jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៧ ខែ ឧសភា 20, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​ទី​៧, ថ្ងៃ​សៅរ៍ ទី​០៧ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​៦)

ថ្ងៃ​នេះ​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​ពេញ​មួយ​ថ្ងៃ​តាម​ទូក​ដើម្បី​ទៅ Mingun ដោយ​ឆ្លង​កាត់​ទន្លេ​ Irrawaddy នៅ​ភាគ​ខាង​ជើង​មន្ដលេះ។ ពួក​យើង​ចេញ​ដំណើរ​ពី​សណ្ឋាគារ​ឆ្ពោះ​ទៅ​កំពង់​ផែ​ដើម្បី​ផ្ទេរ​ចូល​កាណូត។ កំពង់​ផែ​នៅ​មន្ដលេះ​នេះ​មើល​ទៅ​មមាញឹក​ដល់​ហើយ ប្រកប​ដោយ​កប៉ាល់​ធំ​ៗ​ជា​ច្រើន មើល​ទៅ​ពាណិជ្ជកម្ម​ទំនង​ដូច​ជា​រវល់​ណាស់។ ទី​ដែល​ពួក​យើង​ត្រូវ​ទៅ​ទស្សនា​ដំបូង​នោះ​គឺ ចេតិយ Pondaw ឬ Naung daw gyi និង​បន្ទាប់​មក​ទស្សនា​ចេតិយ Mingun ដែល​សាងសង់​មិន​ទាន់​រួច​រាល់​ទេ។

ចេតិយ Mingun នេះ​ធំ​សម្បើម​អស្ចារ្យ​ណាស់ ដោយ​ហេតុ​ភាព​មហិមារ​នៃ​ចេតិយ​នេះ​ហើយ​ ទើប​សាងសង់​មិន​រួច​ដោយ​សារ​មាន​កម្មករ​ដែល​សាងសង់​នេះ​ស្លាប់​ជា​ច្រើន​ទើប​បណ្ដាល​ឲ្យ​គេ​បញ្ឈប់​ការ​សាងសង់ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​មគ្គុទេសក៍។ ក៏​ប៉ុន្តែ​តោ​មួយ​គួ​នៅ​ខាង​មុខ​នេះ​ត្រូវ​បាន​បញ្ចប់​មើល​ទៅ​សម្បើម​រក​អ្វី​មក​និយាយ​មិន​បាន តែ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​ជា​ហេតុ​ធ្វើ​ឲ្យ​តោ​ទាំង​ពី​បាក់ រួម​ទាំង​ស្នាម​ប្រេះ​របស់​ចេតិយ Mingun ផង​ដែរ។ បើ​តាម​គម្រោង​ចេតិយ​នេះ​គឺ​គេ​សាងសង់​ប្រមាណ​១៥០​ម៉ែត្រ​ឯណោះ។

ក្រោយ​ពី​នេះ​ពួក​យើង​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​ទស្សនា​រគាំង​ដ៏​ធំ​អស្ចារ្យ​មួយ​ទៀត​ឈ្មោះ Mingun រួម​និង​វត្ត Myatheindan ដែល​វត្ត​នេះ​ហើយ​សៀវភៅ​មគ្គុទេសក៍ Lonely Planet បាន​ថត​រូប​យក​មក​ដាក់​ក្រប​សៀវភៅ ចំណែក​ខ្ញុំ​ក៏​បាន​ថត​មួយ​ដែរ ហេហេ… (សូម​អាន​ប្រកាស​មួយ​នេះ Lonely Planet Vs Sopheak.net)។ ក្រោយ​ពី​នេះ​ពួក​យើង​ដើរ​ត្រឡប់​មក​វិញ ដោយ​បាន​ឆៀង​ចូល​មណ្ឌល​ជន​ចាស់​ជរា​នៅ​ទី​នោះ​ដែរ ដោយ​គ្រប់​គ្នា​នាំ​គ្នា​ចូល​ជា​ថវិកា​បន្តិច​បន្តួច​ដើម្បី​ឧបត្ថម្ភ​ផង​ដែរ។ បន្ទាប់​មក​ថ្ងៃ​ត្រង់​ល្មម ពួក​យើង​នាំ​គ្នា​ចូល​មក​កាណូត​វិញ​ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​តាម​ដង​ទន្លេ គួរ​ឲ្យ​ឆ្ងាញ់​ពិសារ​មែន​ទែន តែ​ទាស់​អាកាសធាតុ​ក្ដៅ​សម្បើម​ណាស់។

ពួក​យើង​ធ្វើ​ដំណើរ​បណ្ដើរ​ទទួល​ទាន​បណ្ដើរ និង​នាំ​គ្នា​ដេក​ខ្លះ​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​រហូត​មក​ដល់ Ava (Innwa) ដែល​ជា​រាជធានី​បុរាណ​មួយ​ទៀត​នៃ​អាណាចក្រ​ភូមា ដែល​នៅ​ភាគ​ខាង​ក្រោម​នៃ​មន្ដលេះ។ បន្ទាប់​ពី​ចុះ​ពី​កាណូត​ភ្លាម ពួក​យើង​បន្ត​ដំណើរ​ដោយ​រទេះ​សេះ​ម្ដង​ទៀត ដូច​កាល​នៅ​បាកាន​ដែរ (សូម​អាន​កាល​ពី​នៅ​បាកាន) ដើម្បី​ធ្វើ​ដំណើរ​ទៅ​សាលា​សំណាក់​ព្រះ​សង្ឃ​ដ៏​ចំណាស់​មួយ​មាន​អាយុ​២៦០​ឆ្នាំ ឈ្មោះ Bargayhar monastery ដើម្បី​សិក្សា​ពី​ការ​អប់​រំ​បែ​ប​បុរាណ​នៅ​ទី​នោះ។ នៅ​ទី​នោះ ព្រះ​សង្ឃ​បន្ត​បង្ហាត់​បង្រៀន​ក្មេង​ៗ ដូច​សម័យ​ដើម មើល​ទៅ​គួរ​ឲ្យ​អាណិត​ណាស់ និង​ការពារ​សាលា​សំណាក់​នេះ​ពី​រដ្ឋាភិបាល​ដែល​បាន​ដាក់​ជា​កន្លែង​ទេសចរណ៍។ នៅ​ទី​នោះ​ដែរ ពួក​យើង​បាន​ឃើញ​ព្រះ​សង្ឃ​មួយ​អង្គ និង​ក្មេង​ៗ​ប្រមាណ​១០​នាក់​កំពុង​អាន​អក្សរ ខ្លះ​ដេក តាម​លក្ខណៈ​ក្មេង ខ្ញុំ​ក៏​បាន​ចូល​ជា​បច្ច័យ​មួយ​ចំនួន​ដើម្បី​បុព្វហេតុ​នៅ​ទី​នោះ​ផង​ដែរ។

បន្ទាប់​ពី​ទស្សនា​សាលា​សំណាក់​នេះ​រួច​មក ពួក​យើង​ក៏​បន្ត​ដំណើរ​តាម​រទេះ​សេះ​នេះ​មក​សាលា​សំណាក់​មួយ​ទៀត​ឈ្មោះ Maenu ​ដែល​សាង​សង់​ពី​ឥដ្ឋ ខុស​ពី​សាលា​សំណាក់​លើក​មុន​ៗ។ នៅ​ទី​នេះ​មគ្គុទេសក៍​យើង​បាន​តំណាល​រឿង​ដែល ក្សត្រិយ៍​​ Maenu ចុង​ក្រោយ​នៃ​ភូមា​ដែល​ឃោឃៅ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន និង​ទី​បំផុត​ត្រូវ​គេ​សម្លាប់​វិញ​នៅ​ក្នុង​សាលា​សំណាក់​នេះ។ សាលា​សំណាក់​នេះ​ជា​កន្លែង​ចុង​ក្រោយ​ដែល​យើង​បាន​ទស្សនា​នៅ​ទី​នោះ បន្ទាប់​មក​ពួក​យើង​ត្រឡប់​មក​កាណូត​វិញ ដើម្បី​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​បន្ត​ទៀត និង​ត្រឡប់​មក​ច្រាំង​ទន្លេ​វិញ​ល្ងាច​ល្មម រួច​ក៏​ធ្វើ​ដំណើរ​មក​សណ្ឋាគារ​វិញ និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋាគារ​ដ៏​ធំ ក្រោម​បរិយាកាស​ដ៏​មនោរម្យ៕

សូម​រង់​ចាំ​អាន​ភាគ​ទី​៨

រូប​ភាព​មួយ​ចំនួន​


បរិយាកាស​នៅ​កំពង់ផែ​ឯ​មន្ដលេះ

ចេតិយ Mingun​ មើល​ពី​កាណូត

ចម្លាក់​តោ​ដែល​បែក​បាក់​ដោយ​សារ​រញ្ជួយ​ធរណី

គូថ​តោ​មួយ​គូ​ដែល​នៅ​សេស​សល់​សង់​បែរ​មុខ​ទៅ​រក​ទន្លេ (មើល​ពី​​ចេតិយ Mingun)

វត្ត Myatheindan មើល​ពី​លើ​ចេតិយ

ចេតិយ Mingun និង​ស្នាម​ប្រេះ​ដោយសារ​រញ្ជួយ​ដី 

បរិយាកាស​តាម​ផ្លូវ​មុខ​ចេតិយ ធ្វើ​ដំណើរ​ទៅ​វត្ត​នានា

ជួង​ Mingun

ស្លាក​រៀបរាប់​ពី​ជួង​នេះ

វត្ត Myatheindan

គ្រប់​គ្នា​ដេក​អស់​កម្លាំង​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់

ទេសភាព​មើល​ពី​ដង​ទន្លេ

សំណង់​ស្ពាន​ដ៏​អស្ចារ្យ

ស្លាក​សាលា​សំណាក់​ព្រះ​សង្ឃ

ទិដ្ឋភាព​ទូទៅ​នៃ​សាលា​សំណាក់

មគ្គុទេសក៍​កំពង់​រៀបរាប់​អំពី​សាលា​សំណាក់​ដ៏​ចំណាស់

បដិមា​នៅ​ក្នុង​សាលា​សំណាក់

ពិដាន​មាស​នៅ​ពី​លើ​ព្រះ​បដិមា

ក្មេង​ៗ​ដែល​រៀន​នៅ​ទី​នោះ

ចម្លាក់​គ្រុឌ​នៅ​ក្នុង​សាលា​សំណាក់

សាលា​សំណាក់​អំពី​ថ្ម ឈ្មោះ Maenu

បរិយាកាស​នៅ​ឯ​សណ្ឋាគារ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច

_______________________________________________________
អាន​ផង​ដែរ
១. Lonely Planet Vs Sopheak.net
២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៤
៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៦
៤. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៨

វិចារ»

1. Lonely Planet Vs Sopheak.net « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 20, 2009

[...] Myanmar Trip (7) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- – ខែ ឧសភា 20, [...]

2. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៦ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 20, 2009

[...] អាន​ភាគ​ទី​៧ [...]

3. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 20, 2009

[...] [...]

4. បណ្ឌិត - ខែ ឧសភា 21, 2009

ឡង់សេទៀត!!!! :lol:

សុភ័ក្ត្រ - ខែ ឧសភា 21, 2009

ឡង់​រហូត​ហ្នឹង :P

5. phearom - ខែ ឧសភា 21, 2009

:D ស្រួលអានសំរាប់អ្នកទើបតែមើលប្លុករបស់គាត់ជាតំបូងដែរ!!!!!

6. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៨ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 25, 2009

[...] ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៨ ខែ ឧសភា 25, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ. trackback ថ្ងៃ​ទី​៨, ថ្ងៃ​សៅរ៍ ទី​០៨ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​៧) [...]