ក្រសួងការបរទេសថៃនឹងស្នើឲ្យសភាកែពាក្យ” ប្រ៉ៈវិហាន” ទៅជា” ព្រះវិហារ” ខែ វិច្ឆិកា 14, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.2 comments
ដោយ ឃឹម សារ៉ង
2008-11-14
ក្រសួងការបរទេសថៃនឹងដាក់ស្នើបញ្ហាពីរសំខាន់ៗទាក់ទិនទៅនឹងដំណោះស្រាយបញ្ហាប្រាសាទព្រះវិហារជាមួយកម្ពុជាទៅគណៈរដ្ឋមន្រ្តីរបស់ខ្លួនដើម្បីបន្តសុំសេចក្តីអនុម័តពីរដ្ឋសភាថៃឲ្យបានឆាប់រហ័ស។
AFP Photo
ទាហានខ្មែរដើរនៅក្នុងបរិវេណប្រាសាទព្រះវិហារ នៅលើភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃ២១ កក្កដា ២០០៨ ។
រដ្ឋមន្រ្តីការបរទេសថៃ លោក សំភុង អៈម៉នវីវ៉ាត់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា សំណើទាំងពីរនោះគឺ ទី១ សុំការពិចារណាកែពាក្យ “ ប្រ៉ៈវិហាន” ដែលកម្ពុជាស្នើថា ត្រូវប្រើពាក្យ “ ព្រះវិហារ” និងទី២ គឺធ្វើការកែសម្រួលកងកម្លាំងប្រដាប់អាវុធទាំងសងខាងឲ្យនៅត្រឹមចំនួនស្មើគ្នានៅតំបន់ជុំវិញប្រាសាទព្រះវិហារ។
លោក សំភុង អៈម៉នវីវ៉ាត់ បានមានប្រសាសន៍ថា ៖ “ ខាងភាគីកម្ពុជា គេចង់ប្រើឈ្មោះរបស់គេ គឺព្រះវិហារ យើងក៏បានអង្វរពួកគេដោយប្រាប់ថា យើងមិនទាន់អាចយល់ព្រមបានទេ យើងត្រូវដាក់ស្នើទៅរដ្ឋសភាជាមុនសិន។ ចំណែកការដាក់កម្លាំងទ័ពវិញ គឺស្នើឲ្យមានការដាក់ចំនួនស្មើគ្នា ដូចដែលយើងធ្លាប់បានធ្វើរួចមកហើយ គឺចំនួន៣០នាក់ ស្មើៗគ្នា” ។
គម្រោងនៃការស្នើដល់រដ្ឋសភារបស់ខ្លួននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីកិច្ចចរចាគ្នារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ២០០៨ ជុំវិញដំណោះស្រាយការប្រឈមមុខដាក់គ្នារវាងកងទ័ពថៃនិងកម្ពុជានិងបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
លោក សំភុង បានថ្លែងនៅក្រសួងការបរទេសថៃក្នុងទីក្រុងបាងកកថា រដ្ឋាភិបាលថៃត្រូវតែធ្វើដូច្នេះតាមមាត្រាទី១៩០ វគ្គ២ នៃរដ្ឋធម្មនុញ្ញថៃ។
លោករដ្ឋមន្រ្តីការបរទេសថៃបានថ្លែងដោយក្តីរំពឹងថា ថៃនិងកម្ពុជានឹងអាចចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែនឲ្យបានឆាប់ ហើយថាគេនឹងចាប់ផ្តើមពីប្រាសាទព្រះវិហារមុន។
យោងតាមប្រសាសន៍របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តីការបរទេសទាំងពីរ លោក ហោ ណាំហុង និងលោក សំភុង អៈម៉នវីវ៉ាត់ បានឯកភាពគ្នាលើការដោះមីននិងការវាស់វែងតំបន់ព្រំដែននៅប្រាសាទព្រះវិហារដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០០៨នេះ ហើយនិងបង្កើតក្រុមការងារមួយ (Task Force) ដែលមានសមាសភាពមកពីប្រទេសទាំងពីរជាអ្នកដោះស្រាយបញ្ហាដកកងទ័ពទាំងសងខាងពីតំបន់ជម្លោះនៅខែមករា ឆ្នាំ២០០៩។
ការប្រយុទ្ធគ្នានៅតំបន់ប្រាសាទព្រះវិហាររវាងកងទ័ពប្រទេសទាំងពីរកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០០៨ ទាហានថៃម្នាក់និងទាហានកម្ពុជា៣នាក់បានស្លាប់។
ជម្លោះបញ្ហាប្រាសាទព្រះវិហាររវាងថៃនិងកម្ពុជាបានចាប់ផ្តើមឡើងវិញតាំងពីកម្ពុជាបានដាក់ប្រាសាទបុរាណបែបហិណ្ឌូនេះទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នាខែកក្កដា ឆ្នាំ២០០៨មក៕
ប្រភព៖ អាស៊ីសេរី
____________________________________________________________
ប្រកាសទាក់ទង៖
១. ថៃដើរឆ្ងាយ ឆ្ងាយដាច់សង្វែង






