សុង សេងហ៊ន ល្បីក្នុងពិភពប្លក់ខ្មែរ ខែ ឧសភា 31, 2009
Posted by សុភ័ក្ត្រ in ចម្រៀង, អំពីស្រុកខ្មែរ.11 comments
តារាចម្រៀងអនិកជនខ្មែរ ដែលមានឈ្មោះល្បីគួរសមកាលពីទសវត្សរ៍៩០ បច្ចុប្បន្ននេះកំពុងមានឈ្មោះឡើងវិញ ជាពិសេសក្នុងស្រទាប់យុវជនខ្មែរជំនាន់ថ្មីវិញម្ដង។
អ្នកចម្រៀង សុង សេងហ៊ន ដែលស្ថិតក្នុងសង្កាត់បណ្ណាល័យសាយណ្ហារ៉ា ពេលនេះបានឈប់ផលិតបទចម្រៀងទៅហើយ។ បទចម្រៀងរបស់លោកស្រី ដែលល្បីក្នុងប្រទេសកម្ពុជាកាលពីសម័យក្រោយសង្គ្រាមនោះ មានដូចជាបទ បោកកូនជ្រូកទៅលេងស្រុក, ស្រៈអួយ, ជាដើម បទទាំងនោះត្រូវបានស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក យកមកធ្វើជាចម្រៀងកាយវិការទៀតផង។
អ្នកចម្រៀងបុរសដែលជាដៃគូរបស់អ្នកស្រីគឺលោក ទឹង ភិរម្យ ដែលបទរបស់លោកក៏មានការគាំទ្រសម្បើមដែរកាលពីសម័យនោះ មានបទ លាតាមបណ្ដាំម្ដាយ ជាដើម។
មួយរយៈកាលចុងក្រោយនេះ ចម្រៀងរបស់អ្នកស្រី ត្រូវបានស្រទាប់ក្មេងជំនាន់ក្រោយ ជាពិសេសអ្នកលេងនៅតាមបណ្ដាញអ៊ីនធ័រណេត និងប្លក់ បាននាំគ្នាដាក់បទចម្រៀងរបស់លោកស្រី នេះប្រហែលជាការគាំទ្រសំឡេងលោកស្រី ដែលស្ដាប់មើលទៅបទចម្រៀងរបស់លោកស្រីក៏សុទ្ធតែពីរោះ និងមានអត្ថរសផងដែរ។
សាកល្បងស្ដាប់ចម្រៀងរបស់លោកស្រីម៉ាបទទៅមើល៖ បណ្ដាំទិសឦសាន, បទនេះអ្នកស្រីហាក់ច្រៀងប្រាប់ទៅសង្សាររបស់អ្នកស្រីពីការរឭកនឹកគ្នា ដែលសង្សារឃ្លាតឆ្ងាយ បន្ទាប់ពីបានទទួលបណ្ដាំហើយសង្សារដែលនៅឯនាយក៏ច្រៀងតបមកវិញ។ បទនេះជាបទពីរដាច់ដោយឡែកពីគ្នា ដែលបទទីមួយច្រៀងដោយអ្នកស្រី សុង សេងហ៊ន និងបទទីពីរច្រៀងដោយលោក ទឹង ភិរម្យ តែខ្ញុំបានភ្ជាប់បទនេះជាមួយគ្នាដើម្បីងាយស្រួលស្ដាប់។
សូមអញ្ជើញស្ដាប់នៅខាងក្រោមនេះ។ «គាំទ្រសិល្បករ ដោយនាំគ្នាជាវស៊ីឌីផ្ទាល់!»
បណ្ដាំទិសឦសាន (សុង សេងហ៊ន)
វាយោរំភើយរហើយប្រាណ បក់ពីទិសឦសានផាត់នាំបណ្ដាំទៅឆ្ងាយ
ល្វើយៗកណ្ដាលរាត្រី សំដៅទៅនិរតី ប្រាប់ថ្លៃនឹកឃើញស្រីផង។
តាំងពីឦសានខានជួបភ័ក្ត្រ សែនរឭករូបអ្នក បន់ព្រះសូមជួបទៀតម្ដង
ឱសមុទ្ទនិងផ្នត់រលក ជួយបក់នាំស្នេហ៍វិលមក រកប្រុសពុំងារជាថ្មី។
ឦសានកំពុងជាប់ក្នុងអន្លុងទុក្ខកម្ម សូមផ្ញើបណ្ដាំរំលែកទុក្ខផងប្រុសថ្លៃ
មិនដូចសម្ដីឲ្យស្រីអភ័ព្វ ស្នេហ៍ដែលមិនត្រូវព្រាត់ បែរជាបាត់សូន្យសុង។
ឱទិសឦសានឋានភពស្នេហ៍ លុងលោចអ្វីម្ល៉េះទេ តាំងពីបាត់ស្នេហ៍ក្រៀមក្រោះ
ហេតុអ្វីក៏ក្លាយដូច្នោះ ខ្យល់អើយមេត្តាស្រណោះ ប្រាប់ប្រុសឲ្យខ្ញុំកុំខាន៕
បណ្ដាំទិសឦសាន (ទឹង ភិរម្យ)
វាយោរំភើយរហើយប្រាណ បក់ពីទិសឦសានផាត់នាំបណ្ដាំទៅឆ្ងាយ
ល្វើយៗកណ្ដាលរាត្រី មកដល់ទិសនិរតី ប្រាប់ថារូបស្រីនឹកបង។
អស់ឱឦសានខានជួបភ័ក្ត្រ សែនរឭករូបអ្នក បន់ព្រះសូមជួបទៀតម្ដង
ឱសមុទ្ទនិងផ្នត់រលក សូមនាំបណ្ដាំវិលរក ប្រាប់ពុំងាររៀមនឹកស្រី។
ថ្វីត្បិតឦសានជាប់ក្នុងអន្លុងទុក្ខកម្ម រៀមផ្ញើបណ្ដាំវិលវិញមិនខានណាថ្លៃ
មិនក្បត់សម្ដីឲ្យស្រីអភ័ព្វ ស្នេហ៍យើងមិនត្រូវព្រាត់ មិនរលត់សូន្យសុង។
ឱទិសឦសានឋានភពស្នេហ៍ ស្រណោះអ្វីម្ល៉េះទេ តាំងពីព្រាត់ស្នេហ៍ក្រៀមក្រោះ
ព្រោះស្នេហ៍ព្រាត់មួយគ្រាចុះ ឦសាននាងកុំស្រណោះ ប្រុសគង់វិលវិញមិនខាន៕
________________________________________________________
បទចម្រៀងផ្សេងទៀតរបស់អ្នកស្រី សុង សេងហ៊ន
១. ដប់ឆ្នាំចាំស្នេហ៍
២. សុំបេះដូងមួយចំណែក
៣. ស្ដាប់ចម្រៀងផ្សេងទៀត៖ ចុចទីនេះ






