jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៩ ខែ ឧសភា 29, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ.
4 comments

ថ្ងៃ​ទី​៩, ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​៨)

ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​យើង​នៅ​មន្ដលេះ​ហើយ ពួក​យើង​ត្រូវ​ត្រឡប់​មក​រ៉នកុន​វិញ។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក​រួច​ស្រេច​បាច់​ហើយ ពួក​យើង​ធ្វើ​ដំណើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​មន្ដលេះ ដើម្បី​ធ្វើ​ដំណើរ​មក​រ៉នកុន ដែល​ត្រូវ​ចំណាយ​ពេល​ជាង​២​ម៉ោង​ឯណោះ តាម​ជើង​យន្តហោះ អ៊ែរ​ បាកាន​ ដដែល​លេខ​ W9 009។ នៅ​ពេល​មក​ដល់​ភ្លាម ពួក​យើង​បន្ត​ដំណើរ​ទៅ​ទស្សនា​ព្រះ​បដិមា​ផ្ទុំ Chautthta gyi និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​បែប​មុស្លីម​ភូមា​ដ៏​ឆ្ងាញ់​ មុន​នឹង​ចូល​ទៅ​ឆែក​អ៊ីន​នៅ​សណ្ឋាគារ​ដែល​ស្នាក់​នៅ​ដដែល​កាល​ពី​មក​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ពីរ គឺ​សណ្ឋាគារ Chatrium

បន្ទាប់​ពី​ចូល​សណ្ឋាគារ​សម្រាក​បាន​ប្រហែល​កន្លះ​ម៉ោង ថ្ងៃ​នេះ​ កម្ម​វិធី​របស់​យើង​បាន​ផ្លាស់​ប្ដូរ​តាម​គម្រោង​ដើម​ដែល​ត្រូវ​ទៅ​ទស្សនា​សារមន្ទីរ​នៅ​ថ្ងៃ​ស្អែក​នោះ ត្រូវ​យក​មក​ដាក់​នៅ​រសៀល​ថ្ងៃ​នេះ​វិញ។ ហេតុ​ដូច​នេះ​ម៉ោង​ប្រមាណ​២​ ពួក​យើង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ ក្រុង​រ៉នកុន ដែល​នៅ​ទី​នោះ​គេ​ហាម​ប្រាម​ដាច់​ខាត​មិន​ឲ្យ​ថត​រូប​ទេ។

នៅ​ក្នុង​សារមន្ទីរ​មិន​សូវ​មាន​របស់​របរ​ច្រើន​ប៉ុន្មាន​ទេ កន្លែង​ដែល​ពិសេស​នោះ ប្រហែល​ជា​បល្ល័ង្ក​ស្ដេច​ភូមា ដែល​ត្រូវ​អង់គ្លេស​ប្រគល់​មក​ឲ្យ​វិញ​ជា​កាដូ​សម្រាប់​ឯករាជ្យភាព​នៃ​ប្រទេស​នេះ​ហើយ​មើល​ទៅ។ បល្ល័ង្គ​នេះ​ត្រូវ​បាន​អង់គ្លេស​យក​ទៅ​ឥណ្ឌា​នៅ​ពេល​ដែល​អង់គ្លេស​បាន​កាន់​កាប់​ភូមា​ទាំង​ស្រុង។

បន្ទាប់​ពី​​ទស្សនា​សារមន្ទីរ​ហើយ ពួក​យើង​បន្ត​ដំណើរ​មក​ដើរ​ផ្សារ​ម្ដង កន្លែង​ដែល​ម្នាក់​ៗ​ទទ្ទឹង​រង់​ចាំ គឺ​ផ្សារ Scott ដែល​មាន​លក់​ប្រហាក់​ប្រហែល​នឹង​ផ្សារ​ទួល​ទំពូង​យើង​ដែរ តែ​ប្រហែល​ជា​មិន​សូវ​សម្បូរ​បែប​ទេ។

ល្ងាច​នេះ​ពួក​យើង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ដោយ​ការ​ទៅ​ទស្សនា​កន្លែង​ដែល​ជា​ទី​សក្ការ​បំផុត​របស់​ជនជាតិ​នេះ​គឺ​វត្ត ស្វេតិកុន។ ចេតិយ​វត្ត​នេះ​ពិត​ជា​ធំ​អស្ចារ្យ​ណាស់​ស័ក្តិសម​ជា​តំណាង​ប្រទេស​នេះ​ពិត​ប្រាកដ​មែន។ ពួក​យើង​ចូល​ទៅ​ទស្សនា​តាម​ជណ្ដើរ​យន្ត​ដែល​គេ​ដាក់​ឲ្យ​ឡើង​វត្ត ដោយ​មាន​ជនជាតិ​ភូមា​ច្រើន​ឡើង​ៗ រហូត​ដល់​ពេល​ងងិត​កាន់​តែ​ច្រើន​ឡើង​ៗ ដោយ​ម្នាក់​ៗ​មាន​ជំនឿ​ក្រៃលែង​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​នៅ​ទី​នោះ។

ម្នាក់​ៗ​ពិត​ជា​អស់​កម្លាំង​ខ្លាំង​ណាស់​នៅ​ថ្ងៃ​នោះ ដោយ​ហាក់​ដូច​ជា​គ្មាន​ពលំ​គ្រប់​គ្រាន់​និង​ការ​បរិយាយ​របស់​មគ្គុទេសក៍​យើង​ឡើយ ព្រោះ​អស់​រយៈ​ពេល​៩​ថ្ងៃ​ពេញ​ពួក​យើង​ធ្វើ​ដំណើរ​ដូច​ព្យុះ ហើយ​ចាប់​ផ្ដើម​ហេវ​ជា​ខ្លាំង។ ល្ងាច​នោះ ម៉ោង​ជាង​៨ ទើប​ពួក​យើង​បាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ហាង Western Park Restaurant រួច​ចូល​មក​សណ្ឋាគារ​វិញ និង​បក្ស​ពួក​ដដែល​នាំ​គ្នា​មក​ច្រៀង​ការ៉ាអូខេ​នៅ​បន្ទប់​ដដែល តែ​ប្លែក​ត្រង់​យប់​នោះ​មាន​ស្រា​សម្បូរ​បែប និង​ខ្ញុំ​នេះ​ឡើង​ស្រវឹង​ទ្រោល មុន​នឹង​ចូល​ដេក​ម៉ោង​ប្រមាណ​ជាង​១ ឡើង​អត់​ដឹង​ខ្លួន អត់​លុប​មុខ អត់​មុជ​ទឹក​អី​ទាំង​អស់ :D

អាន​ភាគ​ទី​១០ បញ្ចប់

រូបភាព​មួយ​ចំនួន


បរឌីង​ផាស្ស​មក​រ៉នកុន​វិញ

អាហារ​លើ​យន្ត​ហោះ​មក​រ៉នកុន មាន​ប៉ុណ្ណេះ​ឯង

ព្រះ​បដិមា​ផ្ទុំ

បាយ​ថ្ងៃ​ត្រង់​នៅ​ហាង​អាហារ​មូស្លីម

ទិដ្ឋភាព​ក្នុង​ផ្សារ​ស្កុតត៍

កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ក្នុង​ផ្សារ​ស្កុតត៍

ចេតិយ​នានា​នៅ​ក្នុង​បរិវេណ​វត្ត​ស្វេតិកុន

ជាតិ​ភូមា​នាំ​គ្នា​ថត​រូប​នៅ​មុខ​ចេតិយ​វត្ត​ស្វេតិកុន

មហា​ចេតិយ​វត្ត​ស្វេតិកុន

ចេតិយ​នា​រាត្រី​កាល

_________________________________________________
អាន​ផង​ដែរ
១. ស្វេតិកុន នា​រាត្រី​កាល
២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២
៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១
៤. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៨
៥. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១០-ចប់