jump to navigation

បាន​វីសា​ភូមា ខែ មីនា 9, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​មន, អំពីសុភ័ក្ត្រ.
9 comments

រសៀល​មិញ​នេះ​ទៅ​យក​លិខិត​ឆ្លង​ដែល​​ដែល​សុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​សហព័ន្ធ​ភូមា ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ។ ខ្ញុំ​បាន​ទៅ​ដាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​មុន ក្នុង​តម្លៃ​៨១០​បាត សម្រាប់​វីសា​ប្រភេទ​ទេសចរណ៍។

វីសា​ភូមា មិន​ជា​ពិបាក​យក​ទេ ដរាប​ណា​យើង​មាន​ហេតុ​ផល​គ្រប់​គ្រាន់។ ខ្ញុំ​នឹង​ទៅ​លេង​ភូមា​នា​ពេល​ឆាប់​ៗ​នេះ។ ប្រទេស​ដ៏​អាថ៌កំបាំង ដែល​ខ្ញុំ​ប្រាថ្នា​ចង់​ទៅ​ស្គាល់​យូរ​ហើយ បន្ទាប់​ពី​ប្រទេស​លាវ។

តាម​ពិត​ទៅ​នោះ ខ្ញុំ​ធ្លាប់​បាន​ព្យាយាម​ទៅ​ភូមា​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ចេះ​តែ​ខក ជា​ពិសេស​នោះ​វា​យ៉ាប់​អា​រឿង​ត្រង់​ចូល​ថៃ​ដល់​ទៅ​ពីរ​ដង​ព្រោះ ប្រទេស​យើង​គ្មាន​ជើង​យន្តហោះ​ផ្ទាល់​ទៅ​ភូមា។ លើក​នេះ​បាន​សម្រេច​ហើយ នឹង​ថត​រូប​ឲ្យ​ណា​ណី​ម្ដង ព្រោះ​ត្រូវ​ទៅ​ច្រើន​កន្លែង​ណាស់។


និយាយ​កាល​ពី​ង៉ៃ​ទៅ​ធ្វើ​វីសា​នេះ ពេល​ទៅ​ដល់​ស្ថានទូត​ភូមា​ភ្លាម ខ្ញុំ​បាន​ចូល​ទៅ​ការិយាល័យ​មួយ​នៅ​ខាង​មុខ​ផ្លូវ​ធំ។ ស្រាប់​តែ​ចូល​ទៅ​ដល់​ខាង​ក្នុង​ម៉ែ​អើយ​ប្រើ​ប្រាស់​សុទ្ធ​តែ​អក្សរ​ភូមា និង​មាន​មនុស្ស​កំពុង​កំពុង​លិខិត​ពេញ​បន្ទប់​ហ្នឹង​ឯង។ ខ្ញុំ​មិន​ដឹង​ជា​កន្លែង​អី​ជា​កន្លែង​អី​ទេ អាន​មិន​ដឹង ក៏​ឡើយ​ទៅ​តម្រង់​ជួរ​តាម​គេ​ទៅ មិន​ដឹង​ជា​ពួក​គាត់​អស់​ហ្នឹង​ធ្វើ​អី​ទេ គ្មាន​តាម​ជួរ​តាម​ស្អី​ទេ ខ្ញុំ​ក៏​ចេញ​ទៅ​សួរ​ម្នាក់​ដែល​នៅ​ម្ខាង​ទៀត ពុទ្ធោ​អើយ តាម​ពិត​គាត់​ថា​មោ​ខុស​កន្លែង​ហើយ កន្លែង​ធ្វើ​វីសា​មិន​មែន​នៅ​កន្លែង​ហ្នឹង​ទេ គឺ​នៅ​ម្ខាង​ផ្លូវ​ទៀត​ឯ​ណោះ។ យ៉ាប់​មែន​ខ្ញុំ ចឹង​តើ​បាន​គ្មាន​អក្សរ​អង់គ្លេស​អី​ម៉ា​តួ។

ខ្ញុំ​ស្រូត​ចេញ​ពី​ទី​នោះ​មក​តាម​កន្លែង​គេ​ប្រាប់។ មែន​មោ​ដល់​គេ​ដាក់​ការិយាល័យ​ធ្វើ​វីសា អាហ្នឹង​បាន​ថឹម​ថូវ​បស់​គេ។ ចូល​ទៅ​ដល់​ក្នុង​មាន​អី ដូច​តែ​គេ​ឯង​ដែរ មាន​អក្សរ​អង់គ្លេស​ និង​អ្នក​មក​សុំ​មួយ​ចំនួន រួម​ទាំង​មិត្រ​ភ័ក្ដិ​រៀន​ជាមួយ​គ្នា​ផង​ដែរ។ ចឹង​បាន​ថា ត្រូវ​ទៅ​កុបពី​លិខិត​ឆ្លង​ដែន​ទៀត តែ​មិន​សូវ​ជា​អ្វី​ទេ អ្នក​មក​ដាក់​ប្រមាណ​៦-៧ នាក់​ប៉ុណ្ណោះ​ឯង៕


_________________________________________________
អាន​ផង​ដែរ
១. My initial plan to Myanmar
២. ទៅ​ភូមា
៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១

ព្រះ​អង្គ ​អេង ខែ មីនា 9, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
6 comments

ប្រសិន​បើ​លោក​អ្នក​មិន​ស្គាល់​ថៃ​ឲ្យ​បាន​ជ្រៅ​ទេ លោក​អ្នក​ក៏​ប្រហែល​មិន​បាន​ដឹង​ថា​ថៃ​ដឹង​អ្វី​ពី​យើង (ខ្មែរ) ចេះ​អ្វី​ពី​យើង ស្គាល់​អ្វី​ពី​យើង ។ល។ នោះ​ទេ។ ជន​ថៃ​មិន​តិច​ទេ ដែល​គេ​មាន​ជំនាញ​ពី​ខ្មែរ។ ស្គាល់​ខ្មែរ​ច្បាស់​ជាង​ខ្មែរ​ស្គាល់​ខ្លួន​ឯង​ផង​ទៀត។ នៅ​ពេល​ដែល​ជាតិ​ខ្មែរ​បាន​ចម្រុង​រុង​រឿង យើង​សង្ឃឹម​ថា​នឹង​មាន​អ្នក​​ជំនាញ​ជា​ជនជាតិ​ខ្មែរ​យើង អំពី​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ខេមរ​ប្រទេស។

ខ្ញុំ​បាន​ឃើញ​ថា​ជន​ជាតិ​ថៃ​នេះ​បាន​សរសេរ​ពី​ប្រវត្តិ​ទាក់​ទង​នឹង​ខ្មែរ​យើង​ច្រើន​គួរ​សម​ណាស់ ហើយ​ជា​ធម្មតា​ទេ ដែល​គេ​សរសេរ​ទាញ​យក​ចំណុច​វិជ្ជមាន​ដាក់​ខ្លួន​គេ​ជា​ដរាប នេះ​ហើយ​ជា​ចំណុច​លើស​ទាក់​ទង​នឹង​ជាតិ​គេ សម្រាប់​ជនជាតិ​គេ នេះ​ហើយ​ជា​អ្វី​ដែល​ខ្មែរ​គួរ​ពិចារណា​ឡើង​វិញ។

ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ ម្ដង​នោះ ជាតិ​ខ្មែរ​សឹង​តែ​នឹង​​បាត់​រូប​រាង​ដោយ​សារ​សង្គ្រាម​រវាង​ពួក​យួន និង​សៀម វ៉ៃ​ដណ្ដើម​គ្នា​យក​ស្រុក​ខ្មែរ។ ទម្រាំ​តែ​ខ្មែរ​ដោះ​ដៃ​ចេញ​បាន​ពី​ពួក​ទាំង​ពីរ​នេះ ប្រទេស​យើង​សឹង​តែ​រលាយ​សាប​សូន្យ​ទាំង​វប្បធម៌​ ទាំង​ផែន​ដី។

ចុល្លតា ភ័ក្ដីភូមិន្ទ្រ (จุลลดา ภักดีภูมินทร์) គឺ​ជា​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ថៃ​ខ្មែរ​មួយ​រូប​ដែល​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​ទាក់​ទង​នឹង​ខ្មែរ​សៀម សម័យ​ដែល​ស្រុក​យើង​ធ្លាក់​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម។ អត្ថបទ​ជា​ច្រើន​ត្រូវ​បាន​គាត់​សរសេរ​​ និង​យក​ទៅ​ចុះ​ក្នុង​ទស្សនាវដ្ដី​នានា ដើម្បី​ឲ្យ​ជាតិ​គេ​បាន​យល់ បាន​ដឹង។ ឈ្លៀត​ពេល​ទំនេរ ខ្ញុំ​បាន​បក​ប្រែ​អត្ថបទ​មួយ​ចំនួន​មក​ជា​ភាសា​ខ្មែរ យក​មក​ដាក់​នៅ​ទី​នេះ​សម្រាប់​ជា​ឯកសារ ឬ​អ្នក​ណា​មាន​ចំណាប់​អារម្មណ៍​អាន​ក៏​តាម​សប្បាយ។

អត្ថបទ​ដែល​លោក​បាន​សរសេរ​នោះ​មាន​ចំណង​ជើង​ថា «นักองเอง» ប្រែ​ជា​ខ្មែរ​ថា អ្នក​អង្គ​ អេង គឺ​ជា​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ​យើង​នេះ​ឯង ក៏​ប៉ុន្តែ ផ្ទៃ​អត្ថបទ​ទាំង​មូល​និយាយ​ភាគ​ច្រើន​ទាក់ទង​នឹង​ព្រះ​អង្គ ដួង​ ទៅ​វិញ​។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល សូម​អញ្ជើញ​អាន​អត្ថបទ​ប្រែ ដើម្បី​ទុក​ជា​គតិ​ដូច​ត​ទៅ៖

ព្រះ​អង្គ ​អេង
ដោយ៖ ចុល្លតា ភ័ក្ដីភូមិន្ទ្រ
ប្រែ៖ សុភ័ក្ត្រ

ច្បាប់​ទី​២៦០៥ ឆ្នាំ​ទី​៥០ ប្រចាំ​ថ្ងៃ​អង្គារ​ ទី​២១ ខែ​កញ្ញា ព.ស.​២៥៤៧ (គ.ស.​២០០៤)

ចាប់​តាំង​ពី​ការ​បង្កើត​ក្រុង​ទេព​រតនកោសិន្ទ្រ (១) ” ព្រះ​ករុណា” (ខ្មែរ​ហៅ​ព្រះ​មហាក្ស័ត្រិយ៍​ខ្លួន​ថា “ ព្រះ​ករុណា” ប្រហាក់​ប្រហែល​នឹង​ជន​ជាតិ​ថៃ​ដែល​ហៅ​ថា “ នៃ​ហ្លួង” ‘ในหลวง’) របស់​ខ្មែរ បាន​មក​រស់​នៅ​ក្រុង​រតនកោសិន្ទ្រ តាំង​ពី​ក្មេង​ៗ​រហូត​ស្ដេច​ផែន​ដី​ថៃ​បាន​លើក​ឲ្យ​សោយ​រាជ្យ ជា “ ព្រះ​ករុណា” នោះ មាន​៣​ព្រះ​អង្គ គឺ៖

  1. អ្នក​អង្គ អេង (ថៃ​ហៅ ព្រះ​អង្គ អេង) នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡាលោក មហារាជ នៅ​ក្រុង​ទេព​មហា​នគរ តាំង​ពី​ព្រះ​ជន្ម​៩​វស្សា និង​សោយរាជ្យ​ក្នុង​ព្រះ​ជន្ម​២១​វស្សា
  2. អ្នក​អង្គ ដួង (ព្រះ​អង្គ ដួង) ឱរស​អ្នក​អង្គ អេង នៅ​ក្នុង​ផែន​ដី​រជ្ជ្​កាល​ទី​៣ នៅ​ក្នុង​ទេព​មហានគរ តាំង​ពី​ព្រះ​ជន្ម​១៦​វស្សា ត្រឡប់​ទៅ​ខ្មែរ​វិញ​ជាមួយ​ពញា​បតិន្ទ្រតេជោ (សិង្ហ) នៅ​ពេល​មាន​ព្រះ​ជន្ម​៤៣ ទម្រាំ​បង្ក្រាប​យួន​បាន និង​ឡើង​សោយរាជ្យ​នៅ​ព្រះ​ជន្ម​៥១​វស្សា។
  3. អ្នក​អង្គ រាជាវតី (២) ឱរស​​អ្នក​អង្គ ដួង នៅ​ក្នុង​ផែន​​ដី​ព្រះបាទ​សម្ដេច​ព្រះ​ចម​ក្លៅ រជ្ជកាល​ទី​៤។ ប្រសូត​នៅ​ក្នុង​ទេព​មហានគរ ក្នុង​ផែន​ដី​ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ។ រហូត​ដល់​ព្រះ​ជន្ម​២០​វស្សា ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ ព្រះ​រាជ​ទាន​ព្រះ​ផ្នួស​រួច​ហើយ ព្រះ​អង្គ​ត្រឡប់​ទៅ​ខ្មែរ​វិញ​ធ្វើ​ជា​ព្រះ​មហាឧបរាជ​នៅ​ក្នុង​ផែន​ដី​ព្រះ​បិតា គឺ​អ្នក​អង្គ ដួង

ក្រោយ​មក​បាន​បន្ត​រាជ​ពី​ព្រះ​បិតា នៅ​ពេល​ព្រះ​ជន្ម​២៣​វស្សា។

ព្រះ​អង្គ ដួង ទ្រង់​រស់​នៅ​ប្រទេស​ថៃ​យូរ​រហូត​ដល់​២៩​ឆ្នាំ រហូត​ដល់​ជន​ជាតិ​ថៃ​នៅ​ក្រុង​ទេព​មហានគរ​សម័យ​នោះ គិត​ថា​ទ្រង់​ជា​ស្ដេច​ថៃ​ទៅ​ហើយ និង​នាំ​គ្នា​ហៅ​ព្រះ​អង្គ ដួង យ៉ាង​ស្និទ្ធ​ស្នំ ដូត​ហៅ​ស្ដេច​ថៃ​យ៉ាង​នោះ​ដែរ និង​មាន​សាវឡឹក​ជា​ជន​ថៃ ធិតា​ខុនណាង និង​អ្នក​អង្គ​ម្ចាស់ និង​អង្គ​ម្ចាស់​ជា​ច្រើន​ផង​ដែរ។

ដោយ​សារ​តែ​ព្រះ​ករុណា​ខ្មែរ មួយ​ព្រះ​អង្គ​ៗ​មក​រស់​នៅ​ក្នុង​ក្រុង​ទេព​មហានគរ​មាន​រយៈ​ពេល​យូរ​ៗ នៅ​ពេល​ត្រឡប់​ទៅ​គ្រងរាជ្យ​វិញ ពិធីការ​ផ្សេង​ៗ​នៅ​ក្នុង​រាជ​សំណាក់​មាន​តែង​តែ​ឆ្លង​ទំនៀម​បែប​ផែន​ដូច​រាជ​សំណាក់​ថៃ​ដែរ ជា​ពិសេស​ព្រះ​អង្គ​រាជាវតី ឱរស​ព្រះ​អង្គ ដួង ដែល​ទ្រង់​ចេះ​ស្ទាត់​ភាសា​ថៃ​ជាង​ភាសា​ខ្មែរ​របស់​ទ្រង់​ទៅ​ទៀត ដោយ​សារ​ទ្រង់​ប្រសូត​នៅ​ក្នុង​ក្រុង​ទេព​មហានគរ ក្នុង​រជ្ជសម័យ​ទី​៣ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ ទ្រង់​ឧបត្ថម្ភ​ថែ​រក្សា​រហូត​មក រហូត​ដល់​អាយុ​គ្រប់​បួស។

ព្រះ​អង្គ​រាជាវតី​នេះ នៅ​ពេល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​ជួន​ពេល​ល្មម​ដែល​បារាំង​បាន​មក​កាន់​កាប់​យួន ទើប​គ្រប​ឥទ្ធិពល​ចូល​មក​ដល់​ខ្មែរ និង​ដោយសារ​បារាំង​គិត​ថា ខ្មែរ​ក្លាយ​ជា​របស់​យួន និង​របស់​ថៃ​ផង ព្រោះ​បាន​បញ្ជូន​សួយសាអាករ​ទៅ​ឲ្យ​ទាំង​យួន និង​ថៃ ដូច​នេះ​បារាំង​គិត​ថា នៅ​ពេល​ដែល​យួន​បាន​ក្លាយ​ជា​របស់​បារាំង​ហើយ ខ្មែរ​ក៏​ត្រូវ​ក្លាយ​ជា​របស់​បារាំង​ដែរ។

ហេតុ​ដូច​នេះ​ហើយ នៅ​ក្នុង​ពិធី​រាជាភិសេក​ព្រះ​អង្គ​រាជាវតី​នោះ ទាំង​បារាំង និង​ថៃ ទើប​តែង​តាំង​ខ្ញុំ​រាជការ​ឲ្យ​ទៅ​ចូល​រួម​ពិធី​រាជាភិសេក​ព្រម​គ្នា។

នៅ​ខណៈ​គ្រងរាជ្យ​នោះ ក៏​ត្រូវ​បារាំង​បង្ខិតបង្ខំ​រហូត​មក និង​រហូត​ដល់​បង្គាប់​ឲ្យ​ចុះ​ព្រះ​នាម លើ​សិទ្ធិសញ្ញា​ប្រគល់​អំណាច​ឲ្យ​បារាំង​គ្រប់​គ្រង។

រឿង​នេះ​ព្រះ​អង្គរាជាវតី ឬ សម្ដេច​ព្រះ​នរោត្ដម​ព្រហ្មបរិរក្ស (តា​ទួត​របស់​នរោត្ដម សីហនុ) ទ្រង់​បាន​ចេញ​ចុតហ្មាយ​សម្ងាត់​មួយ​ថ្វាយ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ថា ទ្រង់​នៅ​ស្វាមីភ័ក្ដិ និង​មិន​មាន​គំនិត​ចាក​ចេញ​ពី​ថៃ​ទេ ដោយ​សារ​តែ​រាជការ​សៃហ្កន​បាន​នាំ​ទូក​ប្រយុទ្ធ​ និង​កាំភ្លើង​ធំ​មក​ដាក់​ពី​មុខ​ក្រុង​ភ្នំពេញ ហើយ​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា។

នៅ​មាន​មិត្រ​អ្នក​អាន​សង្ស័យ​ពី​រឿង​សឹក​យួន ដែល​ចៅ​​ពញា​បតិន្ទ្រ​តេជោ ចេញ​ទៅ​ធ្វើ​សង្គ្រាម​យូរ​រហូត​ដល់​ទៅ​១៥​ឆ្នាំ។ (អាន​ត)

________________________________________________________
កកន.
(១) ក្រុង​ទេព​រតនកោសិន្ទ្រ នេះ​សំដៅ​លើ​ក្រុង​បាងកក​នេះ​ឯង ថៃ​គេ​ហៅ​ថា​ក្រុង​ទេព​មហានគរ
(២) អ្នក​អង្គ រាជាវតី គឺ​ព្រះ​នាម​ដើម​របស់​ព្រះ​បាទ នរោត្ដម