jump to navigation

ថៃ, មាន​តែ​សង្គ្រាម​ធំ​ដែល​អាច​រំលំ​សង្គ្រាម​តូច?! ខែ វិច្ឆិកា 23, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.
5 comments

ស្ថានការណ៍​ប្រទេស​ថៃ ហាក់​ដូច​ភ្លៀង​រលឹម​អ៊ុរ​ៗ​មិន​ព្រម​ឈប់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ដាំ​ដូង​ទេ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី​ក្នុង​ប្រទេស​យ៉ាង​ជូរចត់​ក្នុង​ប្រវត្តិសាស្ត្រ​ស្យាម​ប្រទេស។

ព្រឹក​នេះ ស្ថានការណ៍​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ មិន​អាច​ទាយ​ទុក​បាន​នៅ​ពេល​ដែល​ពួក​គាំ​ទ្រ​រដ្ឋាភិបាល អាវ​ក្រហម នឹង​រួម​គ្នា​ប្រជុំ​ធំ​ម្ដង​ទៀត​នៅ​ឯ​បរិវេណ​វត្ត​សួនកែវ ក្រៅ​ក្រុង​បាងកក ចំណែក​ឯ​ពួក​ប្រឆាំង​រដ្ឋាភិបាល​ដាច់​ក្បាល​ដាច់​កន្ទុយ ពួក​អាវ​លឿង ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ធំ​ទៅ​វិមាន​រដ្ឋសភា ដើម្បី​ប្រឆាំង​នឹង​កិច្ច​ប្រជុំ​រដ្ឋសភា​ពី​របៀបវារៈ​កែប្រែ​រដ្ឋធម្មនុញ្ញ បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​ប្រធាន​រដ្ឋសភា ថា​មិន​មាន​របៀប​វារៈ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​ក៏​ដោយ​ចុះ។

ការ​ដែល​ពួក​អាវ​លឿង អះអាង​ដាច់ខាត​ថា​នឹង​ធ្វើ​បាតុកម្ម​ធំ​ចុង​ក្រោយ​នេះ​ក៏​ព្រោះ​តែ​ពួក​នេះ​ខឹង​នឹង​ការ​បោះ​គ្រាប់​បែក​មួយ​គ្រាប់​កាល​ពី​ដើម​សប្ដាហ៍​នេះ​ចូល​ទៅ​ក្នុង​បរិវេណ​​តំបន់​ផ្ដាច់​ខ្លួន​របស់​ខ្លួន​នៅ​កណ្ដាល​ក្រុង​បាងកក និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល និង​ពួក​តម្រួត​ថា​មិន​បាន​ជួយ​ការពារ​ពួក​ខ្លួន ខណៈ​ដែល​ពួក​នេះ មិន​បាន​អនុញ្ញាត​ឲ្យ​តម្រួត​ចូល​ទៅ​ក្នុង​បរិវេណ​តំបន់​ស្វយ័ត​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ផង​នោះ Sic

ពួក​អ្នក​គាំទ្រ​ទាំង​សង្ខាង​បាន​នាំ​គ្នា​ជិះ​ឡាន​ក្រុង​ពី​តាម​ខេត្ត​កាល​ពី​យប់​ម្សិលមិញ​នេះ (២២ វិច្ឆិកា ២០០៨) ដើម្បី​មក​ចូល​រួម​គាំទ្រ​ម្ចាស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ហេតុ​ការណ៍​អាច​នៅផុយ​ស្រួយ​ប្រសិន​បើ​ពួក​អ្នក​គាំទ្រ​ទាំង​សង្ខាង​មិន​អាច​ទប់​ស្មារតី​បាន អាច​បណ្ដាល​ឲ្យ​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​កណ្ដាល​ទីក្រុង​ក៏​ថា​បាន។ ក៏​ប៉ុន្តែ ទាំង​អ្នក​ដឹកនាំ​ទាំង​សង្ខាង និង​តម្រួត បាន​អះអាង​ថា នឹង​មិន​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​បាន​ឡើង តែ​សំណួរ​នៅ​ត្រង់​ថា តើ​ពួក​គេ​អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន​កម្រិត​ណា?

អ្វី​ដែល​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នោះ​ផង​ដែរ គឺ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ទក្សិណ ជិនវ័ត្រ បាន​លះលែង​ភរិយា​ជា​ទី​ស្រឡាញ់​របស់​លោក។ អ្នក​វិភាគ​មួយ​ចំនួន​បាន​វិភាគ​ថា នេះ​គឺ​ជា​ព្យុះ​រលក​ដ៏​ធំ​ដែល​លោក​ទក្សិណ នឹង​បង្កើត​នៅ​ស្រុក​ថៃ ដើម្បី​សម្អាត​ភាព​ស្មោះ​ត្រង់​របស់​លោក ដោយ​មិន​ឲ្យ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រួសារ នេះ​ជា​ស្មារតី​ដែល​គួរ​ឲ្យ​កោត​សរសើរ។ តើ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​នឹង​លេង​មែន​ទែន​ដើម្បី​រំលត់​សង្គ្រាម​នៅ​ស្រុក​ថៃ​នេះ​មែន​ឬ​ទេ។ បើ​ពិត​ជា​យ៉ាង​ដូច្នោះ​មែន ល្ខោន​មួយ​រឿង​ធំ​នេះ​ប្រកដ​ជា​ល្អ​មើល​ជាង​ទីតានិក​សម្បើម​ណាស់។ ប្រជាជន​តូច​តាច​គ្មាន​អ្វី​ធ្វើ​បាន​ក្រៅ​ពី​រង់​ចាំ​តាម​ដាន​សាច់​រឿង​នេះ​ត​ទៅ​ទៀត​ទេ។ ស្យាម​ប្រទេស! ឬ​មួយ​ដល់​កាល​អវសាន?

________________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ផល​ប៉ះ​ទង្គិច​ពី​ពួក​អាវ​លឿង