ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ២ ខែ ឧសភា 1, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.7 comments
ថ្ងៃទី២, ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០០៩ (អានភាគទី១)
ថ្ងៃទីពីរនៅក្នុងប្រទេសភូមារបស់យើង គឺការទស្សនាទីក្រុងចាស់ ដែលនៅមិនឆ្ងាយពីក្រុងរ៉នកុនប៉ុន្មានឡើង ប្រៀបដូចជាក្រុងឧដ្តុង្គរបស់យើងដែរ ដែលមានឈ្មោះថា បាខូ (Bago city)។
ថ្ងៃនេះពួកយើងបានទៅទស្សនាទីក្រុងបុរាណរបស់មនមួយចំនួនកាលពីសតវត្សរ៍ទី១៦ មានដូចជា ហង្សាវតី (Hansawaddi), ឧកថា (Oakthar), កានបាសាធានី (Kanbawsahtarni) ជាដើម។ នៅតាមផ្លូវពួកយើងបានចូលទៅមើលកន្លែងកប់សពយុទ្ធជនសង្គ្រាមឈ្មោះ Htauk Kyank war cemetery ដែលបានបង្កើតដោយអង្គការ Common wealth កាលពីឆ្នាំ១៩៥៤ បន្ទាប់ពីសង្គ្រាមលោកលើកទី២ នៅពេលដែលភូមាស្ថិតក្នុងសមាជិកអង្គការនេះនៅឡើយ។
បន្ទាប់មកពួកយើងបានទៅទស្សនាទីសំណាក់របស់ព្រះសង្ឃឈ្មោះ Kyat Khat wyne monastery ដែលមានព្រះសង្ឃប្រមាណ១០០០អង្គស្នាក់នៅ និងសិក្សារៀនសូត្រជាមួយគ្នានៅទីនោះ។ តាមដំណឹងទីនេះជាទីសំណាក់ព្រះសង្ឃដ៏ធំជាងគេបង្អស់នៅភាគខាងត្បូងរបស់ប្រទេសនេះ។ ប្រទេសភូមាកាន់សាសនាព្រះពុទ្ធបែបថេរវាទដូចកម្ពុជាយើងដែរ តែទាំងរដ្ឋាភិបាល ទាំងប្រជាជនមានជំនឿខ្លាំងណាស់ចំពោះសាសនានេះ ដោយបានសាងសង់វត្ថអារាមធំៗជាច្រើន និងផ្នែកបុព្វជិតនេះមានកម្លាំងខ្លាំងក្លាគួរសម។ បន្ទាប់ពីទស្សនាទីសំណាក់នៃព្រះសង្ឃនោះហើយ យើងក៏បន្តដំណើរទៅទស្សនាវត្ត Shwemawdaw ដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន។ វត្តនេះមានចេតិយដ៏ធំ មិនខុសពីវត្តនានាដ៏ទៃទៀតនៅក្នុងអតីតរាជធានៅរបស់មននេះឈ្មោះ ហង្សាវតី។ បន្ទាប់មកដល់ម៉ោងអាហារថ្ងៃត្រង់ល្មម ពួកយើងបានទៅទទួលទាននៅហាងអាហារមួយក្នុងទីក្រុងនោះឈ្មោះថា Kyaw zwar Restaurant។ អាហារឆ្ងាញ់គួរសម ក្រោមកម្ដៅព្រះអាទិត្យដ៏មហិមារ និងជាញយៗក្នុងហាងដាច់ភ្លើង។
អាហារថ្ងៃត្រង់រួចស្រេចបាច់ហើយ ពួកយើងក៏បន្តដំណើរទៅទស្សនាព្រះរាជវាំង Kanbawzahtarni របស់ស្ដេច Bayinnaung ដែលគេសាងសង់ជាថ្មីឡើងវិញ រួចបន្តដំណើរទៅទស្សនាបដិមារព្រះពុទ្ធផ្ទុំ Shwetharlyaung និងបដិមារព្រះពុទ្ធ Kyak Pun។ បន្ទាប់មកពួកយើងបានទៅទស្សនាការធ្វើក្អមរបស់ប្រជាជនភូមា មើលទៅមិនខុសពីខ្មែរយើងប៉ុន្មានទេ ខ្ញុំបានឲ្យប្រាក់១០០០ខ្យាត (ប្រមាណ៥០០០រៀល) ដល់កូនស្ត្រីដែលខិតខំបង្ហាញយើងពីការធ្វើក្អមដីនេះ មើលទៅគួរឲ្យអាណិតគាត់ណាស់។ នៅតាមផ្លូវត្រឡប់មករ៉នកុនវិញពួកយើងបានចូលទៅទិញឪឡឹកពីអ្នកលក់ក្នុងចម្ការស្រស់ៗមកញ៉ាំមានឱរសជាតិឈ្ងុយឆ្ងាញ់អស្ចារ្យ។
មកដល់រ៉នកុនវិញម៉ោងប្រមាណ៥កន្លះ បន្ទាប់ពីបានសម្រាកមួយប្រមាណ៣០នាទី ល្ងាចនោះពួកយើងបានទៅស្រស់ស្រូបអាហារនៅហាងមួយទល់មុខសណ្ឋាគាររបស់យើងឈ្មោះ Bangkok Kitchen និងយប់នោះ ពួកយើងបីបួននាក់ រួមនិងខ្ញុំដែល បាននាំគ្នាច្រៀងការ៉ាអូខេនៅក្នុងបារខាងក្រោមសណ្ឋាគារស្នាក់នៅយ៉ាងសប្បាយរីករាយម្នាក់ៗ៕
អានភាគទីបី
រូបភាពមួយចំនួន

កន្លែងកប់សពយុទ្ធជនសង្គ្រាមឈ្មោះ Htauk Kyank war cemetery
សំណាក់របស់ព្រះសង្ឃឈ្មោះ Kyat Khat wyne monastery
ព្រះសង្ឃនៅក្នុងទីសំណាក់

ចេតិយវត្ត Shwemawdaw

ក្លោងទ្វារវត្ត Shwemawdaw

ព្រះរាជវាំង Kanbawzahtarni សង់បែបរចនាបទមន

បល្ល័ង្គរបស់ស្ដេច

អគារមួយរបស់ព្រះរាជវាំង

ក្រឡាបន្ទុំរបស់ស្ដេច

បដិមារព្រះពុទ្ធផ្ទុំ Shwetharlyaung

ខ្នាតរបស់ព្រះបដិមារ

ព្រះពុទ្ធ Kyak Pun

ផ្លែឳឡឹកដាក់លក់តាមផ្លូវ
_______________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៩






