ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៤ ខែ ឧសភា 7, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.9 comments
ថ្ងៃទី៤, ថ្ងៃសុក្រ ទី០៤ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៣)
ថ្ងៃទី៤នេះពួកយើងចំណាយពេលពេញមួយថ្ងៃតែម្ដងដើម្បីទស្សនាប្រាសាទ និងវត្តនានានៅក្រុងបាកាននេះ។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹកនៅសណ្ឋាគាររួចមក ពួកយើងបានចេញមកទស្សនាប្រាសាទ Pya Third Gyi ដើម្បីបានទស្សនាក្រុងបាកានទាំងមូលតែម្ដងពីលើកំពូលប្រាសាទនេះ ព្រមទាំងក្រុមប្រាសាទជាច្រើនដែលនៅជុំវិញប្រាសាទនេះ។ នៅទីនោះមគ្គុទេសក៍របស់យើងបានរៀបរាប់យ៉ាងក្បោះក្បាយពីសន្តិវង្សដំបូងនៃអាណាចក្រភូមា សំឡឹងទៅប្រាសាទដ៏ធំជាងគេបង្អស់ឈ្មោះ Damayen Gyi និងចេតិយ Ngakyewnadown ដែលសាងសង់មិនទាន់រួចផងដែរ។ ហេតុដែលចេតិយនេះសាងសង់មិនទាន់រួចព្រោះមានអ្នកស្លាប់នៅទីនោះក្នុងអំឡុងពេលសាងសង់ ទើបគេមិនសាងសង់បន្ត ហើយអ្នកក្រោយក៏មិនហ៊ានសាងបន្ត នេះជាជំនឿរបស់គេ នេះបើតាមការឲ្យដឹងពីមគ្គុទេសក៍។
បន្ទាប់ពីនោះពួកយើងបានទៅទស្សនាប្រាសាទ Pahto ther Myar ដែលមានបដិមារពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតណាស់បងប្អូន ហើយជាពិសេសទៀតនោះ នេះគឺជាព្រះពុទ្ធរូបដើម ដោយមិនមានការដាក់តាំងជំនួសថ្មីទេ។ មើលទៅគួរឲ្យសរសើរទឹកដៃនៃជនជាតិនេះណាស់។ បន្ទាប់មកពួកយើងបន្តដំណើរទៅទស្សនាវត្ត Shwezeegon ដែលសាងសង់ឡើងដោយស្ដេច Anawyahtar កាលពីឆ្នាំ១០៨៨។
បន្ទាប់មកពួកយើងបន្តទស្សនាគំនូរបុរណានៅក្នុងប្រាសាទ Kyansit Thar U-min, ប្រាសាទលាបកំបោសដ៏ល្អបំផុត Htilominlo, ចេតិយ Min-O-Chan Thar និងប្រាសាទ Anandar ជាប្រាសាទដ៏ល្អ និងធំដែលពួកយើងបានឃើញពីព្រឹក។
ការទស្សនាប្រាសាទដ៏ច្រើនអស្ចារ្យពេញមួយព្រឹកនោះធ្វើឲ្យពួកយើងអស់កម្លាំងជាខ្លាំង ជាពិសេសក្រោមកម្ដៅនៃព្រះនិករយ៉ាងខ្លាំង។ ម៉ោងប្រមាណ១រសៀលទើបយើងបានស្រស់ស្រូបអាហារថ្ងៃត្រង់តាមដងទន្លេ Irrawaddy ក្នុងភោជនីយដ្ឋានមួយដែលមានឈ្មោះថា River view។ ចំពោះការទស្សនាប្រាសាទនានាកាលពីពេលព្រឹកនោះ ពួកយើងសង្កេតឃើញបណ្ដាអ្នកលក់វត្ថុអនុស្សាវរីយ៍ទាំងឡាយ ពួកគាត់បានជិះម៉ូតូតាមពួកយើងពីកន្លែងមួយទៅកន្លែងមួយដើម្បីលក់របស់របរគាត់ ទីបំផុតពួកយើងនាំគ្នាទិញរបស់គាត់សឹងគ្រប់ៗគ្នា។
បន្ទាប់ពីអាហារថ្ងៃត្រង់រួចពួកយើងបានចូលសណ្ឋាគារសម្រាកប្រមាណ៣០នាទីរួចបន្តទៅទស្សនាសិប្បកម្ម Moe Moe ផលិតខ្មុកម្រ័ក្សណ៍។ ទស្សនាសង្វាក់ផលិតកម្ម និងស្នាដៃសិល្បៈរបស់ជនជាតិភូមាយ៉ាងប្រណីត ជាពិសេសការបិទសន្លឹកមាស ឃើញថាអស្ចារ្យមែន ខ្ញុំមិនដែលបានឃើញពីមុនមកទេ។ បន្ទាប់ពីនេះមក ពួកយើងបន្តដំណើរទស្សនាប្រាសាទទៀត។
ប្រាសាទបន្តទៀតគឺ Manuhar ដែលសាងជារចនាប័ទ្មភូមា និងចេតិយ Myazadi ដែលនៅទីនោះមានសិលាចារិកអំពីបឋមអក្ខរក្រមភូមាផងដែរ។ ជាពិសេសមគ្គុទេសក៍យើងបានតំណាលពីរឿងព្រេងស្នេហានៃស្ដេច Kyansitther គួរឲ្យជក់ចិត្តមែនទែន។
អ្វីដែលអស្ចារ្យបន្ទាប់ពីនេះនោះ គឺការទៅទស្សនាគំនូរបុរាណនៅក្នុងប្រាសាទ Gupyak Kyi។ វាគឺជាគំនូរដែលសល់ពីសម័យដើមល្អជាងគេបំផុត និងមើលឃើញបានជាគ់ច្បាស់ បន្ទាប់ពីនៅតាមប្រាសាទផ្សេងៗបានរបេះធ្លាក់អស់ហើយ។ ទឹកដៃនៃគំនូរគ៏ល្អរកអ្វីប្រៀបគ្មានទេ ជាពិសេសការលាយពណ៌។ តែនៅទីនោះគេមិនអនុញ្ញាតឲ្យថតរូបទេ។
សម្រាប់សកម្មភាពចុងក្រោយក្នុងថ្ងៃដ៏នឿយហត់នេះ ពួកយើងបានសប្បាយរីករាយនឹងការជិះរទេះសេះ (នេះជាលើកទី១របស់ខ្ញុំផងដែរ) ដើម្បីទស្សនាក្រុមប្រាសាទនានានៅក្នុងបាកាននេះ។ គួរឲ្យសប្យាយមែនទែន នឹកឃើញទៅចង់ឲ្យថ្ងៃនោះត្រឡប់មកវិញ។ គោលដៅចុងក្រោយរបស់ពួកយើងគឺជិះទៅប្រាសាទ Shwesandaw ដើម្បីមើលថ្ងៃលិច។ នៅប្រាសាទនេះមានអ្នកទេសចរច្រើនមិនដូចប្រាសាទដំបូងកាលពីយើងទៅម្សិលមិញទេ។ មើលទៅប្រាសាទនេះទំនងជាចំណុចសំខាន់ក្នុងការមកទស្សនាថ្ងៃលិចទំនងបែបភ្នំបាក់ខែងរបស់ខ្មែរដែរ។
សម្រាប់អាហារពេលល្ងាចរបស់យើងគឺសាច់អាំងនៅហាង B B B ( Nyaung –U ) restaurant ហេហេ…៕
អានភាគទី៥
រូបភាពមួយចំនួន

ពីលើប្រាសាទ Pya Third Gyi

ដាក់ម៉ាបុស្តិ៍មើល៍ ហេហេ…

ចេតិយ Ngakyewnadown

បដិមារដ៏អស្ចារ្យនៅប្រាសាទ Pahto ther Myar

ចេតិយ Min-O-Chan Thar

រគាំងបុរាណនៅវត្ត Min-O-Chan Thar

សិលាចារិកនៅវត្ត Min-O-Chan Thar

ប្រាសាទ Kyansit Thar U-min

ចម្លាក់ដ៏វិចិត្រនៅប្រាសាទ Kyansit Thar U-min

ប្រាសាទ Anandar

ចេតិយ Myazadi

ជិះសេះទស្សនាប្រាសាទនានា ហាក់ដូចនៅកាលសម័យបុរាណ
ថ្ងៃលិចនៅប្រាសាទ Shwesandaw, អស្ចារ្យមែនទែន
___________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៣
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៧






