ចុងសប្ដាហ៍៖ អ្នកសើចអ្នកយំ ខែ មីនា 14, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.1 comment so far


នៅខណៈដែលប្រជាជនខ្មែរភាគច្រើនអបអរសាទរ នឹងការបិទល្បែងស៊ីសងនានាក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននោះ ក៏នៅមានប្រជាជនមួយចំនួនទៀតក៏ទទួលរងគ្រោះមិនតិចដែរពីការបិទនេះ។
- តើការបិទនេះមានផលល្អ ឬផលអាក្រក់?
បើនិយាយពីធ្វើនោះ គឺវាតែងតែផ្ដល់ហើយ ទាំងផលអាក្រក់ មានអ្នករិះគន់ និងផលល្អ មានអ្នកសរសើរ។ តើការដែលឲ្យអ្នកអត់ការងារធ្វើជាង៦០០០-៧០០០នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនភ្នាល់បាល់ ភ្នាល់ល្បែងនោះ ជាចំណុចអាក្រក់ឬ? ប្រហែលជាមិនអញ្ចឹងទេ ប្រសិនបើយើងយកទៅប្រៀបនឹងសីលធម៌សង្គម អំពើពាលា ចោរកម្ម ដែលកើតចេញពីប្រភេទល្បែងស៊ីសងអស់ទាំងនេះ ដែលបានរីកស្គុះស្គាយកណ្ដាលបេះដូងស្រុកខ្មែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអាចមើលទៅហាក់បីដូចជាការអបអរនឹងសេដ្ឋកិច្ចស្រុកខ្មែរដែលរីកចម្រើនពីរខ្ទង់ដូច្នោះដែរ។
តែអ្វីដែលកើតឡើងនៅទីនេះនោះ គឺការជជែកពីការបិទល្បែងយ៉ាងទាន់ហន់ពីសំណាក់នាយកស្រុកខ្មែរ។ វាមានមិនតិចករណីទេ ដែលលោក ហ៊ុន សែន បានបញ្ជាឲ្យបិទ ហើយករណីមួយចំនួនបានធ្វើឲ្យអ្នករកស៊ីខាតឡុងចុងមិនតិចទេ ជាក់ស្ដែងក្រុមហ៊ុនភ្នាល់បាល់ស្រុកខ្មែរ ដែលនៅមានអាជ្ញាប័ណ្ណនៅឡើយពីអាជ្ញាធរស្រុកខ្មែរក្នុងការបន្តការរកស៊ីរបរនេះ។
ការដែលមានប្រសាសន៍ថារដ្ឋពុំមានកាតព្វកិច្ចទទួលខុសត្រូវចំពោះការសងសំណងដល់ក្រុមហ៊ុនដែលបានបិទនោះទេ ពីព្រោះនៅក្នុងកិច្ចសន្យាពុំបាននិយាយពីលក្ខខណ្ឌនោះទេ ប្រសិនបើរដ្ឋត្រូវការចាំបាច់ របស់តំណាងរាស្ត្រស្រុកខ្មែរនោះ វាប្រហែលជាអាចនិយាយថាជាការមិនទទួលខុសត្រូវទេ ជាពិសេសចំពោះអ្នកដែលយើងធ្វើការជាមួយ ជាពិសេសប្រៀបដូចជាអតិថិជនម្នាក់ដែលមុនពេលទិញនិយាយល្អូកល្អើនដាក់ ក្រោយទិញរួចសើយគូថដាក់គេនោះទេ។
បើទោះជាការបិទនេះផ្ដល់ផលវិជ្ជមាន និងអំណរសាទរពីប្រជាជនខ្មែរ រដ្ឋគួរត្រូវផ្ដល់សំណងសមគួរដល់ក្រុមហ៊ុនទាំងនោះ ដែលត្រូវបិទទាំងកលោហល ក្នុងន័យមិនផ្ដល់ការរអាចិត្តចំពោះអ្នករកស៊ីស្រុកខ្មែរ ក៏ដូចជាបុគ្គលិកដែលគាត់ត្រូវដាច់អាជីពទាំងមិនដឹងខ្លួនផងដែរ៕






