ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៥ ខែ ឧសភា 11, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.12 comments
ថ្ងៃទី៥, ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៤)
-
ទស្សនាប៉ាខានជី
ថ្ងៃទី៥របស់យើងនេះត្រូវបានផ្លាស់ប្ដូរបន្តិចពីផែនការកាលពីមុនមក ដ្បិតយើងត្រូវនៅបន្តនៅបាកាននេះមួយថ្ងៃទៀតជំនួសឲ្យការធ្វើដំណើរទៅមន្ដលេះនៅថ្ងៃទី៥នេះ។ ថ្ងៃនេះយើងចំណាយពេលពេញមួយថ្ងៃតែម្ដងទស្សនាប៉ាខានជី (Pakhan Gyi) ជាខែត្រមួយដែលស្ថិតជាប់នឹងបាកានដែរ។
បើទោះជាយ៉ាងនេះក្ដី ពួកយើងត្រូវងើបពីព្រឹក និងចេញពីសណ្ឋាគារតាំងពីម៉ោងប្រមាណ៦ព្រឹកឯណុះ ដើម្បីឲ្យទៅទាន់សាឡាងដែលចេញនៅម៉ោងប្រមាណ៧កន្លះ។ ពួកយើងធ្វើដំណើរប្រមាណជាង១ម៉ោងឯណុះទម្រាំទៅដល់។ គ្រាន់តែទៅដល់ម៉ាសន្ទុះភ្លាម រថយន្តក៏ត្រូវចូលសាឡាង និងចេញភ្លាមៗដែរ។
ពួកយើងត្រូវធ្វើដំណើរផ្សងព្រេងតាមសាឡាងកាត់ទន្លេ Irrawaddy រហូតប្រមាណម៉ោងជាង៩ទើបមកដល់ ប៉ាខានជី ដែលជាក្រុងបុរាណមួយទៀតនៃអតីតអាណាចក្រភូមាដ៏ធំធេង។ អ្វីដែលធ្វើឲ្យពួកយើងភ្ញាក់ផ្អើលនៅពេលមកដល់ក្រុងថ្មីមួយនេះ គឺពិធីអាវាហមង្គលរបស់ជនជាតិភូមានៅក្នុងហាងមួយ។ ពួកយើងទាំងអស់គ្នាបានចូលរួមដោយមានការរាក់ទាក់យ៉ាងខ្លាំងពីសំណាក់កូនក្រមុំកូនកំឡោះ និងញាតិមិត្រ (អានអត្ថបទ៖ អាវាហមង្គលរបស់ជនជាតិភូមា)។ បន្ទាប់ពីនៅចូលរួមប្រមាណ៣០នាទីមកពួកយើងបន្តដំណើរមកក្រុងបុរាណប៉ាខានជី។
ការធ្វើដំណើរមានចម្ងាយឆ្ងាយគួរសមគឺប្រមាណ១ម៉ោងជាងឯណុះទម្រាំមកដល់គោលដៅរបស់យើងគឺទីសំណាក់ព្រះសង្ឃបុរាណចំណាស់មួយដ៏ល្អវិចិត្រមានអាយុជាង១០០ឆ្នាំគឺកសាងតាំងពីឆ្នាំ១៨៦៨មកម្ល៉េះ ដោយអភិបាលក្រុងប៉ាខាន U Bo Thar នៅក្នុងជំនាន់ស្ដេច Mindon។
អាគារទីសំណាក់ព្រះសង្ឃចំណាស់មួយនេះធ្វើអំពីឈើប្រណិត និងម៉ៃស័កមានចម្លាក់ល្អឯក និងកម្រដោយមានផ្ដែរឆ្លាក់រូបរឿងរាមកេរ្តិ៍ផងដែរ។ ខ្ញុំក៏បានចាប់មគ្គផល១០០០ខ្យាតផងដែរ ដើម្បីចូលរួមអភិរក្សឡើងវិញ។ អ្វីដែលពួកយើងបានសិក្សានៅទីនោះ គឺចំណុចសំខាន់៤យ៉ាងនៃសាលាសំណាក់ព្រះសង្ឃគឺ៖ ១. ទីបល្ល័ង្ក ២. ទីសម្រាប់ប្រជុំជន ៣. ទីធ្វើម្ហូប និងទុកដាក់សម្ភារៈ និងទី៤. ថែវរបៀង។ ទាំង៤នេះសាងសង់ក្នុងអគារសាលាតែមួយ ហេតុដូចនេះនៅពេលដែលយើងឃើញសាលាសំណាក់ព្រះសង្ឃនៅភូមាគឺសុទ្ធតែមានលក្ខណៈបែបនេះទាំងអស់។ នៅឯក្បែរម្ខាងនៃសាលាយើងក៏ឃើញកន្លែងកប់ដំរីដែលគេមានជំនឿថាជាបណ្ដាដំរីដែលគេយកមកសាងសាលានេះ ព្រោះសាលានេះតម្រូវឲ្យចាក់ដី និងអូសឈើពីម្ខាងនៃទន្លេផងដែរ។
បន្ទាប់មកពួកយើងបន្តដំណើរមើលកំពែងរាជធានីបុរាណនេះដ៏ធំមហិមារ ដែលនៅសល់តែសំណល់មួយចំនួន រួចបន្តដំណើរទីទស្សនាសារមន្ទីរ និងជាចុងក្រោយទៅទស្សនាវត្ត Sithushin Paya មុននឹងត្រឡប់ទៅក្រុងថ្មីវិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់ នៅកន្លែងដើមដែលគេប្រារព្ធពិធីការពីព្រឹក។ អាហារដ្ឋាននោះមានឈ្មោះថា Pakukku។
បន្ទាប់ពីញ៉ាំអាហាររួចម៉ោងប្រមាណជាង១រសៀល ដែលយើងត្រូវទៅកំពង់ចម្លងវិញឲ្យបានមុនម៉ោង១កន្លះធ្វើដំណើរទៅបាកានវិញ។ មកដល់សណ្ឋាគារវិញល្ងាចល្មម និងបន្ទាប់ពីសម្អាតកាយរួចពួកយើងត្រូវធ្វើដំណើរមកទទួលទានអាហារពេលល្ងាចនៅហាងពីម្សិល B B B ដែលថ្ងៃនោះខ្ញុំបានញ៉ាំប៊ីស្ទេកសាច់គោ ហេហេ…៕
អានភាគទី៦
រូបភាពមួយចំនួន

ជិះសាឡាងឆ្លងទៅប៉ាខានជី

ទិដ្ឋភាពពិធីការ កូនកំឡោះក្រមុំនៅពីក្រោយ

សាលាសំណាក់ព្រះសង្ឃ

ចម្លាក់ផ្ដែររឿងរាមកេរ្ដិ៍ឆ្លាក់លើឈើ

សសរធ្វើអំពីឈើខ្លឹមច័ន្ទន៍

គ្រប់ក្លោងទ្វារចូលមានចម្លាក់ស៊ុមបែបនេះ

កន្លែងដុតដំរី

ផែនទីក្រុងបុរាណដែលមានដាក់តាំងនៅក្នុងសារមន្ទីរ

រូបនេះថតចេញពីប្រក្រតិទិននៅក្នុងវត្ត Sithushin Paya មើលទៅដូចរបាំបងប្អូនជនជាតិកុឡានៅប៉ៃលិនយើងដែរ
ភោជនីយដ្ឋាន Pakukku ដែលយើងញ៉ាំអាហារពេលថ្ងៃត្រង់
_____________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៤
២. My initial plan to Myanmar
៣. អាវាហមង្គលរបស់ជនជាតិភូមា






