មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣ ថ្ងៃ សៅរ៍ 11 ខែមេសា 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.10 comments
មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
មហាសករាជ១៩៣១ ចុល្លសករាជ១៣៧១ គ្រឹស្ទសករាជ២០០៩
សុភមស្តុ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្តន្តាកន្លងទៅហើយ បាន២៥៥២ព្រះវស្សា ត្រឹមថ្ងៃពេញបូណ៌មី ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ចូលពុទ្ធសករាជ២៥៥៣ ព្រះវស្សាតទៅ។
នឹងគណនាឆ្នាំឆ្លូវ ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអង្គារ ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៩ វេលាម៉ោង១:៣៦នាទីរំលងអាធ្រាត(1)។ នោះព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី ដើរផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម រាក្សសទេវី* ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយផ្កាឈូករ័តន៍ អភរណៈទ្រង់ពាក់កែវមោរា ភក្សាហារទ្រង់សោយលោហិត ព្រះហស្តស្ដាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេង ទ្រង់ធ្នូ ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងសត្វអស្សតរ (សេះ)2 ជាពាហនៈ នាំអស់ពពួកទេពនិករបវរកញ្ញា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ឈ្មោះធម្មាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់នៅលើពានមាសនាំចេញមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្រវាឡតាមផ្លូវព្រះអាទិត្យ ចរជាគម្រប់៦០នាទី ហើយដង្ហែរចូលទៅ តម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោត្តមហាស្រះ មានបំពង់៧ហូរចេញពីថ្មកែវ ជាមាត់គោឧសភរាជ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្តនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរ ដល់មនុស្សសត្តនិករតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
- ថ្ងៃអង្គារ ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា ២០០៩ ជាថ្ងៃចូលឆ្នាំ
- ថ្ងៃពុធ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៥ មេសា ២០០៩ ជាថ្ងៃវនប័ត
- ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៦ មេសា ២០០៩ វេលាម៉ោង០៥, ០៦នាទី, ០០វិនាទី ជាថ្ងៃឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេច បរិបូណ៌ ចូលជាសកល ឆ្នាំឆ្លូវ ឯកស័ក ចុល្លសករាជ១៣៧១ តរៀងទៅ។
ក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីផងទាំងហ្លាយ រៀបចំគ្រឿងសក្ការៈបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី មានផ្លែឈើជាដើម ជូនមាតាបិតា ព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ឲ្យជ្រះស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីល៥ឲ្យបានជាប់ជានិច្ច នោះទេព្ដានឹងឲ្យពរសព្ទសាធុការ លោកអ្នកមានសេរីសួស្ដី សុភមង្គលវិបុលសុខគ្រប់ប្រការ រកស៊ីមានបាន ត្រជាក់ត្រជុំ អាយុយឺនយូរតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
ទំនាយប្រចាំឆ្នាំ
- កែនព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ភពព្រះច័ន្ទជាអធិបតី នាគ៥បង្អុរភ្លៀង៥០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២០០មេ ហិមពាន្ត១៥០មេ មហាសមុទ្ទ១០០មេ ជម្ពូទ្វីបមនុស្សលោក៥០មេ។ ភ្លៀងដើមឆ្នាំ កណ្ដាលឆ្នាំ និង ចុងស្មើគ្នាល្អ។
- កែនធារាទិគុណរៈ ឆ្នាំនេះទឹកជំនន់ដោយភ្លៀងនិងទឹកទន្លេមានជាមធ្យម គឺមានកម្រិត៨/១៦ គឺមានសំណល់ (៨) ទឹកមធ្យម។
- កែនធញ្ញាហារៈ ឈ្មោះមជ្ឈឹមទំនាយថា ស្រូវ សំណាប ស្រែចម្ការ ផលដំណាំបានតែពាក់កណ្ដាលខូចអស់ពាក់កណ្ដាល ភោជនាហារបានជាមធ្យម ប្រជានុរាស្ត្របានសេចក្ដីសុខខ្លះ ទុក្ខខ្លះស្មើគ្នា ធញ្ញហារ មង្សហារ ផល្លហារនឹងមានជាមធ្យម។
————————————
* សម្គាល់៖ ឆ្នាំនេះថៃចូលថ្ងៃច័ន្ទវិញ ដោយសង្ក្រាន្តថៃចូលមកនៅម៉ោង០១នឹង១៣នាទី១៤វិនាទីនាយប់ថ្ងៃច័ន្ទទី១៣ (ព្រឹកថ្ងៃទី១៤) បើតាមប្រក្រតិទិនសាកលគឺថ្ងៃទី១៤មេសា ដែលជាថ្ងៃអង្គារ តែក្រុមហោរាសាស្ត្រថៃនៅរាប់ជាថ្ងៃច័ន្ទនៅឡើយ ក្រោយម៉ោង៦ព្រឹកទើបគេរាប់ចូលជាថ្ងៃអង្គារ។
1. ចូលឆ្នាំឆ្លូវឯកស័ក នៅវេលាម៉ោង០១និង៣៦នាទីរំលងអាធ្រាត នៃរាត្រីថ្ងៃទី១៣ មេសា ២០០៩។
2. តាមមហាសង្ក្រាន្តអតីត តាមតម្រាមហាសង្ក្រាន្តខ្មែរ ថៃ លាវ ពាហនៈឆ្នាំនេះគឺសុករៈ (ជ្រូក)
ស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តរបស់លោកអ៊ឹម បុរិណរ៍
អានផងដែរ៖
១. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
២. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
៣. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៤. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៦. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧









