទៅកើតនៅសុគតិភពណាមួយ។ ហើយដល់ពេលឃើញមកទទួលនូវទានដែលយើងបានធ្វើនារដូវភ្ជុំហ្នឹង គឺជាការមួយហើយ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់ទៅវិញ យើងត្រូវតែជូនគាត់ទៅវិញ អាហ្នឹងជាបដិសណ្ឋារៈមួយ យើងចាត់ទុក យើងកំណត់ថា អស់រដូវភ្ជុំ ញាតិមិត្តជីដូនជីតាយើងត្រឡប់ទៅស្រុក បើអ៊ីចឹងយើងត្រូវជូនដំណើរគាត់ ឃើញថាធ្វើយ៉ាងហ្នឹង ជាការមួយគេហៅថា សគុណ គុណូបការៈរបស់ឧបការីជន ដែលគាត់បានចែកឋានទៅ។ ទោះបីជាគាត់បានអញ្ជើញមកផ្ទាល់ក្ដី មិនបានមកក្ដី ប៉ុន្តែយើងបានធ្វើ ហ្នឹងហើយជាការបូជាដ៏ឧត្ដមដែរ គេហៅថាជាមង្គលដែរ»។
រីឯគោលគំនិតចម្បងផ្នែកពុទ្ធសាសនាវិញ លោកអ្នកជំនាញទាំងពីររូបនេះ ក៏បានបញ្ជាក់ដូចគ្នានឹងសេចក្តីក្នុងសៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» ដែលចែងថា ៖ ពិធីបុណ្យបណ្តែតប្រទីបដែលប្រព្រឹត្តទៅជាមួយនឹងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក គឺជាការគោរពបូជាចំពោះព្រះចង្កូមកែវ គឺព្រះទន្ត ឬធ្មេញ នៃព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតម ដែលព្រះអង្គទ្រង់បានប្រតិស្ឋានទុកនៅក្នុងពិភពនាគ។ ម៉្យាងទៀតគឺបូជារំឭកដល់ស្នាមព្រះបាទរបស់ព្រះអង្គ ដែលប្រតិស្ឋាននៅឯឆ្នេរស្ទឹងមួយឈ្មោះ «នម្មទា» និងនៅក្នុងទីដទៃទៀត នាសម័យពុទ្ធកាលដែលកន្លងទៅអស់រយៈពេល ២៥៥២ឆ្នាំមកហើយនេះ៕
ប្រភព៖ អាស៊ីសេរី
_______________________________________________________________
ប្រកាសទាក់ទង៖
១. Biggest Water Festival to date expected this week
២. ទិដ្ឋភាពថ្ងៃទី១នៃបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក
៣. បុណ្យអុំទូកថ្ងៃទី២មានមនុស្សចូលរួមទស្សនាច្រើនកុះករជាងថ្ងៃទី១






