jump to navigation

សួស្ដី​២០០៩ ខែ ធ្នូ 31, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
8 comments

មក​ដល់​​ភ្នំពេញ ខែ ធ្នូ 27, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
16 comments

ចេញ​ពី​បាងកក​ក្រុង​ប្រមាណ​៣​ព្រឹក​ភ្លឺ​នេះ មក​ដល់​ប៉ោយប៉ែត​ប្រមាណ​៧​ព្រឹក​គត់។ នឿយ​ហត់​អស់​កម្លាំង ម៉ោង​ប្រមាណ​ជិត​១០ បាន​ចាក​ចេញ​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ​ក្រុង។

ហ៊ឺ! និយាយ​ពី​រឿង​ប៉ោតប៉ែត​យើង​នោះ មិន​បាច់​ថ្លែង​ទេ ដូច​បារាំង​គេ​ថា ណូ​ខមមេនត៍​ចឹង​ឯង។ ចំណែក​ឯ​តាក់ស៊ី​វិញ គឺ​មហា​បោក​ និង​កុហក​សម្បើម​ណាស់ អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រក​ប៉ោយប៉ែត​ច្បាស់​ជា​យល់​ហើយ។

ល្ងាច​មិញ​នេះ​ខ្ញុំ​បាន​មក​ដល់​រាជធានី​យើង​ប្រមាណ​ជា​ម៉ោង​៤​រសៀល​មក​ដល់​ផ្ទះ​ល្មម តម្លៃ​តាក់ស៊ី​៧​ម៉ឺន​រៀល​គត់។ មក​ដល់​ម្ដុំ​ផ្សារ​ថ្មី ខ្ញុំ​ភ្ញាក់​ខ្លួន​ឲ្យ​ព្រឺត គេ​សាងសង់​ស្តូប​លក់​ដូរ​កណ្ដាល​ផ្លូវ​តែ​ម្ដង ហាហា…។ អាគារ​មួយ​ចំនួន​បាន​សាងសង់​ខ្ពស់​ឡើង​ជាង​ពី​បី​ខែ​មុន និង​ខ្លះ​បាន​សាងសង់​ជិត​រួច​ផង​ដែរ។ ស្ពាន​ច្បារអំពៅ​បាន​បំពាក់​គ្រោង​មើល​ឃើញ​ច្បាស់​ជា​ស្ពាន​ឡើង ចំណែក​ឯ​កន្លែង​ផ្សេង​ៗ​ទៀត មិន​ជា​ប្លែក​អ្វី​ណាស់​ណា​ទេ។

រូម​ស្វីត​រូម

ក្រោយ​ពី​មក​ដល់​ផ្ទះ​ភ្លាម​បាន​ណែម​មួយ​ចំនួន​ទិញ​ពីរ​បាត់ដំបង​ខែត្រ ចែក​បង​ប្អូន ហេហេ… ក្រៅ​ពី​នេះ​ចូល​បន្ទប់​ឆែក​របស់​របរ​។ ម៉ែ​អឺយ បន្ទប់​ស្អុយ ព្រោះ​ទុក​ចោល។ របស់​របស​រេប៉ាយ ព្រោះ​ប្អូន​ស្រី​ខ្ញុំ​យក​តុ និង​កន្ទេល​ទៅ​ដាក់​បន្ទប់​គេ​អស់​ទៅ !ឡ!

បើក​ទូរទស្សន៍​មើល ម៉ែ​អឺយ មិន​ដឹង​ជា​កើត​ស្អុយ​វា ដូច​ចង់​អែរ៉ឺ មិន​ដឹង​រម៉េច ទូរទស្សន៍​ចេះ​តែ​លោត​ៗ មើល​សឹង​មិន​កើត សង្ស័យ​តែ​មាន​ថ្មី​ទេ។ យក​កៅអី​ឡើង​ទៅ​ដល​ក្រដាស​ដែល​គ្រប​ម៉ាស៊ីន​ត្រជាក់ ដើម្បី​បើក​សាក​ល្បង​មើល ព្រោះ​ទុក​ចោល​យូរ​ក្រែល។ ចុច​តេឡេ! ម៉ាស៊ីន​នៅ​ស្ងៀម​គ្មាន​កម្រើក​អ្វី​សោះ។ ចុម! ដក​ថ្ម ដាក់​ឡើង​វិញ អី​យ៉ា ដើរ​បស់​គេ ហេហេ… បន្ទាប់​មក​ឃើញ​ថា អ្វី​ៗ ដើរ​ជា​ធម្មតា​ទេ ក៏​ចាត់​ការ​សម្អាត​បន្ទប់ បាញ់​ក្រែម​ឲ្យ​ឈ្ងុយ​បន្តិច កាកា…

និយាយ​ពី​ផ្ទះ​ខ្ញុំ​វិញ បន្ទាប់​ពី​ថា​ឲ្យ​គាត់​ច្រើន​លើក​សា​ទៅ​ ឳ​ខ្ញុំ​បាន​ចាក់​សាប និង​រៀប​កាឡូរ៉ា​មុខ​ផ្ួះ​ហើយ។ កាល​ពី​មិន​ទាន់​រៀប​មិន​បាច់​ទេ ភ្លៀង​មោ​ម្ដង​ៗ ទឹក​លិច​ និង​បែក​ម៉ាំ​ពេញ​តែ​មុខ​ផ្ទះ។ សុនក​របស់​ខ្ញុំ​វិញ អា​ពីរ​គ្រឿង​តូច​ៗ​នោះ ឥឡូវ​នេះ​មិន​បាច់​ទេ ធំ​ឡើង​ខ្ញុំ​មើល​លែង​ស្គាល់ តែ​ពួក​វា​ក៏​លែង​ស្គាល់​ខ្ញុំ ព្រូស​ខ្ញុំ​ពេញ​ផ្ទះ ហាហា…។ ចំណែក​ឯ​ពីរ​គ្រឿង​ទៀត​អត់​ធំ​អី​រលែង អា​មួយ​អស់​ធំ និង​អាមួយ​ទៀត​ឆ្កែ​ស្រមូវ បាន​អី​ធំ ហេហេហ នៅ​ស្គាល់​ខ្ញុំ​ទេ នាំ​គ្នា​លោត​អរ​ទទួល​ដូច​ព្យុះ ហេហេ..។

ម៉ោង​៥​ជាង​ងូត​ទឹក​ស្លៀក​ពាក់​ដល់​ម៉ោង​ដើរ​ដួស។ អា​ស្ទេព របស់​ខ្ញុំ​នៅ​ដដែល សាំង​ពេញ​ធុង ហាហា ចេញ​មក​មាត់​ទន្លេ យក​ខ្យល់​អាកាស​ឡើង​ត្រជាក់​រំភើយ​ម្រ៉ង​ង៉ៃ​នេះ ឡើង​ចង់​រងារ បន្ទាប់​មក​អ្វី​ដែល​ត្រូវ​ធើ​មុន​គេ​នោះ​គឺ​កាត់​សក់ ហាហា.. សក់​វែង​គ្រាន់​ជាង​៣​ខែ​ហើយ លើក​នេះ​កាត់​ឲ្យ​ខ្លី​បន្តិច ហាហា…

អ្វី​ដែល​អស្ចារ្យ​នោះ ញាតិ​មិត្រ​អឺយ សំបុត្រ​ការ​ពីរ​ច្បាប់​នៅ​លើ​តុ​ស្វាគមន៍​ខ្ញុំ​ពេល​មក​ដល់​ផ្ទះ៕ !ឡ!!!


បន្ទប់​ខ្ញុំ​រញ៉េ​រញ៉ៃ និង​ក្លិន​អស់​ស្ទះ ព្រោះ​ទុក​ចោល​ប្រមាណ​៣​ខែ កិកិកិ…

________________________________
ប្រកាស​ទាក់ទង
១. ជួប​ភ័ក្ត្រ​ភ្នំពេញ
២. មក​ដល់​បឹងកក់
៣. មក​ដល់​ស្រែ​ខ្មុក​ហើយ

ជួប​ភ័ក្ត្រ​ភ្នំពេញ ខែ ធ្នូ 26, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
12 comments

ជួប​ភ័ក្ត្រ​ភ្នំពេញ 

ស្រណោះ​ថ្ងៃ​ទេរ      រសៀល​ជ្រាលជ្រេ      រៀប​អស្ដង្គត
ជិះ​ស្ទេព​សង្ហារ      កាយា​មុះមុត      តែ​ម្នាក់​ឯង​គត់
តាម​ដង​ទន្លេ។

ឃ្លាតឃ្លា​បី​ខែ      បែក​ពី​មាស​ស្នេហ៍      មក​រៀន​ស្រុក​គេ
អស់​ឱ​ភ្នំពេញ      នឹក​អ្នក​ម្ល៉េះ​ទេ      ស្នេហ៍​ស្នង​មាស​មេ
វិល​ជួប​អ្នក​ហើយ។

ប្រហែល​ជា​​អ្នក      ផ្លាស់​ប្ដូរ​វង់​ភ័ក្ត្រ      មិ​ន​ដូច​មុន​ឡើយ
អ្នក​ពិត​ជា​ស្រស់      សម្រស់​ត្រាណ​ត្រើយ      ជួប​អ្នក​ឆាប់​ហើយ
ឆាប់​មែន​ឆាប់​មែន៕ !ឡ!

See you Phnom Penh!

________________________________
ប្រកាស​ទាក់ទង
១. មក​ដល់​​ភ្នំពេញ
២. មក​ដល់​បឹងកក់

រាមកេរ្តិ៍ Vs รามเกียรติ์ ខែ ធ្នូ 25, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
15 comments


ផ្ទាំង​គំនូរ​រឿង​រាមកេរ្តិ៍​ខ្មែរ ដែល​ឆ្លាក់​គូរ​ក្នុង​ថែវ​នា​ព្រះបរមរាជវាំង​ចតុម្មុខ


ផ្ទាំង​គំនូរ​រឿង​រាមកេរ្តិ៍​ថៃ (รามเกียรติ์) ដែល​ឆ្លាក់​គូរ​ក្នុង​ព្រះបរមរាជវាំង​ក្រុង​បាងកក

______________________________________________
អាន​ផង​ដែរ
១. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក
២. កំប្លែងសើចចុកពោះ៖ កេង វ៉ាន់សាក់ បន្ទោសហ្លួងនរោត្ដម រឿងឲ្យជាងគំនូរគូរ ផ្ទាំងរឿងរាមកេរ្តិ៍ នៅក្នុងរាជវាំង
៣. ចម្បាំងវៃយរាពណ៍
៤. ទៅមើលល្ខោនខោល
៥. ល្ខោន​ខោល​ខ្មែរ ជួប​ជាមួយ​ល្ខោន​ខោល​ថៃ ចាំ​មើល​វា​យ៉ាង​ណា?

ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក ខែ ធ្នូ 23, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
12 comments

ព្រឹក​មិញ​នេះ​ថ្នាក់​រៀន​របស់​ខ្ញុំ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ម្ដង​ទៀត។ លើក​នេះ​ពួក​យើង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ព្រះបរមរាជ​វាំង​នៃ​ព្រះមហាក្សត្រិយ៍​ថៃ​នា​សម័យ​ក្រុង​រតនកូស៊ីន។ ដូច​រាល់​ដង​ដែរ ពួក​យើង​ជួប​ជុំ​គ្នា​នៅ​ម៉ោង​៩​ព្រឹក រួច​បន្ត​ដំណើរ​ទស្សនកិច្ច លើក​នេះ​ដោយ​មាន​មគ្គុទេសក៍​ផ្លូវ​ការ​ជួយ​ណែនាំ​ពួក​យើង​ផង។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ​បាន​ចូល​ទស្សនា​ព្រះបរមរាជ​វាំង​ថៃ ដែល​កាល​ពី​លើក​ដំបូង​មក​ទស្សនា​ផ្ទាល់​ខ្លួន​កាល​ពី​ឆ្នាំ ២០០២​មក​ម្ល៉េះ។

ដំបូង​ឡើយ​ពួក​យើង​ធ្វើ​ដំណើរ​ទស្សនា​តំបន់​ព្រះវិហារ​ព្រះកែវមក៌ត​ ឬ​វត្ត​ព្រះស្រីរតនសាស្ដារាម។ បរិវេណ​ក្រុម​ប្រាសាទ​វត្ត​ព្រះ​កែវ​នេះ​រួម​មាន​ក្រុម​ប្រាសាទ​មួយ​ចំនួន​ដែល​យើង​បាន​ទស្សនា​រួម​មាន​ព្រះ​ឧបោសថ, ប្រាសាទ​ព្រះ​ទេព​បិតរ, ចេតីយ​ផ្សេង​ៗ និង​ចម្លាក់​មូដែល​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ​ជា​ដើម។ តាម​មគ្គុទេសក៍​ដែល​បាន​បរិយាយ​នេះ​គឺ​ជា​សម្បួរណ៍​បែប​ភាព​នៃ​ព្រះ​មហាបរមរាជ​វាំង​ថៃ ដែល​បាន​ទទួល​វប្បធម៌​ពី​ប្រទេស និង​ជនជាតិ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ការ​យក​មក​រចនា​ព្រះ​បរមរាជ​វាំង​នេះ​ពី​សំណាក់​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ថៃ។ អារ្យធម៌​ខ្មែរ​ក៏​ត្រូវ​បាន​ព្រះ​មហាក្ស័ត្រិយ៍​តាម​ចំណាប់​អារម្មណ៍​នឹង​សាងសង់​តាម​ដែល​ដោយ​ឆ្លុះ​បញ្ចាំង​តាម​ប្រាង្គ​នានា​នៅ​ក្នុង​បណ្ដា​ប្រាសាទ​មួយ​ចំនួន​នៅ​ក្នុង​រាជ​វាំង​ថៃ​នេះ។

ពួក​យើង​ធ្វើ​ដំណើរ​ទស្សនា​ក្រោម​ការ​បរិយាយ​យ៉ាង​ក្បោះក្បាយ និង​ស្ទាត់​ជំនាញ​ទាំង​ចំណេះ​ដឹង​ និង​ភាសា​អង់គ្លេស​ពី​សំណាក់​មគ្គុទេសក៍​របស់​យើង​ឈ្មោះ ។ បន្ទាប់​ពី​បាន​ទស្សនា​រូប​ចម្លាក់​រាមកេរ្តិ៍​នានា​នៅ​តាម​ថែវ​រួច​មក​ពួក​យើង​ក៏​បាន​បន្ត​ចូល​ក្នុង​ព្រះ​ឧបោសថ ដែល​ជា​កន្លែង​តម្កល់​ព្រះ​កែវ​មក៌ត។ យើង​សង្កេត​ឃើញ​ថា​ក្រោម​កម្ដៅ​ដ៏​ក្ដៅ​ហែង អ្នក​ទេសចរ​រាប់​រយ​នាក់​កំពុង​ប្រជែង​គ្នា​ចូល​ទស្សនា​ព្រះរាជ​វាំង​ថៃ។ តាម​ការ​ឲ្យ​ដឹង​ពី​មគ្គុទេសក៍ មាន​អ្នក​ទេសចរ​បរទេស​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម​៥.០០០​នាក់​ចូល​ទស្សនា​ទី​នេះ។

បន្ទាប់​មក​ពួក​យើង​បាន​ចូល​ទស្សនា​​ព្រះ​ទីន័ង​អមរិន្ទ្រវិនិច្ឆ័យ (ថៃ៖ พระที่นั่งอมรินทรวินิจฉัย)។ ប្រាសាទ​នេះ​ឯង​ដែល​បណ្ដា​ក្ស័ត្រិយ៍​ថៃ​ធ្វើ​ពិធី​ក្នុង​ថ្ងៃ​ឡើង​រាជាភិសេក។ តាម​ការ​សង្កេត​របស់​ខ្ញុំ​ប្រាសាទ​នេះ​មិន​ជា​មាន​សភាព​ធំ​ដុំ​ដូច​ប្រាសាទ​ទេវានិច្ឆ័យ ដែល​ជា​ទី​តាំង​ឡើង​សោយ​រាជ្យ​នៃ​ព្រះមហាក្ស័ត្រិយ៍​ខ្មែរ​យើង​ទេ។ ប្រាសាទ​នេះ​តូច និង​ទាប ព្រម​ទាំង​មិន​មាន​គ្រឿង​មាន​តម្លៃ​អ្វី​ច្រើន​ទេ ក្រៅ​ពី​បល្ល័ង្ក និង​ស្វេតច្ឆត្រ​៩​ជាន់​ដែល​បាន​ដាក់​តាំង​ទី​នេះ​អស់​ជាង​៦០​ឆ្នាំ​មក​ហើយ តាំង​ពី​ថ្ងៃ​សោយរាជ្យ​របស់​ព្រះមហាក្ស័ត្រិយ៍​អង្គ​បច្ចុប្បន្ន​នេះ​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ ក្រៅ​ពី​ប្រាសាទ​មួយ​នេះ ព្រះ​មហាក្ស័ត្រិយ៍​ថៃ​នៅ​មាន​ប្រាសាទ​មួយ​ទៀត​ដែល​គេ​បម្រើ​ពិធី​ដាច់​ដោយ​ឡែក​សម្រាប់​ពិធី​ផ្សេង​ៗ​គ្នា ដែល​ខុស​ពី​ប្រាសាទ​ទេវាវិនិច្ឆ័យ​របស់​យើង​ប្រើ​គ្រប់​ព្រះរាជ​ពិធី និង​ពិធី​រដ្ឋ​ទាំង​អស់​នោះ។

ពួក​យើង​មាន​វាសនា ជា​ភ្ញៀវ​កិត្តិយស តាម​រយៈ​លិខិត​ពី​សាលា ពួក​យើង​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់​នោះ បាន​ចូល​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រះ​ទីន័ង​ចក្រីមហាប្រាសាទ​ (ថៃ៖ พระที่นั่งจักรีมหาปราสาท)។ ប្រាសាទ​នេះ​អ្នក​ទេសចរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ឡើយ។ ទោះ​បី​ជា​ពួក​យើង​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ក្ដី ក៏​ពួក​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​រូប​ទេ។ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​នៅ​ខាង​ក្នុង​បរិវេណ​ប្រាសាទ​នេះ​មាន​សភាព​ធំ​មហាសាល​ណាស់ និង​មាន​ផ្ទក​ទៅ​ដោយ​របស់​របរ​មាន​តម្លៃ​ជា​ច្រើន​ជា​សម្បត្តិ​ទ្រព្យ​នៃ​រាជាណាចក្រ​ថៃ។ ពួក​យើង​ក៏​បាន​ចូល​ទៅ​ទស្សនា​ល្វែង​ដែល​សម្រាប់​ភ្ញៀវ​ទៅ​ចូល​គាល់​ព្រះមហាក្ស័ត្រិយ៍​ផង​ដែរ ទាំង​ល្វែង​សម្រាប់​បុរស​ភេទ និង​ស្ត្រី​ភេទ​ផង​ដែរ។ អ្វី​ៗ​ទាំង​អស់​ដែល​មាន​នៅ​ខាង​ក្នុង​នោះ​គឺ​អស្ចារ្យ​សម្បើម​ណាស់ ជា​ពិសេស​ភ្លុក​ដំរី​ដែល​ធំ​និង​វែង​ដែល​ជា​តង្វាយ​ព្រះមហាក្ស័ត្រិយ៍​ពី​ជៀងម៉ៃ។

បន្ទាប់​មក​ទៀត​ពួក​យើង​បាន​បន្ត​ទៅ​ទស្សនា​​ព្រះ​ទីន័ង​តុសិត​មហាប្រាសាទ (พระที่นั่งดุสิตมหาปราสาท)។ ប្រាសាទ​នេះ​កាល​ពី​ដើម​សាងសង់​ដោយ​ឈើ តែ​បាន​ផ្ទុះ​ឆេះ​ដោយ​សារ​រន្ទះ​បាញ់ ទើប​ក្រោយ​មក​ព្រះមហាក្ស័ត្រិយ៍​ថៃ​បាន​បញ្ជា​ឲ្យ​សាងសង់​ជា​ថ្មី​ដោយ​ថ្ម។ ខ្ញុំ​សង្កេត​ឃើញ​មួយ​ទៀត​នៅ​ទី​នេះ​ក៏​មាន​តាំង​ព្រះរាជបល្ល័ង្ក​សម្រាប់​ព្រះ​មហាក្ស័ត្រិយ៍​ឡើង​សោយរាជ្យ​ដែរ។ ទី​នេះ​បច្ចុប្បន្ន​ប្រើប្រាស់​សម្រាប់​ពិធី​សាសនា​ព្រាហ្មណ៍ និង​ទី​នេះ​ក៏​យក​ធ្វើ​ជា​ទី​តម្កល់​ព្រះបរមសព​ព្រះមហាក្ស័ត្រិយ៍​ថៃ​ផង​ដែរ។

ពួក​យើង​បញ្ចប់​ការ​ទស្សនា​ប្រាសាទ​នេះ​នៅ​ម៉ោង​ប្រមាណ​១២​គត់ រួច​បន្ត​មក​ទស្សនា​មួយ​ម៉ោង​ទៀត​នៅ​សារមន្ទីរ​មួយ​ក្នុង​បរិវេណ​ព្រះបរមរាជវាំង​នេះ។ សារមន្ទីរ​នេះ​មាន​ផ្ទុក​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ដែល​ជា​កម្មសិទ្ធិ​នៃ​ព្រះមហាក្ស័ត្រិយ៍​ថៃ និង​មន្ត្រី​នានា​កាល​ពី​អតីត​កាល ជា​របស់​របរ​ដែល​អ្នក​ធម្មតា​ជា​ច្រើន​រាប់​លាន​នាក់​មិន​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ អ្វី​ដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ​នោះ​គឺ ខ្ញុំ​បាន​ឃើញ​ទ្រព្យ​សម្បត្តិ​នៃ​ផែន​ដី​ខ្មែរ​មួយ​ចំនួន​ដែល​មិន​ដែល​បាន​ប្រទះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​កម្ពុជ​ប្រទេស​យើង ហើយ​ប្រហែល​ជា​កូន​ខ្មែរ​យើង​ជា​ច្រើន​ទៀត​នោះ​គឺ​គ្រឿង​ឥស្សរិយយស​ខ្មែរ (មិន​ជ្រាប​ថ្នាក់) ព្រម​ទាំង​ប្រាក់​កាក់​ខ្មែរ​ជំនាន់​ដើម​របស់​យើង​មួយ​ចំនួន​ផង​ដែរ (ប្រហែល​ក្នុង​សម័យ​ព្រះអង្គ​ឌួង)។ លោក​អ្នក​ជ្រាប​ទេ ប្រាក់​កាក់​ទាំង​នោះ​មាន​ប្រភេទ​ខ្លះ​តូច​ៗ​ទេ គឺ​តូច​ៗ​ប្រមាណ​កូន​ដៃ​យើង​តែ​ប៉ុណ្ណោះ។ ពួក​យើង​បាន​បញ្ចប់​ទស្សនកិច្ច​សិក្សា​នេះ​នៅ​ម៉ោង​១​គត់ ដោយ​ម្នាក់​ៗ​អស់​កម្លាំង​យ៉ាង​ខ្លាំង៕

__________________________________________________________
អាន​ផង​ដែរ
១. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
២. សារមន្ទី​ជាតិ​ថៃ
៣. ទស្សនកិច្ច​សិក្សា៖ សារមន្ទីរ​នានា​នៅ​បាងកក
៤. រាមកេរ្តិ៍ Vs รามเกียรติ์

គណៈ​រដ្ឋមន្ត្រី ទី​៥៩ ខែ ធ្នូ 22, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ, អំពីភាសា.
9 comments


គណៈ​រដ្ឋមន្ត្រី​ថ្មី​ថត​រូប​មុខ​វិមាន​រដ្ឋាភិបាល

ប្រទេស​ថៃ​បាន​មាន​រដ្ឋាភិបាល​ថ្មី​ពេញ​បរិបូរណ៌​ហើយ បន្ទាប់​ពី​ព្រះមហាក្ស័ត្រិយ៍​ថៃ​បាន​ត្រាស់​បង្គាប់ និង​ល្ងាច​នេះ​លោក​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង អភិសិទ្ធិ វេជ្ជាជីវៈ បាន​នាំ​គណៈរដ្ឋមន្ត្រី​របស់​លោក​ចូល​គាល់​ព្រះមហាក្ស័ត្រិយ៍ និង​ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង។

ខាង​ក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ និង​លើក​ពី​របៀប​សរសេរ និង​ហៅ​ឈ្មោះ​បណ្ដា​រដ្ឋមន្ត្រី​ថៃ​ថ្មី​ទាំង​អស់​ដូច​ត​ទៅ៖

គណៈ​រដ្ឋមន្ត្រី​ថៃ ២០ ធ្នូ ២០០៨ មក​ដល់​បច្ចុប្បន្ន

លរ

ឈ្មោះ​ជា​ភាសា​ខ្មែរ និង​ថៃ

សំនៀង​ដែល​គួរ​អាន

មុខ​តំណែង

ឯ.ឧ. អភិសិទ្ធិ វេជ្ជាជីវៈ
นายอภิสิทธิ์   เวชชาชีวะ

អៈ-ភិ-សិត-វេជ-ជា-ជី-វៈ

នាយករដ្ឋមន្ត្រី

ឯ.ឧ. សុទេព ទឿកសុបណ្ណ

นายสุเทพ  เทือกสุบรรณ

សុ-ទេប-តឿក-សុ-បាន់ 

ឧបនាយករដ្ឋមន្ត្រី

 

 

ឯ.ឧ. ករ៍បស័ក្ដិ៍ សភាវសុ
นายกอร์ปศักดิ์  สภาวสุ

កប-សាក់-សៈ-ភា-វៈ-សុ 

ឧត្ដមសេនីយត្រី ស្ន័ន ខចរប្រសាន្ន
พลตรี สนั่น
  ขจรประศาสน์

ស្នាន់-ខៈ-ចៈ-រៈ-ប្រៈ-សាន

ឯ.ឧ. សាទិត្យ វង្សហ្នងតឿយ
นายสาทิตย์  วงศ์หนองเตย

សា-ទិត-វង់-ណង-តឿយ 

រដ្ឋមន្ត្រី​ប្រចាំ​ខុទ្ទកាល័យ
​នាយករដ្ឋមន្ត្រី

 

ឯ.ឧ. វីរៈជ័យ វីរៈមេធីកុល
นายวีระชัย  วีระเมธีกุล

វី-រៈ-ជៃ-វី-រៈ-មេ-ធី-កុល 

ឧត្ដមសេនីយ​ឯក ប្រវិត្រ វង្សសុវណ្ណ
พลเอก ประวิตร  วงษ์สุวรรณ 

ប្រ-វិត-វង់-សុ-វ៉ាន់ 

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស

ឯ.ឧ. ករណ៍ ចាតិកវណិជ
นายกรณ์  จาติกวณิช 

-ចា-តិ-កៈ-វៈ-ណិច 

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ

ឯ.ឧ. ប្រតិស្ឋ ភ័ទ្រប្រសិទ្ធិ
นายประดิษฐ์  ภัทรประสิทธิ์ 

ប្រ-ដិត-ភាក់-ត្រ-ប្រ-សិត 

 អនុ​រដ្ឋមន្ត្រី

 

 ១០

ឯ.ឧ. ពឬឍិជ័យ តម្រុងរ័ត្ន
นายพฤฒิชัย  ดำรงรัตน์ 

-រិត-ធិ-ជៃ-តំ-រ៉ុង-រាត់ 

 ១១

ឯ.ឧ. ក្សិត ភិរម្យ
นายกษิต  ภิรมย์ 

ក្សិត-ភិ-រំ 

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

 ១២

ឯ.ឧ. ជុមពល សិល្បអាជា
นายชุมพล  ศิลปอาชา 

ជុំ-ពុល-សី-លៈ-ប៉ៈ-អា-ជា 

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​កីឡា

 ១៣

ឯ.ឧ. វិឌូរ្យ នាមបុត្រ
นายวิฑูรย์  นามบุตร 

វិ-ឌូ-នាម-បុត 

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ

 ១៤

ឯ.ឧ. ធីរៈ វង្សសមុទ្រ
นายธีระ  วงศ์สมุทร 

ធី-រៈ-វង់-សៈ-មុត 

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​សហករណ៍

 ១៥

ឯ.ឧ. ជាតិ ពុគ្យាភរណ៍
นายชาติ  พุคยาภรณ์ 

ជាត-ពុក-យា-ភ 

អនុ​រដ្ឋមន្ត្រី 

 

 ១៦

ឯ.ឧ. ជាតិជាយ ពុគ្យាភរណ៍
นายชาติชาย  พุคยาภรณ์ 

ជាត-តិ-ជាយ-ពុក-យា-ភ 

 ១៧

ឯ.ឧ. សោភ័ណ្ឌ សារម្យ
นายโสภณ  ซารัมย์ 

សោ-ភាន់-សា-រុំ 

រដ្ឋមន្ត្រី​ក្រសួង​គមនាគម

 ១៨

ឯ.ឧ. ប្រចក្ស ក្លែវក្លាហាន
นายประจักษ์  แกล้วกล้าหาญ 

ប្រ-ចាក់-ក្លែវ-ក្លា-ហាន 

អនុ​រដ្ឋមន្ត្រី 

 

 ១៩

ឯ.ឧ. កឿកូល តានជ័យវិចិត្រ
นายเกื้อกูล  ด่านชัยวิจิตร 

កឿ-កូល-ដាន-ជៃ-វិ-ចិត 

 ២០

ឯ.ឧ. សុវិទ្យ គុណកិត្តិ
นายสุวิทย์  คุณกิตติ 

សុ-វិត-គុណ-កិត-តិ 

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន

 ២១

ឧត្ដមសេនីយត្រី ជំទាវ រៈនងរក្ស សុវណ្ណឆវី 
ร้อยตรีหญิง ระนองรักษ์
  สุวรรณฉวี 

រៈ-នង-រាក់-សុ-វ៉ាន់-ឆ-វី 

រដ្ឋមន្ត្រី​ក្រសួង​បច្ចេក​វិជ្ជា និង​ព័ត៌មាន

 ២២

ឯ.ឧ.​ វណ្ណរ័ត្ស ជាញនុកូល
นายวรรณรัตษ์  ชาญนุกูล 

វ៉ាន់-នៈ-រាត់-ជាញ-នុ-កូល 

រដ្ឋមន្ត្រី​ក្រសួង​ថាមពល

 ២៣

ជំទាវ ពរទិវា នាគាស័យ
นางพรทิวา  นาคาศัย 

-រៈ-ទិ-វា-នា-គា-សៃ 

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម

 ២៤

ឯ.ឧ. អលុងករណ៍ ពលបុត្រ
นายอลงกรณ์  พลบุตร 

-ឡុង-ក-ព-លៈ-បុត 

អនុ​រដ្ឋមន្ត្រី 

 ២៥

ឯ.ឧ. ជវរ័ត្ន ជាញវីរកូល
นายชวรัตน์  ชาญวีรกูล

ជៈ-វៈ-រាត់-ជាញ-វី-រៈ-កូល 

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

 ២៦

ឯ.ឧ. បុណ្យចុង វង្សត្រៃរ័ត្ន
นายบุญจง  วงศ์ไตรรัตน์ 

បុន-ចុង-វង់-ត្រៃ-រាត់ 

អនុ​រដ្ឋមន្ត្រី 

 

 ២៧

ឯ.ឧ. ថាវរ សេននៀម
นายถาวร  เสนเนียม 

ថា-វន-សេន-នាម 

 ២៨

ឯ.ឧ. ភីរៈពន្ធុ សាលីរដ្ឋវិភាគ
นายพีระพันธุ์  สาลีรัฐวิภาค

ភី-រៈ-ពន់-ធុ សា-លី-រាត់-វិ-ភាក 

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​  

 ២៩

ឯ.ឧ. ពៃឌូរ្យ កែវថង
นายไพฑูรย์  แก้วทอง 

ពៃ-ឌូ-កែវ-ថង 

រដ្ឋមន្ត្រី​ក្រសួង​ការងារ  

 ៣០

ឯ.ឧ. ធីរៈ ស្ល័កពេជ្រ
นายธีระ  สลักเพชร 

ធី-រៈ-ស្លាក់-ពេច 

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌

 ៣១

ជំទាវ កល្យា សោភណ្ឌពណិជ
คุณหญิงกัลยา  โสภณพนิช 

កល់-លៈ-យ៉ា-សោ-ភាន់-ពៈ-ណិច 

រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​តិចណូឡូជី

 ៣២

ឯ.ឧ. ចុរិន្ទ្រ លក្សណវិសិដ្ឋ
นายจุรินทร์  ลักษณวิศิษฏ์ 

ចុ-រិន-លាក់-សៈ-ណៈ-វិ-សិត 

រដ្ឋមន្ត្រី​ក្រសួង​សិក្សាធិការ

 ៣៣

ឯ.ឧ. ជ័យវុឌ្ឍិ បណ្ណវ័ឌ្ឍន៍
นายชัยวุฒิ  บรรณวัฒน์ 

ជៃ-យៈ-វុត-បាន់-ណៈ-វាត់ 

អនុ​រដ្ឋមន្ត្រី 

 

 ៣៤

កញ្ញា នរិសរា ជវាលតនពិភ័ទ្ន
นางสาวนริศรา  ชวาลตันพิพัทธ์

-រិ-សៈ-រា-ជ-វាល-តៈ-នៈ-ពិ-ភាត់ 

 ៣៥

ឯ.ឧ. វិទ្យា កែវភរាត័យ
นายวิทยา  แก้วภราดัย   

វិត-ទ្យា-កែវ-ភ-រា-ដៃ 

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល

 ៣៦

ឯ.ឧ. មានិត នពអមរបតី
นายมานิต  นพอมรบดี 

មា-និត-នៈ-ពៈ-អៈ-ម-រៈ-បៈ-ដី 

អនុ​រដ្ឋមន្ត្រី 

 ៣៧

ឯ.ឧ. ជាញជ័យ ជ័យរុងរឿង
นายชาญชัย  ชัยรุ่งเรือง 

ជាញ-ជៃ-ជៃ-រុង-រឿង 

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម

 

ប្រកាស​ទាក់ទង
១. គណៈ​រដ្ឋមន្ត្រី​ថៃ​ថ្មី
២. ឈ្មោះរដ្ឋមន្ត្រីថៃ

អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ខែ ធ្នូ 20, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
5 comments

ព្រឹក​មិញ​នេះ ថ្នាក់​រៀន​របស់​ខ្ញុំ​ត្រូវ​បន្ត​ធ្វើ​ទស្សនកិច្ច​សិក្សា​ជា​លើក​ទី​ពីរ​នៅ​សារមន្ទីរ​ជាតិ​ក្រុង​បាងកក ក្រោយ​ពី​សប្ដាហ៍​មុន​នេះ​ទស្សនា​មិន​ទាន់​អស់។ (​សូម​អាន​ទី​នេះ ប្រកាស​គ្រា​មុន)។

ពួក​យើង​បាន​ជួប​ជុំ​គ្នា​តាម​ការ​ណាត់​នៅ​មុខ​បរិវេណ​សារមន្ទីរ​ម៉ោង​ប្រមាណ​៩​ព្រឹក។ អាគារ​ដែល​ពួក​យើង​ត្រូវ​ទស្សនា​ដំបូង​បំផុត​នោះ គឺ​អគារ​ដាក់​រាជ​រថ​នានា នៃ​ព្រះរាជពិធី​ព្រះ​មហាក្សត្រិយ៍​ថៃ។ បរិវេណ​អគារ​នេះ មាន​ផ្ទុក​ទៅ​ដោយ​រាជរថ​ធំ​ៗ​ចំនួន​ពីរ និង​រាជរថ​តូច​ៗ​ចំនួន​បី​ទៀត ដែល​ក្នុង​នោះ​មាន​រាជរថ​ដែល​ប្រើប្រាស់​ក្នុង​ព្រះរាជ​ពិធី​រំលាយ​ព្រះសព​ព្រះរាម​មហាក្សត្រិយ៍​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ផង​ដែរ។ ក្រៅ​ពី​រាជរថ អគារ​នេះ​មាន​ផ្ទុក​ទៅ​ដោយ​ព្រះ​កោដ្ឋ និង​សម្ភារៈ​បុរាណ​ជា​ច្រើន​ដែល​គេ​បាន​សាងសង់​ក្នុង​ព្រះរាជពិធី​បុណ្យ​ព្រះសព​ព្រះមហាក្សត្រិយ៍ និង​រាជវង្សានុវង្ស​ថៃ​ផង​ដែរ។

ថ្ងៃ​នេះ​អានិត​គ្រូ​ដែរ ព្រោះ​ត្រូវ​បរិយាយ​ឡើង​ពេញ​កន្លះ​ថ្ងៃ ហើយ​ដល់​បាយ​ថ្ងៃ​ត្រង់​ត្រូវ​ប៉ាវ​បាយ​សិស្ស​សិស្ស​ទៀត (គាត់​ប៉ាវ​រហូត​មក​រាល់​ពេល​ចេញ​ក្រៅ​មក​ទស្សនកិច្ច​សិក្សា)។

ថ្ងៃ​នេះ​តាម​រយៈ​បរិយាយ​របស់​អ្នក​គ្រូ ខ្ញុំ​បាន​ជ្រាប​ព័ត៌មាន​មួយ​ដែល​មិន​នឹក​ដល់ នោះ​គឺ​អាថ៌កំបាំង​ការ​រំលាយ​ព្រះសព​ព្រះរាម​មហាក្សត្រិយ៍​ថៃ។ ចម្ងល់​មួយ​ដែល​ខ្ញុំ​មាន​មក​យូរ​ហើយ​ដែរ​នោះ ក៏​ត្រូវ​បាន​ដោះ​ស្រាយ​ក្នុង​ថ្ងៃ​នេះ​ដែរ នោះ​គឺ តើ​សព​ព្រះមហាក្សត្រិយ៍, ព្រះសង្ឃ ឬ​អ្នក​មាន​ព្រះនាម​ខ្ពស់​ៗ​នោះ​គេ​ដាក់​ក្នុង​កោដ្ឋ​យ៉ាង​ដូចម្ដេច ដែល​ធម្មតា​យើង​ធ្លាប់​តែ​ឃើញ​សព​សមញ្ញជន​គេ​ដាក់​ផ្ដេក​នៅ​ក្នុង​ម្ឈូស​នោះ។ ខ្ញុំ​ធ្លាប់​ដោះស្រាយ​ខ្លួន​ឯង​ថា ប្រហែល​ជា​គេ​ដាក់​បញ្ឈរ តែ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា បើ​ដាក់​បញ្ឈរ​វា​មិន​ដួល? តែ​ក្រោយ​មក​មិន​ដឹង​ជា​មាន​នរណា​ទេ បាន​ប្រាប់​ខ្ញុំ​ថា​សព​ពេល​ស្លាប់​ហើយ បើ​នៅ​កាយវិការ​ណា គឺ​នៅ​កាយវិការ​នោះ វា​មិន​ដួល​ទេ ចម្លើយ​នេះ​វា​ម្យ៉ាង​ដែរ តែ​បើ​ខ្ញុំ​​គិត​ម្យ៉ាង​ទៀត​នោះ​គឺ​គេ​ដាក់​អង្គុយ។

ថ្ងៃ​នេះ​ចម្លើយ​បាន​ដោះស្រាយ​ហើយ តាម​ពិត​នោះ​គឺ​អង្គុយ​ទេ​បង​ប្អូន។ អ្វី​ដែល​អស្ចារ្យ​នោះ​ទៅ​ទៀត​នោះ គឺ​មិន​មែន​អង្គុយ​ធម្មតា​ទេ។ ការ​អង្គុយ​របស់​សព​គឺ​ត្រូវ​អង្គុយ​ដោយ​យក​ដៃ​ទាំង​ពី​ដាក់​ពី​ក្រោម​ភ្លៅ​ទាំង​សង​យក​មក​ប្រណម្យ​គ្នា​ដោយ​មាន​ស្នូល​ឈើ​ដាក់​ភ្ជាប់​ក្នុង​ចន្លោះ​ដៃ​ដែល​ប្រណម្យ និង​ទ្រូង​រួច​ទើប​គេ​ចង​ភ្ជាប់ (ខ្សែ​សីមា?) រុំ​សព។ កាល​នេះ​មើល​ទៅ​វា​ពិត​ជា​ពិបាក (លោក​អ្នក​សាកល្បង​អង្គុយ​បែប​នេះ​លោហ៍​មើល៍) និង​វេទនា​ភ្នែក​ណាស់។ ចំណេះ​ដឹង​ដែល​ទទួល​បាន​យ៉ាង​ល្អ​មួយ​ទៀត​នោះ​គឺ​ឆ្លើយ​ទៅ​នឹង​សំណួរ ថា​តើ ហេតុអ្វី​បាន​ជា​មហាក្សត្រិយ៍ និង​អ្នក​មាន​ឥស្សរិយយស​ធំ​ៗ គេ​ដាក់​ព្រះសព​នៅ​ក្នុង​កោដ្ឋ​ជា​ជាង​ម្ឈូស​ដូច​សាមញ្ញ​ជន​នោះ? លោក​អ្នក​សាកល្បង​គិត​មួយ​សន្ទុះ​ទៅ​មើល ប្រសិន​បើ​ឆ្លើយ​សម​ហេតុ​ផល ខ្ញុំ​មាន​រង្វាន់​ឲ្យ កិកិកិ… (​ចម្លើយ​ប្រាប់​សប្ដាហ៍​ក្រោយ​ប្រសិន​បើ​គ្មាន​នរណា​ឆ្លើយ​ត្រូវ)។

អូ​ខេ! អា​ឡែ​តែ​ប៉ប៉ែ​ប៉ប៉ាច់​ងាក​ឆ្ងាយ​ពី​ចំណង​ជើង។ យើង​បែរ​មក​យល់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ថា​អាថ៌កំបាំង​ពី​ក្រោយ​ការ​រំលាយ​ព្រះសព​ព្រះរាម​មហាក្សត្រិយ៍​ថៃ សម្ដេច​ព្រះ​ចៅ​ភី​នាង​ធើ ចៅ​ហ្វា​កល្យាណិវឌ្ឍនា ក្រុម​ហ្លួង​នរាធិវាស​រាជ​នគរិន្ទ្រ វិញ​ម្ដង។ ប្រហែល​ជា​លោក​អ្នក​មួយ​ចំនួន​បាន​ឃើញ​ពី​ពិធី​ហែរ​ក្បួន​ព្រះសព​ដ៏​អស្ចារ្យ ឬ​យ៉ាង​ហោច​ណាស់​ក៏​​តាម​ទូរទស្សន៍ និង​អ៊ីនធ័រណេត​ដែរ​ កាល​ពី​ខែ​កន្លង​ទៅ​នេះ។

អ្វី​ដែល​ខ្ញុំ​គិត​មិន​ដល់​នោះ លោក​អ្នក​ដឹង​ទេ តាម​ពិត​នៅ​ក្នុង​ព្រះកោដ្ឋ​ដែល​គេ​ហែរ​នោះ​មិន​មែន​ជា​ព្រះសព​របស់​ព្រះ​អង្គ​ទេ។ នៅ​ក្នុង​ព្រះកោដ្ឋិ​នោះ​មាន​ត្រឹម​តែ​គ្រឿង​ជា​របស់​ព្រះអង្គ​មួយ​ចំនួន​ដូច​ជា​សក់ និង​របស់​មួយ​ចំនួន​ទៀត​តែ​ប៉ុណ្ណោះ។ ធាតុ​ពិត​សព​របស់​ព្រះអង្គ​មិន​ត្រូវ​បាន​គេ​ដាក់​ក្នុង​ព្រះ​កោដ្ឋ​ទេ គឺ​គេ​ដាក់​នៅ​ក្នុង​ម្ឈូស​ដូច​សាមញ្ញ​ជន​ធម្មតា។ ទំនៀម​នេះ​គេ​ធ្វើ​តាំង​ពី​ជំនាន់​ម្ដាយ​របស់​គាត់​មក​ម្ល៉េះ ហេតុ​ដូច​នេះ​ព្រះអង្គ​ក៏​សុំ​ឲ្យ​បន្ត​ស្នង​ព្រះបាទ​ព្រះមាតា​ទ្រង់។

សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ព្រះរាជវាំង​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រះមេរុ ដោយ​អាថ៌កំបាំង ពោល​គឺ​មិន​ឲ្យ​មាន​សាធុជន​ណា​ដឹង​ ឬ​បាន​ឃើញ​ទេ គឺ​មាន​តែ​អ្នក​ស្និទ្ធ​នឹង​ព្រះរាជវាំង ឬ​អ្នក​ដែល​ធ្វើ​ការងារ​នោះ​ផ្ទាល់​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​ការ​រំលាយ​ព្រះសព​នោះ​ក៏​មាន​អាថ៌កំបាំង​មួយ​ចំនួន​ទាក់​ទង​នឹង​ពេល​វេលា​ផង​ដែរ។ ការ​នេះ​ប្រហែល​ជា​នៅ​មាន​ជនជាតិ​ថៃ​ជា​ច្រើន​ណាស់​ដែល​មិន​បាន​ដឹង​ពី​រឿង​នេះ ដោយ​នឹក​ស្មាន​តែ​គេ​ហែរ​ព្រះសព​ពិត​ដូច​ជា​ខ្ញុំ​ដែរ៕

______________________________________________________
ប្រកាស​ទាក់ទង
១. ម្ចាស់​បង ស្ដេច​ថៃ​សោយ​ទិវង្គត
២. សារមន្ទី​ជាតិ​ថៃ
៣. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក
៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៥. កោដ្ឋ