ប្រពៃណីមួយដែលខ្មែរបោះបង់ចោល ថ្ងៃ អាទិត្យ 5 ខែកក្កដា 2009
Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.13 comments
- ភូមារក្សាបានទម្លាប់ល្អជាប្រពៃណីបុរាណ
កាលពីខ្ញុំបានទៅប្រទេសភូមាកាលពីខែមេសាកន្លងទៅនោះ ខ្ញុំបានសង្កេតឃើញទម្លាប់ជាប្រពៃណីល្អមួយនៃជនជាតិភូមាជាបងប្អូន នោះគឺការដាក់ទឹកនៅតាមដងផ្លូវសាធារណៈសម្រាប់អ្នកធ្វើដំណើរទទួលទាន។
វាមិនមែនជារឿងអ្វីចំឡែកទេ គ្រាន់តែដាក់ទឹកបែបនេះ តែវាប្រាកដជាអស្ចារ្យព្រោះជនជាតិភូមាគាត់ធ្វើជាប្រចាំនិងជាទួទៅ គឺគ្រប់ទីកន្លែងទាំងអស់ (បើតាមការសាកសួរមគ្គុទេសក៍គាត់ថានៅទួទាំងប្រទេសឯណុះ) និងយើងឃើញជាញឹកញាប់ទៀតផង គឺប្រហែលជា៥០០ម៉ែត្រមានមួយកន្លែងហើយ។ លើសពីនេះទៅទៀតមិនថានៅជនបទទេ សូម្បីនៅទីក្រុងធំៗ ដូចជារ៉នកុនជាដើមក៏ឃើញមានដែរ។
ពិធីជាទម្លាប់បរិសុទ្ធបែបនេះកើតចេញពីការបូជាគោរពព្រះពុទ្ធសាសនាដែលកាលពីជំនាន់ដើមនៅប្រទេសកម្ពុជាក៏ឃើញមានដែរ តែសម័យបច្ចុប្បន្នប្រជាជនខ្មែរបានបោះបង់ចោលទម្លាប់បែបនេះបាត់ទៅហើយ ឬបើមាន គឺនៅតាមជនបទដាច់ស្រយាល និងតិចតួចណាស់។
ខ្ញុំពិតជារំភើបចិត្តណាស់នៅពេលដែលឃើញប្រជាជនភូមាគាត់សាមគ្គីគ្នាធ្វើកាយវិការនេះ គ្រប់នៅតាមផ្លូវពួកយើងឃើញទៅដោយតូប ឬជួនកាលសាលាមួយដែលគេសាងសង់ឡើងផ្ទុកនូវក្អមទឹក កន្លែងខ្លះចំនួនក្អមពីរ ឬបី ឬបួន តាមកន្លែងដែលមានមនុស្សច្រើនឬតិច។ ខ្ញុំបានចូលទៅមើលកន្លែងមួយ ឃើញថាប្រជាជនគាត់ដាក់ទឹកជាប្រចាំទៅក្នុងក្អម និងមានកាទឹកសម្រាប់ទទួលទាន ឯទឹកទៀតសោតក៏ពេញក្អម និងថ្លាត្រជាក់សម្បើមណាស់ដែលគួរឲ្យទទួលទាន។
លោកអ្នកដឹងទេ នៅប្រួទេសភូមាអាកាសធាតុក្ដៅសម្បើមណាស់ ហើយប្រជាជនទៀតសោតមានបញ្ហាកង្វះទឹកប្រើប្រាស់ វាពិតជាកាយវិការដ៏ប្រពៃណាស់ ដែលពួកគាត់មានទឹកចិត្តចែករំលែកបែបនេះ ហើយប្រាកដណាស់ពួកគាត់ទទួលបានអានិសង្សពីការធ្វើទានជាក់ស្ដែងបែបនេះ។ ប្រជាជនខ្មែរ គួរងាកក្រោយមកមើលខ្លួនឯងវិញ តើយើងបានបោះបង់អំពើជាកុសលអ្វីខ្លះនៅខណៈដែលប្រជាជនភូមាជាបងប្អូនគាត់នៅមានភាពលំបាកជាងយើង តែគាត់រក្សាបានកិរិយាដ៏គួរឲ្យគោរព៕

នៅតាមផ្លូវនានាទួទាំងប្រទេសភូមា យើងឃើញមានតូបបែបនេះ ឬធំជាងនេះសម្រាប់ដាក់ទឹក

នៅក្នុងតូបមានក្អមទឹក ពីរបីឬបួនតាមកន្លែងនានា សម្រាប់អ្នកដំណើរទទួលទាន

នៅក្នុងក្អម មានទឹកពេញយ៉ាងថ្លា និងត្រជាក់ គួរទទួលទាន
________________________________________________
អានផងដែរ៖
១. រ៉នកុនក្នុងចក្ខុខ្ញុំ
២. ទៅភូមា
៣. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១
៤. ថាណៈខា, គ្រឿងសម្អាងជាប្រពៃណីនៃជនជាតិភូមា
៥. សារៈសំខាន់នៃដើមត្នោតក្នុងទស្សនៈប្រជាជនភូមា
៦. ការទទួលទានម្លូស្លានៅភូមា









