jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២ ខែ ឧសភា 1, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​ទី​២, ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​១)

ថ្ងៃ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ភូមា​របស់​យើង គឺ​ការ​ទស្សនា​ទីក្រុង​ចាស់ ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​រ៉នកុន​ប៉ុន្មាន​ឡើង ប្រៀប​ដូច​ជា​ក្រុង​ឧដ្តុង្គ​របស់​យើង​ដែរ ដែល​មាន​ឈ្មោះ​ថា បាខូ (Bago city)។

ថ្ងៃ​នេះ​ពួក​យើង​បាន​ទៅ​ទស្សនា​ទីក្រុង​បុរាណ​របស់​មន​មួយ​ចំនួន​កាល​ពី​សតវត្សរ៍​ទី​១៦ មាន​ដូច​ជា​ ហង្សាវតី (Hansawaddi), ឧកថា (Oakthar), កានបាសាធានី (Kanbawsahtarni) ជា​ដើម។ នៅ​តាម​ផ្លូវ​ពួក​យើង​បាន​ចូល​ទៅ​មើល​កន្លែង​កប់​សព​យុទ្ធជន​សង្គ្រាម​​ឈ្មោះ Htauk Kyank war cemetery ដែល​បាន​បង្កើត​ដោយ​អង្គការ Common wealth កាល​ពី​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ នៅ​ពេល​ដែល​ភូមា​ស្ថិត​ក្នុង​សមាជិក​អង្គការ​នេះ​នៅ​ឡើយ។

បន្ទាប់​មក​ពួក​​យើង​បាន​ទៅ​ទស្សនា​ទី​សំណាក់​របស់​ព្រះ​សង្ឃ​ឈ្មោះ Kyat Khat wyne monastery ដែល​មាន​ព្រះ​សង្ឃ​ប្រមាណ​១០០០​អង្គ​​ស្នាក់​នៅ​ និង​សិក្សា​រៀន​សូត្រ​ជាមួយ​គ្នា​នៅ​ទី​នោះ។ តាម​ដំណឹង​ទី​នេះ​ជា​ទី​សំណាក់​ព្រះ​សង្ឃ​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ។ ប្រទេស​ភូមា​កាន់​សាសនា​ព្រះ​ពុទ្ធ​បែប​ថេរវាទ​ដូច​កម្ពុជា​យើង​ដែរ តែ​ទាំង​រដ្ឋាភិបាល ទាំង​ប្រជាជន​មាន​ជំនឿ​ខ្លាំង​ណាស់​ចំពោះ​សាសនា​នេះ ដោយ​បាន​សាងសង់​វត្ថ​អារាម​ធំ​ៗ​ជា​ច្រើន និង​ផ្នែក​បុព្វជិត​នេះ​មាន​កម្លាំង​ខ្លាំង​ក្លា​គួរ​សម។ បន្ទាប់​ពី​ទស្សនា​ទី​សំណាក់​នៃ​ព្រះ​សង្ឃ​នោះ​ហើយ យើង​ក៏​បន្ត​ដំណើរ​ទៅ​ទស្សនា​វត្ត Shwemawdaw ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន។ វត្ត​នេះ​មាន​ចេតិយ​ដ៏​ធំ មិន​ខុស​ពី​វត្ត​នានា​ដ៏ទៃ​ទៀត​នៅ​ក្នុង​អតីត​រាជធានៅ​របស់​មន​នេះ​ឈ្មោះ ហង្សាវតី។ បន្ទាប់​មក​ដល់​ម៉ោង​អាហារ​ថ្ងៃ​ត្រង់​ល្មម ពួក​យើង​បាន​ទៅ​ទទួល​ទាន​នៅ​ហាង​អាហារ​មួយ​ក្នុង​ទីក្រុង​នោះ​ឈ្មោះ​ថា Kyaw zwar Restaurant។ អាហារ​ឆ្ងាញ់​គួរ​សម ក្រោម​កម្ដៅ​ព្រះ​អាទិត្យ​ដ៏​មហិមារ និង​ជា​ញយ​ៗ​ក្នុង​ហាង​ដាច់​ភ្លើង។

អាហារ​ថ្ងៃ​ត្រង់​រួច​ស្រេច​បាច់​ហើយ ពួក​យើង​ក៏​បន្ត​ដំណើរ​ទៅ​ទស្សនា​ព្រះ​រាជវាំង Kanbawzahtarni របស់​ស្ដេច​ Bayinnaung ដែល​គេ​សាង​សង់​ជា​ថ្មី​ឡើង​វិញ រួច​បន្ត​ដំណើរ​ទៅ​ទស្សនា​បដិមារ​ព្រះ​ពុទ្ធ​ផ្ទុំ Shwetharlyaung និង​​បដិមារ​ព្រះ​ពុទ្ធ Kyak Pun។ បន្ទាប់​មក​ពួក​យើង​បាន​ទៅ​ទស្សនា​ការ​ធ្វើ​ក្អម​របស់​ប្រជាជន​ភូមា មើល​ទៅ​មិន​ខុស​ពី​ខ្មែរ​យើង​ប៉ុន្មាន​ទេ ខ្ញុំ​បាន​ឲ្យ​ប្រាក់​១០០០​ខ្យាត (ប្រមាណ​៥០០០​រៀល) ដល់​កូន​ស្ត្រី​ដែល​ខិត​ខំ​បង្ហាញ​យើង​ពី​ការ​ធ្វើ​ក្អម​ដី​នេះ មើល​ទៅ​គួរ​ឲ្យ​អាណិត​គាត់​ណាស់។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​រ៉នកុន​វិញ​ពួក​យើង​បាន​ចូល​ទៅ​ទិញ​ឪឡឹក​ពី​អ្នក​លក់​ក្នុង​ចម្ការ​ស្រស់​ៗ​មក​ញ៉ាំ​មាន​ឱរស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​អស្ចារ្យ។

មក​ដល់​រ៉នកុន​វិញ​ម៉ោង​ប្រមាណ​៥​កន្លះ បន្ទាប់​ពី​បាន​សម្រាក​មួយ​ប្រមាណ​៣០​នាទី​​ ល្ងាច​នោះ​ពួក​យើង​បាន​ទៅ​ស្រស់​ស្រូប​អាហារ​នៅ​ហាង​មួយ​ទល់​មុខ​សណ្ឋាគារ​របស់​យើង​ឈ្មោះ Bangkok Kitchen និង​យប់​នោះ​ ពួក​យើង​បី​បួន​នាក់ រួម​និង​ខ្ញុំ​ដែល បាន​នាំ​គ្នា​ច្រៀង​ការ៉ាអូខេ​នៅ​ក្នុង​បារ​ខាង​ក្រោម​សណ្ឋាគារ​ស្នាក់​នៅ​យ៉ាង​សប្បាយ​រីករាយ​ម្នាក់​ៗ៕

អាន​ភាគ​ទី​បី

រូប​ភាព​មួយ​ចំនួន


កន្លែង​កប់​សព​យុទ្ធជន​សង្គ្រាម​​ឈ្មោះ Htauk Kyank war cemetery
សំណាក់​របស់​ព្រះ​សង្ឃ​ឈ្មោះ Kyat Khat wyne monastery
ព្រះ​សង្ឃ​នៅ​ក្នុង​ទី​សំណាក់

ចេតិយ​​វត្ត Shwemawdaw

ក្លោង​ទ្វារ​​វត្ត Shwemawdaw

ព្រះ​រាជវាំង Kanbawzahtarni សង់បែប​រចនាបទ​មន

បល្ល័ង្គ​របស់​ស្ដេច

អគារ​មួយ​របស់​ព្រះ​រាជវាំង

ក្រឡា​បន្ទុំ​របស់​ស្ដេច

បដិមារ​ព្រះ​ពុទ្ធ​ផ្ទុំ Shwetharlyaung

ខ្នាត​របស់​ព្រះ​បដិមារ

ព្រះ​ពុទ្ធ Kyak Pun

ផ្លែ​ឳឡឹក​ដាក់​លក់​តាម​ផ្លូវ

_______________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១
២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៩

វិចារ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 1, 2009

[...] អាន​ភាគ​ទី​ពីរ [...]

2. Ream - ខែ ឧសភា 2, 2009

Hi, how are u? long time no see after CVD 2003. don’t know u still remember me or not! tov leng myanmar the view is nice…ok have a nice day

សុភ័ក្ត្រ - ខែ ឧសភា 3, 2009

yes, why not remember? Troi Oi hehe….
heard that nov Barang hong hor? hehe… cava? buku? lol!!!

3. duongchan - ខែ ឧសភា 3, 2009

ភូមាស្អាតដល់ហើយ! មើលទៅការរចនាអគាររៀងទ្រង់ស្រដៀងសៀមជាងខ្មែរ?

សុភ័ក្ត្រ - ខែ ឧសភា 3, 2009

មិន​មាន​ស្រដៀង​ខ្មែរ មិន​មាន​ស្រដៀង​សៀម​អី​ទេ មាន​តែ​សៀម​ភាគ​ខាង​លើ​មួយ​ចំនួន​ស្រដៀង​ភូមា​វិញ!

4. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 4, 2009

[...] ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣ ខែ ឧសភា 4, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ. trackback ថ្ងៃ​ទី​៣, ថ្ងៃ​សុក្រ ទី​០៣ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​២) [...]

5. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៩ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 29, 2009

[...] [...]