ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ថ្ងៃ សុក្រ 24 ខែមេសា 2009
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.8 comments
កកន៖ ខាងក្រោមនេះជាអត្ថបទបកប្រែពីកាសែត TIME ដ៏ល្បីដែលបានចុះផ្សាយពីព្រះរាជពិធីថ្វាយព្រះភ្លើងនៃព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិ មុនីវង្ស នៃកម្ពុជា កាលពីថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ១៩៤១។ ខ្ញុំសូមប្រែជាខេមរភាសា ទុកក្នុងទីនេះដើម្បីជាឯកសារ ឬលោកអ្នកអាចអានជាភាសាអង់គ្លេសនៅទីនេះ។
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ១៩៤១
បារាំង ឥណ្ឌូចិន
ការសោយទិវង្គតកាលពីខែមេសានោះគឺជាព្រះមហាក្ស័ត្រិយ៍នៃប្រទេសកម្ពុជា ស៊ីសុវត្ថិ២ ** ដែលមានព្រះជន្ម៦៥ព្រះវស្សា។ វាគឺជាមរណភាពដែលទន្ទឹងរង់ចាំជាយូរមកហើយ ជាពិសេសកាលពីពីរបីឆ្នាំមុនមកនេះដែលបណ្តាស្រីស្នំរាប់រយរបស់ទ្រង់មានការក្រៀមក្រំជាខ្លាំង។ កាលពីខែមីនាកន្លងទៅនេះពួកជប៉ុនបាកកាត់ផ្ដាច់ទឹកដីដែលនៅសេសសល់មួយចំនួនធំនៃអាណាចក្រដែលសម្បូរទៅដោយប្រាសាទនេះពីឥណ្ឌូចិនរបស់បារាំងទៅឲ្យប្រទេសថៃ។
បន្ទាប់ពីការសោយទិវង្គតនេះ ក្រុមអាចារ្យខ្មែរបានយកព្រះបរមសពរបស់ព្រះអង្គដាក់អប់នឹងទឹកពិសេសដើម្បីរក្សាសាច់របស់ទ្រង់, និងយកសរីរាង្គខាងក្នុងរបស់ទ្រង់ទាំងអស់ចេញលើកលែងតែបេះដូង និងព្រះខួរ។ បន្ទាប់មកពួកគេក៏ដាក់ចងព្រះសពទៅក្នុងព្រះកោដ្ឋក្នុងស្ថានភាពដូចទារកដែលមិនទាន់ប្រសូត ដែលជាសញ្ញាណសន្មតក្នុងប្រុងប្រៀបដើម្បីទៅកើតជាថ្មីនៅទីណាមួយនាពេលណាមួយខាងមុននេះ។
រហូតមកដល់សប្ដាហ៍មុននេះ ព្រះបរមសពរបស់ព្រះបាទស៊ីសុវត្ថិនៅក្នុងព្រះកោដ្ឋនៅឡើយ។ ក្រោយមកពួកអាចារ្យបានយកព្រះបរមសពចេញមកចម្អាសទឹក និងទ្រង់ព្រះភូសា ដោយមានគ្រឿងរាជអស្សរិយយសដំរីរាប់លាន (កកន៖ គ្រឿងរាជអស្សរិយយសរបស់ព្រះរាជអាណាចក្រលាវ) និងក្លស់ព័ណ៌ស និងដាក់ព្រះសពវិញទៅក្នុងកោដ្ឋដែលធ្វើពីកែវយ៉ាងប្រណិត។
ព្រះសង្ឃក្នុងសំពត់ព័ណ៌លឿងរាប់ពាន់អង្គបានហែរហមព្រះកោដ្ឋនៅតាមដងផ្លូវនានានៃរាជធានីភ្នំពេញបុរាណរបស់ប្រទេសកម្ពុជា ធ្វើដំណើរទៅទីវត្តដ៏ស្រស់ស្អាតថ្មីមួយ។ ព្រះបរមសពត្រូវបានផ្លាស់ទៅដាក់ក្នុងម្ឈូសដ៏ប្រណិតធ្វើអំពីមាស និងប្រាក់។ ក្នុងខណៈដែលសំឡេងភ្លេងតន្ត្រីដែលតម្អូញអន្លង់អន្លោច, ព្រះមហាក្ស័ត្រិយ៍ថ្មីដ៏ក្មេងរបស់ប្រទេសកម្ពុជា ព្រះបាទសីហនុ បានថ្វាយព្រះភ្លើងរំលាយព្រះបរមសពនៃព្រះបាទស៊ីសុវត្ថិ។ នៅក្នុងចំណោមនោះមានវត្តមានឧត្ដមនាវីឯកបារាំងឥណ្ឌូចិន លោក ស្សង់ ដេកូ (Jean Decoux) ដែលធ្លាប់កាន់តំណែងក្នុងសម័យស៊ីសុវត្ថិ និងឧត្ដមសេនីយជប៉ុន តំណាងអធិរាជប្រទេសជប៉ុន ហ៊ីរូហ៊ីតូ (Hirohito), ដែលបច្ចុប្បន្ននេះកាន់កាប់ជំនួសឧត្ដមសេនីយដេកូ។
បើទោះបីជាព្រះសពរបស់ព្រះមហាក្ស័ត្រិយ៍គេបានរំលាយទៅហើយក្ដី ប្រជាជនកម្ពុជានៅតែជឿជាក់ថានេះមិនមែនជាទីបញ្ចប់នៃព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ទេ៕
*,** ចំណាំ៖ ពាក្យដែលប្រើថា ស៊ីសុវត្ថិ និងស៊ីសុវត្ថិ២ នៅទីនេះសំដៅលើហ្លួងស៊ីសុវត្ថិ មុនីវង្ស មិនមែនហ្លួង ស៊ីសុវត្ថិ ទេ
_____________________________________________
អានផងដែរ៖
១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទ នរោត្ដម
២. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
៣. សិរីសុវត្ថិ មុនីវង្ស
៤. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៥. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៦. កោដ្ឋ
៧. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ









