យ៉ាងម៉េចហើយ មហាយក្ខចិន ខែ កក្កដា 8, 2009
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, 中文.trackback

ប៉ុន្មានថ្ងៃនេះនៅខេត្តគ្រប់គ្រងពិសេស ស៊ិនជែង (Xinjiang) របស់ចិន កើតមានចលាចលយ៉ាងខ្លាំងមិននឹកស្មានដល់ ឬដែលជាចលាចលធំដែលមិនធ្លាប់មានឡើយនៅក្នុងប្រទេសមហាអំណាចថ្មីមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ដ៏មហាព្រឺខ្លាចនៅឯទីលានធានអានមិន (天安门) កាលពីឆ្នាំ១៩៨៩មកនោះ។
ជម្លោះនៅក្នុងខេត្តស៊ីនជែងនេះ គឺគ្មានអ្វីក្រៅពីជម្លោះរវាងជនជាតិចិនហាន និងជនជាតិដើមនៅក្នុងខេត្តមួយនេះ ដែលភាគច្រើនជាជនមូស្លីមនោះ។ វាមិនគួរឲ្យនឹកស្មានសោះថាគ្រាន់តែពីរបីថ្ងៃនេះប៉ុណ្ណោះ មានរបាយការណ៍ថាមានបាតុករបានស្លាប់ជាង១៥០នាក់ប្លាយបានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស បន្ទាប់ពីប្រជាជននៅទីក្រុង Ürümqi ដែលជាទីក្រុងធំបំផុតរបស់ខេត្តនេះនាំគ្នាចុះថ្នល់ធ្វើបាតុកម្មមកនោះ។
ពេលនេះរដ្ឋាភិបាលមហាយក្ខចិនបានប្រកាសដាក់ទីក្រុងនេះ ស្ថិតក្នុងភាពប្រកាសអាសន្នហើយ ព្រមទាំងបានបន្ទោសដល់អជ្ញាធរតំបន់ថាធ្វើការគ្មានបានការទៀតផង។
ព្រឹត្តិការណ៍នេះបាន ចង់ឬមិនចង់ធ្វើឲ្យផ្អើលពិភពលោកតែម្ដង ខណៈដែលប្រទេសនេះបានរងភាពស្ងប់ស្ងាតជាង២០ឆ្នាំមកហើយ និងបាននឹងកំពុងតែល្បីពីភាពរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងកំពុងក្លាយជាមហាអំណាចថ្មីមួយរបស់ពិភពលោក។
វាពិតណាស់បញ្ហាបែបនេះ រដ្ឋាភិបាលចិនមិនចង់ឲ្យកើតមានឡើងឡើយ ដែលវាប្រាកដធ្វើឲ្យមានឈ្មោះអសោចរបស់ខ្លួន ជាពិសេសពិភពលោកកំពុងតែរង់ចាំមើលពីចំណាត់ការរបស់មហាយក្ខចិន ចំពោះព្រឹត្តិការណ៍នេះ។ យ៉ាងណាយ៉ាងណី យើងចង់មើលចំណាត់ការដ៏ទន់ភ្លន់ចំពោះរដ្ឋាភិបាលចិន និងចង់ឃើញឲ្យភាពស្ងប់ស្ងាត់វិលមិនជាប្រក្រតីវិញនៅក្នុងដែនដីដ៏មហិមារបស់ចិនមួយនេះ៕







វិចារ»
No comments yet — be the first.