jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣ ខែ ឧសភា 4, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ.
20 comments

ថ្ងៃ​ទី​៣, ថ្ងៃ​សុក្រ ទី​០៣ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​២)

  • ទៅ​កាន់​ក្រុង​បាកាន, ទឹក​ដី​ចេតិយ​រយ​ពាន់

ថ្ងៃ​ទី​៣​របស់​ពួក​យើង​នៅ​ក្នុង​ប្រទេស​ភូមា គឺ​ត្រូវ​ក្រោក​ពី​ព្រលឹម​មែន​ទែន​តែ​ម្ដង ដ្បិត​យន្តហោះ​ត្រូវ​ហោះ​នៅ​ម៉ោង​ប្រមាណ​៧ ហេតុ​នេះ​ពួក​យើង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​ដូច​ពី​ថ្ងៃ​ម្សិល​ទេ គឺ​គេ​ខ្ចប់​ឲ្យ​មាន​នំប៉័ង, ទឹក​ក្រូច និង​ផ្លែ​ប៉ោម​មួយ ហេហេ… នាំ​គ្នា​ញ៉ាំ​នៅ​ក្រោម​ឡប់ប៊ី​សណ្ឋាគារ ទាំង​ព្រលឹម​អ៊ុរ និង​ម៉ោង​ប្រមាណ​៥,៣០​នាទី​ពួក​យើង​ក៏​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សណ្ឋាគារ​ឆ្ពោះ​មក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​រ៉នកុន​ជា​ថ្មី ដើម្បី​ធ្វើ​ដំណើរ​ទៅ​បាកាន តាម​ជើង​យន្តហោះ​អ៊ែរ​ បាកាន (air Bagan) ជើង​យន្តហោះ​លេខ 009។ ពី​រ៉នកុន​មក​បាកាន​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​៥៥​នាទី គឺ​ប្រហាក់​ប្រហែល​ពី​ទីក្រុង​បាងកក​មក​ភ្នំពេញ​ដែរ។

បាកាន​ជា​ទឹក​ដី​អតីត​រាជធានី​មួយ​នៃ​ភូមា និង​មាន​ក្រុម​ចេតិយ និង​វត្ត​ជា​ច្រើន​សង់​ស្កេក​ស្កះ ស្រដៀង​និង​ក្រុម​ប្រាសាទ​នៅ​សៀមរាប​នគរ​របស់​យើង​ដែរ ថែម​ទាំង​មាន​សៀវភៅ​មគ្គុទេសក៍​ខ្លះ​បរិយាយ​ថា​ក្រុង​ទាំង​ពីរ​នេះ បាកាន និង​សៀមរាប​យើង​ជា​គូ​ប្រជែង​នឹង​គ្នា​ទៀត​ផង (សម្រាប់​ទាក់​ទាញ​ទេសចរណ៍)។ អ្វី​ដែល​ខ្ញុំ​ស្រម៉ៃ​មុន​នឹង​ទៅ​ដល់​ក្រុង​នេះ​នោះ​គឺ​ខុស​នឹង​តថភាព​សម្បើម​ណាស់។ ខ្ញុំ​ហ៊ាន​អះអាង​ថា​បាកាន​មិន​អាច​យក​មក​ប្រៀប​ជាមួយ​នឹង​ក្រុង​សៀមរាប​របស់​យើង​បាន​ទេ។ ឯ​ចំនួន​ទេសចរណ៍​ទៀត​សោត​ក៏​មិន​បាន​និយាយ​ដែរ យក​មក​និយាយ​យ៉ាង​ម៉េច​បើ​តាម​ការ​សាក​សួរ​របស់​ខ្ញុំ​ទៅ​មគ្គុទេសក៍​ចំនួន​អ្នក​មក​ទស្សនា​ប្រទេស​ភូមា​កាល​ពី​ឆ្នាំ​២០០៨​មាន​តែ​ប្រមាណ​សែន​នាក់​ប៉ុណ្ណោះ​ឯង, តែ​ចំពោះ​ស្នាដៃ​ស្ថាបត្យកម្ម​ខ្ញុំ​មិន​យក​មក​ប្រៀប​ធៀប​ទេ ដ្បិត​ខ្ញុំ​គិត​ថា​ជន​ជាតិ​នីមួយ​ៗ​គេ​មាន​ឯក​លក្ខណៈ​ផ្ទាល់​របស់​គេ។

អាកាសយានដ្ឋាន​ក្រុង​បាកាន​មិន​ធំ​ទេ ព្រោះ​ជា​អាកាសយានដ្ឋាន​ក្នុង​ស្រុក។ នៅ​ពេល​ពួក​យើង​មក​ដល់​ឃើញ​មាន​តែ​យន្តហោះ​មួយ​ប៉ុណ្ណោះ​ដែល​ចត នៅ​ក្នុង​ព្រលាន។ ចំណែក​ឯ​ក្រុង​គេ​ក៏​ស្ងាត់​ជ្រៀប​ដូច​ក្នុង​ព្រៃ​ស្ថាន មិន​មាន​ផ្ទះ​សំណាក់ សណ្ឋាគារ ផ្សារ​ព្រោង​ព្រៀត​ដូច​សៀមរាប​ក្រុង​នៃ​យើង​ទេ ឯ​អ្នក​ទេសចរណ៍​ក៏​មិន​ឃើញ​មាន​ដែរ ឬ​មួយ​ពួក​យើង​មក​ខុស​រដូវ?

ចេញ​ពី​ព្រលាន​យន្តហោះ​ភ្លាម​ពួក​យើង​នាំ​គ្នា​ជិះ​ឡាន​ដែល​គេ​ត្រៀម​ទុក​ស្រេច​ហើយ​ធ្វើ​ដំណើរ​មក​ទស្សនា​ផ្សារ​តូច​ក្នុង​ភូមិ​មួយ ដែល​លក់​ដូរ​មិន​ខុស​ពី​ស្រុក​ខ្មែរ​យើង​ទេ ផ្សារ​នោះ​មាន​ឈ្មោះ​ថា Nyaung Oo តែ​ប្រហែល​ជា​មាន​ទេសចរណ៍​មក​ច្រើន​ក៏​មិន​ដឹង ព្រោះ​មាន​អ្នក​លក់​ប័ណ្ណ​ប្រៃសណីយ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន។ នៅ​ទី​នោះ​ខ្ញុំ​បាន​សាក​ល្បង​ញ៉ាំ​នំ​ចាខ្វៃ និង​កាហ្វេ​ទឹក​ដោះ​គោ​គេ​ផង​ដែរ មាន​អី​រស​ជាតិ​គួរ​សម។

បន្ទាប់​ពី​ដើរ​មើល​ផ្សារ​គេ និង​ជជែក​គ្នា​លេង​ប្រមាណ​១​ម៉ោង​មក​ពួក​យើង​បាន​ចាក​ចេញ​ពី​ទី​នោះ ដើម្បី​ឆ្ពោះ​មក​កាន់​ភ្នំ Popa។ នៅ​តាម​ផ្លូវ​ពួក​យើង​បាន​ឈប់​ប្រហែល​មួយ​ម៉ោង​ជាង ដើម្បី​ប្រជា​កសិករ​ភូមា​ឡើង​ត្នោត និង​យក​ប្រយោជន៍​ពី​ត្នោត​ដូច​ជា​យក​មក​ធ្វើ​ស្រែ និង​កូរ​យក​ស្ករ​ជា​ដើម បរិយាកាស​គ្មាន​ខុស​គ្នា​អី​តាក់តិច នឹង​ប្រជាជន​ខ្មែរ​ទេ។

ម៉ោង​ប្រមាណ​១០​កន្លះ​ពួក​យើង​បាន​ចាកចេញ​ពី​ទី​នោះ​ដើម្បី​បន្ត​ដំណើរ​មក​ភ្នំ។ នៅ​តាម​ផ្លូវ​យើង​សង្កេត​ឃើញ​ថា​មាន​សភាព​ក្ដៅ​ខ្លាំង​ណាស់ ប្រទេស​នេះ​មិន​មាន​ដើម​ឈើ​ធំ​ៗ​ទេ ប្រហែល​ដោយ​សារ​អាកាសធាតុ​ហើយ។ ម៉ោង​ប្រមាណ​១១​កន្លះ​ពួក​យើង​បាន​មក​ដល់​ភ្នំ។ ភ្នំ​ប៉ូប៉ា​នេះ​ជា​អតីត​ភ្នំ​ភ្លើង ហើយ​ដែល​គេ​មាន​ជំនឿ​ថា​ជា​មណ្ឌល​នៃ​ក្រុម​ព្រលឹង​អ្នក​តា​រស់​នៅ​ទី​នេះ ជនជាតិ​ភូមា​ឲ្យ​ឈ្មោះ​ថា ណាត (Nat) (អាន​អត្ថបទជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា)។ ពួក​យើង​ឃើញ​មាន​ការ​សាងសង់​រូប​សំណាក​ណាត​នេះ​ជា​ច្រើន​សម្រាប់​ប្រជាជន​សក្ការៈ​តាម​ជំនឿ​របស់​គេ​រៀង​ៗ​ខ្លួន។ នៅ​ទី​នោះ​មាន​ណាត​សរុប​ចំនួន​៣៧​ឯណុះ។ បំណាច់​នឹង​មក​ដល់​ទី​នេះ​ហើយ ខ្ញុំ​និង​មិត្រ​ភ័ក្តិ​មួយ​ចំនួន​បាន​នាំ​គ្នា​ឡើង​លើ​ភ្នំ​នេះ ដែល​មាន​ជណ្ដើរ​សរុប​ទាំង​អស់​៧២៦​កាំ​ឯណុះ និង​នៅ​តាម​ជណ្ដើរ​ឡើង​មាន​សត្វ​ស្វា​ជា​ច្រើន មើល​ទៅ​កាច​ដល់​ហើយ។ ម្នាក់​ៗ​ឡើង​អស់​កម្លាំង​រៀង​ៗ​ខ្លួន។ មក​ដល់​កំពូល​ខ្ញុំ​ក៏​បាន​ចូល​បច្ច័យ​កសាង​ព្រះ​ពុទ្ធ​រូប​ចំនួន​១០០០​ខ្យាត​ដែរ។

ម៉ោង​ប្រមាណ​ជាង​១​រសៀល​ទើប​យើង​បាន​ចាកចេញ​ពី​ភ្នំ​នោះ និង​ប្រមាណ​២​ឯណុះ​ទើប​បាន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​នោះ តែ​កន្លែង​ដែល​យើង​មក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នោះ​ស្អាត​អស់​ស្ទះ​ហើយ គឺ​នៅ​លើ​ចង្កេះ​ភ្នំ មាន​អាង​ហែល​ទឹក និង​អាច​មើល​ឃើញ​ភ្នំ​ប៉ូប៉ា​នេះ​ពី​ចម្ងាយ ស្អាត​ណាស់ ភោជនីយដ្ឋាន​នោះ​មាន​ឈ្មោះ​ថា Mt- Popa resort។ បន្ទាប់​ពី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ ពួក​យើង​ត្រឡប់​មក​ទី​ប្រជុំជន​វិញ​ដើម្បី​ឆែក​អ៊ីន​សណ្ឋាគារ Treasure Myanmar និង​សម្រាក​ប្រហែល​៣០​នាទី មុន​នឹង​ទៅ​មើល​ថ្ងៃ​លិច​នៅ​ឯ​ចេតិយ​វត្ត Damayazika stupa និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ឯ​ភោជនីយដ្ឋាន​ Beach Bagan។

អាន​ភាគ​ទី​៤

រូប​ភាព​មួយ​ចំនួន


បឌីងផាស្ស​របស់​អ៊ែរ បាកាន ទៅ​ក្រុង​បាកាន

អាហារ​នៅ​លើ​យន្តហោះ​ពេល​ទៅ​បាកាន

បាកាន​ពី​លើ​យន្តហោះ​គ្មាន​អ្វី​ក្រៅ​ពី​ដើម​ត្នោត​រាប់​ម៉ឺន​ដើម
អាកាសយានដ្ឋាន​បាកាន

ផ្សារ Nyaung Oo

ទិដ្ឋភាព​នៅ​ក្នុង​ផ្សារ

បន្លែ​ដែល​ដាក់​លក់

ម្លូ​​ស្លា​ដាក់​លក់​ជា​ច្រើន ព្រោះ​ជនជាតិ​នេះ​ចូល​ចិត្ត​ញ៉ាំ​ណាស់
ចាខ្វៃ​ទឹក​ដោះ​គោ ដែល​ខ្ញុំ​ទទួល​ទាន​នៅ​ក្នុង​ផ្សារ​នេះ

មគ្គុទេសក៍ និង​លោក​អ៉ុំ​ម្នាក់​នេះ​ធ្វើ​ការ​រៀប​រាប់​ពី​ការ​ឡើង​ត្នោត​ប្រាប់​ដល់​ពួក​យើង
ការ​ឡើង​ត្នោត​របស់​ជន​ជាតិ​ភូមា

កូរ​ទឹក​ត្នោត​យក​ស្ករ

ការ​បិត​ស្រា​ពី​ទឹក​ត្នោត​របស់​ជនជាតិ​ភូមា

ភ្នំ​ប៉ូប៉ា​មើល​ពី​ចម្ងាយ

ប្រជាជន​ភូមា​ចុះ​ពី​លើ​ភ្នំ មើល​ទៅ​មាន​ខុស​អី​ពី​ខ្មែរ

ភ្នំ​ប៉ូប៉ា​ នៅ​ពី​លើ​កំពូល និង​ជណ្ដើរ​ឡើង

ភោជនីយដ្ឋាន Mt- Popa resort ដែល​យើង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មើល​ពី​ភ្នំ​ប៉ូប៉ា​ទៅ​វិញ
អាង​ហែល​ទឹក និង​ភ្នំ​ប៉ូប៉ា មើល​ពី​ភោជនីយដ្ឋាន លោក​អ្នក​គិត​ថា​ស្អាត​ទេ?
ចេតិយ​វត្ត Damayazika stupa ដែល​យើង​ទៅ​មើល​ថ្ងៃ​លិច
ថ្ងៃ​លិច​នៅ Damayazika stupa

____________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២
២. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា
៣. សារៈសំខាន់​នៃ​ដើម​ត្នោត​ក្នុង​ទស្សនៈ​ប្រជាជន​ភូមា