ព្រះអង្គ អេង (ចប់) ខែ មីនា 10, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.4 comments
…… (តពីលេខមុន) នៅមានមិត្រអ្នកអានសង្ស័យពីរឿងសឹកយួន ដែលចៅពញាបតិន្ទ្រតេជោ ចេញទៅធ្វើសង្គ្រាមយូររហូតដល់ទៅ១៥ឆ្នាំ។
សូមសរុបរឿងសឹកយួន-ខ្មែរ-ថៃ ដែលជាវីរកម្មរបស់ចៅពញាបតិន្ទ្រតេជោ “ ខុនពលកែវ” គូព្រះទ័យព្រះបាទសម្ដេចព្រះន័ងក្លៅ ដែលចេញទៅធ្វើសឹកសង្គ្រាម ចាត់ការឲ្យស្រុកខ្មែរស្ងប់សុខ នឹងអភិសេកឲ្យព្រះអង្គ ដួង ឡើងគ្រងរាជ្យជាសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ជាព្រះចៅផែនដីខ្មែរ (តាំងពីព.ស.២៣៧៦-ព.ស.២៣៩០) សរុបដូចតទៅនេះ៖
នៅព.ស.២៣៧៦ ពួកយួននៅក្រុងសៃហ្កនក្បត់ចំពោះស្ដេចវៀតណាមមិនណាង (ឱរសរបស់សឿងឡុង) ព្រះបាទសម្ដេចព្រះន័ងក្លៅ ទ្រង់ថ្នាក់ថ្នាំងនឹងយួនមកហើយ តាំងពីរជ្ជកាលទី២ រហូតមកដល់ដើមរជ្ជកាលព្រះអង្គ ដោយយួនព្យាយាមយាយី រហូតគាំទ្រអ្នកអង្គ ច័ន្ទ (បងប្រុសច្បងរបស់ព្រះអង្គ ដួង) ឲ្យក្រអឺតក្រទមជាមួយនឹងថៃ រួចបានចូលទៅគ្រប់គ្រងជាម្ចាស់របស់ខ្មែរ។
ហេតុនេះហើយទើបទ្រង់មានព្រះរាជតម្រិះថានឹងយកខ្មែរចេញពីអំណាចយួនមកវិញ កុំឲ្យយួនបានចិត្តពេក ទើបទ្រង់ឲ្យចៅពញាបតិន្ទ្រតេជោ ជាមេទ័ពជើងគោក ឲ្យចៅពញាព្រះឃ្លាំង (តិស) ជាមេទ័ពជើងទឹក លើកទៅវាយក្រុងខ្មែរ និងយួនតាមដែនសមុទ្ទ និងចូលទៅវាយបង្ក្រាបជាមួយកងទ័ពជើងគោកចូលវាយសៃហ្កនជាមួយគ្នា។ កងទ័ពជើងគោកនោះ នៅពេលចូលដល់ដែនខ្មែរ សម្ដេចព្រះឧទ័យរាជា (អ្នកអង្គ ច័ន្ទ, បងប្រុសព្រះអង្គ ដួង) ក៏ភៀសទៅសៃហ្កន ពួកខ្មែរទើបចុះចូល ចៅពញាបតិន្ទ្រ ទើបវាយក្រុងជាយដែនយួន ចូលទៅសន្ធប់ជាមួយកងទ័ពជើងទឹក ដែលកំពុងរង់ចាំចូលវាយបន្ទាយធំរបស់យួន ដែលជាផ្នែកព្រែកជីក តែកងទ័ពជើងទឹកមានភាពចុះខ្សោយ ពួកខ្មែរដែលនៅភាគខាងក្រោមជាប់នឹងអាណាខេត្តយួន ឃើញកងទ័ពថៃធ្វើការមិនសម្រេច ក៏នាំគ្នាក្បត់ ទាំងកងទ័ពថៃដែលខ្វះខាតស្បៀងអាហារ ក៏ត្រូវលើកទ័ពត្រឡប់ទៅវិញ។
យួនបានការទើបតាំងរាជការ និងទាហាននាំ សម្ដេចព្រះឧទ័យរាជា (អ្នកអង្គ ច័ន្ទ) ត្រឡប់មកនៅភ្នំពេញវិញ។ ខ្មែរទើបធ្លាក់ក្នុងអំណាចយួនកាន់តែខ្លាំងឡើង។ ព្រះបាទសម្ដេចព្រះន័ងក្លៅ ទើបរាជានុញ្ញាតឲ្យចៅពញាបតិន្ទ្រ តាំងទ័ពនៅខេត្តបាត់ដំបង(៣) ដែលជាសិទ្ធិខាតរបស់ថៃ ព្រមជាមួយនឹងខេត្តសៀមរាប (៤) តាំងពីរជ្ជកាលទី១ ដោយសម្ដេចព្រះនារាយណ៍រាមាធិបតី (អ្នកអង្គ អេង) ថ្វាយជាសិទ្ធិខាតដល់ថៃ (ដែលចៅពញាអភ័យធិបេស្ស ឬអភ័យភូបេស្ស (៥) ដើមត្រកូល “ អភ័យវង្ស” ជាអភិបាលខេត្តគ្រប់គ្រងរហូតមក)។
រហួតមកដល់ព.ស.២៣៧៧ សម្ដេចព្រះឧទ័យរាជា (អ្នកអង្គ ច័ន្ទ) ទ្រង់ពិរាល័យ មិនមានព្រះរាជបុត្រ ទើបត្រូវយួនលើកស្រីឲ្យឡើងសោយរាជ្យ និងជម្លៀសយករាជ្យវង្សខ្មែរ និងខុនណាងធំតូចទៅស្រុកយួនអស់។ ពួកយួនក៏បានចូលមកគ្រប់គ្រងខ្មែរដូចជាគ្រប់គ្រងស្រុកយួនដែរ ដោយបានផ្លាស់ប្ដូរទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យទៅជាយួន, រើវត្តអារាម សឹកព្រះសង្ឃសាមណេរអស់ជាច្រើនអង្គ។ ពួកខ្មែរត្រូវបង្គាប់ធ្វើស្រែយ៉ាងទារុណ ក្ដៅក្រហាយ នាំគ្នាបះបោរ។ ស្រុកខ្មែរក៏កលោហលរហូតដល់ព.ស.២៣៨០ ពួកខុនណាងក៏នាំគ្នាមករកចៅពញាបតិន្ទ្រតេជោ ដែលតាំងបន្ទាយទ័ពនៅក្រុងបាត់ដំបង សុំមករស់នៅជាមួយថៃវិញ និងសុំកម្លាំងទៅជួយបង្ក្រាបយួន និងសុំព្រះរាជទាន ព្រះអង្គ ដួង ប្អូនប្រុសសម្ដេចព្រះឧទ័យរាជា ដែលកំពុងរស់នៅក្រុងទេពមហានគរ ឲ្យមកគ្រងខ្មែរវិញ។
ហេតុដូចនេះហើយ ទើបព្រះបាទសម្ដេចព្រះន័ងក្លៅ ទ្រង់ប្រោសឲ្យពញាបតិន្ទ្រតេជោលើកកងទ័ពចូលទៅខ្មែរ និងប្រោសឲ្យព្រះអង្គ ដួង ទៅជាមួយកងទ័ពចៅពញាបតិន្ទ្រតេជោផងដែរ មានព្រះបរមរាជឱង្ការថា បើខ្មែរស្ងប់រៀបរយពេលណា ឲ្យអភិសេកព្រះអង្គ ដួង ឡើងគ្រងរាជ្យខ្មែរ។
ចៅពញាបតិន្ទ្រតេជោ ត្រូវរស់នៅខ្មែរ ស៊ូសង្គ្រាមជាមួយយួនយូររហូតដល់ទៅ ១៤-១៥ឆ្នាំ តាំងពីព.ស.២៣៧៦ រហូតដល់ព.ស.២៣៩០ ទើបសឹកស្ងប់បាន។
នៅពេលព្រះអង្គ ដួង ឡើងគ្រងរាជ្យ ជាសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះបាទសម្ដេចព្រះន័ងក្លៅ ប្រោសព្រះរាជទានចុតហ្មាយព្រះរាជទានព្រះបរមរាជឱវាទទៅព្រះអង្គ ដួង ជាច្រើនខប្រការ ដែលសំខាន់នោះគឺ៖
- ប្រសិនបើតែងតាំងពញាមន្ត្រីខ្មែរតទៅ ឲ្យតាំងអំណាចក្នុងចិត្តថា មនុស្សនោះជាមនុស្សដែលចាស់ទុំ ឲ្យពិនិត្យមើលសតិបញ្ញា ជាតិត្រកូល ភាពត្រឹមត្រូវ ការសឹកសង្គ្រាមខ្លាំងក្លា បើគិតថាសមរម្យហើយគួរតែងតាំងតាមសមគួរ។ ឲ្យអ្នកតូចគួរខ្លាចអ្នកធំជាលំដាប់តគ្នា កុំឲ្យអ្នកតូចមានអំណាចហួសលើសអ្នកធំ។ កុំឲ្យយល់មុខក្រែងចិត្តបុគ្គល។ កុំត្រចៀកស្រាលចិត្តទន់។ មន្ត្រីខ្មែរទាំងអស់ស្រឡាញ់ទ្រទ្រង់ព្រះអង្គ ដួង ជាម្ចាស់ហើយ ព្រះអង្គ ដួង ក៏ត្រូវគោរពស្រឡាញ់មន្ត្រីពញាខ្មែរជាអ្នកតូចអ្នកធំទាំងអស់នោះវិញជាលំដាប់តាមសមគួរ។ រសវាចាក៏ឲ្យសុភាពទន់ភ្លន់ ឲ្យជាទីនិយមគោរពស្រឡាញ់ពីសំណាក់ពញាមន្ត្រីខ្មែរ និងពលព្រៃស្រុកផ្សេងៗទាំងពួង។
- ធ្វើខ្លួនឲ្យពញាមន្ត្រីខ្មែរទាំងឡាយទាំងពួងខ្លាចអំណាច កុំឲ្យប្រមាថបាន។ ការខ្លាចនោះមាន៣ប្រការគឺ ខ្លាចអាជ្ញាប្រការ១ ខ្លាចបុណ្យវាសនាប្រការ១ ខ្លាចសតិបញ្ញាប្រការ១។
តែខ្លាចបុណ្យវាសនា ខ្លាចសតិបញ្ញានោះ ទាំងស្រឡាញ់ ទាំងខ្លាច ជាពិសេសសតិបញ្ញានេះឯង។ - ឲ្យប្រយ័ត្នចំពោះមន្ត្រីទាំងនោះ កុំឲ្យឥច្ឆាឫស្យាបែកសាមគ្គីគ្នា និងឲ្យពិនិត្យពិច័យយ៉ាងល្អិតល្អន់កុំឲ្យមន្ត្រីទាំងនោះទៅបៀតបៀនអាណាប្រជារាស្ត្រឲ្យមានភាពក្ដៅក្រហាយ។
- ឲ្យត្រចៀកវាងវៃរកស្ដាប់ដំណឹងរាជការ គិតអ្វីមួយឲ្យគ្រប់ធួន រក្សាការពារខ្លួន ទាំងផ្នែកខាងក្រៅទាំងផ្នែកខាងក្នុង កុំមានភាពប្រមាថ។
នៅក្នុងចុងបញ្ចប់នៃព្រះលិខិតនោះ ទ្រង់ថា៖
“ ព្រះបាទសម្ដេចព្រះពុទ្ធចៅយូហួរ មិនមានព្រះរាជបំណងចង់បានផលប្រយោជន៍អ្វីពីស្រុកខ្មែរទេ ក្រៅពីព្រះកិត្តិយសដែលស្ដារសង្គ្រោះស្រុកខ្មែរឡើងវិញនោះ មិនឲ្យព្រះពុទ្ធសាសនានៅស្រុកខ្មែររលាយបាត់បង់ប៉ុណ្ណោះ៕”
_______________________________________________________
កកន.
៣. សៀមហៅខេត្តបាត់ដំបងថាព្រះដំបង (พระตะบอง)។ សូមមើលប្រកាសដែលនិយាយអំពីខេត្តនេះ (រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម)
៤. ខេត្តសៀមរាប នេះសៀមហៅថា ស្យាមរាដ្ឋ (เสียมราฐ) ប្រែថាទឹកដីរបស់សៀម
៥. ចៅពញាអភ័យធិបេស្ស ឬអភ័យភូបេស្ស នេះជាមន្ត្រីខ្មែរទេ តែក្បត់នឹងផែនដីខ្លួនទៅអំណបជាមួយនឹងស្ដេចថៃ រហូតបានគ្រប់គ្រងបាត់ដំបង របៀបជាអាណាចក្រមួយចន្លោះព្រះនគរកម្ពុជា និងសៀម រហូតឲ្យសៀមផ្ដាច់ខេត្តនេះពីខ្មែរបាន
អត្ថបទដើម៖ http://www.sakulthai.com/DSakulcolumndetailsql.asp?stcolumnid=3254&stissueid=2605&stcolcatid=2&stauthorid=13
_________________________________________________________
អានបន្ថែម៖
១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ
៣. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
៤. อัจฉริยะข้ามคืน ឬ អច្ឆរិយក្នុងពេលមួយយប់
៥. សាវតារត្រកូល «អភ័យវង្ស»






