jump to navigation

ថៃ​ដើរ​ឆ្ងាយ ឆ្ងាយ​ដាច់​សង្វែង ខែ វិច្ឆិកា 13, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
7 comments

វា​គួរ​ឲ្យ​ធុញ និង​ថែម​ទាំង​ទ្រាញ់​សម្បើម​ណាស់​នៅ​ពេល​បញ្ហា​ជម្លោះ​ជាមួយ​ប្រទេស​ខ្មែរ និង​ថៃ​កាន់​តែ​អូស​បន្លាយ​យូរ​​វែង​អន្លាយ​ដូច​អាចម៍​អណ្ដែត​ទឹក​នោះ។

កិច្ច​ប្រជុំ​ថ្មី​ៗ​នេះ​ទៀត​សោត​នៅ​សៀមរាប​មិន​បាន​នាំ​អ្វី​ជា​លទ្ធផល​ធំ​ដុំ​គួរ​ឲ្យ​កត់​សម្គាល់​ទេ បាន​ត្រឹម​តែ​ចំណាយ​ពេល និង​អស់​លុយ​រដ្ឋ​តែ​ប៉ុណ្ណោះ។

ក្រៅ​មិន​បាន​ទទួល​ផល​ជា​ផ្លែ​ជា​ផ្កា អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ភាគី​ថៃ​កាន់​តែ​ព្រហើន​កោង​កាច និង​ចេញ​ចង្កូម​កាន់​តែ​វាយ​ឆ្ងាយ​ទៅ​ៗ រហូត​ដល់​ទាមទារ​ដូរ​ឈ្មោះ​ប្រាសាទ​ព្រះ​វិហារ ទៅ​ជា​ព្រះវិហាន តាម​សំនៀង​ភាសា​ថៃ ឬ​បន្ថែម​ពាក្យ​ “ ព្រះវិហាន” ដូច​ដែល​អាស៊ី​សេរី និង​កោះ​សន្តិភាព​បាន​រាយការណ៍​នោះ។

ការ​ព្រហើន​កោងកាច​របស់​ថៃ​ក្នុង​ករណី​នេះ បើ​យើង​មើល​ម្យ៉ាង​ទៅ​វិញ ទោះ​បី​ជា​ភាគី​កម្ពុជា​បដិសេធ​ជំទាស់​ក៏​ដោយ តែ​នេះ​ជា​សញ្ញាណ​បង្ហាញ​ឲ្យ​ឃើញ​ថា ថៃ​គ្មាន​ចេតនា​ល្អ​នឹង​បញ្ឈប់​ជម្លោះ​នេះ​ទេ ហើយ​នេះ​ជា​ពូថៅ​មួយ​ដែល​ដំ​ក្បាល​រដ្ឋាភិបាល​ខ្មែរ ដែល​ថៃ​ដឹង​ច្បាស់​ជា​មិន​អាច​យក​ឈ្នះ​ថៃ​បាន ហេតុ​នេះ​សំណើរ​បែប​ហួស​ហេតុ និង​ឡប់​សតិ​ជា​ច្រើន​ថ្មី​ៗ ថៃ​នឹង​បន្ត​លើក​ឡើង​គ្រប់​ពេល សម្រាប់​អ្នក​ដឹក​នាំ​ខ្មែរ ដើម្បី​មក​លេង​កូន​អុក​ជាមួយ​ថៃ។ Sic

ភាព​អាប់​ប្រាជ្ញា​របស់​រដ្ឋាភិបាល​ខ្មែរ និង​ភាព​ឃោឃៅ​ល្បិច​រាប់​ជំពូក​របស់​រដ្ឋាភិបាល​ថៃ​ បាន​ធ្វើ​ឲ្យ​ប្រាសាទ​ព្រះវិហារ​ដ៏​កម្សត់​ក្លាយ​ជា​ចំណាត់​ខ្មាំង​នៃ​ជម្លោះ​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​នេះ​ទៅ​វិញ។

មក​ដល់​កាលៈទេសៈ​នេះ​ទៅ​ហើយ នៅ​ពេល​ដែល​យើង​ឃើញ​កាន់​តែ​ច្បាស់​នូវ​មហិច្ឆិតា​ដ៏​ថោក​ទាប​មារយាទ​ឥត​មេបា​រក្សា​កេរ្តិ៍​របស់​រដ្ឋាភិបាល​ថៃ យើង​កំពុង​តែ​មាន​ចម្ងល់​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​ទៅ​វិញ​ដែល​កំពុង​ព្យាយាម​បិទបាំង​ រក្សា​ហ្កេមស៍​ជម្លោះ​នេះ​ជាមួយ​ថៃ​ទៅ​វិញ។ តើ​នេះ​ជា​ការ​ព្យាយាម​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ខ្មែរ​ឬ​យ៉ាង​ណា?

យើង​ឃើញ​ច្បាស់​ណាស់​នៅ​ពេល​ដែល​ជំហរ​នៃ​រដ្ឋាភិបាល​ខ្មែរ​មាន​ភាព​មិន​ប្រាកដ​ប្រជា​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ថៃ​ឡើង​ចាង ចេញ​​ឫក​ក្អេងក្អាង​ពី​មួយ​ថៃ​ទៅ​មួយ​ថ្ងៃ ព្រម​ទាំង​មើល​ងាយ​មើល​ស្រាល​រដ្ឋាភិបាល​ខ្មែរ​ក៏​ដោយ​សារ​រឿង​នេះ​ឯង។

តើ​អ្វី​នៅ​ពី​ក្រោយ​ឆាក​ល្ខោន​នយោបាយ​ពិត​ប្រាកដ​នៃ​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​នេះ​ចាញ់​រណប​រដ្ឋាភិបាល​ថៃ មិន​ព្រម​លើក​ឡើង​ជា​អន្តរជាតិ បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ​គ្រប់​គ្នា​ដឹង​ពី​ចារិក​ពិត​នៃ​រដ្ឋាភិបាល​ថៃ​ទៅ​ហើយ​នោះ។

រដ្ឋាភិបាល​ខ្មែរ​គួរ​មាន​សេចក្ដី​ក្លាហាន​​ឲ្យ​ពិត​ប្រាកដ ហ៊ាន​ដោះ​ស្រាយ​បញ្ហា​ជាតិ​មួយ​នេះ​ឲ្យ​បាន​សម្រាប់​ជាតិ និង​មិន​ត្រូវ​បង្អែរ​​រហូត​ដល់​ជាតិ​ដទៃ​មើល​ងាយ​ វាយ​ថ្បក​ក្បាល​ឃូស​ៗ​មួយ​លើក​ជា​ពីរ​លើក​បែប​នេះ​ទេ៕

អាន​ព័ត៌មាន​បន្ថែម
១. លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​កម្ពុជា​និង​ថៃ​ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន
២. ចំណុច​មួយ​បាន​បង្ក​ឲ្យ​តឹងតែង​គឺ​ភាគី​សៀម​ចង់​ឲ្យ​ដាក់​ពាក្យ “ ព្រះវិហាន” ក្រោយ​ពាក្យ​ប្រាសាទ​ព្រះវិហារ
៣. ក្រសួង​ការ​បរទេស​ថៃ​នឹង​ស្នើ​ឲ្យ​សភា​កែ​ពាក្យ​”ប្រ៉ៈវិហាន”​ទៅជា​”ព្រះវិហារ”