ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម ខែ កុម្ភៈ 28, 2009
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ.5 comments
កិច្ចប្រជុំកំពូលប្រទេសនៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍ទាំង១០ប្រទេសនេះ ទីបំផុតបានចាប់ផ្ដើមបើកជាផ្លូវការហើយកាលពីថ្ងៃរសៀលទី២៨ កុម្ភៈ ២០០៩នេះ។
ប្រទេសថៃដែលបានសិទ្ធិធ្វើជាប្រធានសម្រាប់កិច្ចប្រជុំនេះ ធ្លាប់ជួបប្រទះបរាជ័យមួយលើកជាពីរលើកក្នុងការរៀបចំកិច្ចប្រជុំនេះ រហូតដល់ថ្នាក់បិទអាកាសយានដ្ឋាន និងផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីទៀតផង។
នៅល្ងាចថ្ងៃសៅរ៍នេះ ជំនួបកំពូលអាស៊ានបានចាប់បើកជាផ្លូវការហើយ នៅក្នុងសណ្ឋាគារ “ តុសិត” ស្ថិតក្នុងក្រុងហួហ៊ីន ប្រទេសថៃ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង១០ ជាសមាជិកអាស៊ាន បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ ក្នុងនោះរួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ានថតរូបជុំគ្នា ពីឆ្វេងទៅស្ដាំ ប្រធានាធិបតីឥណ្ឌូនេស៊ី សូស៊ីឡូ បាមបាង យុទ្ធោយូណូ, នាយករដ្ឋមន្ត្រីលាវ បួសន បុប្ផាវណ្ណ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាប់ដូលល្លាហ៍ អាហម៉ាដ បាដាវី, ប្រធានាធិបតីហ្វីលីពីនស៍ ក្លូរៀ ម៉ាកាប៉ាហ្កាល អាររូយូ, នាយករដ្ឋមន្ត្រីសិង្ហបុរី លី ហ្សៀន លូង, នាយករដ្ឋមន្ត្រីថៃ អភិសិទ្ធិ វេជ្ជាជីវៈ, នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន ដុង, នាយករដ្ឋមន្ត្រីភូមា ឧត្ដមសេនីយ តៀន សៀន, ប្រមុខប្រ៊ុយណេ ហាស្សាណាល បូលគៀ, នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងអគ្គលេខាធិការអាស៊ាន សុរិន្ទ្រ ពិសសុវណ្ណ
_____________________________________________
ប្រកាសទាក់ទង៖
១. ថៃរៀបចំអស់ស្ទះកិច្ចប្រជុំអាស៊ាន
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
រឿងខ្លី៖ អាឆ្កួតជាន់ពែ ខែ កុម្ភៈ 28, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.5 comments
ប្រហែលជាលោកអ្នកស្គាល់ពែហើយ ជាពិសេសអាមួយដែលអួតឯងខួរខ្មែរ។ ចុងសប្ដាហ៍នេះ ខ្ញុំសូមអញ្ជើញលោកអ្នកមកស្ដាប់ពីនិទានរឿងខ្លីមួយ គ្រាន់កែអផ្សុក នឿយណាយការងារ ឬការរៀនសូត្រអស់មួយសប្ដាហ៍នេះ។ រឿងនេះមានចំណងជើងថា “ អាឆ្កួតជាន់ពែ” ។
នៅក្នុងលោកសន្និវាសយើងនេះ, ធម្មជាតិដែលបង្កើតជាមនុស្សឡើង មានគ្រប់ពូជ គ្រប់ពណ៌ គ្រប់សណ្ឋានទាំងអស់។ មានទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ និងមានទាំងពួកប្រភេទមនុស្សជាន់ពែ គឺពួកអាឆ្កួតអត់ការងារធ្វើផងដែរ។ អាប្រភេទមនុស្សចុងក្រោយគេនេះ រាប់ចូលជាពួកមនុស្សអត់ផ្ទះសម្បែង ជួនកាលមានផ្ទះដែរ តែគ្រាន់ជាផ្ទះសិប្បនិម្មិត គ្រាន់បន្លំភ្នែកអ្នកផងទាំងពួងប៉ុណ្ណោះ។ អាប្រភេទមនុស្សឆ្កួតជាន់ពែនេះ វាមិនចូលចិត្តសម្ដែងចេញឲ្យគេឃើញ គេស្គាល់វាប្រាកដទេ, ម្ដងចេញនៅទីនេះ ម្ដងចេញនៅទីនោះ ប្រៀបបាននិងសត្វអំពិលអំពែកច្នេះឯងដែរ។
ក្រៅពីអត់ការអត់ងារធ្វើ ដើររករឿងគេពាសវាលពាសកាល ទាំងគេអត់ដឹងរឿងអីជាមួយនឹងខ្លួន និងថែមទាំងមិនដែលស្គាល់ខ្លួន និងមិនខ្ចីទាំងចង់ស្គាល់ខ្លួនទៀតនោះ ប្រភេទមនុស្សបែបនេះចូលចិត្តលាបពណ៌ លាបសម្បុរឲ្យគេ និងមិនត្រឹមតែប៉ុណ្ណោះ ចេះដាក់នាមប្រទានងារដល់គេឯង ដើរតួលើសស្ដេចផែនដីទៅទៀត។
លោកអ្នក! នេះហើយជានិទានខ្លី ពីប្រភេទមនុស្សឆ្កួតជាន់ពេ ចប់ដោយសង្ខេបត្រឹមណេះ ! អេវំ៕៚
រូបភាពផ្សេងទៀតនៅសង្កាត់ចិន ក្រុងបាងកក ខែ កុម្ភៈ 27, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.2 comments
រូបភាពបន្តទៀតនៅឯសង្កាត់ចិន ក្រុងបាងកក តពីប្រកាសមុន។

ធនាគារក្រុងបាងកក ជាអគារដំបូងគេស្ថិតនៅសង្កាត់ចិននេះឯង

នេះហើយជាអគារធនាគារបាងកក សាខាសាំផេង (សំផឹង)

ហាងលក់មាសដំបូងគេ ដែលមានឈ្មោះល្បីនៅសង្កាត់ចិន

ជ្រុងមួយនៃសង្កាត់ចិន

វិហារព្រះពុទ្ធសាសនា មហាយាន និកាយចិន ដ៏ធំបំផុតនៅសង្កាត់ចិន ក្រុងបាងកក

ក្លោងទ្វារវិហារចិន

គ្រឿងជ្រក់នៅសង្កាត់ចិន

ក្ដាមប្រៃ (ចិនក៏ស៊ីដែរ ខ្មែរក៏ស៊ី ស៊ីដៀតែខ្នូច)

បង្កងប្រៃ? ខ្ញុំអត់ស្គាល់ផង

មើលចុះ ឃើញគួរស្រក់ទឹកមាត់ តែគួរឲ្យស្ដាយខ្ញុំអត់ចេះញ៉ាំរបស់នេះទេ
_____________________________________________________
មើលផងដែរ៖
១. ទស្សនកិច្ចសិក្សា៖ ទៅសង្កាត់ចិន នៃក្រុងបាងកក
ទស្សនកិច្ចសិក្សា៖ ទៅសង្កាត់ចិន នៃក្រុងបាងកក ខែ កុម្ភៈ 25, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.10 comments
ព្រឹកមិញ (២៥ កុម្ភៈ ២០០៩) នេះថ្នាក់រៀនអំពីពលកម្មថៃរបស់ខ្ញុំបានទៅធ្វើទស្សនកិច្ចសិក្សាជាលើកទីពីរ បន្ទាប់ពីគ្រាមុនបានទៅទស្សនានៅសារមន្ទីរពលករថៃរួចមក។ ទស្សនកិច្ចសិក្សាលើកនេះ អាចចាត់ទុកថាចុងក្រោយហើយ ដ្បិតឆមាសនេះបញ្ចប់ហើយ។
ទស្សនកិច្ចសិក្សាយើងព្រឹកមិញនេះបានទៅឆាយណាថោន ឬសង្កាត់ចិននៅក្រុងបាងកក។ នៅទីក្រុងបាងកកនេះ មានប្រជាជនដើមកំណើតចិនច្រើនណាស់ រស់នៅម្ដុំដែលគេឲ្យឈ្មោះថា យុវរាជ (ភាសាថៃ៖ เยาวราช) ជាអតីតតំបន់នៃរាជវង្សសៀម ដែលបានផ្ដល់ឲ្យពួកចិនមកតាំងទីលំនៅបន្ទាប់ពីដោះដូរជាមួយនឹងតំបន់រាជវាំងថៃបច្ចុប្បន្ននេះ។
ពួកយើងបាននាំគ្នាដើរ ក្រោមកម្ដៅថ្ងៃដ៏ក្ដៅហែងគ្មានមេត្តាឡើយ កាលពីព្រឹកមិញនេះ។ តែអ្វីដែលទទួលបានការរៀនសូត្រនោះ គឺអស្ចារ្យណាស់ដែរ។ លោកអ្នកដឹងទេ កន្លែងដែលយើងទៅដល់ដំបូងគេនោះ គឺកន្លែងមួយដែលមានឈ្មោះថា សាមផាន។ សាមផាននេះ ជាពាក្យក្លាយមកពីភាសាពួកខ្មែរ គឺស្ត្រីរកស៊ីផ្លូវភេទ ហៅកាត់ខ្លីៗថា “ សំផឹង” នេះឯង។ កាលពីអតីតកាល ដូចយើងបានដឹងស្រាប់ហើយ ពួកចិន ដែលភាគច្រើនជាកម្មករមកធ្វើការនៅតំបន់អាស៊ីនេះ រាល់ពេលទំនេរពួកនេះតែងតែនាំគ្នាលេងល្បែង, ជក់អាភៀន និងលេងស្ត្រី…។ ហើយតំបន់នេះ គឺជាតំបន់ដែលមានស្ត្រីលក់ខ្លួន ដូចដែលយើងបានឃើញក្នុងរឿងបុរាណចិនដូច្នោះឯង។ ក៏ប៉ុន្តែវាគ្រាន់តែជាភាសាកម្ចីពីខ្មែរប៉ុណ្ណោះ វាមិនមានប្រវត្តិថាស្ត្រីខ្មែរមកលក់ខ្លួននៅទីនេះឡើយ។
សង្កាត់ចិន នៅតំបន់យុវរាជនេះ មានឯកលក្ខណៈដាច់ដោយឡែករបស់ខ្លួនណាស់។ ប្រជាជនរស់នៅទីនេះ គឺសុទ្ធសឹងជាអ្នកដែលមានដើមកំណើតចិន និងជាទីកំណើតសេដ្ឋីបច្ចុប្បន្នរបស់ថៃ តួយ៉ាងបៀរ៍ដំរី (ឆាង), ហាងលក់មាស, ម្ចាស់សេដ្ឋីក្រុមហ៊ុនស៊ីភី, កំណើតធនាគារបាងកកជាដើម។
ដើម្បីកុំឲ្យវែងឆ្ងាយ សាកល្បងទស្សនារូបភាពមួយចំនួនដូចតទៅ។ ថ្ងៃស្អែកខ្ញុំនឹងដាក់រូបបន្តទៀត៕

តំបន់នេះឯងឈ្មោះសាមផេន, កន្លែងសប្បាយរបស់ពួកចិន ប្របនឹងដងទន្លេចៅពញា

ផ្លូវនេះគឺជាផ្លូវគោមក្រហម កន្លែងដែលជាសញ្ញាណប្រាប់ដល់ពួកប្រុសៗចិន សម័យដើម

នៅតំបន់នេះរួមមានជនជាតិច្រើនរស់នៅ, អគារនេះជាសំណង់បែបព័រទុយហ្កាល់

វិហារចិនមួយ ដែលនៅពីក្រោយនោះគឺសាលាដែលមានឈ្មោះល្បីនិងមានអ្នកដឹកនាំថៃមួយចំនួនធ្លាប់បានសិក្សានៅសាលានោះដែរ។ វាជាសាលាចិន ដែលធ្លាប់មានប្រវត្តិរដ្ឋាភិបាលថៃបានបិទ នៅក្នុងសង្គ្រាមត្រជាក់ ប្រឆាំងនឹងកុម្មុយនីស្ត។

ក្លោងទ្វារនៃវិហារចិននេះ

តំបន់នេះជាផ្លូវដឿងហែមមួយមានឈ្មោះថា ស្ពានយួន ជាតំបន់ដែលមានបងប្អុនខ្មែររស់នៅកាលពីសម័យដើម

នៅទីនេះក៏មានអ្នកកាន់សាសនាមូស្លីមផងដែរ ដោយមានវិហារ និងផ្ទះបែបមូស្លីមនេះ

នេះជាវិហារសមាគមចិនហុកកៀន នៅប្រទេសថៃ

នេះជាផ្លូវយុវរាជដ៏មានឈ្មោះល្បីនិងជាវិថីដែលរវល់ជំនួញបំផុតនៅបាងកក។ ទិដ្ឋភាពមិនខុសពីនៅស្រុកចិនប៉ុន្មានទេ។

ចរាចរណ៍ដែនតាន់តាប់នៅក្នុងសង្កាត់ចិននៃក្រុងបាងកក
___________________________________________
អានផងដែរ៖
១. ទស្សនកិច្ចសិក្សា៖ សារមន្ទីរពលករថៃ
២. រូបភាពផ្សេងទៀតនៅសង្កាត់ចិន ក្រុងបាងកក
ទស្សនកិច្ចសិក្សា៖ ទៅវត្តរគាំង, ក្រុងបាងកក ខែ កុម្ភៈ 24, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.3 comments
ព្រឹកមិញ (២៤ កុម្ភៈ ២០០៩) នេះជាថ្ងៃចុងក្រោយដែលថ្នាក់រៀនអំពីសារមន្ទី និងប្រវត្តិសាស្ត្រថៃរបស់យើងធ្វើទស្សនកិច្ចសិក្សា។ ឆមាសទីមួយបានបញ្ចប់ហើយ បន្ទាប់ពីខ្ញុំបានបញ្ជូនលំហាត់ទៅគ្រូព្រឹកមិញនេះ និងពួកយើងបានជួបជុំគ្នាជាលើកចុងក្រោយធ្វើទស្សនកិច្ចសិក្សា តែគួរឲ្យសោកស្ដាយដែរ ព្រឹកមិញនេះ មិនសូវមានសិស្សមកច្រើនសោះ ដោយអ្នកខ្លះត្រឡប់ទៅស្រុកគេវិញបាត់ទៅ។
បន្ទាប់ពីយើងបានជួបជុំគ្នានៅម៉ោង១០ព្រឹករួចមក ពួកយើងបាននាំគ្នាដើរឆ្លងថ្នល់ដើម្បីទៅជិះទូកដឆ្លងទៅត្រើយម្ខាងទៀតនៃក្រុងបាងកក ដែលគេឲ្យឈ្មោះថា ធនបុរី។ ធនបុរីនេះឯងតាមពិតជាទីក្រុងចាស់សាងមុនបាងកកទៅទៀត ទើបក្រោយមកស្ដេចថៃបានប្លាស់ពីធនបុរីនេះមកបាងកកវិញ ដោយសារធនបុរីលិចទឹកនៅរដូវវស្សា។ នៅឯត្រើយខាងមុខនោះឯងគឺវត្តរគាំង ឈ្មោះពេញវត្តរគាំងឃោសិតារាមវរមហាវិហារ (ថៃ៖ วัดระฆังโฆสิตารามวรมหาวิหาร) គឺជាវត្តដែលពួកយើងត្រូវទៅធ្វើទស្សនកិច្ច។
វត្តរគាំងឃោសិតារាមវរមហាវិហារ ជាវត្តបុរាណ សាងក្នុងសម័យអយុធ្យា ដែលមានឈ្មោះដើមថាវត្តបាងវាហ្យៃ (ថៃ៖ วัดบางว้าใหญ่)។ នៅក្នុងសម័យធនបុរី សម្ដេចព្រះចៅតាកសិន មហារាជ ទ្រង់បានសាងព្រះរាជវាំងជិតវត្តនេះ ហើយក៏បានលើកឋានៈវត្តនេះជាព្រះអារាមហ្លួង និងជាទីប្រថាប់នៃសម្ដេចព្រះសង្ឃរាជថៃ ក្នុងសម័យរតនកោសិន្ទ្រផងដែរ។
ពួកយើងបាននាំគ្នាទស្សនាវត្ត និងមើលត្រីដែលគេឲ្យចំណីយ៉ាងធំៗ នៅឯទន្លេចៅពញា ខាងមុខវត្តនេះ បន្ទាប់មកម៉ោងប្រមាណ១១ និង៣០នាទី ពួកយើងក៏បាននាំគ្នាឆ្លងដមកខាងបាងកកវិញ ដើម្បីនាំគ្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ នៅឯហាងមួយឈ្មោះថាចម្ការដូង ក្បែរព្រះបរមរាជវាំងថៃ យ៉ាងឆ្ងាញ់ពិសារគ្រប់ៗគ្នា និងជាពិសេសនោះ សាស្ត្រាចារ្យរបស់ពួកយើងចេញលុយឲ្យទៀតដូចរាល់ដងដែរ ហេហេ… ។ បន្ទាប់មកពួកយើងក៏បែកគ្នាទាំងអាល័យ នៅម៉ោងប្រមាណជា២រសៀល។ សង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នាជាថ្មីទៀតមិនខាន៕

ក្លោងទ្វារចូលបរិវេណវត្ត “ ទ្វារ ព្រហ្មរំសី ២៥០៧”

ព្រះឧបោសថចាស់

វត្តមើលពីក្នុងទន្លេចៅពញា

អតីតដំណាក់រាមាទី១ ក្រោយមកយកមកធ្វើជាបណ្ណាល័យសម្រាប់វត្ត

បាងកកមើលពីទន្លេចៅពញា

បាងកកមើលពីទន្លេចៅពញា
ពួកអាវក្រហមចេញមោទៀតហើយ ខែ កុម្ភៈ 24, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.13 comments
ព្រឹកមិញនេះជិះតាក់ស៊ីកាត់ស្នាមហ្លួង ក៏បានប្រទះនឹងពួកអាវក្រហម ពេលនេះបានក្លាយជាពួកប្រឆាំងរដ្ឋាភិបាលវិញម្ដងហើយ។
គិតៗទៅសរសើរពួកនេះណាស់ នាំគ្នាស្កាត់មកពីណាពីណី ដើម្បីបងទក្សិណ ហាហាហា…។ ព័ត៌មានឮសូរខ្សាវៗមកថាឥឡូវនេះទៅបាតុកម្មនៅវិមានរដ្ឋាភិបាលទៀតហើយ មិនដឹងម៉េចម៉ាទេ។
នៅឯស្នាមហ្លួងព្រឹកមិញនេះឡើងណែនពោរដោយពួកគ្នាគាត់ ឡើងក្រហមពេញនឹងឯង៕

ពួកអាវក្រហមនៅស្នាមហ្លួង ព្រឹកមិញនេះ (រូបថតពីក្នុងឡានតាក់ស៊ី)
កំណត់ហេតុខ្ញុំនៅឯសារព័ត៌មានព្រៃនគរ ខែ កុម្ភៈ 24, 2009
Posted by សុភ័ក្ត្រ in Tiếng Việt, ពីនេះពីនោះ, វេបសៃត៍ថ្មីៗ, អំពីសុភ័ក្ត្រ.3 comments

សារព័ត៌មានព្រៃនគរ http://preynokornews.blogspot.com ចេញផ្សាយរាល់ថ្ងៃច័ន្ទដើមសប្ដាហ៍
ពីរសប្ដាហ៍កន្លងទៅនេះ សារព័ត៌មានព្រៃនគរបានយកអត្ថបទរបស់ខ្ញុំទៅចុះនៅក្នុងអត្ថបទខ្លួនពីរលេខជាប់ៗគ្នា គឺជាអត្ថបទដែលខ្ញុំបានដាក់ផ្សាយកាលពីខ្ញុំមានវាសនាទៅលេងខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោមកាលពីឆ្នាំ២០០៧។
តាមពិតទៅ គ្មានអ្វីប្លែកទេ ដ្បិតសារព័ត៌មានព្រៃនគរ ក៏ធ្លាប់យកអត្ថបទខ្ញុំមួយដែលនិយាយពីពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលពេលនោះមានការជជែកគ្នាបែកពពុះមាត់ទៅចុះម្ដងដែរហើយ។
រំលឹកពីការទៅលេងខេត្តព្រះត្រពាំង កម្ពុជាក្រោមនោះ ពិតជាស្រណោះណាស់។ ខ្ញុំបានទៅជួបបងប្អូនខ្មែរយើងទាំងចាស់ ទាំងក្មេង ទាំងប្រុស ទាំងស្រី ទាំងគ្រហស្ថ ទាំងបុព្វជិត និយាយរួម ខ្ញុំថែមទាំងបាននៅលេងជិតស្និទ្ធជាមួយនឹងក្មេងៗ នៅទីនោះយ៉ាងសប្បាយណាស់។ ប្រសិនបើលោកអ្នកមិនទាន់បានទស្សនាវីដេអូស្ដីពីខ្ញុំនិងក្មេងៗនៅកម្ពុជាក្រោមទេ សូមអាននៅទីនេះ។
តាមពិតទៅ នៅមានអត្ថបទច្រើនទៀតដែលខ្ញុំបានចុះផ្សាយកាលពីទៅលេងខេត្តព្រះត្រពាំង (បើលោកអ្នកចាប់អារម្មណ៍អាន អាចសាកល្បងស្វែងរកក្នុងបណ្ណសារបាន) ក៏ដូចជាទៅលេងវត្តច័ន្ទរង្សី នៅឯព្រៃនគរជាដើម។
គិតៗទៅដូចជាល្បីដែរតើហ៍ខ្ញុំ ហេហេហេ…។
អានអត្ថបទពីសារព័ត៌មានព្រៃនគរ ភាគ១ (លេខ៥៨), ភាគ២ (លេខ៥៩)
__________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. KI-Media បានធ្វើឲ្យប្លុកខ្ញុំឡើងចំនួនចុចថ្ងៃនេះលើសសព្វដង






