សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ ថ្ងៃ ចន្ទ 12 ខែមករា 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback
សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់សុភ័ក្ត្រជាទីគោរព, ឆ្នាំ២០០៨បានកន្លងទៅជាង១០ថ្ងៃហើយ អ្វីៗហាក់ដូចជាលឿនណាស់ ពេលវេលាមិនបានរង់ចាំមនុស្សយើងឡើយ ហេតុដូចនេះមនុស្សចាំបាច់ត្រូវយកពេលវេលាប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួនគេម្នាក់ៗ។ សម្រាប់ឆ្នាំ២០០៨នេះ ចំពោះខ្លួនខ្ញុំ ដ្បិតតែមិនបានធ្វើអ្វីលេចចេញរូបរាងឲ្យប្រត្យក្ស តែឆ្នាំនេះខ្ញុំអាចរាប់បានថាជាការជោគជ័យមួយផងដែរសម្រាប់រូបខ្ញុំ រាប់តាំងពីឡើងឋានៈនៅកន្លែងធ្វើការចាស់, ប្រឡងជាប់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប់អាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យចុឡាឡុងករណ៍ ជាដើម។
ចប់ឆ្នាំ២០០៨នេះ ប្លក់នេះមានកំណើតបាន៣ឆ្នាំហើយ ឃើញថាទស្សនិកជនបានចូលមកមើលលេងក៏ឃើញថាមានចំនួនច្រើនគួរសម ឯចំនួនឃ្លីកមើលវិញ មកដល់ពេលនេះមានជាង១សែន២ម៉ឺនដងដែរ។ ឆ្នាំ២០០៨នេះមិនសូវមានការប្រកែកឈ្លោះគ្នាដូចកាលពីឆ្នាំ២០០៧នោះទេ ដោយសារទីមួយខ្ញុំ និងរួមអ្នកស្មោះសឯទៀតមួយចំនួនក្នុងពិភពប្លក់នេះប្រើប្រាស់វិធីសាស្ត្រធម៌អហិង្សា ពោលគឺប្រើប្រាស់វិធីផ្ចាញ់មារដោយមិនតបតជាមួយមារ និងជាលទ្ធផលមារឈ្លក់ទឹកមាត់តៃហោងដោយឯកឯងដោយមិនបាច់ប្រើកម្លាំង និងទីពីរខ្ញុំមិនបានអនុញ្ញាតឲ្យមានមតិច្រឡោមខាងកើតមានទេ ដើម្បីបញ្ជៀសការតឹងសសៃកដាក់គ្នារវាងអ្នកមកបង្ករឿងនៅទីនេះ ដែលមានជាហូរជាហែរ មិនដឹងថាខ្លួនអស់លោកទាំងហ្នឹងកើតមកពីរន្ធអី។
ណាស់ហើយ ខ្ញុំសូមងាកមកនិយាយពីប្រកាសសំខាន់ៗមួយចំនួនដែលខ្ញុំបានដាក់នៅទីនេះក្នុងឆ្នាំ២០០៨ ហើយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលមកទស្សនាដូចតទៅ៖
សម្រាប់ខែមករា និងកុម្ភៈ មិនសូវជាមានអត្ថបទណាមានការពិភាក្សាច្រើនទេ។ នៅខែកុម្ភៈ អត្ថបទមួយដែលមានឈ្មោះថា លោកជំទាវធំរិះគន់បទ “សុំបេះដូងមួយចំណែក” Sic ទទួលបានការវិភាគច្រើនគួរសម។ អស្ចារ្យណាស់ស្រុកខ្ញុំ អត្ថបទនៅខែមីនា បាននិយាយរៀបរាប់ពីស្ថានភាពមួយនៅឯក្រសួងការបរទេស នៅពេលដែលខ្ញុំទៅផ្ញើម៉ូតូនៅនីនោះ។
នៅខែមេសាវិញ អត្ថបទជួយទិញទង់ជាតិឲ្យខ្មែរ ត្រូវបានវិភាគច្រើនគួរសម អត្ថបទនេះនិយាយអំពីការដែលជនជាតិថៃទិញទង់ជាតិឧបត្ថម្ភដល់ខ្មែរនៅតាមជាយដែន។ សម្រាប់ខែឧសភាវិញ មានប្រកាស៣ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ ប្រកាសទីមួយដែលធ្វើឲ្យមានការពិភាក្សាសម្បើមនោះគឺជាប្រកាសដែលខ្ញុំបានដកស្រង់ផែទីមួយដែលគូសវាសលេងៗ (តាមគាត់និយាយ) ពីស្ថានភាពឥណ្ឌូចិននាឆ្នាំ២០៥០។ អត្ថបទនេះមានឈ្មោះថា Indochina in 2050 – a fantasy ចុះថ្ងៃទី២០ ឧសភា។ អត្ថបទទីពីរដែលទទួលបានខមមេនត៍រហូតដល់ទៅ៥៧ និងថែមទាំងបានត្រូវគេយកទៅចុះនៅក្នុងទស្សនាវដ្ដីខ្មែរកម្ពុជាក្រោមផងទៀតនោះ គឺជាអត្ថបទដែលចុះនៅថ្ងៃទី២៤ ឧសភា មានចំណងជើងថា ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគួរលុបចោល? វាជាប្រភេទអត្ថបទវិភាគ និងតម្រូវឲ្យអ្នកអានប្រើវិចារណញ្ញាណក្នុងការអាន ទើបយល់ច្បាស់ពីអត្ថន័យពិតប្រាកដនៃអត្ថបទនេះ។ អត្ថបទជាស៊េរីដែលខ្ញុំចុះស្ដីពីដំណើរទស្សនកម្សាន្តរបស់ខ្ញុំទៅប្រទេសលាវ លើកទី២ ក៏ទទួលបានការស្វាគមន៍ច្រើនគួរសមដែរ។
មកដល់ខែមិថុនា នៅពេលដែលខ្ញុំបានដាក់ប្រកាសជាបន្តបន្ទាប់អំពីដំណើរកម្សាន្តរបស់ខ្ញុំនៅប្រទេសលាវនោះ ក៏ស្រាប់តែមានអាចម្កួតមួយណានោះមកដាក់ខមមេនត៍ជេរខ្ញុំពីរឿងថាខ្ញុំកុហក និងអួតគេថាខ្ញុំចេះភាសាថៃ ឡាវ បារាំងសេស អង់គ្លេស ឯណាឯណោះទៅវិញ នៅពេលដែលខ្ញុំមិនដឹងខ្លួនទាល់តែសោះ និងមិនដែលហាមាត់ពីរឿងភាសាអីនោះទាល់តែសោះ។ ពួកនេះមានទំនងជាក្រុមមួយដែលច្រណែនឈ្នានីសគេ មិនដឹងជាដើរជាន់ពែរស្អី មួយថ្ងៃៗគិតតែពីមកដើរសន្សំរឿងខ្មែរគ្នាឯងទៅវិញ (អត្ថបទឈ្មោះ៖ ប្លក់ខ្ញុំមានអាឆ្កួតមកតាមលង!) តែទីបំផុតបានរលាយរលត់ដោយខ្លួនឯងនៅពេលដែលខ្ញុំបកស្រាយភ័ស្តុតាងបំភ្លឺភ្នែកអ្នកផងច្បាស់លាស់បកអាក្រាតពីភាពអមនុស្សរបស់ពួកនោះ (អានអត្ថបទ៖ ភ័ស្តុតាងផ្ទួនៗវាយបំបាក់អាជាតិលាវក្លែងក្លាយ)។ អត្ថបទមួយទៀតឈ្មោះ สุดแต่ใจจะไขว่คว้า ដែលគ្រាន់តែខ្ញុំដាក់ ដោយសារវាជារឿងភាពយន្តបែបមនោសញ្ចេតនា អប់រំពីសង្គមគ្រួសារយ៉ាងមានអត្ថន័យបំផុតនោះ ត្រូវបានអ្នកទស្សនារបស់យើងថាឲ្យគួរសមដែរ។ ខ្ញុំមិនដឹងថាពួកយើងស្អប់ថៃ រហូតដល់មិនទស្សនារឿងដែលផ្ដល់គតិសោះនោះផងទេ។ នៅខែមិថុនា នេះបញ្ហាខ្មែរថៃក៏បានកើតឡើងក្ដៅគួរសម ជាពិសេសអត្ថបទមួយដែលមានឈ្មោះថា រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ។
នៅដើមខែកក្កដា នោះប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរ ត្រូវបានចុះជាបិតិកភណ្ឌពិភពលោក បើទោះបីជាមានការខិតខំឈ្នានីសរារាំងពីសំណាក់ប្រទេសថៃក៏ដោយ។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃជាតិខ្មែរនេះ ខ្ញុំក៏បានដាក់ប្រកាសមួយចំនួនជាអត្ថបទវិភាគ ហើយក៏ទទួលបានការពេញនិយមពីអ្នកអានយើងសម្បើមណាស់ដែរ។ អត្ថបទទាំងនោះរួមមាន៖ ទេវតាបរាមុខប្រទេសថៃ, ប្រជាជាតិខ្មែរអបអរសាទរប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក, នាយកហ៊ុន សែន ឡើងក្រេឌីតពីប្រាសាទព្រះវិហារ, បរាជ័យអ្វីដែលគេហៅថាកិច្ចចរចាខ្មែរ-ថៃ ប្រកាសទាំងនោះសុទ្ធតែឧទ្ទិសចំពោះប្រាសាទព្រះវិហារ។
ពួកអម្បូរចង្រៃជួបគ្នានៅសូរិយា គឺជាប្រកាសដែលបានដាក់នៅខែសីហា។ ពាក្យអម្បូរចង្រៃនេះត្រូវបានពួកម្សៀមួយចំនួនដាក់ងារដល់ខ្ញុំ និងអ្នកស្មោះសមួយចំនួនទៀតនៅក្នុងពិភពប្លក់ដោយពួកយើងឥតដឹងខ្យល់អ្វីទាំងអស់ ក្រៅពីស្មោះស្ម័គ្រនឹងជាតិខ្លួន។
អត្ថបទនៅខែកញ្ញា ហ៊ុន សែន ត្រូវបានរើសជាថ្មីជានាយកស្រុកខ្មែរ គឺជាអត្ថបទដែលទទួលបានការឆ្លងឆ្លើយគ្នាដ៏សម្បើមពីសំណាក់មិត្រអ្នកអានយើង ទាក់ទងនឹងករណីសម្ដេចនាយករដ្ឋមន្ត្រីខ្មែរ ដែលទើបទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះឆ្នោតកាលពីខែកក្កដា មកនោះ។ អត្ថបទ ទីតាំងមួយដែលមិនគួរសាងសង់ ក៏ទទួលបានការពិភាក្សាណាស់ដែរ។ អត្ថបទនេះរិះគន់អជ្ញាធរ ដែលបានសាងសង់អគារបញ្ជ្រាសទិសមួយនៅក្នុងក្រុងភ្នំពេញ។ នៅចុងខែនេះដែរ ខ្ញុំក៏បានធ្វើដំណើរមករស់នៅទីក្រុងបាងកក ប្រទេសថៃ។
នៅខែតុលា ប្រកាសបែបនយោបាយចំនួនពីរត្រូវបានពិភាក្សានោះគឺ៖ អ៊ុនតាក់ អត់បានការ និងភាពឆ្លាតវ៉ៃនៃជាតិស្យាម។ អត្ថបទសង្គម អនិច្ចាកម្ពុជរដ្ឋ ទទួលបានខមមេនត៍រហូតដល់ទៅ៣៥។
នៅចុងឆ្នាំ២០០៨នេះវិញ អត្ថបទ តើឥណ្ឌាពិតជាអ្នកផ្ដល់កំណើតដល់ខ្មែរមែនឬ? បានទទួលការវិភាគវិចារសម្បើមណាស់ដែរ រួមជាមួយអត្ថបទ តើខ្មែរគួរហៅប្រទេសភូមា យ៉ាងដូចម្ដេច? នៅពេលដែលខ្ញុំខិតខំណែនាំហ្វុនត៍ខ្មែរប្រភេទលំនាំអក្សរភូមា និងទេវនាគរីនោះ បានត្រឹមធ្វើឲ្យពួកច្រណែនឈ្នានីសមួយចំនួន មិនដឹងជាវាឡប់ស្អីវា មកផុសត៍ខមមេនត៍ជេរខ្ញុំពីរឿងបង្កើតហ្វុនត៍នេះទៅវិញ នៅពេលដែលខ្ញុំខំចំណាយពេលដើម្បីធ្វើឲ្យហ្វុនត៍អក្សរខ្មែរសម្បូរបែបឡើងសម្រាប់អ្នករចនានោះ តែដើម្បីកុំឲ្យវែងឆ្ងាយ និងមិនចង់ឲ្យមានជម្លោះគ្នានោះ ខ្ញុំក៏បានលុបចោលខមមេនត៍នោះអស់ហើយ។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ សម្រាប់ឆ្នាំ២០០៨នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕
________________________________________________
អានផងដែរ៖
១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ







[...] ________________________________________________ ប្រកាសទាក់ទង៖ ១. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ ២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក… [...]
[...] ___________________________________________ អានផងដែរអំពី៖ ១. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ ២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក… [...]
និយាយអញ្ចឹងខ្ញុំមានសំណូមពរមួយ៖ គឺសូមអោយបងប្អូនយើងជួយសរសេរ អក្សរខ្មែរអោយបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យពេចន៍ ការបកប្រែ និងការបកប្រែតាមសំលេងអាន។ ឧទាហរណ៍ “ផារ៍ធី” ដែលបកប្រែតាមសំលេងអានពីភាសាអង់គ្លេស “party”, ពាក្យ ខមមេនត៍ (comment),។ តាមពិតពាក្យ ទាំងនេះសុទ្ធតែមានបកប្រែនៅក្នុងភាសាខ្មែរយើង ហេតុនេះយើងមិនចាំបាច់ នាំគ្នាបកប្រែតាមការអាន ឫសូរសំលេងឡើយ។ ចំពោះអ្នកដែលសរសេរខុសអក្ខរាវិរុទ្ធគួរតែឧស្សាហ៏មើលវចនានុក្រម។ ជាការងាយស្រួលណាស់ដែលឥឡូវ វចនានុក្រមខ្មែរត្រូវបានគេបង្កើតជាអេឡិចត្រូនិច (ប្រសិនបើមិនទាន់មានអាច ដោនឡូតពីប្លក់របស់ខ្ញុំ)។ ខ្ញុំខ្លួនឯងមើលវាមិនចេះតិចដងទេក្នុងមួយថ្ងៃៗ។
បងប្អូនខ្លះប្រហែលជាគិតថាវាជាការចំណាយពេលឥតប្រយោជន៍ក្នុងការ សរសេរអត្ថបទមួយនៅលើប្លក់របស់ខ្លួន ឬបញ្ចេញមតិនៅក្នុងប្លក់របស់នរណាម្នាក់ដោយត្រូវយកចិត្តទុកដាក់ពីសុក្រឹត្យភាពនៃសំណេររបស់ខ្លួន។ ប៉ុន្តែអ្នក ដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលនឹងអានអត្ថបទរបស់យើង ថាមិនត្រូវកូនចៅរបស់យើងអាចនឹងអានវាទៀតផង។ តើយើងគួរបន្សល់កំហុសណាមួយទុកអោយអ្នកដទៃ ឬមនុស្សជំនាន់ក្រោយដែរឬទេ? អ្នកច្បាស់ជាឆ្លើយថា “ទេ” ហើយ។ ហេតុនេះគួរតែធ្វើជាគំរូល្អនៅក្នុងសង្គម និងសំរាប់អ្នកជំនាន់ក្រោយ។
ប្រហែលជាបងប្អូនយើងសរសេរបែបនេះ ឬតាមភាសានិយាយដើម្បីជាស្ទីលរបស់ខ្លួន ឬដើម្បីទាក់ទាញអារម្មណ៍របស់អ្នកអាន ប៉ុន្តែការលេងសើចមួយចំនួនមិនល្អឡើយ។ ទំលាប់មិនល្អយូរៗទៅនឹងក្លាយជាវប្បធម៌បុគ្គល រហូតដល់ វប្បធម៌សង្គមដែលពិបាកនឹងកែ ព្រោះថាមានមនុស្សជាច្រើនចូលមើលប្លក់របស់យើង។ ហេតុនេះបើជ្រុលជាផ្សព្វផ្សាយហើយគួរតែធ្វើអោយបានកាន់តែ សុក្រឹត្យ។ តាមពិតមនុស្សយើងមិនមែនជាភាវះដែលល្អឥតខ្ចោះនោះឡើយ ប៉ុន្តែយើងត្រូវព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបានអោយល្អឥតខ្ចោះ។ បងប្អូន ទាំងអស់គ្នាសុទ្ធតែអ្នកមានចិត្តក្នុងការស្រលាញ់ វប្បធម៌និងជាតិយើង តែត្រូវចងចាំថាការស្រលាញ់គឺឆ្លុះបញ្ចាំងតាមរយះទង្វើរបស់យើង ហើយការផ្លាស់ប្តូរ ក៏ចាប់ផ្តើមពីខ្លួនយើងដែរ។
សុំទោសយោបល់នេះដូចជាវែងបន្តិច។ សូមជូនពរអោយជួបតែសេចក្តីសុខ សប្បាយ!
សូមអរគុណ C*H*A*N*R*O*E*U*N ចំពោះមតិដ៏ក្បោះក្បាយ! ខ្ញុំមានការរីករាយណាស់ដោយឃើញ C*H*A*N*R*O*E*U*N ក៏មានការយកចិត្តទុកដាក់ភាសាជាតិដូចរូបខ្ញុំដែរ! ខ្ញុំនឹងព្យាយាមអនុវត្តតាមមតិដ៏មានសារប្រយោជន៍របស់ C*H*A*N*R*O*E*U*N ។ C*H*A*N*R*O*E*U*N ហ្អា! តាមរយៈមតិរបស់ C*H*A*N*R*O*E*U*N ខាងលើនេះ ខ្ញុំឃើញ C*H*A*N*R*O*E*U*N សរសេរខុសពីវចនានុក្រមច្រើនក្រែលណាស់ ដូចជាទីមួយ ពាក្យ “អោយ” (គ្មានទេក្នុងវចនានុក្រម) ព្រមទាំងពាក្យទំនាញសូរ និងព្យាង្គរាយទាំងប៉ុន្មានទៀតដែល C*H*A*N*R*O*E*U*N បានសរសេរ។
សូមអរគុណ ម្ដងទៀត!
ខ្ញុំក៏ដឹងថាក្នុងចំណោមនោះ បងចាន់រឿន (គួរហៅថាលោកគ្រូ តែហៅបងចុះដើម្បីឲ្យស្និទ្ធជាង) គាត់ក៏ចង់ដៀមដាមដល់ខ្ញុំដែរ ព្រោះគាត់ធ្លាប់បញ្ចេញមតិនៅ blog (ខ្ញុំមិនសូវហ៊ានប្រើពាក្យ “ប្លក់” ទេ គ្រាន់យូរៗប្រើតាមគេម្ដង! ប្រហែលវៃយាករណ៍ខ្មែរពិបាករកក្បួនដើម្បីប្រកប ពាក្យ “ប្លក់” ឲ្យចេញសំឡេង “-’blog-” ទេដឹង) របស់ខ្ញុំ ពីការប្រើភាសានិយាយមកសរសេរផ្សព្វផ្សាយ នេះជាគំនិតល្អដែលខ្ញុំចង់បាន និងចង់ឲ្យគេអនុវត្តតាមកាលគ្រាមុននោះ ។
តែគ្រាន់ចង់និយាយថាកន្លងក្រោយៗមក ខ្ញុំកែមែន ពីបញ្ហាប្រើភាសានិយាយក្នុងប្រកាស ព្រោះវាមិនល្អ តែខ្ញុំនៅតែប្រើក្នុងពេលដាក់មតិនានា ។ ក៏សូមអរគុណបងដែរ ដែលខំព្យាយាមផ្ដល់មតិល្អៗក្នុងការដាស់តឿនដល់ប្អូនៗ ដោយហេតុបងមើលទៅដូចជាចាស់ទុំជាងគេផង ។
ការពិតទៅខ្ញុំចង់ប្រាប់ថា មតិរបស់បងខាងលើមានពាក្យខុសច្រើនគួរសម (មើលមួយប្រាវ នឹងឃើញពុំខាន)! តែខ្ញុំមិនទម្លាប់ស្ដីឲ្យគេរឿងសរសេរខុសទេ តាំងពីខ្ញុំបើកចិត្តទូលាយ ។ ណាមួយមិនចង់ឲ្យគេថា ខ្ញុំមាត់ដាច អ៊ីចេះអ៊ីចុះផង ឬចេះដឹងជាងគេជាងឯង ។ បើឲ្យខ្ញុំទៅចង្អុលប្រាប់គេ គ្រប់គ្នាថាអ្នកឯងខុសនេះ អ្នកឯងខុសនោះ មិនដឹងជាប៉ុន្មានសិបនាក់ទេ (និយាយតែក្នុង blog) អ៊ីចឹងទេ អ្វីដែលធ្វើបាន គឺខ្ញុំព្យាយាមមិនឲ្យសរសេរខុសទៀតឡើយ ក្នុងសំណេររបស់ខ្ញុំ…. ពេលគេអាន គេអាចពិចារណាខ្លួនឯងចុះ ! ទោះខ្ញុំមានកំហុសខ្លះ ក៏ខ្ញុំបានព្យាយាមកាត់បន្ថយបានភាគធំរួចហើយ ។
មតិខ្ញុំបាទសំយោគប៉ុននេះ ដោយពុំប្រមាថអ្នកផងម្នាក់ណាឡើយ! ច្នេះទេសូមអរគុណទាំងអស់គ្នា និងសូមជួយរក្សាអក្សរសាស្ត្រខ្មែរយើង តាមការគួរផងទាន ។
ដំបូងសូមជួយអបអរសាទដែលទំព័រកំណត់ហេតុរបស់លោក សុភ័ក្ត្រ ទទួលបាននូវការពេញនិយមដ៏ច្រើនបែបនេះ ។
ខ្ញុំមិនមែនជាអ្នកដែលឧស្សាហ៍សរសេរវិចារលើទំព័ររបស់លោកទេ ប៉ុន្តែចូលចិត្តអានម្នាក់របស់ទំព័រនេះ ។ ខ្ញុំយល់ស្របតាមអ្វីដែលបង C*H*A*N*R*O*E*U*N បានមានវិចារខាងលើ ព្រោះដោយសារភាសារខ្មែរនៅមានកំរិត (ហេតុនេះទើបទំព័រខ្ញុំមិនសរសេរជាភាសាខ្មែរ [ ^_^ ; ] ) ពេលខ្លះត្រូវចំណាយពេលបន្តិចដើម្បីស្វែងយល់នូវអត្ថន័យនៃពាក្យដែលសរសេរក្នុងទំព័រលោក ដូចជាពាក្យដែលបកប្រែសំលេពីភាសា អង់គេ្លស រឺភាសាសៀម ។ ចំពោះខ្ញុំ ទំព័រដែលសរសេរជាភាសាខ្មែរមិនត្រឹម តែអាចអោយយើងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែវាក៏ជាទីដែលអាចអោយខ្ញុំអាចរៀនបន្ថែមនូវអក្សរខ្មែរដែលមិនបានរៀនជាយូរមកហើយ ។
ចំពោះការកែច្នៃហ្វុនត៍ខ្មែរប្រភេទលំនាំអក្សរភូមា និងទេវនាគរី ខ្ញុំយល់ថាវាជាការច្នៃប្រឌិតមួយដ៏ល្អ(ទោះបីជាហ្វុនត៍ខ្មែរប្រភេទលំនាំទេវនាគរីពិបាកអាចក៏ដោយ) ហើយគួរតែបន្តការកែច្នៃនេះតទៅទៀត ប៉ុន្តែក៏គួរកុំភេ្លចរក្សានូវអត្តសញ្ញាតិរបស់ជាតិយើងផង ។
@អរគុណសុភ័ក្រ្ត។ តាមពិតដូចខ្ញុំបានបញ្ជាក់ហើយថាពេលខ្លះ ឬក៏ពេលដែលខ្ញុំកំពុងសរសេរនេះក៏បង្កើតកំហុសដោយអចេតនាដែរ។ មនុស្សម្នាក់ៗសុទ្ធតែមានកំហុសតែយើងត្រូវរៀនកែវាទើបធ្វើអោយជីវិតរបស់យើងប្រសើរ។ លាក់បាំងអី ភាគច្រើនខ្ញុំនៅតែសរសេរពាក្យ “អោយ” ជាព្យាង្គរាយ។ នេះប្រហែលជាខ្ញុំបានរៀនពីគ្រូដែលនិយមសរសេរបែបនេះតាំងពីតូចមក។ នេះជាអ្វីដែលខ្ញុំហៅថាមនុស្សខ្មែររមែងមើលគំរូគ្នា។ មានមនុស្សច្រើនណាស់នៅជុំវិញខ្លួនយើងដែល នឹងអាចយកយើងធ្វើជាគំរូ។ ខ្ញុំខ្លួនឯងនឹងខំកែដែរ។ ខ្ញុំតែងតែពេញចិត្តចំពោះការ រិះគន់ក្នុងន័យស្ថាបនាព្រោះវាការវិធីដែលអាចធ្វើអោយខ្ញុំស្គាល់ខ្លួនឯង និងអភិវឌ្ឍខ្លួនបន្តអោយកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
@អរគុណណារដ្ឋ។ ប្អូនអាចហៅខ្ញុំថាម៉េចក៏បានដែរ។ ខ្ញុំក៏ជាកូនខ្មែរម្នាក់ដែលបានកើតក្រោយសម័យប៉ុលពត ហើយក៏បាននឹងកំពុងភ្លក់រសជាតិនៃវិបត្តិសង្គមក្រោយសង្គ្រាមដូចអ្នកទាំងអស់គ្នាដែរ។ ភរិយារបស់ខ្ញុំច្រើនកំប្លែងជាមួយខ្ញុំថា “ប្តីខ្ញុំបើមើលពីក្រោយគេនឹងហៅថាគ្រូតា តែបើមើលពីមុខកាលណាគេនឹងហៅបង”។ តើដឹងថាមូលហេតុអ្វីទេ? គឺដោយសារតែសក់ខ្ញុំស្កូវមុនអាយុ។ ពេលទៅស្រុកខ្មែរវិញគិតទៅហាងប៉ូលីនឹងគេម្តង ប៉ុន្តែមិនមែនស្ទីលចាស់ឬក្មេងស្ទាវទេ។
@ខ្ញុំតែងតែសប្បាយចិត្តពេលចូលមើលប្លក់របស់ប្អូនបឿន, ណារដ្ឋ, សុភ័ក្រ្ត និងប្លក់របស់បងប្អូនខ្មែរយើងដទៃទៀត។ អ្នកទាំងអស់គ្នាសុទ្ធតែបាននាំយកនូវ រឿង និងលើកយកបញ្ហាដែលគួរអោយចាប់អារម្មណ៍មកផ្សព្វផ្សាយនិងចែករំលែកដល់អ្នកអានដទៃទៀតអោយជួយគិត និងចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថាទង្វើល្អរបស់យើងទាំងអស់គ្នាទោះតិចក្តី ច្រើនក្តីនឹងក្លាយជាកំលាំងចលករមួយដើម្បីលើកកំពស់ការអប់រំ ការគិតពិចារណា ការបញ្ចេញមតិ និងការឆ្លុះបញ្ជាំងពីបញ្ហាជីវិតដែលយើងកំពុងតែជួបប្រទះប្រចាំថ្ងៃដើម្បីធ្វើអោយជីវិតកាន់តែប្រពៃទាំងអស់គ្នា។
សូមអភ័យទោសប្រសិនបើសំដីខ្ញុំត្រង់ចំណុចណាមួយមិនគួរគប្បី ឬប៉ះពាល់ដល់ បងប្អូនយើងណាម្នាក់ដោយអចេតនា។ ខ្ញុំមានមោទនភាពដែលបានស្គាល់អ្នក ទាំងអស់គ្នាតាមប្លក់ ហើយសង្ឃឹមថានឹងជួបគ្នានៅថ្ងៃណាមួយ។
សូមមេត្តានាំគ្នាបន្តវប្បធម៌នៃការចែករំលែក ការយកចិត្តទុកដាក់ ស្រលាញ់រាប់អានគ្នាជាភាតរះ និងការសន្ធនាយោគយល់គ្នា (dialogue) ជាងជាងការជជែកយកតែឈ្នះនិងហឹង្សា។
សូមជូនពរអោយអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខនិងសុភមង្គល។
ច័ន្ទរឿន
ឧស្សាហ៍ម៉្លេះលោកភាក់ ខ្ញុំវិញខ្ជិលបំផុតអាសរុបសង្ខេបនេះ !!!ចូលចិត្តពេញៗ ធំ ៗ វែងៗ ហាហាហា ខ្លិលអានឡើងវិញហ្នឹងណា ហើយមិនចាំបានអស់ផងថាមានរឿងអីកើតឡើងខ្លះ!
ខ្ញុំក៏គិតដូចបងចន្ទរើនចឹងដែរ តែផ្ទុយទៅវិញ ទាំងខ្ញុំទាំងគេគឺគិតថាការសរសេរនឹងគឺមិនប្រើប្រាស់ជាកាទូតអីទេ ចឹងហើយចេះតែខ្ជីខ្ជាចឹងទៅ ហើយវានឹងខ្លាយទៅជាទំលាប់អាក្រក់។
បើនិយាយពីការសរសេរខ្ញុំវិញគឺគ្មាសណ្តាប់ធ្នាប់ទេ ខុសគ្មានពាក្យថ្លែង។ ចំណែកឯការប្រើពាក្យវិញ គឺខ្ញុំចូលចិត្តប្រើភាសារនិយាយមកសរសេរ ដើម្បីជាការកំផ្លែង ឬ ក៏ចំណាប់អារម្មណ៏ក៏ថាបាន វាមានអារម្មណ៏ថាដូចជាយើងកំពុងតែជជែកគ្នាចឹងដែរ។
ពេលដែលលឺបងចន្ទរើននិយាយចឹង ធ្វើអោយខ្ញុំងាកមកចាប់អារម្មណ៏សំណេរខ្ញុំដែរ ខ្ញុំនឹងព្យាយាមកែរហើយចឹង។ តែអារឿងប្រើភាសារនិយាយមកសរសេរ ដូចមិនចង់កែសោះ
: ។
សរសេរបានទាំងពីរហ្នឹង! តាមកាលៈទេសៈទៅ ត្រូវផ្លូវការ ៗ ត្រូវភាសានិយាយ ៗ
សុភ័ក្ត្រសង្ខេបអ៊ីចឹង ធ្វើឲ្យនឹកឃើញដល់ព្រឹត្តិការណ៍ទាំងនោះឡើងវិញ ។ ជូនពរឲ្យជោគជ័យជាដរាប…
អក្ខរាវិរុទ្ធ បើអាចប្រយ័ត្នគ្រប់ពេលដែលសរសេរ យូរៗនឹងល្អត្រឹមត្រូវមិនខាន, ប៉ុន្តែលុះណាតែឧស្សាហ៍សរសេរផងដែរ ។
ឧស្សាហ៍មែន សុភក្ត្រ! សុំសរសើរហើយ បើមានពេលច្រើនសរសេរទៅ វាមិនអត់ប្រយោជន៍ឯណា យ៉ាងហោចណាស់ក៏ជាពត៌មានដែរ។
សូមអោយបងសុភ្រក្ត័ខំប្រឹងបែ្រងសរសេរតទៅទៀតសំរាប់អោយអ្នកទាំងអស់គា្នបានអានពត៏មានដែលបងបានសរសេ។ជាចុងក្រោយរីករាយឆាំ្នថ្នី(រាងយួរជាងគេ)និងបុណ្យចូលឆាំ្នចិនខាងមុខនេះ។
តបទៅខមមេនត៍លោកលេខ៨៖ ហ៊ឺយ! មិនដឹងជារណាទេ កាលពីថ្ងៃទី១៧ មករា ២០០៨ ជំទាលថា
[...] [...]
[...] [...]
[...] ក្នុងប្លក់សុភ័ក្ត្រ ៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្… ៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ [...]