ដប់ពីរឆ្នាំមុន ខែ កក្កដា 6, 2009
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
-
ជំនឿផ្កាយដុះកន្ទុយ
មុននោះប្រមាណមួយទៅពីរសប្ដាហ៍ ផ្កាយរះព្រោងមេឃ ក្នុងនោះអមទៅដោយផ្កាយដុះកន្ទុយដ៏ធំមួយមើលឃើញច្បាស់នឹងភ្នែកក៏បានរះផុសឡើងមកដែរ។ ជារៀងរាល់យប់ប្រមាណម៉ោង៨ ឬ៩ទៅផ្កាយដុះកន្ទុយដ៏ធំនេះចាប់ផ្ដើមរះជារាល់ថ្ងៃ។ នោះជាលើកទីមួយនៃជីវិតខ្ញុំ ដែលខ្ញុំបានឃើញផ្កាយដុះកន្ទុយនេះ។
ជារៀងរាល់យប់នៅពេលដែលផ្កាយដុះកន្ទុយរះ ខ្ញុំរួមនឹងអ្នកផ្ទះ តែងតែមកអង្គុយមាត់ជណ្ដើរ (កាលនៅផ្ទះចាស់ខ្ញុំមានជណ្ដើរចេញក្រៅផ្ទះដែលអាចអង្គុយមើលបានយ៉ាងស្រួល) ដើម្បីមើលផ្កាយដុះកន្ទុយនេះ។ ផ្កាយនោះរះនៅទិសខាងលិចឆៀងខាងជើង ឬបើមើលពីផ្ទះខ្ញុំទៅគឺផ្ដុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬហួសពីនេះ ឬម្ដុំសំណង់១២ ឬតាំងក្រសាំងនេះឯង។
វាមិនមែនជារឿងចៃដន្យទេ ប្រផ្នូលនៃផ្កាយដុះកន្ទុយ ដែលឪពុកម្ដាយខ្ញុំបានប្រាប់នៅពេលពួកយើងអង្គុយមើលផ្កាយ រួមអ្នកអ្នកភូមិខ្ញុំផងដែរ ម្នាក់ៗនាំគ្នាជជែកពីរឿងផ្កាយដុះកន្ទុយនេះជារៀងរាល់យប់។ មិនបានប៉ុន្មានផង រឿងនេះក៏ផុសចេញប្រចក្សឡើង។
ខ្ញុំជឿលើអភូតហេតុនៃផ្កាយដុះកន្ទុយនេះ។
-
ប្រយុទ្ធគ្នាកណ្ដាលទីក្រុង
ចំពោះខ្ញុំដែលគេហៅថាក្មេងសម័យក្រោយគ្រាប់ប្លោង ពិតជាមិនមានបទពិសោធន៍គ្រប់គ្រាន់ចំពោះសង្គ្រាមទេ។ ចាស់ៗវិញគេបានដឹងប្រាកដណាស់ពីប្រផ្នូលនៃស្រុកទេស ដែលស្ដែងពីផ្កាយដុះកន្ទុយដែលរះរាល់យប់កាន់តែច្បាស់ឡើងៗនោះ។
ល្ងាចនៃ០៥ កក្កដា ១៩៩៧ តាមទូរទស្សន៍នានាកំពុងដាក់បញ្ចាំងកម្មវិធីរបស់ខ្លួនដូចសព្វមួយដង ទូរទស្សន៍ខ្លះមានទាំងផ្សាយតន្ត្រីបន្តផ្ទាល់ទៀតផង ដូចជាទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ០៩ ដែលគាំទ្រទ្រង់ រណឫទ្ធិ ជាដើម។ ម្នាក់ៗសឹងតែមិនជឿថាមានរឿងប្រុយុទ្ធគ្នា ដ៏ខ្លាំងក្លា ស្រុកទេសនឹងកើតសង្គ្រាមម្ដងទៀតហើយ។ ក្មេងកើតក្រោយគ្រាប់ប្លោងដូចជារូបខ្ញុំប្រហែលជា គ្រានេះ អាចស្គាល់គ្រាប់ប្លោង ឬយ៉ាងហោចណាស់គ្រាប់ត្រយូងចេក ឬកាលណោះគេល្បីអា… (ភ្លេចឈ្មោះ) ក៏មិនដឹង។
ព្រឹកថ្ងៃទី០៦ ខ្ញុំធ្វើដូចហី ព្រោះមើលទៅទំនងជាមិនអ្វី! ខ្ញុំជិះម៉ូតូ (ឆាលី) របស់ខ្ញុំមកអង្គុយនៅវិទ្យាល័យ (ច្បារអំពៅ) របស់ខ្ញុំ (ពេលនោះប្រហែលម្នាក់ឯងទេដឹង?) មើលបងប្អូនខ្មែរយើងនាំគ្នាភៀសខ្លួនយ៉ងសស្រាក់សស្រាំតាមផ្លូវជាតិលេខមួយសំដៅចេញពីរាជធានី។
សភាពការណ៍មើលទៅកាន់តែមិនស្រួល នេះប្រហែលជាខ្ញុំមិនមានបទពិសោធន៍ស្រុកសង្គ្រាមហើយមើល៍ទៅ។ ម៉ោងប្រមាណ១០ មនុស្សម្នាកាន់តែច្រើនឡើងៗ សំឡេងប្លោងគ្រាប់ក៏កាន់តែខ្លាំង។ ខ្ញុំក៏សម្រេចចិត្តជិះម៉ូតូមកផ្ទះវិញ នៅតាមផ្លូវ នៅពេលក្រឡេកភ្នែកមើលទៅម្ដុំទិសផ្កាយដុះកន្ទុយរះនោះ ផ្សែងខ្មួរខ្មាញ់ ជាលទ្ធផលនៃការបាញ់គ្នានោះ មើលឃើញច្បាស់ក្រឡែត ពេលនេះខ្ញុំដឹងហើយថាសង្គ្រាម។
អ្នកភូមិនាំគ្នាទិញរបស់របរ ដូចជាអង្ករជាដើម ពេលនោះវាច្បាស់ណាស់ឡើងថ្លៃដូចគេកាប់។ អ្នកផ្ទះខ្ញុំ ក៏ដូចជាអ្នកភូមិមួយចំនួនទៀតបានទិញរបស់របរខ្លះមុនពេលនោះដែរ នេះប្រហែលជាដោយសារបទពិសោធន៍របស់ពួកគាត់។
ដប់ពីរឆ្នាំមកនេះ ព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ១៩៩៧ បានត្រឹមតែជាសុបិនដ៏អាក្រក់មួយដែលមិនគួរឲ្យមានកើតឡើងក្នុងប្រទេសដ៏គួរឲ្យអានិតរបស់យើងនេះទេ។ ដ្បិតតែខ្ញុំកើតក្រោយគ្រាប់ប្លោងមែន តែខ្ញុំក៏មានមានបំណងឯណាចង់ឃើញគ្រាប់ប្លោងនៅកម្ពុជប្រទេសយើងនេះទេ។ សូមឲ្យអ្នកដឹកនាំខ្មែររួមចេះស្រឡាញ់គ្នាឡើង បំភ្លេចព្រឹត្តិការណ៍នោះចោលចុះ ចាប់ដៃគ្នាកសាងមាតុភូមិយើងឲ្យរីកចម្រើនឡើងកុំឲ្យពួកនៅក្បែរនេះវាមើលងាយ៕





In paragraph 2 ” ប្រយុទ្ធគ្នាកណ្ដាលទីក្រុង ” ,the year 1997 or 2007 ?. I am afraid that u posted with wrong date.
yes, you are right! i’ve changed it to 1997. thanks
ប្រហែលជាគេល្បី អាអំបារាស ហើយមែនទេ?
នឹងហើយ អាអីគេហ្នឹងហើយ
អរគុណដែលចាំ
អ្ហូកាលហ្នឹង ថ្ងៃ 5-6 ខ្ញុំអត់នៅភ្នំពេញផង ខ្ញុំនៅឯកំពង់សោមតែ ដូចជាអត់មានរឿងអីសោះ….ប៉ុន្តែអ្នកកំពង់សុទ្ធតែបានទទួលដំណឹងនេះដែរ។ ប៉ុន្តែគេនាំគ្នាធ្វើធម្មតាទេ។
ចំនែកមួយទៀតកើតឡើងស្រដៀងគ្នាប៉ុន្តែបានតែមួយភ្លេតប៉ុណ្ណោះគឺ (ខ្មែរ សេរី) កាលហ្នុងខ្ញុំនៅអំពេញ រត់បាស់ជើងត្រូង….គេបាញ់គ្នានៅម្តុំ រ៉ា អាទៀស ភ្លើង
ខ្ងុំនិងគ្រួសាររត់ទៅស្រុកថៃ ព្រោះស្មានតែប៉ុលពតទី2។ និយាយអញ្ជឹង បងភក្រ័ គ្រូខ្ងុំម្នាក់កថាកាលពី1975 កមានផ្កាយដូះកន្ទុយដែរ។(សំគាល់ គេថាប្រទេសណា ឃើញផ្កាយដូះកន្ទុយ ប្រទេសនោះនឹងកើតកលិយុគ)