jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣ ខែ ឧសភា 4, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​ទី​៣, ថ្ងៃ​សុក្រ ទី​០៣ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​២)

  • ទៅ​កាន់​ក្រុង​បាកាន, ទឹក​ដី​ចេតិយ​រយ​ពាន់

ថ្ងៃ​ទី​៣​របស់​ពួក​យើង​នៅ​ក្នុង​ប្រទេស​ភូមា គឺ​ត្រូវ​ក្រោក​ពី​ព្រលឹម​មែន​ទែន​តែ​ម្ដង ដ្បិត​យន្តហោះ​ត្រូវ​ហោះ​នៅ​ម៉ោង​ប្រមាណ​៧ ហេតុ​នេះ​ពួក​យើង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​ដូច​ពី​ថ្ងៃ​ម្សិល​ទេ គឺ​គេ​ខ្ចប់​ឲ្យ​មាន​នំប៉័ង, ទឹក​ក្រូច និង​ផ្លែ​ប៉ោម​មួយ ហេហេ… នាំ​គ្នា​ញ៉ាំ​នៅ​ក្រោម​ឡប់ប៊ី​សណ្ឋាគារ ទាំង​ព្រលឹម​អ៊ុរ និង​ម៉ោង​ប្រមាណ​៥,៣០​នាទី​ពួក​យើង​ក៏​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សណ្ឋាគារ​ឆ្ពោះ​មក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​រ៉នកុន​ជា​ថ្មី ដើម្បី​ធ្វើ​ដំណើរ​ទៅ​បាកាន តាម​ជើង​យន្តហោះ​អ៊ែរ​ បាកាន (air Bagan) ជើង​យន្តហោះ​លេខ 009។ ពី​រ៉នកុន​មក​បាកាន​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​៥៥​នាទី គឺ​ប្រហាក់​ប្រហែល​ពី​ទីក្រុង​បាងកក​មក​ភ្នំពេញ​ដែរ។

បាកាន​ជា​ទឹក​ដី​អតីត​រាជធានី​មួយ​នៃ​ភូមា និង​មាន​ក្រុម​ចេតិយ និង​វត្ត​ជា​ច្រើន​សង់​ស្កេក​ស្កះ ស្រដៀង​និង​ក្រុម​ប្រាសាទ​នៅ​សៀមរាប​នគរ​របស់​យើង​ដែរ ថែម​ទាំង​មាន​សៀវភៅ​មគ្គុទេសក៍​ខ្លះ​បរិយាយ​ថា​ក្រុង​ទាំង​ពីរ​នេះ បាកាន និង​សៀមរាប​យើង​ជា​គូ​ប្រជែង​នឹង​គ្នា​ទៀត​ផង (សម្រាប់​ទាក់​ទាញ​ទេសចរណ៍)។ អ្វី​ដែល​ខ្ញុំ​ស្រម៉ៃ​មុន​នឹង​ទៅ​ដល់​ក្រុង​នេះ​នោះ​គឺ​ខុស​នឹង​តថភាព​សម្បើម​ណាស់។ ខ្ញុំ​ហ៊ាន​អះអាង​ថា​បាកាន​មិន​អាច​យក​មក​ប្រៀប​ជាមួយ​នឹង​ក្រុង​សៀមរាប​របស់​យើង​បាន​ទេ។ ឯ​ចំនួន​ទេសចរណ៍​ទៀត​សោត​ក៏​មិន​បាន​និយាយ​ដែរ យក​មក​និយាយ​យ៉ាង​ម៉េច​បើ​តាម​ការ​សាក​សួរ​របស់​ខ្ញុំ​ទៅ​មគ្គុទេសក៍​ចំនួន​អ្នក​មក​ទស្សនា​ប្រទេស​ភូមា​កាល​ពី​ឆ្នាំ​២០០៨​មាន​តែ​ប្រមាណ​សែន​នាក់​ប៉ុណ្ណោះ​ឯង, តែ​ចំពោះ​ស្នាដៃ​ស្ថាបត្យកម្ម​ខ្ញុំ​មិន​យក​មក​ប្រៀប​ធៀប​ទេ ដ្បិត​ខ្ញុំ​គិត​ថា​ជន​ជាតិ​នីមួយ​ៗ​គេ​មាន​ឯក​លក្ខណៈ​ផ្ទាល់​របស់​គេ។

អាកាសយានដ្ឋាន​ក្រុង​បាកាន​មិន​ធំ​ទេ ព្រោះ​ជា​អាកាសយានដ្ឋាន​ក្នុង​ស្រុក។ នៅ​ពេល​ពួក​យើង​មក​ដល់​ឃើញ​មាន​តែ​យន្តហោះ​មួយ​ប៉ុណ្ណោះ​ដែល​ចត នៅ​ក្នុង​ព្រលាន។ ចំណែក​ឯ​ក្រុង​គេ​ក៏​ស្ងាត់​ជ្រៀប​ដូច​ក្នុង​ព្រៃ​ស្ថាន មិន​មាន​ផ្ទះ​សំណាក់ សណ្ឋាគារ ផ្សារ​ព្រោង​ព្រៀត​ដូច​សៀមរាប​ក្រុង​នៃ​យើង​ទេ ឯ​អ្នក​ទេសចរណ៍​ក៏​មិន​ឃើញ​មាន​ដែរ ឬ​មួយ​ពួក​យើង​មក​ខុស​រដូវ?

ចេញ​ពី​ព្រលាន​យន្តហោះ​ភ្លាម​ពួក​យើង​នាំ​គ្នា​ជិះ​ឡាន​ដែល​គេ​ត្រៀម​ទុក​ស្រេច​ហើយ​ធ្វើ​ដំណើរ​មក​ទស្សនា​ផ្សារ​តូច​ក្នុង​ភូមិ​មួយ ដែល​លក់​ដូរ​មិន​ខុស​ពី​ស្រុក​ខ្មែរ​យើង​ទេ ផ្សារ​នោះ​មាន​ឈ្មោះ​ថា Nyaung Oo តែ​ប្រហែល​ជា​មាន​ទេសចរណ៍​មក​ច្រើន​ក៏​មិន​ដឹង ព្រោះ​មាន​អ្នក​លក់​ប័ណ្ណ​ប្រៃសណីយ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន។ នៅ​ទី​នោះ​ខ្ញុំ​បាន​សាក​ល្បង​ញ៉ាំ​នំ​ចាខ្វៃ និង​កាហ្វេ​ទឹក​ដោះ​គោ​គេ​ផង​ដែរ មាន​អី​រស​ជាតិ​គួរ​សម។

បន្ទាប់​ពី​ដើរ​មើល​ផ្សារ​គេ និង​ជជែក​គ្នា​លេង​ប្រមាណ​១​ម៉ោង​មក​ពួក​យើង​បាន​ចាក​ចេញ​ពី​ទី​នោះ ដើម្បី​ឆ្ពោះ​មក​កាន់​ភ្នំ Popa។ នៅ​តាម​ផ្លូវ​ពួក​យើង​បាន​ឈប់​ប្រហែល​មួយ​ម៉ោង​ជាង ដើម្បី​ប្រជា​កសិករ​ភូមា​ឡើង​ត្នោត និង​យក​ប្រយោជន៍​ពី​ត្នោត​ដូច​ជា​យក​មក​ធ្វើ​ស្រែ និង​កូរ​យក​ស្ករ​ជា​ដើម បរិយាកាស​គ្មាន​ខុស​គ្នា​អី​តាក់តិច នឹង​ប្រជាជន​ខ្មែរ​ទេ។

ម៉ោង​ប្រមាណ​១០​កន្លះ​ពួក​យើង​បាន​ចាកចេញ​ពី​ទី​នោះ​ដើម្បី​បន្ត​ដំណើរ​មក​ភ្នំ។ នៅ​តាម​ផ្លូវ​យើង​សង្កេត​ឃើញ​ថា​មាន​សភាព​ក្ដៅ​ខ្លាំង​ណាស់ ប្រទេស​នេះ​មិន​មាន​ដើម​ឈើ​ធំ​ៗ​ទេ ប្រហែល​ដោយ​សារ​អាកាសធាតុ​ហើយ។ ម៉ោង​ប្រមាណ​១១​កន្លះ​ពួក​យើង​បាន​មក​ដល់​ភ្នំ។ ភ្នំ​ប៉ូប៉ា​នេះ​ជា​អតីត​ភ្នំ​ភ្លើង ហើយ​ដែល​គេ​មាន​ជំនឿ​ថា​ជា​មណ្ឌល​នៃ​ក្រុម​ព្រលឹង​អ្នក​តា​រស់​នៅ​ទី​នេះ ជនជាតិ​ភូមា​ឲ្យ​ឈ្មោះ​ថា ណាត (Nat) (អាន​អត្ថបទជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា)។ ពួក​យើង​ឃើញ​មាន​ការ​សាងសង់​រូប​សំណាក​ណាត​នេះ​ជា​ច្រើន​សម្រាប់​ប្រជាជន​សក្ការៈ​តាម​ជំនឿ​របស់​គេ​រៀង​ៗ​ខ្លួន។ នៅ​ទី​នោះ​មាន​ណាត​សរុប​ចំនួន​៣៧​ឯណុះ។ បំណាច់​នឹង​មក​ដល់​ទី​នេះ​ហើយ ខ្ញុំ​និង​មិត្រ​ភ័ក្តិ​មួយ​ចំនួន​បាន​នាំ​គ្នា​ឡើង​លើ​ភ្នំ​នេះ ដែល​មាន​ជណ្ដើរ​សរុប​ទាំង​អស់​៧២៦​កាំ​ឯណុះ និង​នៅ​តាម​ជណ្ដើរ​ឡើង​មាន​សត្វ​ស្វា​ជា​ច្រើន មើល​ទៅ​កាច​ដល់​ហើយ។ ម្នាក់​ៗ​ឡើង​អស់​កម្លាំង​រៀង​ៗ​ខ្លួន។ មក​ដល់​កំពូល​ខ្ញុំ​ក៏​បាន​ចូល​បច្ច័យ​កសាង​ព្រះ​ពុទ្ធ​រូប​ចំនួន​១០០០​ខ្យាត​ដែរ។

ម៉ោង​ប្រមាណ​ជាង​១​រសៀល​ទើប​យើង​បាន​ចាកចេញ​ពី​ភ្នំ​នោះ និង​ប្រមាណ​២​ឯណុះ​ទើប​បាន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​នោះ តែ​កន្លែង​ដែល​យើង​មក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នោះ​ស្អាត​អស់​ស្ទះ​ហើយ គឺ​នៅ​លើ​ចង្កេះ​ភ្នំ មាន​អាង​ហែល​ទឹក និង​អាច​មើល​ឃើញ​ភ្នំ​ប៉ូប៉ា​នេះ​ពី​ចម្ងាយ ស្អាត​ណាស់ ភោជនីយដ្ឋាន​នោះ​មាន​ឈ្មោះ​ថា Mt- Popa resort។ បន្ទាប់​ពី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ ពួក​យើង​ត្រឡប់​មក​ទី​ប្រជុំជន​វិញ​ដើម្បី​ឆែក​អ៊ីន​សណ្ឋាគារ Treasure Myanmar និង​សម្រាក​ប្រហែល​៣០​នាទី មុន​នឹង​ទៅ​មើល​ថ្ងៃ​លិច​នៅ​ឯ​ចេតិយ​វត្ត Damayazika stupa និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ឯ​ភោជនីយដ្ឋាន​ Beach Bagan។

អាន​ភាគ​ទី​៤

រូប​ភាព​មួយ​ចំនួន


បឌីងផាស្ស​របស់​អ៊ែរ បាកាន ទៅ​ក្រុង​បាកាន

អាហារ​នៅ​លើ​យន្តហោះ​ពេល​ទៅ​បាកាន

បាកាន​ពី​លើ​យន្តហោះ​គ្មាន​អ្វី​ក្រៅ​ពី​ដើម​ត្នោត​រាប់​ម៉ឺន​ដើម
អាកាសយានដ្ឋាន​បាកាន

ផ្សារ Nyaung Oo

ទិដ្ឋភាព​នៅ​ក្នុង​ផ្សារ

បន្លែ​ដែល​ដាក់​លក់

ម្លូ​​ស្លា​ដាក់​លក់​ជា​ច្រើន ព្រោះ​ជនជាតិ​នេះ​ចូល​ចិត្ត​ញ៉ាំ​ណាស់
ចាខ្វៃ​ទឹក​ដោះ​គោ ដែល​ខ្ញុំ​ទទួល​ទាន​នៅ​ក្នុង​ផ្សារ​នេះ

មគ្គុទេសក៍ និង​លោក​អ៉ុំ​ម្នាក់​នេះ​ធ្វើ​ការ​រៀប​រាប់​ពី​ការ​ឡើង​ត្នោត​ប្រាប់​ដល់​ពួក​យើង
ការ​ឡើង​ត្នោត​របស់​ជន​ជាតិ​ភូមា

កូរ​ទឹក​ត្នោត​យក​ស្ករ

ការ​បិត​ស្រា​ពី​ទឹក​ត្នោត​របស់​ជនជាតិ​ភូមា

ភ្នំ​ប៉ូប៉ា​មើល​ពី​ចម្ងាយ

ប្រជាជន​ភូមា​ចុះ​ពី​លើ​ភ្នំ មើល​ទៅ​មាន​ខុស​អី​ពី​ខ្មែរ

ភ្នំ​ប៉ូប៉ា​ នៅ​ពី​លើ​កំពូល និង​ជណ្ដើរ​ឡើង

ភោជនីយដ្ឋាន Mt- Popa resort ដែល​យើង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មើល​ពី​ភ្នំ​ប៉ូប៉ា​ទៅ​វិញ
អាង​ហែល​ទឹក និង​ភ្នំ​ប៉ូប៉ា មើល​ពី​ភោជនីយដ្ឋាន លោក​អ្នក​គិត​ថា​ស្អាត​ទេ?
ចេតិយ​វត្ត Damayazika stupa ដែល​យើង​ទៅ​មើល​ថ្ងៃ​លិច
ថ្ងៃ​លិច​នៅ Damayazika stupa

____________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២
២. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា
៣. សារៈសំខាន់​នៃ​ដើម​ត្នោត​ក្នុង​ទស្សនៈ​ប្រជាជន​ភូមា

វិចារ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 4, 2009

[...] អាន​ភាគ​ទី​បី [...]

2. Samady KS - ខែ ឧសភា 4, 2009

គិត​ទៅ ហេតុ​តែ​គេ​បាន​ទៅ​ដើរ​លេង​នៅភូមា​ រួច​ក៏​មក​អួត​គេ​អួត​ឯង​ នៅ​ក្នុង WordPress ហិ​ហិ​ហិ មិន​ជា​ថ្ងៃ​ណា​ទើប​ខ្ញុំ​មាន​ឳកាស​ទៅ​លេង​ និង​គេ​ហ្ន៎…?

សុភ័ក្ត្រ - ខែ ឧសភា 4, 2009

ចុះ​ម្ដេច​មិន​ទៅ​ៗ ហេហេ… អា​រឿង​អួត​នោះ​លេខ​មួយ​ហើយ​ខ្ញុំ ហាហា… :P

3. សុភា - ខែ ឧសភា 4, 2009

ផ្សារ​ណឹង ដូច​ផ្សារ​ស្រុក​ខ្ញុំ​ដែរ។ កាល​នោះ​ធ្លាប់​ទៅ​ដាក់​លក់​បន្លែ​អញ្ចឹង​ដែរ។ នៅ​ស្រុក​ខ្ញុំ អ្នក​ណា​មិន​ដឹង​ថា​ផ្ទះ​ខ្ញុំ​ដាំ​នឹង​លក់​ផ្លែត្រប់។

បង្អោង​ឡើង​ត្នោត​នៅ​ភូមា​ ខុស​ពី​ស្រុក​ខ្ញុំ (មិន​ដឹង​ថា​នៅ​ស្រុក​ខ្មែរ​ជាទូ​ទៅ​យ៉ាង​មេចដែរ) តែ​ស្រុក​ខ្ញុំ​គេ​ដាក់​នៅ​ពាក់​កណ្តាល​ដើម ដោយ​ខ្លាច​ក្មេងៗ វា​ឡើង បើ​យើង​ដាក់​ដល់​គល់​ត្នោត​នោះ។

សុភ័ក្ត្រ - ខែ ឧសភា 4, 2009

ចុម! អ្នក​ស្រុក​ប្រាំង​ចេះ​លក់​បន្លែ​អី​ហ៎ង ហេហេ… លក់​ត្រប់​អី​ដែរ? :mrgreen:

យាយ​ពី​បង្អោង​នៅ​ភូមា​នឹង​ខុស​មួយ​ទៀត ស្រុក​យើង​គេ​ធ្វើ​ពី​ឫស្សី​មួយ​ដើម​ទេ និង​ឡើង​តាម​មែក​ឫស្សី។ ស្រុក​ភូមា​គេ​ធ្វើ​ជា​រៀង​ជណ្ដើរ​ម្រ៉ង!

សុភា - ខែ ឧសភា 4, 2009

លក់​គ្រប់បែប​យ៉ាង​ :P

ណឹង​ហើយ​ ខុស​គ្នា​ត្រង់ណឹង​មួយ​ទៀត

4. សុវុឌ្ឍី - ខែ ឧសភា 4, 2009

ខ្ញុំ ឃើញក្នុងរូប ជនជាតិភូមាឡើងត្នោតនោះ ដូចជាមិនឃើញប្រើបំពង់ទឹកត្នោត តែបែជាប្រើ របស់ដូចជាលក្ខណៈក្អមឆ្នាំងទៅវិញ(អត់ដឹងថាអីថាក្អមហ្មងទៅ) អញ្ចឹងមែនអត់បង? :D

សុភ័ក្ត្រ - ខែ ឧសភា 4, 2009

នឹង​ហើយ គេ​ប្រើ​ឆ្នាំង​ដី​ដើម្បី​ត្រង​ទឹក​ត្នោត ហេហេ…

5. tumnei - ខែ ឧសភា 4, 2009

Myanmar is one the places I have wanted to visit. Seeing your photos make me want my wish come true soon. However, it is not likely that it is gonna happen soon.

សុភ័ក្ត្រ - ខែ ឧសភា 4, 2009

tov call me phong :D

6. ផាត - ខែ ឧសភា 5, 2009

ខ្ញុំ​គិត​ថា​ក្រុង​បាកាន​ប្រ​ហែល​មិន​ស៊ី​ដាច់​​ក្រុង​អង្គរ​ទេទាំង​ចំនួន​ភ្ញៀវ​ទាំង​ស្ថាបត្យកម្ម (មិន​មែន​កាន់​ជើង​ខ្មែរ​ទេ)។ តែ​បើ​និយាយ​ពី​សក្តានុពល​ទេសចរណ៍​ទាំង​អស់​វិញ​​កុំ​ថា​ឡើយ​ស្រុក​ខ្មែរ សូម្បី​ស្រុក​ថៃ​ក៏​ប្រហែល​ចាញ់​ប្រទេស​ភូមា​ដែរ បើ​កុំ​តែ​ប្រទេស​នេះ​មាន​បញ្ហា​ផ្នែក​នយោបាយ​បន្តិច។ ប្រទេស​ភូមា​មាន​ទាំង​វិសាលភាព​និង​នានាភាព​ល្អ​ខ្លាំង​ណាស់​តាម​ខ្ញុំ​មើល​ទៅ។ បន់​ឲ្យ​ប្រទេស​នេះ​ឆាប់​ប្រសើរ​ផ្នែក​នយោបាយ​បន្តិច​ទៅ​ងាយ​ទៅ​លេង។

សុភ័ក្ត្រ - ខែ ឧសភា 5, 2009

ផាត​បាន​ទៅ​ភូមា​នៅ? រឿង​ផ្សេង​ៗ​ខ្ញុំ​មិន​ដឹង​ទេ តែ​បើ​ថា​រឿង​ស្ថាបត្យកម្ម​ដូច​ខ្ញុំ​បាន​និយាយ​នៅ​ខាង​លើ​អញ្ចឹង។ ភូមា​គេ​មាន​លក្ខណៈ​ពិសេស​ជា​ប្រពៃណី​ជាតិ​គេ​ជាក់លាក់ និង​គួរ​សរសើរ​ណាស់ ខ្ញុំ​មិន​គិត​ថា​អង្គរ​ស៊ី​ដាច់​បាកាន​ទេ ដ្បិត​ខ្ញុំ​បាន​ដើរ​មើល​បាកាន​បាន​ច្រើន​គួរ​សម​ណាស់​រហូត​ដល់​ទៅ​បី​ថ្ងៃ ឃើញ​ថា​យើង​មិន​គួរ​ហ៊ាន​ថា​បស់​យើង​ស៊ី​ដាច់​បស់​គេ​ណាស់៕

ផាត - ខែ ឧសភា 7, 2009

ខ្ញុំ​យល់​ស្រប​ថា​មិន​គួរ​ប្រៀប​ធៀប​គ្នា​ទេផ្នែក​លក្ខណៈ​ពិសេស​ ហើយ​បាកាន​ពិត​ជា​មាន​លក្ខណៈ​មែន។ ខ្ញុំ​ចង់​ប្រៀប​ធៀប​ក្នុង​ន័យ​ការ​ឲ្យ​តម្លៃ​ពី​ជន​បរទេស​តាម​ការ​ស្គាល់​​ឬ​តាម​ចំនួន​អ្នក​មកទស្សនា។ ជាការ​ពិត​ទាំង​បាកាន​ទាំង​អង្គរ​សុទ្ធ​ជា​មរតក​ពិភពលោក ដែល​មាន​តម្លៃ​ហួស​ពី​តម្លៃ​អត្តសញ្ញាណ​ជាតិ​ប៉ុណ្ណោះ។

7. សុខហេង - ខែ ឧសភា 5, 2009

ជីវភាព​រស់នៅ​ស្រដៀង​ខ្មែរ​ដែរ !

8. បណ្ឌិត - ខែ ឧសភា 7, 2009

ម៉ានភាគទៀតអាអូន ចប់នៅ?? :-p

សុភ័ក្ត្រ - ខែ ឧសភា 7, 2009

យ៉ា​ហ៊ី! មិន​នឹក​ស្មាន​ថា​មាន​ទស្សនិកជន​តាម​ដាន​ដល់​ម្លឹង​ទេ​នៀក គ្រាន់​តែ​អត់​បាន​ដាក់​ម៉ាន​ងៃ មាន​អ្នក​មក​សំណូម​ពរ​ដល់​ផ្ទះ​ ហាហា…
ដាក់​ម៉ា​ភាគ​ទៀត​ហើយ អាន​ទៅ សង់សៃ​ជក់​ហើយ​នៀក ហាហាហាហា…. អ៊ែក!

9. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 7, 2009

[...] ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៤ ខែ ឧសភា 7, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ. trackback ថ្ងៃ​ទី​៤, ថ្ងៃ​សុក្រ ទី​០៤ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​៣) [...]

10. សុភ័ក្ត្រ - ខែ ឧសភា 7, 2009

បាកាន​មិន​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​យូនេស្កូ​ទេ តែ​មិន​ថ្វី បាកាន​មាន​ឯក​លក្ខណៈ​ដែល​ពិសេស​របស់​ខ្លួន​ជា​សម្បត្តិ​វិសិដ្ឋ​របស់​ជនជាតិ​ភូមា មិន​ចាំ​បាច់​យក​លុយ​យូនេស្កូ​ក៏​បាន៕

11. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 23, 2009

[...] [...]

12. សារៈសំខាន់​នៃ​ដើម​ត្នោត​ក្នុង​ទស្សនៈ​ប្រជាជន​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 15, 2009

[...] [...]