jump to navigation

ដំបៅ​មិន​ឈឺ​យក​ឈើ​ចាក់ ខែ កក្កដា 16, 2009

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
add a comment

វា​គួរ​ឲ្យ​អស់​សំណើច​ណាស់​ដែល​ឥរិយាបទ​របស់​លោក ម៉ម ណៃ បាន​ធ្វើ​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ លោក ម៉ម ណៃ គឺ​ជា​​អតីត​បុគ្គលិក​ក្រោម​បញ្ជា​របស់​លោក​ កាំង​ ហ្កេកអ៊ាវ​ ហៅ ​ឌុច ឬ​ហៅ​សាមញ្ញ​ថា អតីត​ពេជ្ឈឃាត​នៅ​គុក​ទួល​ស្លែង​នោះ។

ប្រហែល​ជា​ក្នុង​បំណង​ចង់​បន្ថែម​ទម្ងន់​ទោស​ដល់​លោក ឌុច ហើយ​មើល​ទៅ បាន​​ជា​លោក ម៉ម ណៃ សុខ​ចិត្ត​មក​ធ្វើ​ជា​សាក្សី​​ក្នុង​អង្គសវនាការ​ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០០៩ ក៏​ប៉ុន្តែ​អង្គសវនាការ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ភ្លាមៗ​ បន្ទាប់​ពី​មេធាវី​ការពារ​ឌុច​លើក​ឡើង​ពី​ក្តី​បារម្ភ​ខ្លាច​លោក​ ម៉ម​ ណៃ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សហឧក្រិដ្ឋកម្ម​រួម​ជា​មួយ​នឹង​ ឌុច ​ស្រប​តាម​សំណើ​របស់​សហ​ព្រះរាជអាជ្ញា។ ថា​មក​ធ្វើ​សាក្សី ចុះ​ឡើង​ៗ​ប៊ិះ​នឹង​ជាប់​ចោទ​ដូច​ ឌុច ទៅ​វិញ។

ស្អែក​ឡើង គឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០០៩ មើល​ទំនង​លោក ម៉ម ណៃ ដូច​ជា​លែង​ក្លាហាន​ដូច​ពី​ម្សិល ហើយ​រាល់​ចម្លើយ​របស់​លោក​សឹង​តែ​យក​ជា​ការ​មិន​បាន​សោះ ដោយ​លោក​បាន​ព្យាយាម​មិន​លើក​ឡើង​ពី​សកម្មភាព​ផ្ទាល់​ខ្លួន និង​សូម្បី​តែ​សកម្មភាព​របស់ ឌុច ក៏​លោក ម៉ម ណៃ ឆ្លើយ​ថា​មិន​ដឹង​ដែរ។

អ្វី​ដែល​នៅ​តែ​ធ្វើ​ឲ្យ ឌុច ក្លាយ​ជា​តួ​អង្គ​អស្ចារ្យ​សម្រាប់​សាលា​ក្ដី​ខ្មែរ​ក្រហម​នោះ គឺ​ថា ឌុច បន្ត​ភាព​ក្លាហាន​របស់​គាត់ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​កូន​ចៅ​គាត់ គឺ​លោក ម៉ម ណៃ នេះ​ឯង​។ ឌុច ក្រោក​ឈរ​​ឡើង​បែរ​មុខ​ទៅ​រក ម៉ម ណៃ ហើយ​និយាយ​ទាំង​ស្វាហាប់​ប្រាប់​ឲ្យ​​សាក្សី ម៉ម ណៃ និយាយ​តែ​ការ​ពិត​ឡើង​វិញ​ «កុំ​ខ្លាច​ស្លាប់»។ ឌុច ប្រាប់​​ឲ្យ ម៉ម ណៃ ធ្វើ​ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន​ដូច​រូប​គាត់។ ឌុច​ប្រាប់ ម៉ម ណៃ​ ថា «ដំរី​​ស្លាប់​កុំ​យក​ចង្អេរ​ទៅ​បាំង»។ ពិត​ណាស់ ទាំង​ ឌុច និង ម៉ម ណៃ ទី​បំផុត​សុទ្ធ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​កា​រ​ស្លាប់​របស់​ប្រជាជន​ខ្មែរ ក្នុង​នាម​ជា​បក្ស​កុ​ម្មុយ​នី​ស្ត​កម្ពុជា នេះ​បើ​តាម​សម្ដី​របស់ ឌុច។ បើ​ទោះ​ចង្អេរ​បាំង​ដំរី​ជិត ក្លិន​អសោច​នៃ​ដំរី​ស្លាប់​វា​មិន​អាច​បាំង​បាន​ទេ។

វា​ពិត​ជា​អស់​សំណើច​ណាស់ តែ​ប៉ុណ្ណេះ លោក ម៉ម ណៃ ក៏​ប្រហែល​ជា​នឹង​មិន​រួច​ខ្លួន​ទេ​មើល​ទៅ។ នេះ​ដូច​គេ​ថា សុខ​ៗ​យក​ក​មក​ល​អន្ទាក់ និង​​ដំបៅ​មិន​ឈឺ​យក​ឈើ​មក​ចាក់​ដូច្នេះ​ឯង​ដែរ៕

________________________________________________________
អាន​បន្ថែម